ដោយ នៅ ស៊ីវុត្ថា
កំពង់ឆ្នាំង៖ ដោយសារវិបត្តិសេដ្ឋកិច្ចសកល និងការនាំចូមកពីប្រទេសជិតខាងច្រើន បានជំរុញឱ្យតម្លៃអន្ទង់ចិញ្ចឹមរបស់កសិករនៅក្នុងស្រុក ធ្លាក់ថ្លៃយ៉ាងខ្លាំងសម្រាប់ឆ្នាំនេះ បើធៀបនឹងឆ្នាំកន្លងទៅ។
កសិករចិញ្ចឹមអន្ទង់ ឈ្មោះ រី សារិត រស់នៅភូមិកំពង់បាស្រូវ ឃុំជលសារ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង បានប្រាប់ទូរទស្សន៍អនឡាញ ARDB ថា សម្រាប់ឆ្នាំនេះ លោកលក់អន្ទង់បានត្រឹមតែតម្លៃ១៨ ០០០ ទៅ២០ ០០០រៀល ក្នុងមួយគីឡូក្រាម ខណៈ កាលពីឆ្នាំកន្លងទៅ លោកលក់បានក្នុងតម្លៃ២៥ ០០០ ទៅ២៨០០០រៀល ក្នុងមួយគីឡូក្រាម។
លោកបន្តថា ការធ្លាក់ថ្លៃនេះ តាមការយល់ឃើញរបស់លោក គឺដោយសារតែមានឈ្មួញនាំចូលអន្ទង់ច្រើនពីប្រទេសវៀតណាម និងបញ្ហាការប្រែប្រួលសេដ្ឋកិច្ចសកល។ ទោះជាយ៉ាងណា កសិករមានបទពិសោធចិញ្ចឹមអន្ទង់រយៈប្រាំឆ្នាំរូបនេះ បានអះអាងថា តម្លៃខាងលើនេះជាតម្លៃលក់រាយ គឺកសិករអាចចិញ្ចឹមបាន ប៉ុន្តែអត្រានៃប្រាក់ចំណេញ គឺតិចតួចបំផុត។
លោកបន្ថែមថា ចំពោះការលក់បោះដុំវិញ បានតម្លៃត្រឹមតែតម្លៃ១៤ ០០០ ទៅ១៥ ០០០រៀលប៉ុណ្ណោះ ព្រោះមិនអាចប្រកួតប្រជែងជាមួយអន្ទង់នាំចូលពីប្រទេសវៀតណាម ដោយពួកគេបានលក់ក្នុងតម្លៃនេះ។
ជាមួយគ្នានេះ ដើម្បីរក្សាតម្លៃ និងទីផ្សារជូនកសិករកម្ពុជាលើផ្នែកនៃការចិញ្ចឹមអន្ទង់ លោក រី សារិត បានអំពាវនាវដល់ពលរដ្ឋខ្មែរបន្តជួយគាំទ្រផលិតផលរបស់ខ្មែរ និងកាត់បន្ថយការនាំចូលឱ្យបានច្រើន ដោយងាកមកប្រើប្រាស់ផលិតផលនៅក្នុងស្រុក ជំនួសវិញ។
បន្ថែមពីនេះ លោកបានអំពាវនាវដល់មន្ត្រីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមពិនិត្យមើលកសិកដ្ឋានចិញ្ចឹមរបស់លោក និងកសិដ្ឋានចិញ្ចឹមអន្ទង់របស់កសិករផ្សេងទៀត ដែលជាដៃគូររបស់លោកដោយផ្ទាល់ ដើម្បីចុះកុងត្រាទិញយកទៅកែច្នៃធ្វើជាខអន្ទង់ ដែលក្រសួងបានសិក្សារួចហើនោះ៕






