តម្លៃស្រូវ-អង្ករជប៉ុននៅខ្ពស់ដដែល តែរដ្ឋមន្ត្រីក្រសួងកសិកម្មចង់ប្តូរគោលនយោបាយបង្កបង្កើនផល

image_2025-11-12_13-25-27

តូក្យូ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់ជប៉ុន ដែលទើបតែងតាំងថ្មី លោក ណូរីកាស៊ូ ស៊ុយស៊ុគី (Norikazu Suzuki) បានបង្ហាញពីចេតនារបស់ខ្លួនក្នុងការកែប្រែគោលនយោបាយផលិតកម្មស្រូវដោយផ្អែកលើតម្រូវការជាក់ស្តែងនៅលើទីផ្សារ។

កាលបីខែមុននេះ អតីតនាយករដ្ឋមន្ត្រីជប៉ុន ដែលទើបតែចុះចេញពីតំណែងបានអនុវត្តគោលនយោបាយមួយ ស្តីពីការបង្កើនផលិតកម្មស្រូវ។

គេជឿថា ការប្រែប្រួលបែបនេះគឺផ្ទុយពីការចង់បានរបស់កសិករជប៉ុន ដែលមានការព្រួយបារម្ភអំពីការធ្លាក់តម្លៃអង្ករ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើតម្លៃស្រូវនៅតែខ្ពស់បែបនេះ វាក្លាយបន្ទុករបស់អ្នកបរិភោគវិញទេ។

លោក ណូរីកាស៊ូ ស៊ុយស៊ុគី បានសង្កត់ធ្ងន់នៅក្នុងសន្និសីទសារព័ត៌មានសម្ពោធការចូលកាន់តំណែងរបស់លោកកាលពីខែតុលា ឆ្នាំ២០២៥​ ដែលបង្ហាញពីចេតនារបស់លោកក្នុងការកែប្រែគោលនយោបាយរបស់អតីតនាយករដ្ឋមន្ត្រី ដែលបានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីខែសីហា។

តម្លៃស្រូវឡើងខ្ពស់ក៏បានរួមចំណែកជួយលើកទឹកចិត្តកសិករជប៉ុនឱ្យប្រឹងដាំស្រូវបន្ថែមទៀត ហើយស្រូវប្រហែល៧,៤៨លានតោន ត្រូវបានគេរំពឹងថា នឹងត្រូវប្រមូលផលនៅឆ្នាំ២០២៥នេះ ដែលកើនឡើង១០ភាគរយ លើសឆ្នាំមុន។ ចំណែកទិន្នផលស្រូវនៅឆ្នាំ២០២៦ ត្រូវបានគេព្យាករណ៍ថា នឹងធ្លាក់ចុះចំនួនប្រាំភាគរយពីមួយឆ្នាំទៅមួយឆ្នាំ មកត្រឹម៧,១១លានតោនប៉ុណ្ណោះ។

ក្រសួងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិយាយទៀតថា បើសិនការព្យាករណ៍ពីតម្រូវការអង្ករសម្រាប់ឆ្នាំ២០២៦ មានចំនួនពី៦,៩៤លាន ទៅ៧,១១លានតោន។

រដ្ឋាភិបាលជប៉ុនបានគូសបញ្ជាក់ពីគោលនយោបាយមួយ ដើម្បីបង្កើនផលិតកម្មស្រូវនៅក្នុងផែនការមូលដ្ឋានសម្រាបស្បៀងអាហារ កសិកម្ម និងតំបន់ជនបទ ដែលនឹងបម្រើជាគោលការណ៍ណែនាំសម្រាប់គោលនយោបាយកសិកម្មក្នុងរយៈពេលប្រាំឆ្នាំខាងមុខ។

ដោយផ្តោតលើការអភិវឌ្ឍទីផ្សារនាំចេញអង្ករ និងសម្រាប់ផលិតផលអង្ករកែច្នៃ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិយាយថា លោកពិតជាមានគោលបំណងបង្កើនផលិតកម្មស្រូវរយៈពេលមធ្យមទៅវែង ខណៈគោលនយោបាយផលិតកម្មស្រូវ ដែលផលិតតាមតម្រូវការជាក់ស្តែងនៅតែមិនផ្លាស់ប្តូរក្រោមផែនការជាមូលដ្ឋាន។

