ស៊ូវ៉ា៖ អាជ្ញាធរជីវសុវត្ថិភាពនៃប្រទេសហ្វីជី បានបញ្ជាក់ពីការរកឃើញប្រភេទសត្វរុយផ្លែ នៅក្នុងប្រទេសជាលើកដំបូង ដែលសង្ស័យថា សត្វល្អិតចង្រៃនេះមានដើមកំណើតនៅប្រទេសកោះតុងហ្គា ដែលស្ថិតនៅក្បែរគ្នានោះ ហើយបង្កការគំរាមកំហែងដល់វិស័យកសិកម្មរបស់ខ្លួន។
យោងតាមអាជ្ញាធរជីវសុវត្ថិភាពនៃប្រទេសហ្វីជី បានឱ្យដឹងថា សត្វរុយទិចផ្លែ ដែលឈ្មោះវិទ្យាសាស្ត្រហៅថា បាក់ត្រូសេរ៉ា ហ្វាស្យ៉ាលីស (Bactrocera Facialis) ត្រូវបានកំណត់អត្តសញ្ញាណជាលើកដំបូងក្នុងអំឡុងពេលតាមដានជាប្រចាំ នៅលើកោះមួយក្នុងប្រជុំកោះយ៉ាសាវ៉ា (Yasawa) ស្ថិតនៅភាគខាងលិចប្រទេសហ្វីជី។ រីឯការតាមដាន និងការដាក់អន្ទាក់ បានបញ្ជាក់ពីវត្តមានរបស់សត្វល្អិតចង្រៃនេះ នៅលើកោះបីផ្សេងទៀត។
សត្វរុយទិចផ្លែ ដែលឈ្មោះវិទ្យាសាស្ត្រហៅថា បាក់ត្រូសេរ៉ា ហ្វាស្យ៉ាលីស ដែលហើរត្រាច់ចររកចំណីតាមចម្ការដំណាំជាច្រើនប្រភេទ។ ដំណាំហូមផ្លែ ដែលប្រឈមនឹងហានិភ័យជាងគេដោយសារសត្វល្អិតចង្រៃនេះ រួមមាន ផ្លែសាកេ ផ្លែស្វាយ ផ្លែជម្ពូ ផ្លែប័រ ផ្លែត្របែក ផ្លែម្ទេស ផ្លែម្ទេសផ្លោក និងផ្លែល្ហុងជាដើម។
សត្វល្អិតចង្រៃនេះបំផ្លាញផ្លែ តាមរយៈការទិច រួចពងដាក់ទៅខាងក្នុងផ្លែ ក្រោយមកពងរវាក៏ញាស់ជាដង្កូវ ហើយស៊ីសាច់ក្នុងផ្លែជាចំណី ទើបបណ្តាលឱ្យផ្លែជាំ និងរលួយខាងក្នុងតែម្តង។ ចំណែកនៅលើសំបកផ្លែវិញ ដែលត្រូវសត្វរុយនេះទិចហើយ ឃើញមានស្នាមទិច ប្រែពណ៌ ជាំទឹក ផ្លែលែងធំ និងជ្រុះតែម្តង ហើយមិនអាចលក់ ឬបរិភោគបានឡើយ។
យោងតាមសេចក្តីថ្លែងការណ៍របស់អាជ្ញាធរជីវសុវត្ថិភាពហ្វីជី បានឱ្យដឹងថា ប្រទេសហ្វីជីមានប្រភេទសត្វរុយទិចផ្លែ ដែលបង្កបញ្ហាស្រដៀងគ្នានេះរួចទៅហើយនាពេលកន្លងមក ប៉ុន្តែការប្រកាសអំពីសត្វរុយទិចផ្លែ ប្រភេទបាក់ត្រូសេរ៉ា ហ្វាស្យ៉ាលីស បង្កបញ្ហាប្រឈមផ្នែកជីវសុវត្ថិភាពកាន់តែខ្លាំង។
អាជ្ញាធរជីវសុវត្ថិភាពនៃប្រទេសហ្វីជី សហការជាមួយក្រសួងកសិកម្ម និងផ្លូវទឹក បានអនុវត្តផែនការសកម្មភាពឆ្លើយតបបន្ទាន់ចំពោះសត្វល្អិតចង្រៃនេះ ដោយជំរុញឱ្យអ្នកដំណើរមិនត្រូវដឹកជញ្ជូនផលិតផលផ្លែចេញទៅផ្នែកផ្សេងទៀតនៃប្រទេសហ្វីជីឡើយ។
ចំណែកកសិករហ្វីជី និងសាធារណជន ទទួលបានការណែនាំឱ្យតាមដានចម្ការ និងសួនច្បារដំណាំឱ្យបានដិតដល់ និងរាយការណ៍ទៅមន្ត្រីជីវសុវត្ថិភាពនៅក្នុងតំបន់ ក្នុងករណីសង្ស័យណាមួយអំពីសកម្មភាពសត្វរុយទិញផ្លែ៕














