ដោយ ឡុង សារេត
ព្រៃវែង៖ កសិករ គ្រឿន ណាត រស់នៅភូមិអ្នកតាជ័យ ស្រុកកញ្ចៀក ខេត្តព្រៃវែង បានអះអាង បន្ទាប់ពីសាកល្បងចិញ្ចឹមកង្កែបលក្ខណៈគ្រួសារនៅឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ននេះ អាចរកបានចំណូលច្រើនគួរសមសម្រាប់ទ្រទ្រង់ដល់ការចំណាយខែនៅក្នុងគ្រួសារ ។ ពោលមុខរបរខ្នាតតូចមួយនេះកំពុងដើរតួយ៉ាងសំខាន់ បើប្រៀបធៀបទៅនិងការដាំបន្លែពីមុនៗ។
បើតាមកសិករ គ្រឿន ណាត នៅក្នុងឆ្នាំ២០១៩ គ្រួសាររបស់លោកបានដាំបន្លែចំនួន៣ ហើយនៅឆ្នាំ២០១៩ក្រោយពីបានស្វែងយល់អំពីការចិញ្ចឹមកង្កែបនៅតាមបណ្តាញទំនាក់ទំនងសង្គម លោកបានចំណាយប្រាក់៨០ម៉ឺនរៀលទិញកូនកង្កែបពូជចំនួន២ពាន់ក្បាលយកមកចិញ្ចឹម ដើម្បីបានប្រាក់ចំណូលបន្ថែមសម្រាប់ជួយដល់គ្រួសារ។ ក្រោយពីសាកល្បងលើកដំបូងទួទួលបានជោគជ័យលើការចិញ្ចឹមកង្កែប លោកក៏បានសម្រេចចិត្តបោះបង់ការដាំបន្លែចោល ដោយផ្តោតតែទៅលើការចិញ្ចឹមកង្កែបនិងបង្កាត់ភ្ញាស់កង្កែបសម្រាប់ផ្គត់ផ្គង់ទៅលើទីផ្សារក្នុងតំបន់។
លោក គ្រឿន ណាត បានឱ្យដឹងថា បច្ចុប្បន្នលោកផ្តោតខ្លាំងលើការបង្កាត់ភ្ញាស់កូនកង្កែបជាជាងការចិញ្ចឹមកង្កែបសាច់ ព្រោះតម្រូវការកូនកង្កែបពូជមានច្រើន តួយ៉ាងកាលឆ្នាំ២០២៥កន្លងទៅនេះ លោកអាចផ្គត់ផ្គង់កូនកង្កែបបានដល់៤០ម៉ឺនកូន ជាមួយនិងតម្លៃលក់ចេញចន្លោះពីជាង២០០ទៅ៣០០រៀលក្នុងក្បាល ឬលើសពីនេះអាស្រ័យលើទំហំកូនកង្កែបជាក់ស្តែង។
បើតាមកសិករ គ្រឿន ណាត ក្នុងរយៈពេល៣ខែ ក្នុងឆ្នាំ២០២៦កន្លងទៅនេះលោកបានបញ្ចេញកូនកង្កែបពូជបានប្រមាណ៧ម៉ឺនកូន ហើយតម្លៃមានការឡើងចុះគួរឱ្យបារម្ភ។ តែទោះជាបែបនេះក្តីលោកជឿថាប្រសិនបើតម្លៃកង្កែបសាច់សិករលក់បានលើសពី៧ពាន់រៀលក្នុងមួយគីឡូក្រាម នោះកសិករ ក៏ដូចជាខាងសហគមន៍នូវតែតម្រូវការកូនកង្កែបពូជសម្រាប់យកទៅចិញ្ចឹមដដែល៕






