កសិករដាំម្ទេស នៅក្រុងកាន់ធើ ប្រទេសវៀតណាម ស្វែងរកដៃគូដើម្បីបង្កើតខ្សែសង្វាក់តម្លៃមានស្ថិរភាព

image_2026-06-16_13-56-25

ក្រុងកិនធើ៖ បើតាមការចុះផ្សាយរបស់ព័ត៌មានវៀតណាម បានឱ្យដឹងថា បច្ចុប្បន្ននេះតម្លៃម្ទេសដៃនាងដាំដុះនៅតាមតំបន់ជាច្រើនក្នុងក្រុងកិនធើ (Can Tho) ភាគខាងត្បូងវៀតណាម បានធ្លាក់ចុះយ៉ាងគំហុកមកនៅត្រឹមតែ៤ ០០០ ដល់ ៦ ០០០ដុង ឬស្មើនឹង០,១៥សេន ទៅ០,២៣សេនដុល្លារ ក្នុងមួយគីឡូក្រាម ដែលធ្វើឲ្យកសិករជាច្រើនត្រូវប្រឈមមុខនឹងការខាតបង់ប្រាក់ចំណូល។

ដើម្បីទប់ស្កាត់បញ្ហាកើតឡើងដដែលៗ ពេលម្ទេសបានទិន្នផលខ្ពស់បែរជាតម្លៃធ្លាក់ចុះ និងការរំពឹងផ្អែកពេកលើឈ្មួញកណ្តាល កសិករដាំម្ទេសជាច្រើនកំពុងផ្លាស់ប្តូរផ្នត់គំនិតផលិតកម្មជាបណ្តើរៗ។ ពួកគេកំពុងស្វែងរកឱកាស ដើម្បីសហការជាមួយក្រុមហ៊ុននានា ក្នុងគោលបំណងបង្កើតតំបន់មានវត្ថុធាតុដើមជាហូរហែ និងជាផលិតល្អស្របតាមស្តង់ដារ និងអាចកែច្នៃបានត្រឹមត្រូវ។

សហគមន៍កសិកម្មសរីរាង្គ បច្ចុប្បន្នមានអ្នកដាំម្ទេសប្រមាណ៣០គ្រួសារ ហើយក៏មានការផ្សារភ្ជាប់ជាមួយកសិករខាងក្រៅជាច្រើនទៀត ដើម្បីបង្កើតជាតំបន់ផលិតវត្ថុធាតុដើមម្ទេសដៃនាង ដែលមានផ្ទៃដីសរុបប្រហែលពី៥០ ទៅ៦០ហិកតា។

អនុប្រធានសហគមន៍នេះ បានឱ្យដឹងថា ម្ទេសដៃនាងងាយដាំខ្លាំងណាស់ស្របលក្ខខណ្ឌអាកាសធាតុក្តៅ និងស្ថានភាពដីល្បាយខ្សាច់នៅក្នុងតំបន់នេះ ហើយកសិករជាទូទៅតែងតែដាំដុះនៅក្នុងរដូវប្រាំង រហូតដល់រដូវវស្សាចូលមកដល់។ ដោយសារតែដីទួលមានខ្យល់ចេញចូលល្អ និងលក្ខខណ្ឌសត្វល្អិតចង្រៃអាចគ្រប់គ្រងបាន ទិន្នផលម្ទេសដៃនាងទទួលបានចន្លោះពី២,៥ ដល់៣តោនក្នុងទំហំផ្ទៃដី១ ០០០ម៉ែត្រការ៉េ។

លក្ខណៈពិសេសរបស់ម្ទេសដៃនាង គឺមានពណ៌ក្រហមឆ្អៅ រសជាតិហឹរល្មម និងមានសាច់ក្រាស់ ដែលស័ក្តិសមបំផុតសម្រាប់ការកែច្នៃធ្វើជាទឹកម្ទេស។ ទោះជាយ៉ាងណាក៏ដោយ អស់រយៈពេលជាច្រើនឆ្នាំមកនេះ ទីផ្សារលក់ចេញនៃដំណាំនេះ គឺពឹងផ្អែកលើឈ្មួញកណ្តាល នៅតាមផ្សារបែបប្រពៃណី ដែលនាំឱ្យមានការប្រែប្រួលតម្លៃយ៉ាងខ្លាំង។

