ឥណ្ឌូណេស៊ី​លុបចោលកូតា​នាំ​ចូល​គោ​រស់ ដើម្បី​គាំទ្រការផ្គត់ផ្គង់​សាច់ និង​ទឹកដោះ នៅក្នុងប្រទេស

DA9E006D-90B5-4893-BDF7-C14723599E9C.jpeg

ហ្សាការតា៖ រដ្ឋាភិបាលឥណ្ឌូនេស៊ី បានលុបចោលកូតានាំចូលគោរស់ពីប្រទេសអូស្ត្រាលី ដើម្បីធានាបាននូវការផ្គត់ផ្គង់សាច់គោ និងទឹកដោះគោ ដើម្បីពង្រឹងសន្តិសុខស្បៀងនៅក្នុងប្រទេស។

រដ្ឋមន្ត្រីសម្របសម្រួលស្បៀងអាហារឥណ្ឌូណេស៊ី បានប្រកាសអំពីគោលការណ៍លុបចោលកូតានេះ ក្នុងអំឡុងពេលនៃការប្រារព្ធទិវាទឹកដោះគោ ឆ្នាំ២០២៥ នៅទីក្រុងហ្សាកាតា កាលពីចុងសប្តាហ៍មុន។

លោក​បាន​បន្ត​ថា ឥឡូវ​នេះ​អ្នក​នាំ​ចូល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​នាំ​គោ​​រស់​ដោយ​គ្មាន​កំណត់​កូតា​ទៀតទេ ក្នុង​គោល​បំណង​ដើម្បី​ជួយ​ដល់​ឧស្សាហកម្ម​បសុសត្វ និង​បំពេញ​តម្រូវ​ការ​​សាធារណៈចំពោះសាច់គោ។

លោករដ្ឋមន្ត្រីបានបន្ថែមថា តាមរយៈការលុបចោលចំនួនកូតានាំចូលគោរស់នេះ រដ្ឋាភិបាលឥណ្ឌូណេស៊ីមានគោលបំណងផ្តល់ឱកាសដល់ឧស្សាហកម្មកែច្នៃទឹកដោះគោជាតិ ដើម្បីបង្កើនបរិមាណផលិតកម្ម កែលម្អគុណភាពផលិតផល និងបង្កើនភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់។

ទោះបីជា​យ៉ាង​ណាក៏ដោយ លោក​រដ្ឋមន្ត្រីសម្របសម្រួលស្បៀងអាហារឥណ្ឌូណេស៊ី​ មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិតផ្នែក​បច្ចេកទេស​អំពី​គោលការណ៍​ថ្មី​នេះ​ទេ។

ចំណែកអនុរដ្ឋមន្ត្រីក្រសួងកសិកម្មឥណ្ឌូណេស៊ីវិញ ធ្លាប់បានថ្លែងថា ប្រទេសឥណ្ឌូណេស៊ីគ្រោងនឹងនាំចូលសត្វគោរស់ចំនួនពីរលានក្បាលក្នុងរយៈពេលប្រាំឆ្នាំខាងមុខ រួមទាំងគោយកទឹកដោះគោចំនួន១,២លានក្បាលផងដែរ។

លោក​បញ្ជាក់​ថា ការ​នាំ​ចូល​គោរស់ត្រូវ​បានរដ្ឋាភិបាលចាត់​ទុក​ជា​ការ​វិនិយោគ ហើយ​នឹង​មិន​ប្រើ​លុយ​ពីក្នុង​កញ្ចប់ថវិកា​របស់រដ្ឋ​ឡើយ។

លោកបានបន្ថែមថា រដ្ឋាភិបាលឥណ្ឌូណេស៊ី កំពុងលើកទឹកចិត្តសហគ្រិនក្នុងស្រុក សហគមន៍កសិករ រូបវន្តបុគ្គល និងក្រុមហ៊ុនបរទេស ឱ្យដាក់ទុនវិនិយោគលើការបង្កាត់ពូជសត្វគោ និងចិញ្ចឹមគោនៅក្នុងប្រទេសឥណ្ឌូនេស៊ី។

