អង្ករវៀតណាមធ្លាប់ជាប់ចំណាត់ថ្នាក់លេខ១ លើពិភពលោក មានក្លែងបន្លំលក់ពេញប្រទេសវៀតណាម

gao-1750837834-1750837859-1750-6223-2861-1751086283

ហាណូយ៖ សកម្មភាពក្លែងបន្លំអង្ករវៀតណាម ដែលធ្លាប់ឈ្នះក្នុងការប្រកួតប្រជែងអង្ករល្អបំផុតរបស់ពិភពលោក ក្នុងឆ្នាំ២០១៩ ពេលនេះអង្ករច្រកថង់ទម្ងន់ប្រាំគីឡូក្រាម កំពុងតែចែកចាយពេញផ្ទៃប្រទេសវៀតណាម ដោយលក់ក្នុងតម្លៃទាបជាងអង្ករពិតប្រាកដ។

យោងតាមការចេញផ្សាយព្រោងព្រាតរបស់សារព័ត៌មានវៀតណាម បានឱ្យដឹងថា នៅតាមផ្សារក្នុងទីក្រុងហូជីមិញ អង្ករក្លែងក្លាយមានស្លាកយីហោ ធីអេស២៥ “ST25” មានដាក់តាំងលក់ក្នុងតម្លៃប្រហែល១៤​ ០០០ដុង ឬស្មើនឹង៥,៣៧ដុល្លារ ក្នុងមួយថង់ទម្ងន់ប្រាំគីឡូក្រាម ធៀបនឹងតម្លៃ២២៥ ៥០០ដុង ឬស្មើនឹង៨,៦០ដុល្លារ ​សម្រាប់ផលិតផលអង្ករពិត។

ស្ត្រីអ្នកលក់ក្លែងក្លាយម្នាក់បាននិយាយថា គាត់ទិញអង្ករក្លែងក្លាយពីអ្នកលក់នៅតំបន់ដីសណ្តទន្លេមេគង្គ ហើយមិនដែលចាប់អារម្មណ៍អំពីប្រភពដើមនៃអង្ករឡើយ។

អ្នកស្រីមិនអាចផ្តល់ភស្តុតាងនៃប្រភពដើមរបស់អង្ករក្លែងក្លាយនេះឡើយ។ ចំណែកអ្នកលក់មួយចំនួនទៀត នៅក្នុងទីក្រុងហូជីមិញ ក៏និយាយដូចៗគ្នាដែរ ដោយមិនអាចបញ្ជាក់ពីប្រភពអង្កររបស់ខ្លួនថា ជាអង្ករពិតប្រាកដ ឬក្លែងក្លាយនោះដែរ។

នៅតាមបណ្តាហាងលក់អង្ករផ្សេងទៀត ដែលមានលក់អង្ករច្រកថង់ទម្ងន់ប្រាំគីឡូក្រាម ​មានស្លាកយីហោ អេសធី២៥ ស្ទើរតែដូចគ្នាបេះបិទទៅនឹងអង្ករពិតដោយប្លែកតែអក្សរមួយតួប៉ុណ្ណោះ ដែលគេដូរសម្រាប់បោកអ្នកទិញ។

ថង់​អង្ករ​ក្លែងក្លាយ​ក៏​មាន​ត្រា​ប្រឆាំងនឹង​ការ​ក្លែង​បន្លំ និង​មានលេខ QR កូដ សម្រាប់សម្គាលើផលិតផលស្រដៀង​នឹង​របស់​ពិត​ដែរ។

ដើម្បីទាក់ទាញចំណាប់អារម្មណ៍អំពីភាពត្រឹមត្រូវ ចំណែកថង់អង្ករផ្សេងទៀតមានប្រើស្លាកសម្គាល់ភូមិសាស្ត្រ ដូចជាឈ្មោះ សុកចាង “Soc Trang” – សំដៅទៅលើទីតាំងប្រភពអង្ករ អេសធី២៥ ពិតប្រាកដ ដែលត្រូវបានដាំ ​​និងជាប្រភេទអង្ករល្អបំផុតរបស់ពិភពលោក។

ចំណែកនៅទីក្រុងហាណូយវិញ នាពេលថ្មីៗនេះ ភ្នាក់ងារគ្រប់គ្រងទីផ្សារអង្ករ បានរកឃើញការក្លែងបន្លំស្រដៀងគ្នានេះដែរ ហើយអង្ករក្លែងក្លាយ អេសធី២៥ រាប់រយថង់ត្រូវបានរឹបអូសយកពីទីផ្សារមួយចំនួន។