តម្លៃអង្ករជប៉ុនជាមធ្យមលក់នៅតាមផ្សារទំនើបទូទាំងប្រទេស បានធ្លាក់ចុះមកត្រឹមចន្លោះ៣​ ៥០០ យ៉េន ឬស្មើនឹង២២,៦២ដុល្លារ ក្នុងអង្ករប្រាំគីឡូក្រាម បន្ទាប់ពីការបញ្ចេញស្តុកអង្ករជាទ្រង់ទ្រាយធំរបស់រដ្ឋាភិបាល​។

ទោះជាយ៉ាងណាក៏ដោយ តម្លៃជាមធ្យមបានងើបឡើងវិញ ហើយឥឡូវនេះស្ថិតនៅក្នុងចន្លោះ៤ ០០០យ៉េន ឬស្មើនឹង២៥,៨៥ដុល្លារ ក្នុងរយៈពេលប្រាំបួនសប្តាហ៍ជាប់ៗគ្នា ហើយអាចឡើងថ្លៃខ្ពស់បំផុតនៅក្នុងវង្វង់ពាក់កណ្តាលខែឧសភា ឆ្នាំ២០២៦ គឺត្រឹម៤ ២៨៥យ៉េន ឬស្មើនឹង២៧,៦៩ដុល្លារ។

អតីតនាយករដ្ឋមន្ត្រីជប៉ុន ដែលទើបចុះចេញពីតំណែង បានបង្ហាញពីការសម្រេចចិត្តយ៉ាងមុតមាំរបស់លោកក្នុងការទប់ស្កាត់អង្ករឡើងថ្លៃ ដោយលោកនិយាយថា តម្លៃត្រូវតែស្ថិតនៅក្នុងចន្លោះ៣​ ០០០យ៉េន ឬស្មើនឹង១៩,៣៩ដុល្លារ ក្នុងអង្ករប្រាំគីឡូក្រាម។ ចំណែកអតីតរដ្ឋមន្ត្រីក្រសួងកសិកម្មវិញ​បានព្យាយាមបញ្ចុះតម្លៃអង្ករតាមរយៈការបញ្ចេញស្តុកអង្កររបស់រដ្ឋាភិបាលចូលទៅក្នុងទីផ្សារ​ ដើម្បីទប់ទល់ការបន្តឡើងថ្លៃ។

អតីតនាយករដ្ឋមន្ត្រីរូបនេះ​ ធ្លាប់បានមានប្រសាសន៍ទៀតថា​ តម្លៃអង្ករគួរតែត្រូវបានកំណត់ដោយទីផ្សារ។ មិនត្រូវកំណត់តម្លៃអង្ករជាក់លាក់ណាមួយឡើយ។ តម្លៃអង្ករគួរតែមានស្ថិរភាព រាប់ទាំងស្ថិរភាពនៃការផ្គត់ផ្គង់អង្ករ និងស្ថិរភាពតម្រូវការអង្ករជាក់ស្តែងនៅលើទីផ្សារ។

ទោះជាយ៉ាងណាក៏ដោយ ខណៈពេលតម្លៃអង្ករកំពុងតែឡើងខ្ពស់ ការនាំចូលអង្ករពីបរទេសដោយវិស័យឯកជនក៏មានផងដែរ ដែលយោងតាមស្ថិតិរបស់ក្រសួងហិរញ្ញវត្ថុ បានឱ្យដឹងថា​ អង្ករចំនួន៨៦ ៥២៣ តោនត្រូវបាននាំចូលដោយវិស័យឯកជន នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៥  ដែលច្រើនជាង២០០ដងនៃបរិមាណអង្ករនាំចូលក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤។

នៅពេលវិស័យឯកជននាំចូលអង្ករពីបរទេស  ពេលនោះរដ្ឋាភិបាលជប៉ុនតម្រូវឱ្យពន្ធចំនួន២៤១យ៉េន ឬស្មើនឹង​​១,៥៦ដុល្លារ ក្នុងមួយគីឡូក្រាម។ ទោះបីជាយ៉ាងនេះក្តី ក្រុមហ៊ុនឯកជនរបស់ជប៉ុនបានបង្កើនការនាំចូលអង្ករពីបរទេស ពីព្រោះតម្លៃនៅតែទាបជាងអង្ករក្នុងស្រុក ទោះបីជាបង់ព័ន្ធរួចហើយក៏ដោយ៕


photo_2026-09-11_17-50-49 (3)
ARDB រួមចំណែកជំរុញការនាំចេញស្រូវអង្ករ រហូតបំបែកកំណត់ត្រាជាប្រវត្តិសាស្ត្រ នូវបរិមាណជាង១លានតោន នៅឆ្នាំ២០២៦