គិតត្រឹមខែមីនា ឆ្នាំ២០២៥នេះ ពូជមេគោយកទឹកដោះចំនួន១​ ២៥០ក្បាល ត្រូវបាននាំចូលពីប្រទេសអូស្ត្រាលី បានមកដល់កោះជ្វា ភាគខាងកើតឥណ្ឌូណេស៊ី តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ដើម្បីជំរុញការវិនិយោគក្នុងឧស្សាហកម្មផលិតទឹកដោះគោជាតិ។

កាលពីពេលថ្មីៗកន្លងមកនេះ​ រដ្ឋាភិបាលឥណ្ឌូណេស៊ី បានពិនិត្យឡើងវិញអំពីអាជ្ញាបណ្ណនាំចូលប្រចាំឆ្នាំសម្រាប់ចំណីអាហារសំខាន់ៗមួយចំនួន ដូចជាសាច់គោបង្កក គោរស់ អង្ករ ពោត និងអំបិល ហើយកែសម្រួលចំនួនកូតាផ្គត់ផ្គង់ និងតម្រូវការលើទីផ្សារ។

រដ្ឋមន្ត្រីសម្របសម្រួលស្បៀងអាហាររបស់ប្រទេសឥណ្ឌូនេស៊ី បានមានប្រសាសន៍ទៀតថា រដ្ឋាភិបាលឥណ្ឌូនេស៊ីបានសម្រេចចិត្តបង្កើនកូតាសម្រាប់គោចិញ្ចឹមយកសាច់ ដោយប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ការចិញ្ចឹមគោរស់ជួយពង្រឹងសេដ្ឋកិច្ចយ៉ាងច្រើនព្រោះវិស័យចិញ្ចឹមគោនេះផ្តល់អត្ថប្រយោជន៍ដល់អ្នកចិញ្ចឹមក្នុងស្រុកតែម្តង។

លោកបានមានប្រសាសន៍ថា ផ្ទុយទៅវិញ ការនាំចូលសាច់គោបង្កកមិនបានផ្តល់តម្លៃសេដ្ឋកិច្ចបន្ថែមទេ ព្រោះសាច់គោគ្រាន់តែនាំចូលមក ហើយធ្វើម្ហូបបរិភោគតែម្តង ដោយគ្មានបង្ហកើតការងារដល់ផលិតកម្មក្នុងស្រុកឡើយ។

លោក​បាន​សង្កត់​ធ្ងន់​ថា​ រដ្ឋាភិបាលមាន​ជម្រើស​​ គឺ​ប្រសិន​បើ​យើង​ជ្រើសរើសយកការចិញ្ចឹម​គោ​បំប៉នយកសាច់ ​នោះ​ការ​នាំ​ចូល​សាច់​គោ​កង្កក​ត្រូវ​តែ​គ្រប់គ្រងឱ្យបាន​ បើ​មិន​ដូច្នេះ​ទេ​កសិករ​ចិញ្ចឹមគោបំប៉នយកសាច់នឹង​ក្ស័យ​ធន​ជាក់ជាមិនខាន។

ក្រសួងកសិកម្មឥណ្ឌូណេស៊ី ដំបូងបានកំណត់កូតានាំចូលសាច់គោបង្កកប្រចាំឆ្នាំ ចំនួន២០ម៉ឺនតោន ប៉ុន្តែរហូតមកដល់ពេលនេះ ចំនួនកូតានាំចូល​ត្រូវ​បាន​កាត់​ពាក់បន្ថយកណ្តាល​មក​នៅ​ត្រឹម១០ម៉ឺន​តោនប៉ុណ្ណោះ។

ប្រទេសអូស្ត្រាលីបាននាំចេញគោរស់ចំនួន១៥៥ ៤០០ក្បាល ចូលមកកាន់ប្រទេសឥណ្ឌូនេស៊ី ក្នុងរយៈពេលបួនខែដំបូងនៃឆ្នាំ២០២៥ ដែលមានកំណើនបន្តិចនៃមធ្យមភាគសម្រាប់រយៈពេលប្រាំឆ្នាំ ចាប់ពីខែមករា ដល់ខែមេសា ដែលមានចំនួន១២៣ ៨៣៨ក្បាល។

