ណៃពិដោ៖ យោងតាមក្រសួងកសិកម្មភូមា បានឱ្យដឹងថា ផ្លែចេកអំបូងព៌ណលឿង ដែលបណ្តុះដោយជាលិកាចំនួនជាង ១៥៧ ០០០តោន ត្រូវបាននាំចេញទៅកាន់ប្រទេសចិន រវាងចន្លោះខែមេសា ឆ្នាំ២០២៥ និងខែមករា ឆ្នាំ២០២៦ ដោយដឹកជញ្ជូនឆ្លងកាត់តាមច្រកព្រំដែន ក្នុងរដ្ឋកាជីន។
សារព័ត៌មានភូមាបានចេញផ្សាយថា គិតត្រឹមដំណាច់ខែមករា ក្នុងឆ្នាំហិរញ្ញវត្ថុ២០២៥-២០២៦ បរិមាណនាំចេញផ្លែចេកអំបូងចំនួន១៥៧ ២០០តោន ធៀបនឹង២៨៧ ៨៧២តោន ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទាក់ទងនឹងតម្លៃវិញ ផ្លែចេកអំបូងមួយតោន បច្ចុប្បន្នត្រូវបានលក់ក្នុងតម្លៃ២ ៥២០យ័ន ឬស្មើនឹង៣៦៦ដុល្លារ។
ច្រកសំខាន់ៗសម្រាប់នាំចេញផ្លែចេកអំបូងលឿងទៅកាន់ប្រទេសចិន គឺជាផ្លូវគោក ដែលតភ្ជាប់ព្រំដែនប្រទេសទាំងពីរ ភូមា-ចិន។ ដើម្បីនាំចេញផ្លែចេកអំបូងលឿងទៅកាន់ប្រទេសចិន អ្នកនាំចេញចាំបាច់ត្រូវតែមានវិញ្ញាបនបត្របញ្ជាក់របស់គណៈកម្មាធិការកសិកម្មចម្រុះ (Joint Agriculture Certification Committee -JACC) នៅក្នុងប្រទេសចិន ហើយទោះបីជាមានក្រុមហ៊ុននាំចេញផ្លែចេកអំបូងលឿង នៅក្នុងរដ្ឋកាជីន ចំនួន៤៦ក្រុមហ៊ុន ដែលទទួលបានវិញ្ញាបនបត្រក៏ដោយ បច្ចុប្បន្នមានតែ១៥ក្រុមហ៊ុនប៉ុណ្ណោះ កំពុងនាំចេញផ្លែចេក។
ដោយសារតែការរកឃើញសំណល់ថ្នាំសម្លាប់សត្វល្អិតនៅតាមចម្ការ និងនៅក្នុងផលិតផលរបស់ក្រុមហ៊ុនមួយចំនួន ការនាំចេញផ្លែចេកទៅកាន់ប្រទេសចិន ត្រូវបានផ្អាកជាបណ្តោះអាសន្នក្រោមបទប្បញ្ញត្តិរបស់គណៈកម្មាធិការកសិកម្មចម្រុះ។ បច្ចុប្បន្ន មានតែក្រុមហ៊ុន ដែលគោរពតាមបទប្បញ្ញត្តិប៉ុណ្ណោះ ត្រូវបានអនុញ្ញាតឱ្យបន្តនាំចេញផ្លែចេកតាមរយៈច្រកព្រំដែនគោក។
កាលពីឆ្នាំ២០២២ ចាប់ពីខែមេសា ដល់ខែធ្នូ ប្រទេសភូមាន បាននាំចេញផ្លែចេកអំបូងលឿងជាង៣៤ ០០០តោន ទៅកាន់ប្រទេសចិន តាមច្រកទ្វារព្រំដែននេះ ហើយក្នុងខែមករា និងខែកុម្ភៈ ឆ្នាំ២០២៣ បាននាំចេញជាង១៤ម៉ឺនតោន។
ក្រុមហ៊ុននាំចេញផ្លែចេកទៅកាន់ទីផ្សារប្រទេសចិន ដោយស្របច្បាប់ ត្រូវចុះបញ្ជីនៅគណៈកម្មាធិការកសិកម្មចម្រុះ ក្នុងប្រទេសចិន ហើយបច្ចុប្បន្ននេះ នាយកដ្ឋានកសិកម្មភូមា បានចេញវិញ្ញាបនបត្រភូតគាមអនាម័យ ដល់ពី១០ ទៅ២០០ឡាន ដឹកផ្លែចេកទៅកាន់ប្រទេសចិន។ ផ្លែចេកភូមាមានតម្លៃថ្លៃល្អ ដែលកាលពីឆ្នាំមុន ផ្លែចេកមួយគីឡូក្រាម អាចរកចំណូលបាន២,៥យ័ន ហើយឆ្នាំនេះអាចរកចំណូលបានលើសប្រាំយ័ន ឬស្មើនឹង០,៧៣ដុល្លារ៕












