កែប៖ យោងបើតាមអង្គការអភិរក្សសមុទ្រកម្ពុជា(Marine Conservation Cambodia) បានឱ្យដឹងថា សត្វផ្សោតក្បាលត្រឡោកមួយក្បាល ដែលជាសត្វដ៏កម្រត្រូវបានគេប្រទះឃើញងាប់នៅតំបន់កោះអាចម៍សេះ ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្រ្ត ក្រុងកែប ខេត្តកែប។
ក្នុងសេចក្តីរាយការណ៍ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ អង្គការអភិរក្សសមុទ្រកម្ពុជាឱ្យដឹងថា “កាលពីសប្តាហ៍មុន ខណៈពេលក្រុមការងាររបស់យើងកំពុងធ្វើដំណើរត្រឡប់មកកោះអាចម៍សេះ យើងបានប្រទះឃើញសាកសពផ្សោតក្បាលត្រឡោកញី (Irrawaddy Dolphin) វ័យជំទង់មួយក្បាលអណ្តែតលើផ្ទៃសមុទ្រ”។
អង្គការអភិរក្សសមុទ្រកម្ពុជា បានឱ្យដឹងបន្ថែមថា សាកសពផ្សោតត្រូវបានគេនាំមកកាន់កោះអាចម៍សេះ ដើម្បីធ្វើកោសលវិច័យដោយអ្នកវិទ្យាសាស្ត្រជំនាញផ្នែកសត្វសមុទ្ររបស់អង្គការអភិរក្សសមុទ្រកម្ពុជា។ ដោយសារតែមានសំណល់សំណាញ់នៅជាប់នឹងកន្ទុយរបស់វា និងមានស្នាមបង្ហាញពីការជាប់សំណាញ់ មូលហេតុនៃការងាប់ត្រូវបានកំណត់ថា បណ្តាលមកពីការជាប់សំណាញ់មងនេសាទ។
អង្គការអភិរក្សសមុទ្រកម្ពុជា បានបញ្ជាក់ឱ្យដឹងដែរថា “ចំពោះករណីនេះត្រូវបានកត់ត្រា និងរាយការណ៍ជូនទៅកាន់រដ្ឋបាលជលផលរួចរាល់ហើយ។ តាមរយៈការបង្ហោះនេះ យើងក៏ចង់លើកកម្ពស់ការយល់ដឹងអំពីការគម្រាមកំហែងដ៏ធ្ងន់ធ្ងរ ដែលអាចកើតមានឡើងទៅលើសត្វសមុទ្រ ជាពិសេសសំណាញ់ ឬឧបករណ៍នេសាទ ដែលត្រូវបានបោះបង់ចោល ឬមិនមានការត្រួតពិនិត្យ”។
គួរបញ្ជាក់ថា ផ្សោតក្បាលត្រឡោកត្រូវបានអ្នកជំនាញរកឃើញនូវទីជម្រកពីរខុសគ្នារវាងដែនទឹកសមុទ្រ និងទឹកសាប ហើយមានរូបរាងប្រហាក់ប្រហែលគ្នា។ ប្រវែងដងខ្លួនកូនផ្សោតទើបកើតមានពី៩០-១០០សង់ទីម៉ែត្រ រហូតពេលពេញវ័យប្រវែងពី២,៣២ ទៅ២,៧៥ម៉ែត្រ និងកូនទើបកើតមានទម្ងន់ពី១០ ទៅ១២គីឡូក្រាម នៅពេលពេញវ័យមានទម្ងន់រហូត១៣០គីឡូក្រាម។
សត្វផ្សោតប្រភេទនេះ វាគ្មានចំពុះទេ ក្បាលមាំរាងមូល ចំណែកព្រុយខ្នងមានទម្រង់ផ្សេងៗគ្នា។ ចំណែកផ្នែកខាងខ្នង និងចំហៀងសង្ខាងមានពណ៌ប្រផេះចាស់ ឯពោះមានពណ៌ប្រផេះស្រាល។ ព្រុយចំហៀងមានទំហំធំវែងរាងដូចច្រវាទូក៕