ផលិតផលអង្ករ និងម៉ាកយីហោ អេសធី២៥ ត្រូវបានបង្កើតឡើងដោយលោក ហូ គង់គួ (Ho Quang Cua) ដែលជាវិស្វករ និងរួមជាមួយសហការីរបស់គាត់ ធ្លាប់បានឈ្នះពានរង្វាន់លេខ១ ក្នុងការប្រកួតប្រជែងអង្ករល្អបំផុតរបស់ពិភពលោក នៅប្រទេសហ្វីលីពីន ក្នុងឆ្នាំ២០១៩ និងក្រោយមកបានជាប់ចំណាត់ថ្នាក់លេខ២ ក្នុងការប្រកួតប្រជែងអង្ករ នៅសហរដ្ឋអាម៉េរិក ក្នុងឆ្នាំ២០២០។

សហគ្រាសឯកជនឈ្មោះ ហូ គង់ជី  (Ho Quang Tri) ដែលជាកម្មសិទ្ធិរបស់គ្រួសារលោក ហូ គង់គួ ជាម្ចាស់សិទ្ធិចែកចាយផ្តាច់មុខនៅទូទាំងពិភពលោក​ សម្រាប់អង្ករដ៏ល្អនេះ។

អ្នកលក់អង្ករម្នាក់ ដែលទទួលបានអាជ្ញាប័ណ្ណស្របច្បាប់ពីសហគ្រាស ហូ គង់ជី បាននិយាយថា «យើងលក់អង្ករក្នុងតម្លៃដើម ហើយត្រូវបាននិយាយថា យើងលក់ថ្លៃ រីឯអ្នកផ្សេងទៀតលួចលាយអង្ករ ឬប្រើអង្ករអេសធី២៥ ក្លែងក្លាយ បែរជាគេពេញចិត្តដោយសារតែតម្លៃទាបជាង»។

សហគ្រាសឯកជន ហូ គង់ជី​ បានដាក់ពាក្យបណ្តឹងម្តងហើយម្តងទៀតទៅកាន់អគ្គនាយកដ្ឋានគ្រប់គ្រងទីផ្សាររបស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ដើម្បីសុំជួយការពារម៉ាកយីហោ អេសធី២៥របស់ខ្លួន។

នៅលើគេហទំព័ររបស់សហគ្រាស​ ហូ គង់ជី បានរាយបញ្ជីឈ្មោះអ្នកចែកចាយអង្ករ ដែលមានអាជ្ញាប័ណ្ណអនុញ្ញាតជាង២០០ទីតាំង នៅទូទាំងប្រទេសវៀតណាម ដើម្បីណែនាំអ្នកទិញអង្ករពិត។

អ្នក​បង្កើត​អង្ករ ​ឈ្មោះ ហូ គង់គួ បាន​សរសេរសារនៅលើគេហទំព័រ​ថា​ «​ការ​ក្លែង​បន្លំ​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អាជីវកម្ម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ធ្វើ​ឲ្យ​ខូច​កេរ្តិ៍​ឈ្មោះ​យីហោ​ជាតិ​របស់​វៀតណាម​ផង​ដែរ»។

សារដដែលនេះ​បាន​និយាយ​ថា ការ​លុប​បំបាត់​ការ​ក្លែង​បន្លំ​នៅ​តែ​ជា​បញ្ហា​ប្រឈម​ ដោយ​ខ្វះការ​ប្រុង​ប្រយ័ត្ន​ក្នុងចំណោម​អតិថិជន។

ម៉ាកយីហោអង្ករ អេសធី២៥  រួមទាំងនិមិត្តសញ្ញា អុងគួ “Ong Cua” ឬលោក គួ ត្រូវបានការពារនៅក្នុងប្រទេសវៀតណាម សហរដ្ឋអាម៉េរិក អូស្ត្រាលី និងនៅក្នុងប្រទេសនូវែលសេឡង់៕


tg_image_4034619774
ស្ត្រីវៀតណាមម្នាក់កាប់ដើមទុរេនមួយចម្ការ ដើម្បីកាយរកឆ្អឹងខ្មោចទាហាន ស្លាប់ក្នុងសង្គ្រាម

