ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចែករំលែកនូវទស្សនទានគន្លឹះសំខាន់ៗចំនួន៥ ដល់ម្ចាស់អាជីវកម្មជាសហគ្រិនវ័យក្មេង នៅខេត្តព្រះសីហនុ

photo_2025-11-12_17-54-37

ក្រុងព្រះសីហនុ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជាសមាជិកគណៈកម្មាធិការកណ្តាល និងជាសមាជិកយុវជនគណ បក្សថ្នាក់កណ្តាល នៅព្រឹកថ្ងៃទី១២ ខែវិច្ឆកា  ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមចែករំលែកដោយផ្តល់ទស្សនទានគន្លឹះសំខាន់ៗចំនួន៥ដល់ម្ចាស់អាជីវកម្មជាយុវជនផ្នែកផែនសហគ្រិនវ័យក្មេង នៅខេត្តព្រះសីហនុ តាមរយៈសិក្ខាសាលាស្តីអំពីកាលានុវត្តភាព និងទិសដៅវិនិយោគសម្រាប់អនាគត។

សម្រាប់សិក្ខាសាលានេះ គឺក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ម៉ោង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម យុន ហេង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ,ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា លោក ឯម ភាព អភិបាលរងនៃគណៈអភិបាលខេត្ត និងលោក ហុង ប៊ុនទី ប្រធានសមាគមសហគ្រិនវ័យក្មេងសាខាខេត្តព្រះសីហនុ ដែលមានអ្នកចូលរួមសរុបចំនួន១៦៧នាក់។

ចំពោះអត្ថន័យនៃការវិនិយោគសម្រាប់អនាគត ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានអញ្ជើញចែករំលែកនូវទស្សនទានចំនួន៥ គឺការវិនិយោគលើមូលធនមនុស្សសំដៅដល់ការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងការអភិវឌ្ឍជំនាញសម្រាប់យុវជន, នវានុវត្តន៍កសិកម្ម សំដៅដល់ការវិយោគទៅលើបច្ចេកវិទ្យាកសិកម្មថ្មីៗ (Agri-Tech) ដូចជាបច្ចេកវិទ្យាដ្រូន សម្រាប់ការបាញ់ជីកសិកម្ម និងថ្នាំសម្លាប់សត្វល្អិត និងថ្នាលទិន្នន័យពាក់ព័ន្ធនឹងវិស័យកសិកម្ម (Data Platform for Agriculture)ក៏អាចជាអាជីកម្មសម្រាប់អនាគតមួយដ៏ល្អផងដែរ ដូចជា APP ទិន្នន័យសម្រាប់ព្យាបាលជំងឺសត្វ ឬដំណាំនានាជាដើម។

លើសពីនេះ ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យា សំដៅដល់ការវិនិយោគលើការតភ្ជាប់ផ្នែកឌីជីថល និងថាមពលកកើតឡើងវិញ ដូចជាកាវិនិយោគបច្ចេកវិទ្យាថ្មីៗ ដោយប្រើប្រាស់ជំនួយពីបញ្ញាសិប្បនិម្មិត (Artificial Intelligence) និង E-Commerce, ចីរភាពបរិស្ថាន សំដៅដល់ការវិនិយោគវិស័យបៃតង, កសិកម្មបែបធម្មជាតិ,ការរក្សាធនធានទឹក និងការប្រើប្រាស់ឡើងវិញ,និងការកាត់បន្ថយហានិភ័យនៃការប្រែប្រួលអាកាសធាតុជាដើម។

ការកសាងសមត្ថភាពស្ថាប័ន គឺសំដៅដល់ការវិនិយោគលើប្រព័ន្ធអភិបាលកិច្ចសាជីវកម្មល្អ និងការកសាងភាពជាដៃគូ និងការកសាងទំនុកចិត្ត និងប្រព័ន្ធហិរញ្ញវត្ថុប្រកបដោយបរិយាប័ន្នរបស់អាជីវកម្ម។