ការ​នាំ​ចេញ​គោ​រស់​របស់​អូស្ត្រាលី​ទៅកាន់ប្រទេស​ឥណ្ឌូណេស៊ី​ ជា​មធ្យម​ក្នុង​មួយ​ឆ្នាំៗ​ មាន​ចំនួន៤២០ ០០០ ក្បាល​ក្នុង​រយៈ​ពេលប្រាំឆ្នាំ​ចុង​ក្រោយ​នេះ។

ចំណែកទំហំទឹកប្រាក់នៃការនាំចេញគោរស់ និងសាច់គោបង្កករបស់អូស្ត្រាលីទៅកាន់ប្រទេសឥណ្ឌូនេស៊ី ក្នុងឆ្នាំ២០២៤ មានចំនួនជិត៩០០លានដុល្លារ៕


image_2026-10-01_11-46-18
វៀតណាម ជំរុញកំណើនសេដ្ឋកិច្ចតាមច្រកព្រំដែនជាមួយកម្ពុជា​ ក្នុងខេត្តស្វាយរៀង

ហាណូយ៖ វៀតណាមកំពុងជំរុញការអភិវឌ្ឍតំបន់សេដ្ឋកិច្ច នៅច្រកទ្វារព្រំដែនមុកបៃ (Mộc Bài) ក្នុងខេត្តតៃនិញ (Tây Ninh) និងច្រកបាវិត ក្នុងខេត្តស្វាយរៀងរបស់កម្ពុជា ដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ពាណិជ្ជកម្មឆ្លងដែន និងបង្កើតលំហថ្មីសម្រាប់កំណើនសេដ្ឋកិច្ចវៀតណាម។ ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦នេះ លោកឧបនាយករដ្ឋមន្ត្រីវៀតណាម បានជំរុញឱ្យពន្លឿនការរៀបចំយន្តការ និងគោលនយោបាយ ដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ចនៅតំបន់សេដ្ឋកិច្ចពិសេសច្រកទ្វារព្រំដែនមុកបៃ ព្រោះច្រកទ្វារអន្តរជាតិមួយនេះមានសក្តានុពលខ្ពស់សម្រាប់ពង្រីកពាណិជ្ជកម្ម ការវិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយប្រទេសកម្ពុជា។ លោកឧបនាយករដ្ឋមន្ត្រីបានអំពាវនាវឱ្យមានគោលនយោបាយសមស្រប រួមទាំងវិធានការពិសេសលើពន្ធគយ និងការដឹកជញ្ជូន ដើម្បីសម្រួលដល់ពាណិជ្ជកម្ម និងប្រតិបត្តិការអាជីវកម្ម។ លោកក៏បានសង្កត់ធ្ងន់លើតម្រូវការកែលម្អហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន លំនៅឋាន និងសេវាកម្ម ដើម្បីទាក់ទាញការវិនិយោគ និងគាំទ្រការអភិវឌ្ឍនៅតំបន់ជុំវិញច្រកទ្វារព្រំដែន។ ចំណែករដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាម បានមានប្រសាសន៍ថា ក្រសួងកំពុងកិច្ចខិតខំប្រឹងប្រែងរកដោះស្រាយឧបសគ្គតាមយន្តការមានស្រាប់ ប្រសើរជាងបង្កើតយន្តការគោលនយោបាយថ្មីៗច្រើនជាន់លើគ្នា។ វិធានការពិសេសគួរត្រូវបានពិចារណាតែចំពោះករណីច្បាប់ ដែលមានស្រាប់មិនអាចផ្តល់ប្រសិទ្ធភាពគ្រប់គ្រាន់ ហើយសំណើលើកជាគោលនយោបាយត្រូវបញ្ជាក់ឱ្យច្បាស់អំពីបញ្ហា វិសាលភាព ធនធាន និងផលប៉ះពាល់។ សម្រាប់តំបន់មុកបៃ ក្រសួងហិរញ្ញវត្ថុវៀតណាម បានរកឃើញឧបសគ្គសំខាន់ចំនួន៣ រួមមាន បញ្ហាខ្វះហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់នៅមិនទាន់ពេញលេញ ព្រមទាំងខ្វះគម្រោងវិនិយោគធំៗ ដើម្បីជួយជំរុញខ្សែសង្វាក់តម្លៃផលិតកម្មក្នងតំបន់។ ចំណែកផ្នែកគយ ភស្តុភារ និងការតភ្ជាប់ជាមួយច្រកទ្វារព្រំដែនបាវិតរបស់កម្ពុជា ក៏មិនទាន់ល្អពេញលេញនៅឡើយដែរ។ […]

