ម្ចាស់ចម្ការក្នុងស្រុក​អះអាងថា ដូងក្រអូបនៅកម្ពុជាកំពុងមានតម្រូវការខ្ពស់នៅលើទីផ្សារ

photo_2026-03-09_13-14-02

ដោយ នៅ ស៊ីវុត្ថា

បាត់ដំបង៖ ទីផ្សារដូងក្រអូបនៅក្នុងប្រទេសកម្ពុជាកំពុងមានតម្រូវការខ្ពស់គួរឱ្យកត់សម្គាល់  ព្រោះពលរដ្ឋកម្ពុជាភាគច្រើនពេញនិយម និងចូលចិត្តពិសា ដោយសារវាមានរស់ជាតិផ្អែមឆ្ងាញ់ ក្លិនក្រអូប និងអាចជួយទ្រទ្រង់ដល់សុខភាពផងដែរ។

លោក ផុន សម្បត្តិ ម្ចាស់ចម្ការដូងក្រអូបយាយណៃ ស្ថិតនៅក្នុងភូមិអូរជំាក្រោម ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង ប្រាប់ទូរទស្សន៍អនឡាញ ARDBថា តាមរយៈការសង្កេតជាក់ស្តែងរបស់លោក  ទីផ្សារដូងក្រអូបនៅក្នុងប្រទេសកម្ពុជា  មានកំណើនខ្ពស់ ព្រោះនៅពេលលោកបង្ហោះដូងនៅក្នុងចម្ការរបស់លោកលើបណ្តាញសង្គម មានពលរដ្ឋកម្ពុជាជាច្រើនបានទាក់ទង និងផ្ញើសារទិញជាហូរហែ។

លោកសង្កត់ធ្ងន់ទៀតថា ទំហំនៃតម្រូវការដូងក្រអូបរបស់កម្ពុជា គឺមានកម្រិតខ្ពស់ដែលធ្វើឱ្យលោកកំពុងតែពិនិត្យលទ្ធភាព និងសិក្សាពង្រីកផ្ទៃដីដំាដុះប្រមាណបីហិកតាបន្ថែមទៀត ខណៈបច្ចុប្បន្នលោកមានផ្ទៃដីដាំដុះ និងកំពុងប្រមូលផលចំនួនបីហិកតារួចហើយ។

លោកបន្ថែមថា តាមផែនការ លោក នឹងដាំដូងក្រអូប ដូចធំ ឬគេហៅថាដូចខ្មែរ ព្រោះទីផ្សារដូងធំ នៅកម្ពុជាជាពិសេសនៅក្នុងខេត្តបាត់ដំបងនេះ មានតម្រូវខ្ពស់ដូចទៅនឹងដូងក្រអូបដូចគ្នា ។ ដូងធំនេះ មានតម្រូវការទាំងដូងខ្ចី ដូងចាស់ និងដូងទុំជាដើម។

បើតាមលោក ផុន សម្បត្តិ ចំពោះការបោះដុំនៅក្នុងចម្ការ តម្លៃដូងក្រអូបនាពេលបច្ចុប្បន្ន ចន្លោះពី១ ២០០រៀល ទៅ១ ៤០០រៀល ក្នុងមួយផ្លែ ហើយអ្នកទទួលទិញបោះដុំ ជាអ្នកបេះ ឬកាត់ដោយខ្លួនឯង  ប៉ុន្តែ បើម្ចាស់ចម្ការបេះ ឬកាត់ឱ្យ តម្លៃ អាចកើនដល់ពី១ ៥០០រៀល ទៅ២០០០រៀល ក្នុងមួយផ្លែ។ ចំណែការលក់រាយនៅលើទីផ្សារវិញ គឺមានតម្លៃ២ ០០០រៀល ទៅ២ ៥០០រៀលក្នុងមួយផ្លែ ដែលតម្លៃទាំងអស់នេះ អាស្រ័យទៅលើទំហំដូង និងជាតម្លៃសម្រាប់តែនៅក្នុងខេត្តបាត់ដំបងប៉ុណ្ណោះ។

