តូក្យូ៖ ការស្ទាបស្ទង់មតិឯកជនមួយ បានបង្ហាញកាលពីថ្ងៃទី៣០ ខែមិថុនាថា គ្រប់គ្រួសារជនជាតិជប៉ុន នឹងបន្តជួបបញ្ហាចំណាយច្រើនក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដោយសារអតិផរណាស្បៀងអាហារឡើងថ្លៃចំនួនប្រាំដង នៅក្នុងខែកក្កដា ឆ្នាំ២០២៥នេះ។
លទ្ធផលនៃការរកឃើញនេះ បានគូសបញ្ជាក់ពីអតិផរណានៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន ដែលចាត់ទុកជាសញ្ញាឡើងតម្លៃទំនិញជាលំដាប់ រួមទាំងអត្រាការប្រាក់បន្ថែមផងដែរ។
ការស្ទង់មតិនេះត្រូវបានធ្វើឡើងតាមរយៈព័ត៌មានទទួលបានពីក្រុមហ៊ុនផលិតម្ហូបអាហារធំៗរបស់ជប៉ុនចំនួន១៩៥ក្រុមហ៊ុន ដោយបានបង្ហាញថា ពួកគេនឹងដំឡើងថ្លៃសម្រាប់មុខទំនិញចំនួន២ ១០៥មុខ នៅក្នុងខែកក្កដានេះ ពោលគឺកើនឡើងប្រាំដង បើធៀបនឹងតម្លៃទំនិញ នៅក្នុងឆ្នាំ២០២៤ ដោយជាមធ្យមត្រូវឡើងថ្លៃ១៥ភាគរយ។
របាយការណ៍បានបង្ហាញថា ក្រៅពីការកើនឡើងតម្លៃរបស់វត្ថុធាតុដើម និងវិក្កយបត្រតម្លៃប្រើប្រាស់តាមផ្ទះ ក្រុមហ៊ុនបានលើកឡើងពីការកើនឡើងនៃថ្លៃការដឹកជញ្ជូន និងថ្លៃពលកម្ម ដែលជាហេតុផលសម្រាប់ការដំឡើងថ្លៃ។
របាយការណ៍នេះបាននិយាយថា «សន្ទុះនៃការដំឡើងថ្លៃលើម្ហូបអាហារ និងភេសជ្ជៈ នៅឆ្នាំ២ឥ២៥នេះ គឺឡើងខ្លាំងណាស់លើសពីឆ្នាំ២០២៤»។
តម្លៃត្រូវបានកំណត់ឱ្យឡើងថែម មានសម្រាប់មុខទំនិញជាច្រើនមុខ ដែលរួមមានផលិផលធ្វើពីអង្ករ ព្រមទាំងសូកូឡា ស្ករកៅស៊ូ ដំឡូងបារាំង និងទឹកជ្រលក់ប៉ាស្តា។
នៅក្នុងចំណោមក្រុមហ៊ុន ដែលបានប្រកាសពីគម្រោងដំឡើងតម្លៃទំនិញ ចាប់ពីថ្ងៃទី០១ ខែកក្កដា មានក្រុមហ៊ុនផលិតប៊ីចេង អាជីណូម៉ូតុ ដោយគ្រោងនឹងដំឡើងតម្លៃផលិតផលកាហ្វេ ប្រហែល២៥ ទៅ៥៥ភាគរយ ចំណែកក្រុមហ៊ុនផលិតទឹកដោះគោ ម៉ីជី នឹងដំឡើងតម្លៃឈីស និងតម្លៃទឹកដោះគោរហូតដល់១១ភាគរយ។
របាយការណ៍ស្ទង់មតិ បាននិយាយទៀតថា ការកើនឡើងជាថ្មីនៃតម្លៃប្រេងឆៅ បង្កឡើងដោយសារតែជម្លោះកាន់តែតានតឹងនៅមជ្ឈិមបូព៌ា ដែលអាចឱ្យទំនិញឡើងថ្លៃ ដែលជប៉ុនធ្លាប់ជួបប្រទះ កាលពីឆ្នាំ២០២២ នៅពេលនោះតម្លៃបានកើនឡើងសម្រាប់មុខទំនិញជាម្ហូបអាហារ និងភេសជ្ជៈ សរុបចំនួន២៥ ៧៦៨មុខ។
ធនាគារកណ្តាលរបស់ជប៉ុន បានលើកឡើងថា ការឡើងថ្លៃម្ហូបអាហារ និងប្រេងឥន្ធនៈទំនងជារឿងបណ្តោះអាសន្ន ហើយមិនមែនជាហេតុផលសម្រាប់ការដំឡើងអត្រាការប្រាក់នោះទេ ដែលអាចប៉ះពាល់ដល់ការយល់ឃើញរបស់សាធារណៈជនអំពីការប្រែប្រួលតម្លៃនាពេលអនាគត៕