ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចាប់ដៃជាមួយមូលនិធិអាកាសធាតុបៃតង (GCF) ដែលគ្រោងផ្ដល់ហិរញ្ញប្បទានបៃតងទំហំ ៣០ លានដុល្លារនៅដំណាក់កាលដំបូងទៅលើធុរកិច្ចបៃតង ដើម្បីចូលរួមចំណែកដល់ការប្រែប្រួលអាកាសធាតុ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចបៃតងនៅកម្ពុជា។
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃធនារគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានមានប្រសាសន៍ថា ធនាគារ ARDB ទើបបញ្ចប់កិច្ចព្រមព្រៀងជាមួយមូលនិធិអាកាសធាតុបៃតង(GCF) ក្នុងការផ្ដល់ហិរញ្ញប្បទានបៃតងទំហំ៣០លានដុល្លារ។
ឯកឧត្តមបណ្ឌិត កៅ ថាច បានបន្ថែមថា ហិរញ្ញប្បទានបៃតង គឺពាក់ព័ន្ធនឹងធុរកិច្ចបៃតង កសិកម្មចីរភាព ថាមពលព្រះអាទិត្យ ខណៈ ARDB បានផ្ដល់បញ្ចេញឥណទានបៃតងប្រមាណ៤ភាគរយ នៃទំហំទ្រព្យសកម្មសរុបរបស់ធនាគារ។
ធនាគារធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម គឺជាធនាគារគោលនយោបាយបានទទួលហិរញ្ញប្បទានពីរាជរដ្ឋាភិបាល ក្រោមកិច្ចអន្តរាគមន៍នៃកម្មវិធីហិរញ្ញប្បទានពិសេស ដើម្បីគាំទ្រដល់គ្រប់តួអង្គក្នុងខ្សែច្រវាក់ផលិតកម្ម កសិកម្ម និងកសិឧស្សាហកម្ម ដើម្បីផ្តល់ហិរញ្ញប្បទានក្នុងអត្រាការប្រាក់ទាប ជាទុនវិនិយោគ និងទុនបង្វិល ដល់សហគ្រាសធុនតូច និងមធ្យម លើវិស័យស្រូវ-អង្គ, បន្លែ-ផ្លែឈើ, ការចិញ្ចឹមសត្វ និងវារីវប្បកម្ម ក្នុងគោលដៅបង្កើតការងារ ពង្រឹងភាពប្រកួតប្រជែង និងពង្រីកមូលដ្ឋានផលិតកម្មក្នុងស្រុក និងជំរុញការនាំចេញ៕