លោកអនុប្រធានសហគមន៍ បានលើកឡើងថា តម្លៃបច្ចុប្បន្ន គឺត្រឹមតែប្រហែលពី៤ ០០០ ទៅ៦ ០០០ដុង ឬស្មើនឹង០,១៥សេន ទៅ០,២៣សេនដុល្លារ ក្នុងមួយគីឡូក្រាម ខណៈពេលកសិករចង់បានតម្លៃចាប់ពី៨ ០០០ដុង ឬស្មើនឹង ០,៣០សេនដុល្លារ ក្នុងគីឡូក្រាមឡើងទៅ ទើបអាចទទួលបានប្រាក់ចំណេញខ្លះ។

សហគមន៍កសិកម្មសរីរាង្គ បានបង្កើតផែនការសហការជាមួយក្រុមហ៊ុនភាគហ៊ុនរួមស្រូវសរីរាង្គ ដែលជាក្រុមហ៊ុនជំនាញខាងផលិតកម្មស្រូវសរីរាង្គ ហើយបច្ចុប្បន្នកំពុងពង្រីកខ្លួនចូលទៅក្នុងវិស័យកែច្នៃកសិផលផ្សេងៗ ដោយចាប់ផ្តើមពីការសាងសង់រោងចក្រកែច្នៃទឹកម្ទេស ដែលនឹងត្រូវការវត្ថុធាតុដើមប្រហែល២,០០០តោន ក្នុងមួយឆ្នាំ។

អ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺកសិករដាំម្ទេសកំពុងចាប់ផ្តើមគិតគូរពីការរៀបចំខ្សែសង្វាក់ផលិតកម្ម ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ក្រុមហ៊ុន។ ជំនួសឱ្យការទិញម្ទេសស្រស់ភ្លាមៗពីចម្ការតាមបែបប្រពៃណី ក្រុមហ៊ុនតម្រូវឱ្យផលិតផលម្ទេសត្រូវតែឆ្លងកាត់ការកែច្នៃបឋម ការបែងចែកថ្នាក់ ការបេះទង និងការសម្អាតឱ្យស្របតាមស្តង់ដារ។

វិធីសាស្ត្រនេះអនុញ្ញាតឱ្យសហគមន៍ដាំម្ទេសអាចទាញយកផលប្រយោជន៍ពីកម្លាំងពលកម្ម និងសេវាកម្ម ដែលមានស្រាប់ ដើម្បីបង្កើនតម្លៃបន្ថែមនៃផលិតផលម្ទេស។ ក្រុមហ៊ុនបានផ្តល់ជូននូវគំរូនៃការបញ្ជាទិញជាកញ្ចប់ ដោយរក្សាតម្លៃទិញអប្បបរមាចាប់ពី០,៤៥ដុល្លារ ដល់០,៤៩ដុល្លារ ក្នុងមួយគីឡូក្រាម។

គំរូមួយនេះកំពុងបង្កើតឱ្យមានការផ្លាស់ប្តូរយ៉ាងច្បាស់លាស់នៅក្នុងការយល់ដឹងរបស់កសិករ។ ដើម្បីចូលរួមក្នុងភាពជាដៃគូនៃខ្សែសង្វាក់តម្លៃ កសិករត្រូវតែយកចិត្តទុកដាក់លើស្តង់ដារគុណភាព រៀបចំកាលវិភាគដាំដុះ របៀបនៃការដាំដុះ ការបែងចែកចំណាត់ថ្នាក់ផលិតផល និងការសម្របសម្រួលការងារជាមួយក្រុមហ៊ុន។

យោងតាមអគ្គនាយកក្រុមហ៊ុន ដែលកំពុងវិនិយោគលើរោងចក្រកែច្នៃម្ទេស ដែលត្រូវបានគេរំពឹងថា ត្រូវចាប់ផ្តើមប្រតិបត្តិការនៅក្នុងខែឧសភា ឆ្នាំ២០២៦ ជាមួយនឹងតម្រូវការវត្ថុធាតុដើមប្រចាំឆ្នាំប្រហែល២០០០តោន។ ដោយសារតែតំបន់វត្ថុធាតុដើមបច្ចុប្បន្នបំពេញបានត្រឹមតែពាក់កណ្តាលប៉ុណ្ណោះ ដូច្នេះក្រុមហ៊ុនសង្ឃឹមថា នឹងពង្រីកភាពជាដៃគូជាមួយកសិករដាំម្ទេសនៅក្នុងតំបន់ផ្សេងទៀត។

អ្វីដែលអាជីវកម្មត្រូវការមិនមែនគ្រាន់តែជាតំបន់ដាំដុះម្ទេសមួយមុខនោះទេ ប៉ុន្តែជាតំបន់ផ្តល់វត្ថុធាតុដើម ដែលរៀបចំបានល្អ។ ដូច្នេះក្រុមហ៊ុនបានស្នើសុំឱ្យអាជ្ញាធរមូលដ្ឋានគាំទ្រដល់ការរៀបចំបញ្ជីកសិករ កាលវិភាគដាំដុះ ទិន្នផលប៉ាន់ស្មាន និងពេលវេលាប្រមូលផល ដើម្បីរៀបចំផែនការទិញ និងការទូទាត់ជាមុន។