image_2026-10-01_12-10-39
វៀតណាមចេញច្បាប់ថ្មី ឱ្យអ្នកនាំចេញ ឬនាំចូលស្រូវអង្ករ ត្រូវមានឃ្លាំង និងរោងម៉ាស៊ីនកិនស្រូវផ្ទាល់ខ្លួន

ហាណូយ៖ វៀតណាមបានដាក់ចេញបទប្បញ្ញត្តិថ្មី​​ រឹតបន្តឹងការនាំចេញ និងនាំចូលស្រូវអង្ករ ដោយកំណត់លក្ខខណ្ឌកាន់តែច្បាស់សម្រាប់ពាណិជ្ជករ ដែលមានបំណងធ្វើអាជីវកម្មនាំចេញ​ ឬនាំចូលស្រូវអង្ករ។ ឧបនាយករដ្ឋមន្ត្រីវៀតណាម កាលពីដើមសប្តាហ៍នេះ បានចុះហត្ថលេខាលើអនុក្រឹត្យមួយ ស្តីពីការធ្វើអាជីវកម្មនាំចេញ និងនាំចូលស្រូវអង្ករ ដែលចូលជាធរមាននៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦នេះ។ តាមអនុក្រឹត្យនេះ បានដាក់កម្រិតដល់ពាណិជ្ជករវៀតណាមមកពីគ្រប់វិស័យសេដ្ឋកិច្ច ដែលធ្លាប់បានបំពេញតាមលក្ខខណ្ឌកំណត់ ព្រមទាំងទទួលបានវិញ្ញាបនបត្របញ្ជាក់សិទ្ធិធ្វើអាជីវកម្មនាំចេញអង្ករ មានសិទ្ធិពេញលេញក្នុងការធ្វើអាជីវកម្មដោយស្របច្បាប់។ ចំពោះសហគ្រាសណាមួយ ដែលមានទុនវិនិយោគរបស់បរទេស ក៏អាចធ្វើអាជីវកម្មនាំចេញអង្ករបានផងដែរ បន្ទាប់ពីទទួលបានវិញ្ញាបនបត្រស្របតាមបទដ្ឋាន និងច្បាប់របស់ប្រទេសវៀតណាម។ អនុក្រឹតដដែលនេះក៏បានបញ្ជាក់ថា អ្នកនាំចេញអង្ករសរីរាង្គ អង្ករចំហុយ និងអង្ករមានបន្ថែមសារធាតុចិញ្ចឹម ត្រូវជាប់កាតព្វកិច្ចស្នើសុំវិញ្ញាបនបត្របញ្ជាក់សិទ្ធិធ្វើអាជីវកម្មនាំចេញអង្ករ ដោយត្រូវរក្សាស្តុកអង្ករឱ្យបានគ្រប់គ្រាន់ និងរាយការណ៍ពីបរិមាណអង្ករក្នុងស្តុកជូនអាជ្ញាធរវៀតណាម។ យោងតាមអនុក្រឹតនេះ អ្នកនាំចេញ​ ឬនាំចូលស្រូវអង្ករប្រភេទផ្សេងទៀត ត្រូវមានឃ្លាំងឯកទេសយ៉ាងតិចមួយ សម្រាប់រក្សាទុកស្រូវ និងអង្ករ ព្រមទាំងមានរោងម៉ាស៊ីនកិនស្រូវយ៉ាងតិចមួយ ដែលបំពេញតាមតម្រូវការសុវត្ថិភាពចំណីអាហារ និងស្តង់ដារអង្ករអន្តរជាតិ។ ចំណែកឃ្លាំងស្តុក និងរោងម៉ាស៊ីនកិនស្រូវ អាចជាកម្មសិទ្ធិរបស់ពាណិជ្ជករផ្ទាល់ ឬអាចជាឃ្លាំងជួលតាមកិច្ចសន្យាជាលាយលក្ខណ៍អក្សរ និងមានសុពលភាពដូចវិញ្ញាបនបត្របញ្ជាក់សិទ្ធិធ្វើអាជីវកម្ម។ អនុក្រឹតថ្មីនេះក៏បានដាក់ចេញនូវលក្ខខណ្ឌសម្រាប់អ្នកនាំចូលស្រូវអង្ករផងដែរ ដែលក្នុងរយៈពេល៤៥ថ្ងៃ ចាប់ពីថ្ងៃអនុក្រឹត្យចូលជាធរមាន ត្រូវចុះបញ្ជីជាមួយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម អំពីផែនការនាំចូលស្រូវអង្ករពីបរទេស៕ (ផាន់ អាណា)