ចំណែក អ្នកស្រី សោ សុខារី រស់នៅភូមិលំផាត់ ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង ដែលបានដាំដុះប្រភេទដូងក្រអូបនេះជាច្រើនដើមបានបញ្ជាក់ថា ពូជដូងក្រអូបនេះ គឺដើមទាបល្មម ដែលដើមខ្លះស្ទើរតែផ្លែធ្លាក់ដល់ដី តែដើមខ្លះទៀតក៏អាចឈរបេះបាន ហើយពូជដូងនេះ គឺទឹកមានឱជារសផ្អែមឆ្ងាញ់ជាងដូងធម្មតា ដោយគ្រាន់តែបរិមាណទឹកវាតិចជាងតែប៉ុណ្ណោះ។

អ្នកស្រីបានបន្ថែមថា សព្វថ្ងៃមិនចាំបាច់កាប់យកទៅលក់នៅលើទីផ្សារនោះឡើយ ដោយមានឈ្មួញកណ្ដាលបានទិញដល់ផ្ទះតែម្ដង ហើយក៏បានតម្លៃសមរម្យអាចទទួលយកបាន ព្រោះបច្ចុប្បន្នផ្លែដូង គឺមានតម្រូវការច្រើននៅលើទីផ្សារ ដោយសារតែមានអ្នកនិយមចូលចិត្តពិសាច្រើន៕


image_2026-03-09_10-18-28
ចិនមានមហិច្ចតាដណ្តើមយកទីផ្សារតែលំដាប់ទី១ ក្នុងពិភពលោក នៅឆ្នាំ២០៣០

ប៉េកាំង៖ ប្រទេសចិនត្រូវបានទទួលស្គាល់ថា ជាអ្នកផលិត និងអ្នកផឹកទឹកតែ ច្រើនជាងគេបំផុតលើពិភពលោក ដោយសារវប្បធម៌ផឹកតែបានចាក់ឫសគល់យ៉ាងជ្រៅក្នុងសង្គមចិន ជាច្រើនពាន់ឆ្នាំមកហើយ។ មិនតែប៉ុណ្ណោះ ប្រទេសចិនក៏ឈរលើគេក្នុងនាមជាដៃគូពាណិជ្ជកម្មតែ ដ៏ធំជាងគេមួយក្នុងពិភពលោក ដែលរួមចំណែកដល់កំណើនសេដ្ឋកិច្ចសកលផងដែរ។ តាមរយៈវប្បធម៌ផឹកទឹកតែ និងការដណ្តើមទីផ្សារកំពូលនេះដែរ ប្រទេសចិនបានដាក់ចេញនូវផែនការមហិច្ឆតារបស់ខ្លួន ដើម្បីធ្វើទំនើបកម្មឧស្សាហកម្មតែឱ្យទៅជាវិស័យ “ឆ្លាតវៃ” ក្នុងគោលបំណងដណ្តើមយកទីផ្សារពិភពលោក នៅឆ្នាំ២០៣០។ ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសចិន រួមជាមួយភ្នាក់ងាររដ្ឋាភិបាលរបស់ចិនចំនួនបួនផ្សេងទៀត បានចេញគោលការណ៍ណែនាំ ដើម្បីលើកកម្ពស់ និងកែលម្អគុណភាព និងប្រសិទ្ធភាពនៃឧស្សាហកម្មតែ ដោយមានគោលបំណងបង្កើនទំហំនៃខ្សែសង្វាក់ឧស្សាហកម្មទាំងមូលដល់១,៥ទ្រីលានយន់ ឬស្មើជា២១៧ពាន់លានដុល្លារ​ នៅឆ្នាំ២០៣០។ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ បានរាយការណ៍ពីទីក្រុងប៉េកាំង នាថ្មីៗមកនេះឱ្យដឹងថា ប្រទេសចិនមានគោលបំណងបង្កើតប្រព័ន្ធឧស្សាហកម្មតែដ៏ធំបំផុតមួយ ដោយក្នុងនេះមានទាំងការផ្តត់ផ្គង់ដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាព និងឆាប់រហ័ស។ ក្រៅពីនេះនឹងរក្សាបាននូវគោលការណ៍មិនប៉ះពាល់ដល់បរិស្ថាន។ ប្រទេសចិនក៏មានគម្រោងធ្វើឱ្យមានវឌ្ឍនភាពនៅក្នុងតំបន់ផលិតតែបែបប្រពៃណីមួយចំនួន និងបានដាក់ទិសដៅឱ្យសម្រេចបាននូវការកែលម្អគួរឱ្យកត់សម្គាល់លើគុណភាព និងប្រសិទ្ធភាពនៃឧស្សាហកម្មតែក្នុងស្រុក នៅក្នុងឆ្នាំ២០២៨។ លើសពីនេះ ប្រទេសចិននឹងលើកកម្ពស់ការធ្វើទំនើបកម្មខ្សែសង្វាក់ឧស្សាហកម្មតែ ជាពិសេសក្នុងពេលដំណាលគ្នានេះក៏កំពុងពង្រីកវិសាលភាពនៃផលិតផលតែ ក៏ដូចជាគំរូនៃការប្រើប្រាស់តាមស្តង់ដាត្រឹមត្រូវ។ តាមរយៈយុទ្ធសាស្រ្តនេះបានបង្ហាញនូវការច្បាមយកទីផ្សារពិភពលោក ដោយប្រទេសចិន ចាំបាច់ណាស់ត្រូវសម្រេចឱ្យបាននូវគោលដៅជាច្រើនទៀត ក្នុងនេះ មានដូចជាពង្រឹងការច្នៃប្រឌិតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការបណ្តុះសហគ្រាសដែលផ្តោតលើទីផ្សារ និងការជំរុញការកសាងរឹងមាំលើ ឧស្សាហកម្មឯកទេស។ ក្រៅពីនេះក៏ត្រូវពង្រីកការប្រើប្រាស់វត្ថុធាតុដើមតែនៅក្នុងវិស័យអាជីវកម្មផ្សេងៗដូចជាផលិតផលគ្រួសារ មិនប្រើប្រាស់សារជាតិគីមីលាយឡំ និងការមិនបង្កផលប៉ះពាល់ដល់សុខភាពអ្នកទទួលទាន។ […]