តម្លៃទិញក៏ត្រូវបានផ្តល់ជូនក្រោមជម្រើសពីរផងដែរ គឺតម្លៃថេរតាមកិច្ចព្រមព្រៀងគ្នានៅដើមរដូវ ឬតម្លៃទិញផ្អែកលើទីផ្សារ អាស្រ័យលើចំណង់ចំណូលចិត្តរបស់កសិករ។

ក្រោយពីបានពិភាក្សាគ្នាក្នុងចំណោមកសិករ សហគមន៍ អាជ្ញាធរមូលដ្ឋាន និងអាជីវកម្មនានារួចមក នឹងមានការផ្លាស់ប្តូរយ៉ាងច្បាស់លាស់មួយក្នុងការគិតគូរពីផលិតកម្មជាក់ស្តែង។ នេះមិនត្រឹមតែជាមធ្យោបាយមួយសម្រាប់កសិករដាំម្ទេសដើម្បីធានាបាននូវទីផ្សារមានស្ថិរភាពជាងមុនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាមូលដ្ឋានគ្រឹះសម្រាប់បង្កើតក្រុមកសិករ ដែលមានសមត្ថភាពយល់ដឹងពីទីផ្សារ ធ្វើជាម្ចាស់លើដំណើរការផលិតកម្ម សហការយ៉ាងសកម្ម និងចូលរួមបន្តិចម្តងៗកាន់តែស៊ីជម្រៅនៅក្នុងខ្សែសង្វាក់តម្លៃ៕


image_2026-09-18_15-35-24
ម៉ាឡេស៊ី គ្រោងដាំម្នាស់ឱ្យបាន២០ ០០០ហិកតា នៅឆ្នាំ២០៣០ សម្រាប់នាំចេញ

កូឡាឡាំពួរ៖ ប្រទេសម៉ាឡេស៊ី បានកំណត់គោលដៅពង្រីកផ្ទៃដីដាំម្នាស់ នៅក្នុងរដ្ឋសារ៉ាវ៉ាក់ ពី ២២០០ហិក តា ទៅដល់ ២០០០០ហិកតា ត្រឹមឆ្នាំ២០៣០ ដោយត្រៀមថវិកាគាំទ្រ ១៩លានដុល្លារ សម្រាប់ឆ្នាំ២០២៦–២០៣០។ បច្ចុប្បន្ន រដ្ឋសារ៉ាវ៉ាក់ឈរនៅលំដាប់ទី២ ក្នុងប្រទេសម៉ាឡេស៊ី សម្រាប់ផ្ទៃដីដាំម្នាស់ ដោយមានទំហំជិត ២ ពាន់ ហិកតា ក្នុងនោះជិត ១៥០០ ហិកតា កំពុងចេញផ្លែ និងផ្តល់ទិន្នផលសរុប៣ ៣០០០ តោន។ នៅកម្រិតថ្នាក់ជាតិ ឧស្សាហកម្មម្នាស់របស់ម៉ាឡេស៊ី មានតម្លៃជិត ៣១៥លានដុល្លារ ក្នុងឆ្នាំ២០២៤ ដោយទទួលបានផលសរុបជិត ៥១៧តោន ដាំដុះលើពីផ្ទៃដីជិត ១៩ ០០០ហិកតា។ ផែនការពង្រីកការផ្ទៃដីដាំដុះនេះ រដ្ឋសារ៉ាវ៉ាក់ បានកំណត់គោលដៅដាំម្នាស់ពូជ ម្នាស់មាសសារ៉ាវ៉ាក់១ (Sarawak Gold 1-SG1) លើផ្ទៃដីទំហំ៦០ហិកតា ក្នុងឆ្នាំ២០២៦នេះ។ កម្មវិធីសាកល្បងនាំចេញផ្លែម្នាស់ទៅប្រទេសសិង្ហបុរីកំពុងដំណើរការ ដើម្បីវាយតម្លៃការទទួលយករបស់ទីផ្សារ តម្រូវការផ្នែកដឹកជញ្ជូន និងការអនុលោមតាមនីតិវិធីនាំចេញ។ គម្រោងពង្រីកម្នាស់មាសសារ៉ាវ៉ាក់១ ឬអេសជី១ (SG1)  គឺជាយុទ្ធសាស្ត្រអភិវឌ្ឍន៍លើតំបន់អភិវឌ្ឍន៍ចំនួន៣។ […]

image_2026-09-18_09-34-13
ហ្វីលីពីនផ្អាកនាំចេញមើមដំឡូងឈាមមាន់ស្រស់ ព្រោះខ្លាចគេលួចយកទៅធ្វើពូជដាំដែរ