image_2026-10-01_12-19-55
ទឹកត្រចៀកកាំថៃ បន្លែវៀតណាម ប្រើថ្នាំគីមី​ច្រើនពេក ត្រូវតៃវ៉ាន់ដេញឱ្យដឹកមកវិញ

តៃប៉ិ៖ កោះតៃវ៉ាន់បានបញ្ជា​ឱ្យដឹកត្រឡប់ទៅវិញ នូវផលិតផលចំណីអាហារនាំចូលពីប្រទេសថៃ និងប្រទេសវៀតណាម បន្ទាប់ពីត្រួតពិនិត្យរកឃើញថា ផលិតផលរបស់ប្រទេសទាំងពីរនេះ មានផ្ទុកសំណល់ថ្នាំសម្លាប់សត្វល្អិត លោហៈធ្ងន់ ឬមានសារធាតុផ្អែមលើសកម្រិត។​ នេះបើយោងតាមរដ្ឋបាលគ្រប់គ្រងចំណីអាហារ និងឱសថរបស់កោះតៃវ៉ាន់។ ក្នុងចំណោមផលិតផល ដែលត្រូវអាជ្ញាធរតៃវ៉ាន់ ដេញឱ្យដឹកត្រឡប់ទៅវិញនេះ រួមមាន ទឹកត្រចៀកកាំរបស់ថៃ និងបន្លែបន្លុករបស់វៀតណាម។ សមត្ថកិច្ចតៃវ៉ាន់ បានបញ្ជាក់ថា ទឹកត្រចៀកកាំ និងបន្លៃភ្លៅកង្កែប ត្រូវបង្ខំឱ្យដឹកជញ្ជូនត្រឡប់ទៅប្រទេសដើមវិញ ឬត្រូវតែកម្ទេចចោល។ ចំពោះផលិតផលនាំចូលលើកក្រោយទៀតរបស់អ្នកនាំចូល ដែលធ្លាប់មានឈ្មោះអាក្រក់ដូចខាងលើនេះ នឹងត្រូវស្ថិតក្រោមការត្រួតពិនិត្យយ៉ាងតឹងតែងនៅតាមច្រកព្រំដែន។ យោងតាមទិន្នន័យរបស់រដ្ឋបាលគ្រប់គ្រងចំណីអាហារ និងឱសថ កោះតៃវ៉ាន់ បានបង្ហាញថា ក្នុងរយៈពេល ៦ ខែ ដើមឆ្នាំ២០២៦នេះ ការនាំចូកទឹកត្រចៀកកាំពីប្រទេសថៃមានចំនួន​មួយជើង ហើយត្រូវបានសមត្ថកិច្ចតៃវ៉ាន់រកឃើញថា មានសារធាតុមេស្ករសាការីន (Saccharin) ចំនួន០,០៦ក្រាម ក្នុងទឹកត្រចៀកកាំមួយគីឡូក្រាម ដែលជាបិរមាណហាមឃាត់មិនឱ្យប្រើនៅកោះតៃវ៉ានឡើយ។ ដោយឡែក សមាគម​អ្នកប្រើប្រាស់កោះតៃវ៉ាន់ បានរាយការណ៍ថា ក្នុងចំណោមការធ្វើតេស្តលើ​សំណាកស្លឹកជីនាងវង១០សំណាក ត្រូវបានមន្ទីរពិសោធន៍តៃវ៉ាន់រកឃើញថា មាន៨សំណាកផ្ទុកសំណល់សារធាតុគីមីថ្នាំសម្លាប់សត្វល្អិតលើសកម្រិត។ ចំណែកគ្រឿងទេសនាំចូលពីវៀតណាម ក្នុងចំណោមសំណាកស្លឹកខ្ទឹម១០សំណាក មានពីរសំណាក ត្រូវបានរកឃើញមានផ្ទុកសំណល់ថ្នាំគីមីសម្លាប់សត្វល្អិតលើសកម្រិត៕ (ផាន់ អាណា)