មុននឹងបញ្ចប់បទបង្ហាញក្នុងកម្មវិធីជជែកពិភាក្សា ស្តីពីការវិវត្តន៍នៃសេដ្ឋកិច្ចកម្ពុជានិងពិភពលោក ជាពិសេស ការប្រកួតប្រជែងគ្នាផ្នែកពាណិជ្ជកម្មរវាងមហាអំណាចចិន និងអាមេរិករួចមក​ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានផ្តល់អនុសាសន៍ដ៏មានតម្លៃសម្រាប់សហគ្រិន និងម្ចាស់អាជីវកម្ម ដែលបានចូលរួម និងបានផ្តល់នូវសារសម្រាប់ការចងចាំមួយឃ្លាដ៏មានអត្ថន័យប្រកបដោយខ្លឹមសារសេ្នហាជាតិ «សហគ្រិនមិនត្រឹមតែកសាងធុរកិច្ចទេ ប៉ុន្តែថែមទាំងកំពុងតែចូលរួមចំណែកក្នុងការកសាងជាតិយើង» ហើយគ្រប់គ្នាត្រូវតែមានមោទនភាពទាំងអស់គ្នា ដែលជាម្ចាស់អាជីវកម្មក្នុងស្រុក។

សូមរម្លឹកថា សិក្ខាសាលាស្តីអំពីកាលានុវត្តភាព និងទិសដៅវិនិយោគសម្រាប់អនាគត ដែលប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ លើទឹកដីក្រុងព្រះសីហនុ នេះគឺ រៀបចំឡើងដោយយុវជនគណបក្សថ្នាក់កណ្ដាលផ្នែកសហគ្រិនវ័យក្មេង ក្នុងនោះមានសមាសភាពយុវជនគណបក្សខេត្ត ទទួលបន្ទុកផ្នែកផែនសហគ្រិនវ័យក្មេង ដែលជាបណ្តាញរបស់គណបក្សមកពីខេត្តព្រះសីហនុផងដែរ៕

 


image_2026-10-01_11-46-18
វៀតណាម ជំរុញកំណើនសេដ្ឋកិច្ចតាមច្រកព្រំដែនជាមួយកម្ពុជា​ ក្នុងខេត្តស្វាយរៀង

ហាណូយ៖ វៀតណាមកំពុងជំរុញការអភិវឌ្ឍតំបន់សេដ្ឋកិច្ច នៅច្រកទ្វារព្រំដែនមុកបៃ (Mộc Bài) ក្នុងខេត្តតៃនិញ (Tây Ninh) និងច្រកបាវិត ក្នុងខេត្តស្វាយរៀងរបស់កម្ពុជា ដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ពាណិជ្ជកម្មឆ្លងដែន និងបង្កើតលំហថ្មីសម្រាប់កំណើនសេដ្ឋកិច្ចវៀតណាម។ ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦នេះ លោកឧបនាយករដ្ឋមន្ត្រីវៀតណាម បានជំរុញឱ្យពន្លឿនការរៀបចំយន្តការ និងគោលនយោបាយ ដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ចនៅតំបន់សេដ្ឋកិច្ចពិសេសច្រកទ្វារព្រំដែនមុកបៃ ព្រោះច្រកទ្វារអន្តរជាតិមួយនេះមានសក្តានុពលខ្ពស់សម្រាប់ពង្រីកពាណិជ្ជកម្ម ការវិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយប្រទេសកម្ពុជា។ លោកឧបនាយករដ្ឋមន្ត្រីបានអំពាវនាវឱ្យមានគោលនយោបាយសមស្រប រួមទាំងវិធានការពិសេសលើពន្ធគយ និងការដឹកជញ្ជូន ដើម្បីសម្រួលដល់ពាណិជ្ជកម្ម និងប្រតិបត្តិការអាជីវកម្ម។ លោកក៏បានសង្កត់ធ្ងន់លើតម្រូវការកែលម្អហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន លំនៅឋាន និងសេវាកម្ម ដើម្បីទាក់ទាញការវិនិយោគ និងគាំទ្រការអភិវឌ្ឍនៅតំបន់ជុំវិញច្រកទ្វារព្រំដែន។ ចំណែករដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាម បានមានប្រសាសន៍ថា ក្រសួងកំពុងកិច្ចខិតខំប្រឹងប្រែងរកដោះស្រាយឧបសគ្គតាមយន្តការមានស្រាប់ ប្រសើរជាងបង្កើតយន្តការគោលនយោបាយថ្មីៗច្រើនជាន់លើគ្នា។ វិធានការពិសេសគួរត្រូវបានពិចារណាតែចំពោះករណីច្បាប់ ដែលមានស្រាប់មិនអាចផ្តល់ប្រសិទ្ធភាពគ្រប់គ្រាន់ ហើយសំណើលើកជាគោលនយោបាយត្រូវបញ្ជាក់ឱ្យច្បាស់អំពីបញ្ហា វិសាលភាព ធនធាន និងផលប៉ះពាល់។ សម្រាប់តំបន់មុកបៃ ក្រសួងហិរញ្ញវត្ថុវៀតណាម បានរកឃើញឧបសគ្គសំខាន់ចំនួន៣ រួមមាន បញ្ហាខ្វះហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់នៅមិនទាន់ពេញលេញ ព្រមទាំងខ្វះគម្រោងវិនិយោគធំៗ ដើម្បីជួយជំរុញខ្សែសង្វាក់តម្លៃផលិតកម្មក្នងតំបន់។ ចំណែកផ្នែកគយ ភស្តុភារ និងការតភ្ជាប់ជាមួយច្រកទ្វារព្រំដែនបាវិតរបស់កម្ពុជា ក៏មិនទាន់ល្អពេញលេញនៅឡើយដែរ។ […]