image_2026-03-09_09-03-37
ក្រុមហ៊ុនផលិតជីធំជាងគេទីពីររបស់អឺរ៉ុប ផ្អាកទទួលការបញ្ជាទិញថ្មីជាបណ្តោះអាសន្ន ដោយសារភាពតានតឹងនៅមជ្ឈិមបូព៌ា

ទីក្រុងវ៉ាសូវី៖ ក្រុមហ៊ុនផលិតជីរបស់រដ្ឋប៉ូឡូញ បានបញ្ឈប់ជាបណ្តោះអាសន្ននូវការបញ្ជាទិញថ្មី ចំពេលមានការកើនឡើងភាពតានតឹងនៅមជ្ឈិមបូព៌ា និងតម្លៃឧស្ម័នឡើងថ្លៃ។ ក្រុមហ៊ុន ហ្រ្គូប៉ា អាហ្សូទីសា (Grupa Azoty SA) គឺជាក្រុមហ៊ុនផលិតជីអាសូត និងល្បាយជីធំជាងគេទីពីរនៅក្នុងសហភាពអឺរ៉ុប ហើយការសម្រេចចិត្តរបស់ក្រុមហ៊ុននេះ បានបង្កឱ្យមានការព្រួយបារម្ភអំពីអាជីវកម្មផ្សេងទៀតអាចសម្រេចចិត្តស្រដៀងគ្នានេះដែរ។ ក្រុមហ៊ុនបានឱ្យដឹងថា ខ្លួននឹងបន្តផលិតកម្មឡើងវិញ ហើយការសម្រេចចិត្តនេះ អនុវត្តចំពោះការបញ្ជាទិញថ្មីក្នុងខែមីនា សម្រាប់តែជីអាសូតប៉ុណ្ណោះ។ បើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន បានលើកឡើងថា “មូលហេតុនៃការសម្រេចចិត្តនេះ គឺស្ថានភាពភូមិសាស្ត្រនយោបាយមិនស្ថិតស្ថេរនៅមជ្ឈិមបូព៌ា”។ តម្លៃឧស្ម័នធម្មជាតិនៅអឺរ៉ុប បានកើនឡើងដល់៣៤ភាគរយ នៅក្នុងវគ្គជួញដូរ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ធ្វើឱ្យតម្លៃឧស្ម័នបានហក់ឡើងយ៉ាងខ្លាំង ចំពេលមានភាពមិនច្បាស់លាស់ថា តើការរំខានដល់ដំណើរការនាំចេញនឹងអូសបន្លាយអស់រយៈពេលប៉ុន្មានសម្រាប់រោងចក្រផលិតឧស្ម័នដ៏ធំបំផុតរបស់ពិភពលោក នៅក្នុងប្រទេសកាតា និងបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់ថាមពលសកល។ យោងតាមទីភ្នាក់ងារព័ត៌មាន ប្លូមប៊ើក (Bloomberg) បានឱ្យដឹងថា តម្លៃប្រេងឆៅបានកើនឡើងក្នុងរយៈពេលពីរថ្ងៃជាប់ៗគ្នា ខណៈពេលប្រទេសចិន ដែលជាប្រទេសនាំចូលឧស្ម័នធំជាងគេរបស់ពិភពលោក បានអំពាវនាវឱ្យភាគីជម្លោះជាមួយប្រទេសអ៊ីរ៉ង់ ធានាឱ្យមានការឆ្លងកាត់ដោយសុវត្ថិភាពនៃកប៉ាល់ឆ្លងកាត់តាមច្រកសមុទ្រ​ហ័រមូស (Hormuz)​ នៃដែនទឹកអ៊ីរ៉ង់។ សង្គ្រាមនៅប្រទេសអ៊ីរ៉ង់ បានរំខានដល់លំហូរការដឹកជញ្ជូនឆ្លងកាត់ឈូងសមុទ្រពែក្ស ដែលជាមជ្ឈមណ្ឌលដឹកជញ្ជូនជីដ៏សំខាន់ ដែលជំរុញឱ្យតម្លៃកើនឡើង នៅពេលកសិករនៅតំបន់អឌ្ឍគោលខាងជើង កំពុងរៀបចំដាក់ជីក្នុងស្រែរបស់ពួកគេ។ ទន្ទឹមនឹងនេះ ការកើនឡើងនៃតម្លៃឧស្ម័ន ក៏នឹងប៉ះពាល់ដល់អ្នកផលិតជីនៅក្នុងតំបន់ផ្សេងទៀត […]