ហូជីមិញ៖​ ស្ត្រីកសិករជនជាតិវៀតណាមម្នាក់​ អាយុ៥៦ រស់នៅក្នុងខេត្តដុងថាប់​ អតីតខេត្តខ្មែរ ហៅថា ខេត្តផ្សារដែក បានកាប់ចោលដើមទុរេនជាង១០០ដើម ដើម្បីកាយរកឆ្អឹងខ្មោចទាហានវៀតណាម ស្លាប់នៅក្នុងសម័យសង្គ្រាម។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានវៀតណាម។ ម្ចាស់ចម្ការរូបនេះ មានអារម្មណ៍សោកស្តាយនៅពេលឃើញអាជ្ញាធរវៀតណាម កាប់រំលំចោលដើមទុរេននៅក្នុងចម្ការ ដែកជាកម្មសិទ្ធិរបស់ខ្លួន ប៉ុន្តែគាត់បានបង្ខំចិត្តយល់ព្រមជាមួយក្រុមទាហានស្រាវជ្រាវរកឆ្អឹងខ្មោច​ ព្រោះគាត់តែងតែឃើញឆ្អឹងមនុស្សនៅពេលក្នុងដីច្រើនពេក។ គាត់បាននិយាយថា «ការរកឃើញអដ្ឋិធាតុបាន គឺមានន័យថា ក្រុមគ្រួសារអាចដឹងថា ធាតុរបស់មនុស្សជាទីស្រឡាញ់របស់ខ្លួនកប់នៅទីណា ហើយអាចនាំធាតុទៅផ្ទះ ដើម្បីគោរពបូជា និងរំឭកដល់វិញ្ញាណក្ខន្ធពួកគេ»។ ចម្ការទុរេនស្របច្បាប់នេះ កាលពីមុនធ្លាប់ជាទីតាំងកប់ខ្មោងទាហានវៀតណាមស្លាប់ក្នុងសម័យសង្គ្រាម។ ប៉ុន្តែសារព័ត៌មានវៀតណាម មិនបញ្ជាក់ពីការស្លាប់នោះក្នុងសង្គ្រាមជាមួយកម្ពុជា ឬជាមួយទាហានអាម៉េរិកាំងឡើយ។ កាលពីប៉ុន្មានឆ្នាំមុន នៅពេលគ្រួសាររបស់គាត់ជីកធ្វើប្រឡាយទឹក ឬជីកដី ដើម្បីដាំដើមទុរេន គាត់បានរកឃើញអដ្ឋិធាតុមនុស្សបីនាក់ផ្សេងគ្នា ហើយបានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ដែលបន្ទាប់មកបានមកប្រមូលយកអដ្ឋិធាតុទាំងនោះទៅរក្សាទុក។ ទោះបីជាយ៉ាងណា គាត់នៅតែមានអារម្មណ៍ថា អាចនៅមានឆ្អឹងទាហានផ្សេងទៀតកប់នៅក្នុងដីចម្ការនេះ។ កសិករម្នាក់នេះបាននិយាយរំឭកថា «ខ្ញុំគិតថា ប្រហែលជានៅមានអដ្ឋិធាតុទាហានផ្សេងទៀតនៅក្នុងចម្ការ ប៉ុន្តែចម្ការនេះធំណាស់ ហើយខ្ញុំមិនដឹងថា ត្រូវស្វែងរកនៅកន្លែងណាទេ។ ពេលនោះគ្មានវិធីណាផ្សេងឡើយ ដូច្នេះខ្ញុំក៏បន្តដាំដើមទុរេន» លើផ្នូរខ្មោចទាំងនោះ។ គាត់បាននិយាយបន្តទៀតថា ការបាត់បង់ដើមទុរេនទាំងនេះ គឺជាការលះបង់ផ្នែកហិរញ្ញវត្ថុដ៏ធំមួយសម្រាប់គ្រួសារ ប៉ុន្តែគាត់បានសង្កត់ធ្ងន់ថា ការស្វែងរក និងនាំយកអដ្ឋិធាតុរបស់ទាហានស្លាប់ […]

iC7HBvohbJqExqvbKcV3pP
ជប៉ុនរកឃើញសត្វល្អិត២១ប្រភេទ  លើដំឡូងបារាំងស្រស់នាំចូលពីអាម៉េរិក អាចឆ្លងដល់ដំណាំក្នុងស្រុក

