ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ពេញចិត្តចំពោះការចុះបញ្ជីផ្ទះត្រចៀកកាំថា ជាសញ្ញាវិជ្ជមានមួយសម្រាប់ពាណិជ្ជកម្មកសិផលរវាងប្រទេសទាំងពីរ

618625195_1269387945001517_8801577029802709925_n

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ បានលើកឡើងថា ផ្ទះត្រចៀកកាំកម្ពុជាជិត១ ០០០កន្លែង ត្រូវបានចុះបញ្ជីជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ ដែលក្នុងនោះ ក្រសួងបានជ្រើសរើសផ្ទះចំនួនប្រាំមួយកន្លែង ដើម្បីសម្របសម្រួលជាមួយគយចិន ក្នុងគោលបំណងនាំចេញសម្បុកត្រចៀកកាំរបស់កម្ពុជាទៅកាន់ទីផ្សារចិន នៅឆ្នាំ២០២៦។

លោកឯកអគ្គរដ្ឋទូតចិន វ៉ាង វិនពីន នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនបានសម្តែងការពេញចិត្តចំពោះការចុះបញ្ជីផ្ទះត្រចៀកកាំទាំងនេះថា ជាសញ្ញាវិជ្ជមានមួយសម្រាប់ពាណិជ្ជកម្មកសិផលរវាងប្រទេសទាំងពីរ កម្ពុជា-ចិន។

នៅដើមឆ្នាំថ្មី២០២៦នេះ ប្រធានសមាគមត្រចៀកកាំកម្ពុជា លោក ស៊ុយ កុកធាន រំពឹងថា នៅក្នុងឆ្នាំ២០២៦នេះ កម្ពុជានឹងនាំចេញសម្បុកត្រចៀកកាំ ជាផ្លូវការទៅកាន់ទីផ្សារចិនបានហើយ ស្របពេលសម្បុកត្រចៀកកាំមានតម្លៃមួយល្អ គឺមានការឡើងថ្លៃប្រមាណ២០ភាគរយ ដោយសារតែទីផ្សារ ជាពិសេសអំឡុងពេលជិតបុណ្យចូលឆ្នាំប្រពៃណីចិន ជិតចូលមកដល់ ហើយតម្រូវការមានខ្ពស់ជាងធម្មតា។

អគ្គនាយកដ្ឋានគយចិន បានចេញសេចក្តីជូនដំណឹង​អនុញ្ញាតឱ្យ​កម្ពុជាអាចនាំចូលសម្បុកត្រចៀកកាំ ទៅកាន់ទីផ្សារចិន តាំងពីពាក់កណ្តាលឆ្នាំ២០២៥ ប៉ុន្តែគិតមកទល់ពេលនេះ កម្ពុជាមិនទាន់អាចនាំចេញទៅកាន់ទីផ្សារចិនបាននៅឡើយទេ។

ប្រធានសមាគមត្រចៀកកាំកម្ពុជា បានបញ្ជាក់ប្រាប់ ARD TV កាលពីថ្ងៃទី១៤ ខែ​​មករា ឆ្នាំ២០២៦នេះថា មកដល់ពេលនេះការចិញ្ចឹមត្រចៀកកាំនៅកម្ពុជាអាចមានក្នុងរង្វង់ពី៥ ០០០-៧ ០០០ខ្នងអគារ ដែលអាចផ្តល់ផលទឹកមាត់ត្រចៀកកាំបានប្រមាណ១០០តោនក្នុងមួយឆ្នាំ។

ប្រធានសមាគមត្រចៀកកាំខ្មែរ បានថ្លែងថា តម្លៃសម្បុកត្រចៀកកាំនាពេលនេះល្អប្រសើរដោយក្នុងនេះសម្បុកល្អលេខ១តម្លៃប្រមាណ៤៥០ ទៅ៥០០ដុល្លារ ក្នុងមួយគីឡូក្រាម សម្រាប់សំបុក​​ឆាកាប្រមាណ២៨០ ទៅ៣០០ដុល្លារ ក្នុងមួយគីឡូក្រាម។ ការឡើងតម្លៃនេះដោយសារកត្តាជាច្រើនដូចជាពិធីបុណ្យចូលឆ្នាំចិន ដែលមានតម្រូវការខ្ពស់ជាងពេលធម្មតា។

លោក ស៊ុយ កុកធាន  បានប្រាប់ថា ទីផ្សារធំនៃសម្បុកកាំកម្ពុជាត្រូវបាននាំចេញទៅកាន់ប្រទេសចិនច្រើនជាងគេ។ សម្រាប់ទីផ្សារត្រចៀកកាំនេះដែរទីផ្សារធំទី២របស់កម្ពុជា គឺប្រទេសវៀតណាម។ ក្នុងប្រទេសវៀតណាមពេលនេះតម្រូវការក្នុងស្រុកមានច្រើន ម្ល៉ោះហើយត្រូវនាំចូលពីប្រទេសកម្ពុជាក៏ច្រើនផងដែរ។