ម៉ានីល៖ ប្រទេសហ្វីលីពីន បានផ្អាកការនាំចេញដំឡូងឈាមមាន់ស្រស់ ដើម្បីការពារពូជដំណាំនៅទីផ្សារពិភពលោកកុំឱ្យគេលួចយកទៅធ្វើពូជដាំបន្តទៀត។ ការផ្អាកការនាំចេញនេះត្រូវអនុវត្តដោយមិនកំណត់រយៈពេល ចាប់តាំងពីពាក់កណ្តាលខែសីហា ឆ្នាំ២០២៦ សម្រាប់ដំឡូងឈាមមាន់ស្រស់ និងពូជសម្រាប់យកទៅដាំផងដែរ។ នេះបើយោងតាមក្រសួងកសិកម្មហ្វីលីពីន បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦នេះ។ ក្រសួងបានបញ្ជាក់ថា គោលបំណង គឺដើម្បីបង្កើនសមត្ថភាពផលិតក្នុងស្រុក និងធ្វើឱ្យដំណាំនេះក្លាយជាប្រភពចំណូលនាំចេញដ៏សំខាន់ជាងមុនរបស់ប្រទេសហ្វីលីពីន។ រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក ហ្វ្រែនស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel) បានមានប្រសាសន៍ថា «យើងខ្វះពូជសម្រាប់ដាំយ៉ាងខ្លាំងនៅក្នុងប្រទេសរបស់យើង ហើយយើងមិនចង់នាំចេញវាទៅប្រទេសដទៃ ដែលគេអាចយកពូជដំឡូងឈាមមាន់របស់ហ្វីលីពីនទៅដាំបន្ត ដើម្បីប្រកួតប្រជែងជាមួយយើងនោះទេ»។ ដំឡូងឈាមមាន់របស់ហ្វីលីពីន កំពុងក្លាយជាវត្ថុធាតុដើម ដែលរោងចក្រកែច្នៃ និងអ្នកទិញនៅក្រៅប្រទេសមានតម្រូវការកាន់តែច្រើន។ ដំឡូងឈាមមាន់ត្រូវបានកែច្នៃជាផលិតផលជាច្រើន ដូចជា ម្សៅ ដំណាប់ និងម្សៅដំឡូងកិន សម្រាប់ប្រើជាគ្រឿងផ្សំក្នុងផលិតផលផ្សេងៗ មានចាប់ពីនំខួបកំណើត រហូតដល់ធ្វើជាទៀនក្រអូប។ ក្រសួងកសិកម្មហ្វីលីពីន បានឱ្យដឹងទៀតថា ផលិតផលដំឡូងឈាមមាន់របស់ហ្វីលីពីន ត្រូវបាននាំចេញទៅកាន់ប្រទេសកាណាដា បណ្តាប្រទេសនៅមជ្ឈិមបូព៌ា និងផ្នែកខ្លះនៃទ្វីបអាស៊ី ខណៈសហរដ្ឋអាម៉េរិក និងអឺរ៉ុប អាចក្លាយជាទីផ្សារនាពេលអនាគត៕​ (ផាន់ អាណា)

Buckwheat with chicken curry sauce isolated on white background.
ស្រីលង្កា ពង្រឹងសុវត្ថិភាពចំណីអាហារ ដើម្បីឱ្យប្រជាជនមានសុខភាពល្អ

