បាត់ដំបង៖ លោក ថន សំប៊ុន អាយុ៤៨ឆ្នាំ ជាកសិករ រស់នៅភូមិតាក្រី ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបងក្នុង បានចាប់យកមុខរបរដាំដំណាំស្អំលើដីទំហំមួយហិកតា តាំងឆ្នាំ២០១៩រហូតមកដល់សព្វថ្ងៃនេះ ដោយមិនព្រួយបារម្ភអំពីតម្លៃលក់ទីផ្សារនោះទេ ទោះបីពេលខ្លះមានការប្រែប្រួលតម្លៃក៏ដោយ ក៏នូវតែបានប្រាក់ចំណេញ ជួយឱ្យគ្រួសារមានលទ្ធភាពរកប្រាក់ចំណេញបានជិតមួយម៉ឺនដុល្លារក្នុងមួយឆ្នាំ។
លោក ថន សំប៊ុន បានអះអាងថា «ក្នុងឆ្នាំ២០២៤កន្លងមកនេះ យើងប្រមូលផលត្រួយស្អំយកទៅលក់ឱ្យឈ្មួញនៅទីផ្សារបានប្រាក់ជិតមួយម៉ឺនដុល្លារ ហើយប្រាក់ចំណូលនេះមានកម្រិតខ្ពស់បើប្រៀបធៀបទៅនិងការធ្វើស្រែក៏ដូចជាការដាំដុះដំណាំមួយចំនួននាពេលសព្វថ្ងៃ»។
បើតាមលោក ថន សំប៊ុន, កាលឆ្នាំ២០២៤កន្លងទៅ សម្រាប់ត្រួយស្អំមួយគីឡូក្រាមអាចលក់បានថ្លៃដល់១៣ ០០០រៀល នៅពេលទីផ្សារមានតម្រូវការខ្ពស់ និងការផ្គត់ផ្គង់មានចំនួនតិចតួច ហើយនៅពេលការផ្គត់ផ្គង់មានច្រើនតម្រូវការមានតិច ត្រួយស្អំលក់បានថ្លៃតែ២០០០រៀល។
ទោះបីតម្លៃស្អំធ្លាក់ថ្លៃមកនៅត្រឹម២០០០រៀលក៏ដោយ សម្រាប់លោក ថន សំប៊ុន នៅតែទទួលបានប្រាក់ចំណេញ ព្រោះនៅក្នុងរដូវកាលប្រមូលផលស្អំធ្លាក់ថ្លៃនេះ លោកមិនបានចំណាយប្រាក់ទៅលើការថែទាំបូមទឹកស្រោចស្រពនោះទេ ព្រោះជារដូវភ្លៀង ។
ចំណែកអ្នកស្រី ពេជ្រ វ៉ាន់នី ត្រូវប្រពន្ធរបស់លោក ថន សំប៊ុន បានឱ្យដឹងថា តម្លៃស្អំបោះដុំទៅលើទីផ្សារក្នុងតំបន់ កាលខែមករា ឆ្នាំ២០២៥ មួយគីឡូក្រាមបានថ្លៃ១២០០០រៀល, នៅខែកុម្ភៈលក់បានថ្លៃ៨០០០រៀល ហើយនៅខែមីនាលក់បានថ្លៃចន្លោះពី៣៥០០រៀលទៅ៤០០០រៀលក្នុងមួយគីឡូក្រាម។
លោក ថន សំប៊ុន បញ្ជាក់ថា «ដំណាំស្អំនេះមានសារសំខាន់សម្រាប់គ្រួសារ ព្រោះវាផ្តល់ប្រាក់ចំណូលឱ្យយើងបានរៀងរាល់ថ្ងៃនៅពេលយើងធ្វើការថែទាំបានល្អ។ ជាក់ស្តែងក្នុងមួយថ្ងៃយើងអាចប្រមូលចំណូលពីការលក់ត្រួយស្អំបានប្រមាណ២០ម៉ឺនរៀល ហើយប្រាក់ចំណូលនេះវាអាចទ្រទ្រង់ការចំណាយប្រចាំថ្ងៃរបស់គ្រួសារបានដោយពុំចាំបាច់ព្រួយបារម្ភ»៕