បន្លែព្រៃ និងបន្លែដាំតាមសហគមន៍ កំពុងពេញនិយមដល់ភ្ញៀវទេសចរនៅតំបន់ ទឹកធ្លាក់ថ្មក្រាល

photo_2025-12-24_15-52-02

ដោយ ជិន ម៉ាដេប៉ូ

កំពង់ឆ្នាំង៖ បន្លែព្រៃ និងបន្លែដែលដាំដោយផ្ទាល់ពីប្រជាពលរដ្ឋរស់នៅតំបន់ទឹកធ្លាក់ថ្មក្រាល ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានក្លាយជាទីពេញនិយមចូលចិត្តទិញពីសំណាក់ភ្ញៀវទេសចរ ជាពិសេសភ្ញៀ់វទេសចរខ្មែរ ដែលទៅកម្សាន្តនៅទីនោះតែងមិនភ្លេចទេក្នុងការទិញមកផ្ទះសម្បែងវិញ។

គួរបញ្ជាក់ថា ទឹកធ្លាក់ថ្មក្រាល ស្ថិតនៅភូមិកោះក្ទម្ព ឃុំជៀប ស្រុកទឹកផុស មានចម្ងាយ​ប្រមាណ៥៧ គីឡូម៉ែត្រ ពីក្រុងកំពង់ឆ្នាំង។ ភ្ញៀវទេស​ចរ​អាចទៅទស្សនា និងលំ​ហែ​កាយ នៅពេលសម្រាកពីការ​ងារ ឬថ្ងៃចុងសប្តាហ៍ ស្រស់ស្រូបអាហារជុំគ្រួសារ ឬជួប​ជុំ​មិត្ត​ភក្តិ នៅក្រោមម្លប់ឈើដ៏ត្រឈឹងត្រឈៃ កម្សាន្តជាមួយ​នូវទឹក​ធ្លាក់​​ដ៏សែ​នត្រជាក់ ជាពិសេស ក្រៅពីបានភ្លក្សរសជាតិអាហារជាបន្លែព្រៃភ្នំ និងបន្លែដាំតាមសហគមន៍យ៉ាងឆ្ងាញ់ពិសាហើយ នៅអាចទិញប្រភេទជាបន្លែស្រស់ៗសម្រាប់ទុកមកធ្វើម្ហូបពេលត្រឡប់មកផ្ទះសម្បែងវិញផងដែរ។

លោក អ៊ឺត អូន ប្រធានសហគមន៍តំបន់ការពារធម្មជាតិភ្នំជើងលៀង ដែលស្ថិតនៅតំបន់ទឹកធ្លាក់ថ្មក្រាល បានបញ្ជាក់ប្រាប់ ARDB TVឱ្យដឹងថា៖បច្ចុប្បន្ន សមាជិកសហគមន៍មានចំនួន៨៤គ្រួសារ ស្មើនឹង៣៤៨ នាក់។ ផ្ទៃដីតំបន់ទេសចរមានសរុបចំនួនជាង៥៣០ហិកតា ក្នុងនោះដីព្រៃឈើជាង២០០ហិកតា។សហគមន៍របស់លោកមួយនេះបានបង្កើតឡើងនៅអំឡុងឆ្នាំ២០០៦ ហើយបានអភិវឌ្ឍន៍ជាបណ្តើរៗរហូតបានក្លាយជាតំបន់ទេសចរណ៍មានឈ្មោះបោះសំឡេងក្នុងស្រទាប់អ្នកទេសចរទាំងជាតិ និងអន្តរជាតិ។

លោកបានប្រាប់ថា ក្នុងចំណោមពលរដ្ឋក្នុងសហគមន៍នេះភាគច្រើនបានបម្រើលើវិស័យទេសចរ ក្នុងនោះបានធ្វើម្ហូបអាហារសម្រាប់លក់ជូនភ្ញៀវទេសចរតែម្តង។ ក្រៅពីនេះ ពួកគាត់ជាច្រើននាក់តែងដើររកបន្លែតាមព្រៃភ្នំ ដូចជា ស្លឹកបាស់ ទំពាំង ស្លឹកងប់ ស្លឹកប្រស់ស្វា ស្ពៃទឹក គមផ្តៅ គមសោម ក្រសាំងទាប ត្រប់ពុតលំញងជាដើម។ សម្រាប់គមផ្តៅ និងគមសោម គេអាចយកមកធ្វើសម្លកកូរ ស្ងោរ ឆា ​ស្លរប្រហើរ ខ ញាំ និងធ្វើជាអន្លក់ជាដើម។ ក្រៅពីនេះពួកគាត់ក៏មានដាំដំណាំក្នុងស្រុក ដូចជាស្ពៃ ត្រកួន ត្រសក់ សម្រាប់លក់ឱ្យភ្ញៀវទេសចរ។ ចំពោះបន្លែព្រៃនៅសហគមន៍របស់លោក គឺលក់ដាច់ជាងខ្លាំង ដោយសារភ្ញៀវទេសចរចូលចិត្តទិញណាស់។