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជន​បទ​ និងកសិកម្ម បានបញ្ជាក់ថា ធនាគារ ARDB គឺជាធនាគារអនុវត្តគោលនយោបាយ នៅពេលរាជរដ្ឋាភិបាលដាក់ចេញនូវគោលនយោបាយណាមួយ ធនាគារត្រូវតែរត់ទៅតាមគោលនយោ​បាយ​នេះ ហើយត្រូវផ្ដល់​ហិរញ្ញប្បទាន ដើម្បីអនុវត្តគោលនយោបាយឱ្យទទួលបានជោគជ័យ។ ឯកឧត្តមបណ្ឌិតប្រតិភូ បានលើកឡើងដូច្នេះថា​ «​ARDB ចូលរួមជ្រោមជ្រែងតាំងពីឆ្នាំ២០១០រហូតមក កាលលើកមុន Portfolio របស់ ARDB សឹងតែ៨០ភាគរយ ទៅលើស្រូវអង្ករ ក្រោយមកមានកំណែទម្រង់ ដោយយើងធ្វើពិពិធកម្មទៅលើវិស័យផ្សេង ដែលមានការចញ្ចឹមសត្វ ត្រី ការដាំបន្លែ»។ ឯកឧត្តមបណ្ឌិត កៅ ថាច បានបន្ថែមទៀតថា «យើងមិនមែនត្រឹមតែផ្ដល់ហិរញ្ញប្បទានទេ គឺមានការថែទាំ ទាំងជំនួយស្មារតី ទាំងបច្ចេសទេស ផ្ដល់យោបល់ ជាពិសេសក្នុងឆ្នាំ២០១៦ ពេលដែលស្រូវធ្លាក់ថ្លៃខ្លាំង ARDB ក៏បានចូលរួមវាយតម្លៃពីមូលហេតុនៃការធ្លាក់តម្លៃ ដែលនាំឱ្យរដ្ឋាភិបាលទម្លាក់ទុន សាងសង់ឡសម្ងួតស្រូវជាដើម ដែលធ្វើឱ្យវិស័យស្រូវអង្កកើនឡើងនៅតាមបណ្ដារោងង​ម៉ាស៊ីន​»។ នៅក្នុងឆ្នាំ២០២៦នេះ ប្រទេសកម្ពុជាបានបំបែកកំណត់ត្រាជាប្រវត្តិសាស្ត្រ ក្នុងការនាំចេញអង្ករជាង១លានតោន ទៅ​កាន់​គោលដៅទីផ្សារអន្តរជាតិ ​​និងជាការបំបែកកំណត់ត្រាឆ្នាំចាស់ដោយជោគជ័យ និងជាសមិទ្ធផលដ៏ត្រចះត្រចង់សម្រាប់ជាតិ និងវិស័យកសិកម្មនៅកម្ពុជា។ ទីផ្សារអង្កររបស់កម្ពុជា មានបណ្ដាប្រទេសនៅទ្វីបអឺរ៉ុប ចិន […]

image_2026-10-22_13-13-03
វៀតណាមបង្ក្រាបបណ្តាញលក់សាច់ជ្រូកងាប់ដោយជំងឺ រឹបអូសសាច់ជិត៤០០តោន

