ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សថ្នាក់ទី១២ ឆ្នាំសិក្សា២០២៥-២០២៦ មកពីវិទ្យាល័យចំនួនបីនៃស្រុកខ្សាច់កណ្តាល

2025-11-10 12.01.37

ខេត្តកណ្តាល៖ នាព្រឹកថ្ងៃអាទិត្យ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ សិស្សានុសិស្សថ្នាក់ទី១២ នៃវិទ្យាល័យ ហ៊ុន សែន ខ្សាច់កណ្តាល វិទ្យាល័យ ហ៊ុន សែន  រ៉ូតា​ (ROTA) ខ្សាច់កណ្តាល និងវិទ្យាល័យ ពុកឫស្សី ខ្សាច់កណ្តាល ខេត្តកណ្តាល ព្រមទាំងសិស្សនិទ្ទេសA ចំនួន២៣នាក់ ដែលប្រព្រឹត្តិទៅនៅទីស្នាក់ការគណបក្សប្រជាជន ស្រុកខ្សាច់កណ្តាល​ ដោយមានការចូលរួមពីក្រុមការងារចលនាយុវជនថ្នាក់កណ្ដាល គណៈអភិបាលស្រុក សហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) លោកនាយក នាយករង លោកគ្រូ អ្នកគ្រូបង្រៀនថ្នាក់ទី១២ សិស្សានុសិស្សថ្នាក់ទី១២ និងសិស្សនិទ្ទេសA សរុបប្រមាណជាង​១ ០០០នាក់។

ឯកឧត្តមបណ្ឌិតប្រតិភូ​ បានមានប្រសាសន៍លើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ថា «ការសិក្សា គឺជាការផ្តល់អំណាចដល់ខ្លួនឯង» ដូច្នេះត្រូវមានសេចក្តីស្រលាញ់ និងឱ្យតម្លៃខ្ពស់លើការសិក្សា ទើបមានអនាគតដ៏ត្រចះត្រចង់។ មិនតែប៉ុណ្ណោះ  ឯកឧត្តមបណ្ឌិតក៏បានប្រសាសន៍បន្ថែមថា​ «គ្មាននរណាម្នាក់កេីត​មកវេចសម្ពាយចណេះដឹងមកជាមួយទេ​ ពោលគឺចំណេះដឹងកេីតមានដោយខិតខំរៀនសូត្រ​ និងសន្សំបន្តិចម្តងៗក្នុងរយៈពេលយូរ»​ ហេីយក៏បាន ចែករំលែកនូវបទពិសោធន៍នៃការរៀនសូត្រ ក៏ដូចជាគន្លឹះនៃការសម្រេចបាននូវវិជ្ជាជីវៈ​ ដែលខ្លួនស្រលាញ់ពេញចិត្ត។

លើសពីនេះ ឯកឧត្តមបណ្ឌិតប្រតិភូ​ ក៏បានណែនាំនូវវិធីសាស្រ្តសិក្សាមួយចំនួនដល់ប្អូនៗសិស្សានុសិស្ស​ ដែលមានដូចជា៖ ត្រូវប្រឹងប្រែងរៀនសូត្រឱ្យបានខ្លាំង លះបង់ពេលវេលាកម្សាន្តខ្លះ ហើយងាកមកពង្រឹងលើការសិក្សា «ការសិក្សា គឺជាដំណើរការដ៏វែងឆ្ងាយ និងប្រកបដោយការឈឺចាប់”​(Study is long term process and painful) ហេតុដូច្នេះសិស្សានុសិស្សត្រូវមានភាពអំណត់អត់ធន់ខ្ពស់ (patience) ការលះបង់​ខ្ពស់ (Sacrifice) ត្រូវមានភាពក្លាហានក្នុងការសិក្សា ហ៊ានសួរលោកគ្រូអ្នកគ្រូនូវអ្វី ដែលខ្លួនមានភាពស្រពិចស្រពិល ដូចសុភាសិតខ្មែរបាន លើកឡើងថា «ចង់ចេះឱ្យសម្លាប់អាចារ្យ ចង់បានផ្លែផ្កាឱ្យយកភ្លើងដុតគល់» និងចុងក្រោយផ្តាំផ្ញេីថា​ ត្រូវ៖ (១)​ ជឿជាក់លេីខ្លួនឯង ​(Believe in yourself), (២)​ រៀនឱ្យខ្លាំងជាប់ជារាងរាល់ថ្ងៃ (Study hard everyday) និង(៣)​កុំបោះបង់ការសិក្សា ​(Never give up)  ហេីយសិក្សាដោយអនុវត្តតាមពុទ្ធោវាទរបស់ព្រះសមាសាមពុទ្ធនៃយេីងគឺ​ សុ.ចិ.បុ.លិ. ដែលជាអភិក្រមបួន​ សម្រាប់អ្នករៀនបានសេចក្ដីថា «អ្នករៀនត្រូវប្រកបដោយអង្គបួន គឺ សុត =​ ស្ដាប់, ចិន្ត =​ គិត, បុច្ឆ​ = សួរ,​ និងលិខ = កត់ត្រាទុក ទើបអាចក្លាយជាអ្នកចេះគ្រប់គ្រាន់បាន»។

ការខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ផ្តល់ឱ្យក្មួយៗ​ ទី១ មានសិទ្ធិសេរីភាពក្នុងការជ្រើសរើសការងារ ឬវិជ្ជាជីវៈ ដែលប្អូនចង់ធ្វេី​ (Freedom to choose career)។ ទី២ មានសមត្ថភាពអាចជួយអ្នកដទៃបាន​ (Ability to help others)  និងទី៣ ផ្តល់ឱ្យក្មួយៗរស់នៅប្រកបដោយឥស្សរភាព​ និងជឿជាក់លេីខ្លួនឯង ​(Living with dignity and confidence)។ អ្វីដែលមិនភ្លេច  ឯកឧត្តមបណ្ឌិតប្រតិភូ​ ក៏បានកោតសរសើរចំពោះលោកគ្រូ អ្នកគ្រូ ដែលជាម៉ាស៊ីនដ៏អស្ចារ្យក្នុងការផ្ទេរចំណេះដឹង ជំនាញក្នុងការកសាងមូលធនមនុស្សដ៏មានគុណភាព និងជំរុញធ្វើយ៉ាងណាបង្កើននូវចំនួនសិស្សនិទ្ទេសA ឱ្យបានច្រើនសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦នេះ។ 

ក្នុងឱកាសនេះ​ សិស្សនិទ្ទេសA ចំនួនបីរូបក៏បានឡើងចែករំលែកគន្លឹះសំខាន់ៗនៃការរៀនសូត្រ ដែលនាំឱ្យខ្លួនទទួលបានពិន្ទុ និងនិទ្ទេសល្អ ជូនដល់គណៈអធិបតី និងសិស្សប្អូនផងដែរ  ដែលមានកត្តាចំនួនបីធំៗ ដូចជា៖ ទី១ កត្តាខ្លួនឯង ទី២ កត្តាគ្រួសារ និងទី៣ កត្តាគ្រូ។ ពិសេសបំផុតសម្រាប់កត្តាខ្លនឯង គឺសិស្សានុសិស្សត្រូវតែពង្រឹងការគ្រប់គ្រងពេលវេលា សម្រាប់រៀន និងសម្រាប់កម្សាន្តឱ្យបានត្រឹមត្រូវ ស្វ័យសិក្សាជាប្រចាំ និងយកចិត្តទុកដាក់លើបញ្ហាសុខភាព ហូបស្អាត ញាំអាហារ ដែលនាំឱ្យមានសុខភាពល្អ គេងឱ្យគ្រប់គ្រាន់ ហាត់ប្រាណជាប្រចាំ និងចៀសឱ្យផុតពីគ្រឿងញៀនផ្សេងៗ។

ដើម្បីជាការលើកទឹកចិត្ត និងថ្លែងអំណគុណដល់ការខិតខំប្រឹងប្រែងរៀនសូត្រ និងការបង្រៀន ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានផ្តល់ប្រាក់ឧបត្ថម្ភដល់សិស្សានុសិស្ស ក៏ដូចជាលោកគ្រូ អ្នកគ្រូ លោកនាយកទាំងបីវិទ្យាល័យផងដែរ ។ មិនតែប៉ុណ្ណោះ ឯកឧត្តមបណ្ឌិត ក៏ទទួលយកការស្នើសុំពីលោក ប៉ែន បូណា ដែលជានាយកវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ហ៊ុន សែន រ៉ូតា ខ្សាច់កណ្ដាល អំពី «ការបង្រៀនបំប៉នបន្ថែមម៉ោងដល់សិស្សថ្នាក់ទី១២» ព្រោះវាពិតជាមានគុណប្រយោជន៍ដ៏សំខាន់សម្រាប់ប្រទេសជាតិ តាមរយៈការវិនិយោគក្នុងការកសាងមូលធនមនុស្សសម្រាប់សង្គមជាតិ។

ជាចុងបញ្ចប់ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានពាំនាំបណ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈពង្រឹងមូលដ្ឋានក្រុងអរិយក្សត្រ ស្រុកខ្សាច់កណ្តាល ស្រុកមុខកំពូល ស្រុកកៀនស្វាយ ស្រុកល្វាឯម និងស្រុកពញាឮ​ ខេត្តកណ្តាលផងដែរ៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