image_2026-10-01_12-10-39
វៀតណាមចេញច្បាប់ថ្មី ឱ្យអ្នកនាំចេញ ឬនាំចូលស្រូវអង្ករ ត្រូវមានឃ្លាំង និងរោងម៉ាស៊ីនកិនស្រូវផ្ទាល់ខ្លួន

ហាណូយ៖ វៀតណាមបានដាក់ចេញបទប្បញ្ញត្តិថ្មី​​ រឹតបន្តឹងការនាំចេញ និងនាំចូលស្រូវអង្ករ ដោយកំណត់លក្ខខណ្ឌកាន់តែច្បាស់សម្រាប់ពាណិជ្ជករ ដែលមានបំណងធ្វើអាជីវកម្មនាំចេញ​ ឬនាំចូលស្រូវអង្ករ។ ឧបនាយករដ្ឋមន្ត្រីវៀតណាម កាលពីដើមសប្តាហ៍នេះ បានចុះហត្ថលេខាលើអនុក្រឹត្យមួយ ស្តីពីការធ្វើអាជីវកម្មនាំចេញ និងនាំចូលស្រូវអង្ករ ដែលចូលជាធរមាននៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦នេះ។ តាមអនុក្រឹត្យនេះ បានដាក់កម្រិតដល់ពាណិជ្ជករវៀតណាមមកពីគ្រប់វិស័យសេដ្ឋកិច្ច ដែលធ្លាប់បានបំពេញតាមលក្ខខណ្ឌកំណត់ ព្រមទាំងទទួលបានវិញ្ញាបនបត្របញ្ជាក់សិទ្ធិធ្វើអាជីវកម្មនាំចេញអង្ករ មានសិទ្ធិពេញលេញក្នុងការធ្វើអាជីវកម្មដោយស្របច្បាប់។ ចំពោះសហគ្រាសណាមួយ ដែលមានទុនវិនិយោគរបស់បរទេស ក៏អាចធ្វើអាជីវកម្មនាំចេញអង្ករបានផងដែរ បន្ទាប់ពីទទួលបានវិញ្ញាបនបត្រស្របតាមបទដ្ឋាន និងច្បាប់របស់ប្រទេសវៀតណាម។ អនុក្រឹតដដែលនេះក៏បានបញ្ជាក់ថា អ្នកនាំចេញអង្ករសរីរាង្គ អង្ករចំហុយ និងអង្ករមានបន្ថែមសារធាតុចិញ្ចឹម ត្រូវជាប់កាតព្វកិច្ចស្នើសុំវិញ្ញាបនបត្របញ្ជាក់សិទ្ធិធ្វើអាជីវកម្មនាំចេញអង្ករ ដោយត្រូវរក្សាស្តុកអង្ករឱ្យបានគ្រប់គ្រាន់ និងរាយការណ៍ពីបរិមាណអង្ករក្នុងស្តុកជូនអាជ្ញាធរវៀតណាម។ យោងតាមអនុក្រឹតនេះ អ្នកនាំចេញ​ ឬនាំចូលស្រូវអង្ករប្រភេទផ្សេងទៀត ត្រូវមានឃ្លាំងឯកទេសយ៉ាងតិចមួយ សម្រាប់រក្សាទុកស្រូវ និងអង្ករ ព្រមទាំងមានរោងម៉ាស៊ីនកិនស្រូវយ៉ាងតិចមួយ ដែលបំពេញតាមតម្រូវការសុវត្ថិភាពចំណីអាហារ និងស្តង់ដារអង្ករអន្តរជាតិ។ ចំណែកឃ្លាំងស្តុក និងរោងម៉ាស៊ីនកិនស្រូវ អាចជាកម្មសិទ្ធិរបស់ពាណិជ្ជករផ្ទាល់ ឬអាចជាឃ្លាំងជួលតាមកិច្ចសន្យាជាលាយលក្ខណ៍អក្សរ និងមានសុពលភាពដូចវិញ្ញាបនបត្របញ្ជាក់សិទ្ធិធ្វើអាជីវកម្ម។ អនុក្រឹតថ្មីនេះក៏បានដាក់ចេញនូវលក្ខខណ្ឌសម្រាប់អ្នកនាំចូលស្រូវអង្ករផងដែរ ដែលក្នុងរយៈពេល៤៥ថ្ងៃ ចាប់ពីថ្ងៃអនុក្រឹត្យចូលជាធរមាន ត្រូវចុះបញ្ជីជាមួយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម អំពីផែនការនាំចូលស្រូវអង្ករពីបរទេស៕ (ផាន់ អាណា)