តូក្យូ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុន បានរកឃើញសត្វល្អិតចង្រៃចំនួន២១ប្រភេទ នៅលើដំឡូងបារាំងស្រស់នាំចូលពីសហរដ្ឋអាម៉េរិក ស្របពេលអាម៉េរិកសុំឱ្យជប៉ុនលុបចោលការរឹតបន្តឹងបែបនេះ។ កសិករជប៉ុន អង្គការចែកចាយ និងអ្នកស្រាវជ្រាវប្រមាណ៧០០នាក់ បានចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញនៅទូទាំងប្រទេសជប៉ុន ស្តីពីការរកឃើញមេរោគឆ្លងនៅក្នុងដំឡូងបារាំងស្រស់ នាំចូលពីអាម៉េរិក។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុន ​បានឱ្យដឹងថា ពពួកសត្វល្អិតនេះ គឺជាប្រភេទដង្កូវស៊ីឫសដំឡូងបារាំង (Globodera rostochiensis) និងពពួកដង្កូវស៊ីមើមដំឡូងបារាំង (Globodera pallida) ដែលសុទ្ធតែជាប៉ារ៉ាស៊ីតរស់នៅលើដំឡូងបារាំងនាំចូលពីអាម៉េរិក។ អគ្គនាយកការិយាល័យកិច្ចការអ្នកប្រើប្រាស់ និងសុវត្ថិភាពចំណីអាហារ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុន បាននិយាយថា​ ការធានាឱ្យមានវិធានការគ្រប់គ្រងហានិភ័យ ដើម្បីទប់ស្កាត់ការនាំចូលសត្វល្អិត ដែលអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណាំរបស់ជប៉ុន គឺជាមូលដ្ឋានរឹងមាំសម្រាប់ការលុបចោលនាំចូលដំឡុងបារាំង។ សហរដ្ឋអាម៉េរិកបានស្នើជាលើកដំបូងនៅឆ្នាំ២០២០ ឱ្យជប៉ុនអនុញ្ញាតនាំចូលដំឡូងបារាំងស្រស់ សម្រាប់លក់នៅផ្សារទំនើប និងប្រើប្រាស់ក្នុងវិស័យសេវាកម្មម្ហូបអាហារ នៅក្នុងប្រទេសជប៉ុន។ បច្ចុប្បន្ន ជប៉ុនអនុញ្ញាតឱ្យនាំចូលផលិតផលដំឡូងបារាំងក្លាសេ និងកែច្នៃពីប្រទេសជាច្រើន ប៉ុន្តែក្រោមច្បាប់ការពាររុក្ខជាតិ ការនាំចូលដំឡូងបារាំងស្រស់ នៅតែត្រូវបានហាមឃាត់ដាច់ខាត ដោយសារខ្លាចមានសត្វល្អិតចង្រៃ។ ចំណែកនៅកោះតៃវ៉ាន់វិញ ដែលសម្ពន្ធមិត្តរបស់អាម៉េរិក ចាក់ទឹកមិនលិចដូចជប៉ុនដែរ បានរឹតបន្តឹងយ៉ាងខ្លាំងលើការនាំចូលដំឡូងបារាំងស្រស់ពីសហរដ្ឋអាម៉េរិក ដែលសូម្បីតែដំបូងបារាំងអាម៉េរិកមានដុះពន្លក ក៏ហាមមិនឱ្យនាំចូលដែរ៕ (ផាន់ អាណា)

image_2026-09-28_15-26-57
សាក​ដឹកទុរេនស្រស់​តាមសមុទ្រទៅឱ្យចិន – ម៉ាឡេស៊ីចង់ដឹងថា ទុរេនខូចឬអត់?

គូឡាឡុំពួរ៖ ទុរេន​ទម្ងន់ពីរតោនរបស់ម៉ាឡេស៊ី ត្រូវបានយកទៅសាកល្បង​ដឹកតាមនាវា​សមុទ្រទៅកាន់ប្រទេស​ចិន ដោយប្រើរយៈពេល១២ថ្ងៃ។ គោលបំណង គឺចង់ដឹងថាតើ ទុរេននឹង​ខូចឬទេ ព្រោះទុរេនជា​ផ្លែឈើ ដែលងាយរលួយខូចក្រោយពេលប្រមូលផលរួច ។ បន្ទាប់ពីទៅដល់កំពង់ផែកុងតេន័រ ទុរេនទាំងនោះត្រូវបាន​ពិនិត្យដោយសមត្ថកិច្ចគយ និងភាគីពាក់ព័ន្ធ ដើម្បីចង់ដឹងពីលទ្ធផល។ ចម្លើយ គឺវិជ្ជមានទុរេន ​មិនរលួយខូចនោះឡើយ។ នេះក៏ដោយសារតែបច្ចេកវិទ្យា​គ្រប់គ្រងបរិយាកាស​បែបទំនើប​ ដែលធ្វើឲ្យទុរេន​នៅមានសភាពស្រស់ល្អទាំងអស់។​ អស់រយៈពេលពីរឆ្នាំមកហើយ ដែលក្រុមហ៊ុនម៉ាឡេស៊ី បានព្យាយាមអភិវឌ្ឍបច្ចេកវិទ្យា​ ដើម្បីធ្វើតេស្ត​សាកល្បង​លើវិធីសាស្ត្រដឹកជញ្ជូន និង​បច្ចេកវិទ្យាក្លាសេផលិតផលនេះ។ ជាមួយនឹង​ជោគជ័យនៃការ​ដឹកជញ្ជូនទុរេនស្រស់តាមផ្លូវទឹកនេះ គឺជា​ការ​បើកឱកាស​ឲ្យម៉ាឡេស៊ីអាចដឹកទុរេនទុំដើមទៅកាន់ទីផ្សារ​អន្តរជាតិ ដោយចំណាយទាប​លើការ​ដឹកជញ្ជូនតាមផ្លូវទឹក ជាជាង​តាមផ្លូវអាកាស​ ដែលត្រូវចំណាយច្រើននោះ៕ (ជា មករា)