កូឡុំបូ៖ ប្រទេសស្រីលង្កា កំពុងពង្រឹងប្រព័ន្ធត្រួតពិនិត្យលើចំណីអាហាររបស់ខ្លួន ដើម្បីការពារសុខភាពសាធារណៈ ពង្រឹងប្រព័ន្ធចំណីអាហារ និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ។ គោលនយោបាយនេះ ត្រូវបានរៀបចំឡើងក្រោមការដឹកនាំរបស់ក្រសួងសុខាភិបាល និងសារព័ត៌មានមហាជន តាមរយៈអង្គភាពរដ្ឋបាលត្រួតពិនិត្យចំណីអាហារ ដើម្បីធានាឱ្យប្រជាជនស្រីលង្កាគ្រប់រូបទទួលបានចំណីអាហារ មានសុវត្ថិភាព អំណោយផលដល់សុខភាព និងមានគុណភាព ព្រមទាំងពង្រឹងការសម្របសម្រួលរវាងស្ថាប័នទទួលខុសត្រូវលើសុវត្ថិភាពចំណីអាហារ តាមខ្សែច្រវ៉ាក់ចំណីអាហារទាំងមូល ចាប់ពីការផលិតរហូតដល់ការទទួលទាន ។ ទោះបីស្រីលង្កាមានក្របខណ្ឌច្បាប់សម្រាប់គ្រប់គ្រងសុវត្ថិភាពចំណីអាហាររួចហើយក្តី ប្រទេសនេះកន្លងមកមិនទាន់មានគោលនយោបាយជាតិទូលំទូលាយណាមួយ ដែលអាចដឹកនាំ និងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងផ្នែកសុវត្ថិភាពចំណីអាហាររវាងស្ថាប័នរដ្ឋ និងវិស័យផ្សេងៗនៅឡើយទេ។ គោលនយោបាយថ្មីនេះបានបំពេញចន្លោះខ្វះខាតទាំងនោះ ដោយផ្តល់ទិសដៅយុទ្ធសាស្ត្រសម្រាប់ពង្រឹងអភិបាលកិច្ច បង្កើនប្រព័ន្ធតាមដានត្រួតពិនិត្យ កែលម្អការវាយតម្លៃ និងការទំនាក់ទំនងអំពីហានិភ័យ ពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ ពង្រឹងច្បាប់ស្តីសុវត្ថិភាពចំណីអាហារ និងលើកកម្ពស់ការយល់ដឹងក្នុងចំណោមអ្នកផលិត អាជីវកម្មចំណីអាហារ និងអ្នកប្រើប្រាស់។ គោលនយោបាយនេះក៏មានគោលបំណងដោះស្រាយបញ្ហាប្រឈមថ្មីៗ ផ្នែកសុវត្ថិភាពចំណីអាហារ ដែលកើតឡើងពាក់ព័ន្ធនឹងការផ្លាស់ប្តូរប្រព័ន្ធផលិតកម្មចំណីអាហារ ការពង្រីកពាណិជ្ជកម្មចំណីអាហារក្នុងស្រុក និងអន្តរជាតិ៕ (ផាន់ អាណា)

83222979-022B-4DA3-A673-BDF4C3DAD944
ចេកអំបូងលឿងកម្ពុជា កំពុងលក់នៅទីផ្សារ​១០ប្រទេស ​លើពិភពលោក​

ដោយ ឡុង សារេត​ ភ្នំពេញ​៖ ចេកអំបូងលឿង​របស់កម្ពុជា​មានវត្តមានលើទីផ្សារ​ចំនួន១០ប្រទេសហើយ ហើយក្នុងរយៈពេល៨ខែឆ្នាំ​២០២៦នេះ កម្ពុជា​នាំចេកអំបូងលឿង​ ជិត​២៩ម៉ឺនតោន ។ មន្ត្រីរដ្ឋាភិបាលនិយាយថា បច្ចុប្បន្ន​​ដំណាំចេកអំបូងលឿងនេះ​​កំពុងមានសក្តានុពលខ្ពស់​ទាក់ទាញអ្នកវិនិយោគ​ ឱ្យមកដាំដុះនៅកម្ពុជា​កាន់តែច្រើន ។​ ​ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យ​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់និងនេសាទ​បានឱ្យ​ដឹង​ថា​ ទីផ្សារគោលដៅសំខាន់ៗរបស់ចេកអំបូងលឿងខ្មែរ រួមមាន ចិន វៀតណាម ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី ហុងកុង កាហ្សាក់ស្ថាន អារ៉ាប៊ីសាអូឌីត សិង្ហបុរី និងប្រទេសអេមីរ៉ាតអារ៉ាប់រួម។​ លោកលើកឡើង​ថា បច្ចុប្បន្នមានក្រុមហ៊ុនប្រមាណ៣៥ កំពុងវិនិយោគលើការដាំដុះចេកអំបូងលឿងក្នុង​ខេត្តកំពត កំពង់ស្ពឺ ឧត្តរមានជ័យ កំពង់ចាម ក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី។ ក្នុងឆ្នាំ២០២៥កន្លងទៅ ផ្ទៃដីដាំដុះចេកអំបូងលឿងសរុបមានជាង​៣៥ ០០០ហិកតា ក្នុងនោះផ្ទៃដីដែលអាចប្រមូលផលបានមានចំនួនជាង១៧ ០០០ហិកតា ដែលផ្តល់នូវបរិមាណផលសរុបប្រមាណ​ជាង៤៨ម៉ឺនតោន៕

កាលវិភាគផ្សព្វផ្សាយ