ប្រធានសហគមន៍រូបនេះបានប្រាប់ឱ្យដឹងដែរថា ក្រៅពីដាំដំណាំ បន្លែ ផ្លែឈើ ពួកគាត់ក៏មានចិញ្ចឹមសត្វដូចជាមាន់ទា គោក្របី ដែលជាមុខរបរបន្ទាប់បន្សំសម្រាប់រកប្រាក់ចំណូលក្នុងគ្រួសារ។ ក្នុងចំណោម៨៤គ្រួសារនេះ មានប្រមាណជិត២០គ្រួសារហើយ ដែលដើររកបន្លែព្រៃ និងដាំដំណាំលក់។

លោក អ៊ឺត អូន បានឱ្យដឹងបន្ថែមថា ទោះបីឈានដល់ចុងខែធ្នូហើយក្តី តែអ្នកស្រុកក៏នៅតែដើររកបន្លែព្រៃលក់បានដែរ បើទោះបីចំនួនតិចជាងរដូវវស្សា តែក៏អាចជួយរកចំណូលតាមរយៈរកអនុផលព្រៃឈើ។

ប្រធានសហគមន៍រូបនេះបានឱ្យដឹងបន្ថែមថា នាពេលនេះ បើទោះបីប្រទេសមានសង្រ្គាម តែភ្ញៀវទេសចរ ​នៅតែមកចូលកម្សាន្តឥតសូវដាច់ឡើយ។ កាលពីមុនមានសង្រ្គាមពីយោធាថៃឈ្លានពាន គិតជាមធ្យមក្នុងមួយខែៗអ្នកទេសចរចូលកម្សាន្តខ្ទង់ជាង៣ម៉ឺននាក់។ តាមរយៈនេះដែរ វិស័យទេសចរណ៍បានជួយឱ្យប្រជាសហគមន៍ក្នុងការរកចំណូលសម្រាប់លើកកម្ពស់ជីវភាពគ្រួសាររបស់ពួកគាត់។

លោក អ៊ឺត អូន បានឱ្យដឹងផងថា ភ្ញៀវដែលចូលមកកម្សាន្តអាចសម្រាកបោះតង់ពេលយប់ ងូតទឹកធ្លាក់  ទស្សនាទឹកធ្លាក់ដ៏ស្រស់ស្អាត ទិញបន្លែព្រៃ និងម្ហូបអាហារប្រចាំមូលដ្ឋានបរិភោគជាដើម។ ក្រៅពីទីកម្សាន្តនៅកន្លែងនេះ ក៏មានទឹកធ្លាក់ថ្មក្រាលដ៏មានសក្តានុពលសត្វព្រៃនានា ដូចជា ជ្រូកព្រៃ ឈ្លូស ស្វា ក្ងោក ទោច ដង្ហែន និងទន្សាយ។

ចំណែគអ្នកស្រី អ៊ុក អ៊ន វ័យ៥៩ឆ្នាំ ដែលលក់បន្លែព្រៃបានប្រាប់ថា ឈានដល់ខែធ្នូនេះ បន្លែព្រៃរកលែងសូវបានទៀតហើយ អ្នកស្រីនឹងនាំគ្នាដើររកអង្រ្កង ឬបន្លែប្រភេទដើមទុកលក់ឱ្យភ្ញៀវទេសចរជំនួសវិញ។

ដោយឡែក អ្នកស្រី រិន សុខតាន់ ដែលកំពុងលក់បន្លែដាក់ថង់ បានប្រាប់ដែរថា បន្លែអ្នកស្រីដាក់ជាថង់ៗក្នុងមួយថង់តម្លៃ១០០០រៀល។ បន្លែព្រៃទាំងអស់សម្បូរបំផុតនៅរដូវវស្សា ដោយក្នុងមួយថ្ងៃអាចរកចំណូលបានប្រមាណ៣ទៅ៥ម៉ឺនរៀល។

គួរបញ្ជាក់ថា ភ្ញៀវទេស​ចរ​អាចទៅទស្សនាលំ​ហែ​កាយនៅទឹកធ្លាក់ថ្មក្រាល នៅពេលសម្រាកពីការ​ងារ ឬថ្ងៃចុងសប្តាហ៍ ស្រស់ស្រូបអាហារជុំគ្រួសារ ឬជួប​ជុំ​មិត្ត​ភក្ត្រ នៅក្រោមម្លប់ឈើដ៏ត្រឈឹងត្រឈៃ កម្សាន្តជាមួយ​នូវទឹក​ធ្លាក់​​ដ៏សែ​នត្រជាក់ បរិភោគអាហារប្រចាំមូលដ្ឋានយ៉ាងឆ្ងាញ់ពិសា ជាពិសេស ទិញបន្លែព្រៃភ្នំ និងបន្លែអ្នកស្រុកសម្រាប់យកមកផ្ទះសម្បែងវិញទៀតផង៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