ហាណូយ៖ នគរបាលវៀតណាម ក្នុងខេត្តដុងណៃ (Dong Nai) កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ បានផ្សព្វផ្សាយថា បានបង្ក្រាបបណ្តាញផ្គត់ផ្គង់សាច់ជ្រូកដ៏ធំមួយ ដែលសង្ស័យថា បានលក់សាច់ចែកចាយសាច់ជ្រូកងាប់ដោយសារជំងឺឆ្លង ព្រមទាំងរឹបអូសបានសាច់ជ្រូកជិត៤០០តោន។ នគរបាលខេត្តដុងណៃ ដែលមានព្រំប្រទល់ជាប់ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំរបស់កម្ពុជា បានឱ្យដឹងថា ក្រុមស៊ើបអង្កេតបានរកឃើញបណ្តាញឈ្មួញទុច្ចរិតនេះនៅដើមខែកញ្ញា ឆ្នាំ២០២៦នេះ ដោយកំណត់អត្តសញ្ញាណសកម្មភាពជួញដូរ ទីតាំងកុងស៊ីកាប់ជ្រូក និងរក្សាទុកសាច់ជ្រូកងាប់ ព្រមទាំងចាប់ខ្លួនមនុស្សជិត១០នាក់ថែមទៀត។ នៅដើមខែតុលា មន្ត្រីនគរបាលបានឆ្មក់ចូលឆែកឆេរទីតាំង៥កន្លែង ដែលជាប់ពាក់ព័ន្ធនឹងបណ្តាញនេះ រួមមានទីតាំងប្រមូលទិញ កុងស៊ីកាប់ជ្រូក រោងចក្រផលិតសាច់កែច្នៃសាច់ជ្រូក និងតូបលក់សាច់ជ្រូក នៅក្បែរសាលាខេត្តដុងណៃតែម្តង។ លទ្ធផលស៊ើបអង្កេតបឋមបានរកឃើញថា ចាប់តាំងពីឆ្នាំ២០២៤ រហូតមក ក្រុមឈ្មួញទុច្ចរិតទាំងនេះបានប្រមូលទិញជ្រូកឈឺ និងជ្រូកងាប់ពីឈ្មួញកណ្តាល និងពីទីតាំងប្រមូលទិញជ្រូកនានា ហើយបានលក់សាច់ដោយផ្ទាល់ទៅឱ្យអ្នកបរិភគ ឬផ្គត់ផ្គង់ទៅឱ្យអាជីវកម្មផលិតសាច់ក្រកជ្រូកនៅក្នុងប្រទេសវៀតណាម។ នគរបាលបានប៉ាន់ប្រមាណថា ចាប់ពីឆ្នាំ២០២៤ រហូតដល់ខែតុលា ឆ្នាំ២០២៦ ក្រុមនេះបានជួញដូរ និងលក់ចែកចាយសាច់ជ្រូកឈឺ និងជ្រូកងាប់ដោយជំងឺជិត៤០០តោន ដោយទទួលបានប្រាក់ចំណេញខុសច្បាប់ជិត១លានដុល្លារ។ បច្ចុប្បន្ន ជនសង្ស័យទាំងអស់ត្រូវបានចោទប្រកាន់ និងឃុំខ្លួនបណ្តោះអាសន្ន ដើម្បីរង់ចាំថ្ងៃកាត់ទោសពីតុលាការវៀតណាម ពាក់ព័ន្ធនឹងការរំលោភច្បាប់ព្រហ្មទណ្ឌវៀតណាម ស្តីពីសុវត្ថិភាពចំណីអាហារ។ ករណីដូចគ្នានេះ កាលពីចុងឆ្នាំ២០២៥ […]

image_2026-10-22_15-49-55
កសិករកូរ៉េខាងជើង ត្រូវបង្ខំឱ្យប្រើប័ណ្ណរបស់ធនាគាររដ្ឋ ជំនួសការទូទាត់ជាសាច់ប្រាក់