photo_2026-03-06_17-00-39
អគ្គនាយក ARDB ចុះសិក្សាខ្សែច្រវាក់ផលិតកម្មកែច្នៃដំឡូងមីនៅចិន ដើម្បីជំរុញការនាំចេញកសិផលខ្មែរឱ្យកាន់តែខ្លាំងទៅទីផ្សារប្រទេសចិន

ប៉េហៃ, ប្រទេសចិន៖ នារសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំសហការីចុះទស្សនកិច្ចសិក្សាផ្ទាល់ពីខ្សែច្រវាក់ផលិតកម្មកែច្នៃដំឡូងមីរបស់ក្រុមហ៊ុនរដ្ឋចិន COFCO នៅទីក្រុងប៉េហៃ សាធារណរដ្ឋប្រជាមានិតចិន។ គោលបំណងសំខាន់នៃបេសកកម្មការនេះត្រូវបានធ្វើឡើងក្នុងគោលបំណងយុទ្ធសាស្ត្រចំនួនបីសំខាន់ៗ៖ ១. ពង្រីកទីផ្សារនាំចេញ៖ ជំរុញការនាំចេញដំឡូងមីស្ងួតពីកម្ពុជាទៅកាន់ទីផ្សារចិនឱ្យបានកាន់តែច្រើនលើសឆ្នាំមុនៗ។ ២. ពង្រឹងកិច្ចសហប្រតិបត្តិការ៖ ស្វែងយល់ពីតម្រូវការបច្ចេកទេស និងស្ដង់ដារកែច្នៃរបស់ក្រុមហ៊ុន COFCO ដែលជាអ្នកបញ្ជាទិញធំបំផុតមួយ ដើម្បីសម្រួលដល់ការផ្គត់ផ្គង់ពីកម្ពុជា។ ៣. គាំទ្រផ្នែកហិរញ្ញវត្ថុ៖ បញ្ជាក់ពីការត្រៀមខ្លួនរបស់ ARDB ក្នុងការបន្តផ្តល់ហិរញ្ញប្បទានដល់អ្នកប្រមូលទិញដំឡូងមីនៅកម្ពុជា ដើម្បីបង្កើនលទ្ធភាពប្រមូលទិញសម្រាប់នាំចេញ។ ក្នុងឱកាសនេះ ឯកឧត្ដមបណ្ឌិត កៅ ថាច ក៏បានអញ្ជើញតំណាងក្រុមហ៊ុន COFCO មកទស្សនកិច្ចនៅកម្ពុជា ដើម្បីពិនិត្យមើលសក្ដានុពលតំបន់ផលិតកម្មដំឡូងមីដោយផ្ទាល់។ ជាការឆ្លើយតប តំណាងក្រុមហ៊ុនបានយល់ព្រមនឹងពិនិត្យលទ្ធភាពមកកាន់កម្ពុជានាពេលឆាប់ៗខាងមុខនេះ។ គួរបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុន COFCO បាននិងកំពុងនាំចូលដំឡូងមីស្ងួតពីកម្ពុជាសម្រាប់ខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ដែលនេះជាសញ្ញាវិជ្ជមានសម្រាប់កសិករ និងអ្នកនាំចេញកម្ពុជា៕