article 2 pic 1
ដើម្បីបានពន្ធសូន្សលើផ្លែចេក ហ្វីលីពីនសុខចិត្តបន្ថយពន្ធនាំចូលឡានជប៉ុន

ម៉ានីល៖ ហ្វីលីពីនកំពុងស្នើឱ្យជប៉ុនលុបចោលពន្ធនាំចូលផ្លែចេករបស់ខ្លួន ហើយហ្វីលីពីននឹងបន្ថយអត្រាពន្ធនាំចូលរថយន្តពីជប៉ុនជំនួសវិញ តាមរយៈកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចហ្វីលីពីន-ជប៉ុន ដើម្បីឱ្យពន្ធនាំចូល​ផ្លែចេកធ្លាក់ទានដូចប្រទេស​កម្ពុជា ឡាវ និង​វៀតណាមដែរ។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ហ្វីលីពីន លោកស្រី គ្រីស្ទីណា រូគេ (Cristina Roque) បាននិយាយថា រដ្ឋាភិបាលហ្វីលីពីនកំពុងស្នើឱ្យជប៉ុនទម្លាក់មកនៅពន្ធសូន្យ លើការនាំចេញផ្លែចេកទៅកាន់ប្រទេសជប៉ុន ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ដើម្បីជាថ្នូររដ្ឋាភិបាលហ្វីលីពីន កាត់បន្ថយពន្ធលើរថយន្តជប៉ុននាំចូលមកហ្វីលីពីន។ បច្ចុប្បន្ន រថយន្តជប៉ុន ត្រូវជាប់ពន្ធនាំចូលក្នុងអត្រា២០ភាគរយ។ ទោះជាយ៉ាងណា រថយន្តម៉ាកជប៉ុនជាច្រើន ដែលលក់នៅហ្វីលីពីន បានទទួលការលើកលែងពន្ធរួចហើយ ដោយសាររថយន្តទាំងនោះត្រូវបានផលិតក្នុងស្រុក ឬនាំមកពីប្រទេសអាស៊ាន ដូចជា វៀតណាម ម៉ាឡេស៊ី ឥណ្ឌូណេស៊ី។ ភាគីទាំងពីរកំពុងតែចរចាគ្នា ដើម្បីធ្វើបច្ចុប្បន្នភាពនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចហ្វីលីពីន-ជប៉ុន ហើយការធ្វើវិសោធនកម្មអាចរួមបញ្ចូលការកែសម្រួលអត្រាពន្ធគយរវាងប្រទេសទាំងពីរ។ យោងតាមរបាយការណ៍ ហ្វីលីពីន គឺជាប្រទេសនាំចេញផ្លៃចេកធំជាងគេលំដាប់ទី២ នៅលើពិភពលោក។ ចំណែកប្រទេសជប៉ុន គឺជាទីផ្សារគោលដៅធំបំផុតសម្រាប់ផ្លែចេកហ្វីលីពីន។ ក្នុងឆ្នាំ២០២៦ ជប៉ុនយកពន្ធនាំចូលផ្លែចេកហ្វីលីពីន ក្នុងអត្រា១៨ភាគរយ គិតចាប់ពីថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី៣១ ខែមីនា និងអត្រាពន្ធ៨ភាគរយ គិតចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី៣០ ខែកញ្ញា។ ប្រទេសជប៉ុន […]

កាលវិភាគផ្សព្វផ្សាយ