ព្យុងយ៉ាង៖ អាជ្ញាធរកូរ៉េខាងជើងកំពុងជំរុញឱ្យកម្មករកសិកម្ម តាមក្រុមសាមគ្គី ត្រូវដាក់ប្រាក់សន្សំរបស់ខ្លួនចូលក្នុងគណនី ដែលភ្ជាប់កាតអេឡិចត្រូនិក ដោយអះអាងថា ការផ្លាស់ប្តូរពីការប្រើប្រាស់សាច់ប្រាក់ទៅជាការទូទាត់តាមកាតនឹងជួយការពារការបាត់បង់ប្រាក់ ព្រមទាំងធ្វើឱ្យប្រតិបត្តិការទូទាត់ប្រចាំថ្ងៃកាន់តែងាយស្រួល។ ទោះជាយ៉ាងណា កម្មករកសិកម្មជាច្រើនសង្ស័យថា វិធានការនេះគ្រាន់តែជាលេសរបស់រដ្ឋាភិបាល ដើម្បីប្រមូលប្រាក់សន្សំឯកជនចូលទៅក្នុងធនាគាររដ្ឋ និងតាមដានចរន្តសាច់ប្រាក់របស់ប្រជាពលរដ្ឋ។ កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ គណៈកម្មាធិការគ្រប់គ្រងកសិកម្មថ្នាក់ស្រុក​ បានចេញបទបញ្ជាបន្ទាន់ ដោយតម្រូវឱ្យកម្មករកសិកម្មនៅក្នុងក្រុមសាមគ្គីរបស់ខ្លួនត្រូវអនុវត្តតាមវិធានការនេះ។ គណៈកម្មាធិការគ្រប់គ្រងកសិកម្មថ្នាក់ស្រុក គឺជាស្ថាប័នរដ្ឋ ដែលទទួលបន្ទុកត្រួតពិនិត្យកសិដ្ឋានសមូហភាព រៀបចំផែនការផលិតកម្ម និងកំណត់ការបែងចែកទិន្នផលកសិកម្ម។ បទបញ្ជានេះតម្រូវឱ្យគណៈកម្មាធិការគ្រប់គ្រងកសិដ្ឋានទាំងអស់នៅក្នុងស្រុក កាត់បន្ថយការប្រើប្រាស់សាច់ប្រាក់សុទ្ធ និងពង្រីកការប្រើប្រាស់កាតធនាគារ ដើម្បីទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក។ បទបញ្ជានេះបានចេញមុនពេលការបែងចែកកសិផលប្រមូលបាន ដែលជាការទូទាត់ប្រចាំឆ្នាំ ដោយកម្មករកសិកម្មម្នាក់ៗទទួលបានចំណែករបស់ខ្លួនពីទិន្នផល ដែលក្រុមសាមគ្គីប្រមូលបាន។ រាល់កសិដ្ឋានត្រូវធានាថា កម្មករទាំងអស់ប្រាក់ជាដាក់លុយវ៉ុនរបស់កូរ៉េខាងជើង ដែលពួកគេរក្សាទុកនៅតាមផ្ទះ ចូលទៅក្នុងគណនីធនាគារ។ ចំណែកប្រាក់ដុល្លារអាម៉េរិក និងប្រាក់យ័នចិនវិញ ដែលគ្រួសារកសិកររក្សាទុក ក៏ត្រូវដាក់ចូលក្នុងគណនីទាំងនោះផងដែរ។ មន្ត្រីថ្នាក់ស្រុកបានផ្សព្វផ្សាយបទបញ្ជានេះដល់ប្រធានគណៈកម្មាធិការគ្រប់គ្រងកសិដ្ឋាន និងមន្ត្រីបក្សថ្នាក់ភូមិ ដែលបានប្រមូលផ្តុំគ្នានៅកសិដ្ឋានថ្នាក់ស្រុក។ បន្ទាប់មក លេខាធិការបក្សប្រចាំកសិដ្ឋានបានរៀបចំការបង្រៀនដល់កម្មករកសិកម្មអំពីរបៀបប្រើប្រាស់ប័ណ្ណទូទាត់ប្រាក់។ ក្នុងការបង្រៀននោះ ពួកគេបានសង្កត់ធ្ងន់ថា ការប្រើប្រាស់ប័ណ្ណអាចកាត់បន្ថយហានិភ័យនៃការបាត់បង់សាច់ប្រាក់ និងបញ្ចៀសការលំបាកក្នុងការអាប់ប្រាក់ និងការបង់ថ្លៃសេវាប្តូរប្រាក់។ ធនាគារកណ្តាលកូរ៉េខាងជើង បានចាប់ផ្តើមចេញកាតអេឡិចត្រូនិច តាំងពីឆ្នាំ២០១០ ហើយត្រូវបានអនុម័តក្នុងឆ្នាំ២០២១ ក្នុងគោលបំណងកាត់បន្ថយប្រតិបត្តិការទូទាត់ដោយសាច់ប្រាក់។ […]

HD 5
កូរ៉េខាងត្បូងនាំចេញស្ពៃជិត១០០តោនទៅជប៉ុន ដើម្បីកុំឱ្យជោរជន់ទីផ្សារក្នុងស្រុកពេក

សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូងបានចាប់ផ្តើមនាំចេញបន្លែស្ពៃទៅប្រទេសជប៉ុន ដើម្បីដោះស្រាយបញ្ហាការផ្គត់ផ្គង់លើសតម្រូវការ និងការធ្លាក់ចុះតម្លៃនៅតាមទីផ្សារក្នុងប្រទេស។ ក្រុមហ៊ុននាំចេញបានប្រកាសកាលពីថ្ងៃទី១៩ ខែតុលាថា ខ្លួនបានដឹកជញ្ជូនស្ពៃចំនួន៩០តោន ដែលប្រមូលទិញពីសហករណ៍កសិកម្មដំណាំសាកវប្បកម្ម ដើម្បីចែកចាយតាមបណ្តាហាងលក់រាយនៅប្រទេសជប៉ុន។ បច្ចុប្បន្ន ប្រទេសជប៉ុនកំពុងប្រឈមនឹងការខ្វះខាតស្ពៃ បន្ទាប់ពីមានភ្លៀងធ្លាក់អូសបន្លាយនៅរដូវស្លឹកឈើជ្រុះ ដែលបានប៉ះពាល់ដល់ការដាំដុះបន្លែ។ ទីក្រុងតូក្យូបានជួបប្រទះភ្លៀងធ្លាក់ជាប់ៗគ្នារយៈពេល៣៧ថ្ងៃ ដែលធ្វើឱ្យពន្លឺព្រះអាទិត្យថយចុះ និងប៉ះពាល់ដល់ការលូតលាស់របស់ដំណាំស្ពៃ។ ដោយសារបញ្ហានេះ តម្លៃស្ពៃនៅទីផ្សារបោះដុំកណ្តាលទីក្រុងតូក្យូ បានកើនឡើងដល់ជាង២ ទៅ៣ដង បើធៀបនឹងកម្រិតតម្លៃក្នុងបណ្តាឆ្នាំមុនៗ។ ផ្ទុយទៅវិញ លក្ខខណ្ឌអាកាសធាតុអំណោយផលសម្រាប់ការដាំដុះនៅប្រទេសកូរ៉េខាងត្បូង បានធ្វើឱ្យបរិមាណស្ពៃកើនឡើង ដែលបង្កសម្ពាធឱ្យតម្លៃលក់ក្នុងស្រុកធ្លាក់ចុះ។ ដើម្បីដោះស្រាយបញ្ហានេះ ក្រុមហ៊ុននាំចេញកំពុងប្រើប្រាស់បណ្តាញនាំចេញរបស់ខ្លួន ដើម្បីបង្វែរបរិមាណបន្លែលើសតម្រូវការក្នុងស្រុកទៅផ្គត់ផ្គង់ទីផ្សារជប៉ុន និងនាំមកវិញនូវប្រាក់ចំណូលសម្រាប់កសិករកូរ៉េ។ ស្ថានភាពផ្គត់ផ្គង់បន្លែលើសតម្រូវការស្រដៀងគ្នានេះ ក៏កំពុងកើតមានចំពោះស្ពៃក្តោបក្រហម និងស្ពៃបូកគោផងដែរ​ នៅក្នុងប្រទេសកួរ៉េខាងត្បូង។ នៅប្រទេសជប៉ុន ការថយចុះបរិមាណបន្លែ បានជំរុញឱ្យតម្លៃបន្លែកើនឡើង ខណៈភ្លៀងធ្លាក់នៅឥតឈប់ឈេរ ដោយសារបាតុភូតធម្មជាតិ បានប៉ះពាល់ដល់ការប្រមូលផលស្ពៃក្តោប។ ចំណែកតម្រូវការស្ពៃបូកគោពីប្រទេសកូរ៉េខាងត្បូង ក៏បានកើនឡើងផងដែរ បន្ទាប់ពីមានសេចក្តីរាយការណ៍អំពីការរកឃើញសារធាតុថ្នាំហ្វ័រម៉ុលបង្កមហារីក មានជ្រលក់នៅក្នុងស្ពៃបូកគោរបស់ចិន៕ (ផាន់ អាណា)

កាលវិភាគផ្សព្វផ្សាយ