photo_2026-03-07_15-37-32 (3)
ARDB និងធនាគារចិន  (BOC) សាខាខេត្តក្វាងស៊ី ពិភាក្សាលើការគាំទ្រឥណទានក្នុងខ្សែច្រវាក់តម្លៃកសិកម្ម និងការទូទាត់ឆ្លងដែន

ក្រុងណាននីង-ប្រទេសចិន៖ នៅព្រឹកថ្ងៃសៅរ៍ ទី០៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានជួបពិភាក្សាការងារជាមួយលោក Liu Shuai អនុប្រធានធនាគារចិន ប្រចាំខេត្តក្វាងស៊ី (Bank of China, Guangxi Province) ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ និងការផ្តល់សេវាធនាគារឆ្លងដែន។ ខ្លឹមសារសំខាន់នៃកិច្ចពិភាក្សាបានផ្តោតលើចំណុចយុទ្ធសាស្ត្ររួមមាន៖ 1. ការគាំទ្រឥណទានដល់ខ្សែច្រវាក់តម្លៃកសិផលនាំចេញ៖ ភាគីទាំងពីរបានពិភាក្សាលើការផ្តល់ឥណទានដើម្បីគាំទ្រដល់សហគ្រាស ក៏ដូចជាធុរកិច្ចកសិកម្មកម្ពុជា ក្នុងការត្រៀមលក្ខណៈសម្បត្តិសម្រាប់ផ្គត់ផ្គង់ និងការរៀបចំខ្សែច្រវាក់ផលិតកម្មកសិផលមកកាន់ទីផ្សារប្រទេសចិន ឱ្យកាន់តែមានប្រសិទ្ធភាព និងស្របតាមតម្រូវការទីផ្សារ។ 2. ការជំរុញការទូទាត់អន្តរជាតិ (Cross-border Settlement)៖ ពង្រឹងយន្តការទូទាត់ប្រាក់ឱ្យកាន់តែឆាប់រហ័ស និងមានតម្លៃទាប រវាងធនាគារ ARDB និងធនាគារចិន ខេត្តក្វាងស៊ី ដើម្បីសម្រួលដល់ប្រតិបត្តិការពាណិជ្ជកម្ម និងរំហូរហិរញ្ញវត្ថុរវាងប្រទេសទាំងពីរ។ ជំនួបពិភាក្សានេះ គឺជាការបន្តពង្រឹងទំនាក់ទំនងដ៏ល្អប្រសើរ និងជាការត្រួសត្រាយផ្លូវ​ឈាន​ទៅ​រក​ការ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ (MoU) នៅ​ពេល​ខាង​មុខ​ ដេីម្បី​ស្វែងរកដំណោះស្រាយហិរញ្ញវត្ថុដ៏ទូលំទូលាយ ជូនដល់តួអង្គក្នុងវិស័យកសិកម្ម។ តាមរយៈកិច្ចសហការនេះ ARDB នឹងបន្តតួនាទីជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា […]

កាលវិភាគផ្សព្វផ្សាយ