ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនភីង (Xi Jinping) បានយកចិត្តទុកដាក់លើការផ្តល់អាទិភាពដល់ការអភិរក្សប្រព័ន្ធអេកូឡូស៊ី និងការជំរុញការអភិវឌ្ឍបៃតង នៅក្នុងប្រទេសចិន ដើម្បីនិរន្តរភាពផ្នែកបរិស្ថាន។
លោកប្រធានាធិបតីចិន បានលើកឡើងដូច្នេះ ក្នុងឱកាសពិនិត្យការងារនៅទីក្រុងអ៊ូឡានឆាប (Ulanqab) ក្នុងតំបន់ស្វយ័តម៉ុងហ្គោលីខាងក្នុង ស្ថិតនីភាគខាងជើងប្រទេសចិន កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦។
បឹងហួងឈីហៃ (Huangqihai) ដែលស្ថិតនៅទីក្រុងអ៊ូឡានឆាប ធ្លាប់ប្រឈមនឹងការរីងស្ងួតស្ទើរទាំងស្រុង
ក្នុងដំណើរពិនិត្យមើលនេះ លោក ស៊ី ជីនភីង បានទៅទស្សនាតំបន់អភិរក្សធម្មជាតិបឹងធម្មជាតិដ៏ធំមួយដោយស្តាប់របាយការណ៍ស្តីពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំតំបន់ម៉ុងហ្គោលីខាងក្នុង ក្នុងការពង្រឹងការអភិរក្សប្រព័ន្ធអេកូឡូស៊ី។
លោកក៏បានពិនិត្យមើលតំបន់មាត់បឹង និងតំបន់ដីល្បាប់ ព្រមទាំងសង្កេតមើលសត្វស្លាបដ៏សម្បុរបែប ដែលរស់នៅក្នុងតំបន់នោះផងដែរ។
លោក ស៊ី ជីនភីង បានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវអនុវត្តឱ្យបានពេញលេញនូវច្បាប់ ស្តីពីការការពារតំបន់ដីសើមរបស់ប្រទេសចិន ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវខ្សែបន្ទាត់ក្រហមសម្រាប់ការការពារប្រព័ន្ធអេកូឡូស៊ី និងថែរក្សាជីវចម្រុះ។
ចំពោះប្រព័ន្ធអេកូឡូស៊ីតំបន់ដីសើម ដែលរងការខូចខាត លោកបានអំពាវនាវឱ្យផ្តល់អាទិភាពដល់ការស្តារឡើងវិញតាមបែបធម្មជាតិ ព្រមទាំងធានាថា ការស្តារបរិស្ថានត្រូវអនុវត្តដោយផ្អែកលើមូលដ្ឋានវិទ្យាសាស្ត្រ និងវិធីសាស្ត្រសមស្រប។
បន្ទាប់មក លោកប្រធានាធិបតី បានទៅទស្សនាតំបន់អភិវឌ្ឍន៍បច្ចេកវិទ្យាជាន់ខ្ពស់ ក្នុងទីក្រុងអ៊ូឡានឆាប ដើម្បីស្វែងយល់អំពីវឌ្ឍនភាពរបស់តំបន់ម៉ុងហ្គោលីខាងក្នុង ក្នុងការសាងសង់មជ្ឈមណ្ឌលដ៏សំខាន់មួយ និងការអភិវឌ្ឍឧស្សាហកម្មបៃតង។
លោកបានសង្កត់ធ្ងន់លើការធានាឱ្យគម្រោង ដែលបានសាងសង់រួច អាចដំណើរការប្រកបដោយប្រសិទ្ធភាពខ្ពស់ និងការបញ្ចប់គម្រោងជាបន្តបន្ទាប់ឱ្យបានតាមកាលកំណត់។
ព្រមជាមួយគ្នានេះដែរ លោកបានអំពាវនាវឱ្យគ្រប់ភាគីអនុវត្តយ៉ាងម៉ឺងម៉ាត់នូវតម្រូវការអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព ភាពបៃតង និងសុវត្ថិ ដើម្បីចូលរួមចំណែកកាន់តែធំធេងក្នុងការកសាងចិនឌីជីថល និងការអភិវឌ្ឍកម្លាំងផលិតកម្មប្រកបដោយគុណភាពថ្មី។
លោក ស៊ី ជីនភីង ក៏បានទស្សនាការដាក់តាំងបង្ហាញផលិតផលកសិកម្ម និងបសុសត្វពិសេសៗប្រចាំតំបន់ ដោយលើកទឹកចិត្តឱ្យអាជ្ញាធរមូលដ្ឋានពង្រឹងការផ្សារភ្ជាប់រវាងផលិតកម្ម និងទីផ្សារលក់ ដើម្បីជួយបង្កើនប្រាក់ចំណូលដល់ប្រជាកសិករ និងអ្នកចិញ្ចឹមសត្វ៕ (ផាន់ អាណា)