លោកបានបញ្ជាក់ប្រាប់ថា នាពេលបច្ចុប្បន្នការចិញ្ចឹមសត្វត្រចៀកកាំមានស្ទើរពាសពេញក្នុងប្រទេសកម្ពុជា ហើយក្នុងចំណោមនេះខេត្តកោះកុងមានច្រើនជាងគេ គឺចាប់ពីស្រុកស្រែអំបិលទៅ។ ក្រៅពីនេះនៅតាមតំបន់ជុំវិញបឹងទន្លេសាប ដូចជាខេត្តបាត់ដំបង សៀមរាប និងខេត្តបន្ទាយមានជ័យ ក៏មានសន្ទុះការចិញ្ចឹមកើនឡើងផងដែរ។

លោកឱ្យដឹងបន្ថែមថា​ «ការចិញ្ចឹមសត្វត្រចៀកកាំ បើគេបានសិក្សាពីបច្ចេកទេស ត្រឹមត្រូវនោះមិនប្រឈមនឹងការខាតបង់ទេ ដោយក្នុងនេះនឹងអាចទទួលបានផលមកវិញក្នុងរយៈពេលប្រាំឆ្នាំ ទៅឬប្រាំមួយឆ្នាំ អាស្រ័យទៅលើការជ្រើសរើសទីតាំង។ ចំពោះអ្នកចេះជ្រើសរើសទីតាំង និងមានបច្ចេកទេសត្រឹមត្រូវ នឹងជួយឱ្យគាត់អាចរកចំណូលរួចដើមមកវិញលឿន  និងទទួលប្រាក់ចំណូញក៏ឆាប់រហ័សផងដែរ។

ក្នុងចំណោមអ្នកបរាជ័យវិញចាប់ពី៧០ ទៅ៨០ភាគរយ ដោយសារការមិនបានសិក្សាបច្ចេកទេសត្រឹមត្រូវ។ សម្រាប់ការសាងសង់ផ្ទះត្រចៀកកាំស្តង់ដាចាប់ពីប្រាំម៉ឺន ទៅជិតពីរសែនដុល្លារ។ អ្នកសាងសង់មិនស្របតាមស្តង់អាចចំណាយត្រឹមបីម៉ឺនដុល្លារ ឬតិចជាងនេះតែអត្រាទទួលផលក៏ តិចតួចទៅតាមនោះដែរ។

ប្រធានសមាគមត្រចៀកកាំកម្ពុជា បានប្រាប់ថា ផលិតកម្មសម្បុកត្រចៀកកាំនៅកម្ពុជា ភាគច្រើនផលិត​នៅខេត្តជាប់​មាត់​សមុទ្រ ដូចជា ខេត្តកំពត និងខេត្តកោះកុង ប៉ុន្តែសក្ដានុពល​សម្រាប់​​ការវិនិយោគបច្ចុប្បន្ន បាន​ប្ដូរ​មក​ខេត្តភូមិភាគកណ្ដាល ដូចជាខេត្តកំពង់ធំ ខេត្តជុំវិញ​បឹង​ទន្លេសាប ខេត្តស្ទឹងត្រែង និងខេត្តព្រះ​វិហារ​វិញ ដោយសារខេត្តជាប់មាត់សមុទ្រ មានការសាង​សង់​ច្រើន​លើសលប់។ តាមការប៉ាន់ស្មាន កម្ពុជាមានសត្ថភាពផលិតសម្បុកត្រចៀកកាំបានប្រមាណ១០០តោន ក្នុងមួយឆ្នាំ។

គួរបញ្ជាក់ថា អគ្គនាយកដ្ឋានគយចិន កាលពីអំឡុងពាក់កណ្តាលខែឧសភា ឆ្នាំ២០២៥ បានចេញសេចក្តីជូនដំណឹង​អនុញ្ញាតឱ្យប្រទេសកម្ពុជា អាចនាំចូលសម្បុកត្រចៀកកាំ ដែលបំពេញតាមគ្រប់លក្ខខណ្ឌចូលទៅក្នុងទីផ្សារប្រទេសចិនបានជាផ្លូវការ។ ទោះបីជាយ៉ាងណា ការនាំចេញទៅកាន់ក្រៅប្រទេសនេះចាំបាច់ត្រូវគោរពតាមលក្ខខណ្ឌភូតគាមអនាម័យ និងស្តង់ដាគុណភាពផងដែរ៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