image_2026-10-01_12-19-55
ទឹកត្រចៀកកាំថៃ បន្លែវៀតណាម ប្រើថ្នាំគីមី​ច្រើនពេក ត្រូវតៃវ៉ាន់ដេញឱ្យដឹកមកវិញ

តៃប៉ិ៖ កោះតៃវ៉ាន់បានបញ្ជា​ឱ្យដឹកត្រឡប់ទៅវិញ នូវផលិតផលចំណីអាហារនាំចូលពីប្រទេសថៃ និងប្រទេសវៀតណាម បន្ទាប់ពីត្រួតពិនិត្យរកឃើញថា ផលិតផលរបស់ប្រទេសទាំងពីរនេះ មានផ្ទុកសំណល់ថ្នាំសម្លាប់សត្វល្អិត លោហៈធ្ងន់ ឬមានសារធាតុផ្អែមលើសកម្រិត។​ នេះបើយោងតាមរដ្ឋបាលគ្រប់គ្រងចំណីអាហារ និងឱសថរបស់កោះតៃវ៉ាន់។ ក្នុងចំណោមផលិតផល ដែលត្រូវអាជ្ញាធរតៃវ៉ាន់ ដេញឱ្យដឹកត្រឡប់ទៅវិញនេះ រួមមាន ទឹកត្រចៀកកាំរបស់ថៃ និងបន្លែបន្លុករបស់វៀតណាម។ សមត្ថកិច្ចតៃវ៉ាន់ បានបញ្ជាក់ថា ទឹកត្រចៀកកាំ និងបន្លៃភ្លៅកង្កែប ត្រូវបង្ខំឱ្យដឹកជញ្ជូនត្រឡប់ទៅប្រទេសដើមវិញ ឬត្រូវតែកម្ទេចចោល។ ចំពោះផលិតផលនាំចូលលើកក្រោយទៀតរបស់អ្នកនាំចូល ដែលធ្លាប់មានឈ្មោះអាក្រក់ដូចខាងលើនេះ នឹងត្រូវស្ថិតក្រោមការត្រួតពិនិត្យយ៉ាងតឹងតែងនៅតាមច្រកព្រំដែន។ យោងតាមទិន្នន័យរបស់រដ្ឋបាលគ្រប់គ្រងចំណីអាហារ និងឱសថ កោះតៃវ៉ាន់ បានបង្ហាញថា ក្នុងរយៈពេល ៦ ខែ ដើមឆ្នាំ២០២៦នេះ ការនាំចូកទឹកត្រចៀកកាំពីប្រទេសថៃមានចំនួន​មួយជើង ហើយត្រូវបានសមត្ថកិច្ចតៃវ៉ាន់រកឃើញថា មានសារធាតុមេស្ករសាការីន (Saccharin) ចំនួន០,០៦ក្រាម ក្នុងទឹកត្រចៀកកាំមួយគីឡូក្រាម ដែលជាបិរមាណហាមឃាត់មិនឱ្យប្រើនៅកោះតៃវ៉ានឡើយ។ ដោយឡែក សមាគម​អ្នកប្រើប្រាស់កោះតៃវ៉ាន់ បានរាយការណ៍ថា ក្នុងចំណោមការធ្វើតេស្តលើ​សំណាកស្លឹកជីនាងវង១០សំណាក ត្រូវបានមន្ទីរពិសោធន៍តៃវ៉ាន់រកឃើញថា មាន៨សំណាកផ្ទុកសំណល់សារធាតុគីមីថ្នាំសម្លាប់សត្វល្អិតលើសកម្រិត។ ចំណែកគ្រឿងទេសនាំចូលពីវៀតណាម ក្នុងចំណោមសំណាកស្លឹកខ្ទឹម១០សំណាក មានពីរសំណាក ត្រូវបានរកឃើញមានផ្ទុកសំណល់ថ្នាំគីមីសម្លាប់សត្វល្អិតលើសកម្រិត៕ (ផាន់ អាណា)