image_2026-10-01_13-26-35
គ្រោះទឹកជំនន់នៅថៃ ធ្វើឱ្យអ្នកបាងកកសម្រុកទិញទំនិញ បន្លែបង្ការស្ទើរគ្មានសល់ ព្រោះភ័យពេក

បាងកក៖ គ្រោះទឹកជំនន់នៅទីក្រុងបាងកក ប្រទេសថៃ កាលពីសប្តាហ៍មុន បានធ្វើឱ្យប្រជាជនថៃជ្រួលច្របល់ ផ្អើលនាំគ្នាសម្រុកទិញទំនិញម្ហូបអាហារ បន្លែបង្ការ មកស្តុកទុករៀងៗខ្លួន ដោយសារភ័យពេក និងខ្លាចគ្មានអ្វីបរិភោគ។ នៅតាមបណ្តាហាង 7-Eleven ដែលជាបណ្តាញហាងលក់រាយដ៏ធំបំផុតរបស់ប្រទេសថៃ ស្ទើរលែងមានទំនិញប្រភេទម្ហូបអាហារ​ ឬបន្លែបង្ការ ដោយសារប្រជាជនថៃ បាននាំគ្នាសម្រុកទិញគ្រឿងឧបភោគ និងបរិភោគយកមកស្តុកទុកតែរៀងៗខ្លួន រួមទាំងអាហារស្រស់ និងអាហារក្រៀម និងភេសជ្ជៈផ្សេងៗ។ បុគ្គលិកធ្វើការនៅហាងទំនិញ កាលពីចុងសប្តាហ៍មុន បានប្រមែប្រមូលទំនិញលក់អស់គ្មានសល់ ព្រោះប្រជាជនថៃភ័យស្លន់ស្លោរ ខ្លាចគេទិញអស់មុន។ បុគ្គលិកបាននិយាយថា «មូលហេតុ គឺប្រហែលជាដោយសារមនុស្សភ័យនឹងទឹកជំនន់ ហើយខ្លាចអត់មានអ្វីហូប»។ ប្រជាជនថៃជាច្រើនបានសម្រុកចូលផ្សារ ដើម្បីទិញអង្ករ បន្លែបង្ការ និងអាហារកំប៉ុងមកស្តុកទុកតែរៀងៗខ្លួន ធ្វើឱ្យកកស្ទះចរាចរណ៍ណែនណាន់តាន់តាប់។ ប្រព័ន្ធផ្សព្វផ្សាយថៃ បានរាយការណ៍ថា បុគ្គលិកតាមហាងប្រឹងកុម្ម៉ង់ទំនិញចូល ប៉ុន្តែរកមិនគ្រប់ឡើយ ដោយសារអ្នកទិញភ័យថា​ កម្ពស់ទឹកជំនន់នៅតាមដងផ្លូវ អាចធ្វើឱ្យពួកគេចេញទៅណាលែងរួច។ នៅទីក្រុងបាងកកទទួលកម្រិតទឹកភ្លៀងលើសពី៣០០ មីលីម៉ែត្រ ដែលបានធ្វើឱ្យប្រឡាយ និងលូហៀរទឹកស្អុយមកលើថ្នល់ និងបណ្តាលឱ្យជន់លិចផ្ទះ និងហាងទំនិញ។ អាជ្ញាធរទីក្រុងបានប្រកាសថា ខណ្ឌទាំង៥០របស់ក្រុងបាងកក សុទ្ធតែជួបគ្រោះមហន្តរាយទឹកជំនន់ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ ដែលបង្កឱ្យមានទឹកជំនន់ ការកកស្ទះចរាចរណ៍ និងការរំខានដល់ជីវភាពប្រចាំថ្ងៃ […]

កាលវិភាគផ្សព្វផ្សាយ