image_2026-10-01_13-26-35
គ្រោះទឹកជំនន់នៅថៃ ធ្វើឱ្យអ្នកបាងកកសម្រុកទិញទំនិញ បន្លែបង្ការស្ទើរគ្មានសល់ ព្រោះភ័យពេក

បាងកក៖ គ្រោះទឹកជំនន់នៅទីក្រុងបាងកក ប្រទេសថៃ កាលពីសប្តាហ៍មុន បានធ្វើឱ្យប្រជាជនថៃជ្រួលច្របល់ ផ្អើលនាំគ្នាសម្រុកទិញទំនិញម្ហូបអាហារ បន្លែបង្ការ មកស្តុកទុករៀងៗខ្លួន ដោយសារភ័យពេក និងខ្លាចគ្មានអ្វីបរិភោគ។ នៅតាមបណ្តាហាង 7-Eleven ដែលជាបណ្តាញហាងលក់រាយដ៏ធំបំផុតរបស់ប្រទេសថៃ ស្ទើរលែងមានទំនិញប្រភេទម្ហូបអាហារ​ ឬបន្លែបង្ការ ដោយសារប្រជាជនថៃ បាននាំគ្នាសម្រុកទិញគ្រឿងឧបភោគ និងបរិភោគយកមកស្តុកទុកតែរៀងៗខ្លួន រួមទាំងអាហារស្រស់ និងអាហារក្រៀម និងភេសជ្ជៈផ្សេងៗ។ បុគ្គលិកធ្វើការនៅហាងទំនិញ កាលពីចុងសប្តាហ៍មុន បានប្រមែប្រមូលទំនិញលក់អស់គ្មានសល់ ព្រោះប្រជាជនថៃភ័យស្លន់ស្លោរ ខ្លាចគេទិញអស់មុន។ បុគ្គលិកបាននិយាយថា «មូលហេតុ គឺប្រហែលជាដោយសារមនុស្សភ័យនឹងទឹកជំនន់ ហើយខ្លាចអត់មានអ្វីហូប»។ ប្រជាជនថៃជាច្រើនបានសម្រុកចូលផ្សារ ដើម្បីទិញអង្ករ បន្លែបង្ការ និងអាហារកំប៉ុងមកស្តុកទុកតែរៀងៗខ្លួន ធ្វើឱ្យកកស្ទះចរាចរណ៍ណែនណាន់តាន់តាប់។ ប្រព័ន្ធផ្សព្វផ្សាយថៃ បានរាយការណ៍ថា បុគ្គលិកតាមហាងប្រឹងកុម្ម៉ង់ទំនិញចូល ប៉ុន្តែរកមិនគ្រប់ឡើយ ដោយសារអ្នកទិញភ័យថា​ កម្ពស់ទឹកជំនន់នៅតាមដងផ្លូវ អាចធ្វើឱ្យពួកគេចេញទៅណាលែងរួច។ នៅទីក្រុងបាងកកទទួលកម្រិតទឹកភ្លៀងលើសពី៣០០ មីលីម៉ែត្រ ដែលបានធ្វើឱ្យប្រឡាយ និងលូហៀរទឹកស្អុយមកលើថ្នល់ និងបណ្តាលឱ្យជន់លិចផ្ទះ និងហាងទំនិញ។ អាជ្ញាធរទីក្រុងបានប្រកាសថា ខណ្ឌទាំង៥០របស់ក្រុងបាងកក សុទ្ធតែជួបគ្រោះមហន្តរាយទឹកជំនន់ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ ដែលបង្កឱ្យមានទឹកជំនន់ ការកកស្ទះចរាចរណ៍ និងការរំខានដល់ជីវភាពប្រចាំថ្ងៃ […]

កាលវិភាគផ្សព្វផ្សាយ