ភ្នំពេញ:កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីឯកឧត្តម ឡោ រស្មី និងលោកជំទាវ ហ៊ូ សុពណ៌ អនុរដ្ឋលេខាធិការ បានដឹកនាំមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្មខេត្ត ដើម្បីចុះពិនិត្យដំណើរការផលិតកម្មជីសរីរាង្គចំនួន៣ក្រុមហ៊ុន (សិប្បកម្មផលិតជីសរីរាង្គព្រៃស្នួល ក្រុមហ៊ុន សឡា អេហ្រ្គីខលឈ័រ និងក្រុមហ៊ុន TWSC រំដួល អេហ្រ្គីខលឈ័រ) ក្នុងខេត្តចំនួន៣ គឺខេត្តតាកែវ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ។
តំណាងក្រុមហ៊ុនផលិតជីក្នុងស្រុកទាំង៣ រីករាយស្វាគមន៍ និងបានថ្លែងអំណរគុណដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រាប់ការយកចិត្តទុកដាក់ និងការគាំទ្រដល់ការផលិតជីសរីរាង្គក្នុងស្រុក ប្រកបដោយគុណភាព ដើម្បីចែកចាយជូនប្រជាកសិករក្នុងតម្លៃសមរម្យ។
ឯកឧត្តម គង់ ច័ន្ទវាសនា បានគូសបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ យកចិត្តទុកដាក់ខ្ពស់លេីការកាត់បន្ថយថ្លៃដេីមផលិត និងបង្កេីនប្រាក់ចំណេញរបស់ប្រជាកសិករ។
ឯកឧត្តមបានបន្ថែមថា ការផលិតកម្មជីសរីរាង្គក្នុងស្រុក មិនត្រឹមតែអាចជួយដោះស្រាយកង្វល់ផ្នែកអនាម័យ និងបរិស្ថានតាមរយៈការប្រមូលកាកសំណល់នានាមកធ្វើជាវត្ថុធាតុដើមផលិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយកសិករក្នុងការកាត់បន្ថយថ្លៃដើមផលិត ដោយសារមានតម្លៃទាបជាងជីនាំចូល បង្កើនប្រាក់ចំណេញរបស់កសិករ បង្កើតការងារក្នុងស្រុក និងជួយរក្សានិរន្តរភាពគុណភាពដីបានទៀតផង។
ជាមួយគ្នានេះ ឯកឧត្តម និងក្រុមការងារក៏បានទទួលសំណូមពរជាក់ស្តែងមួយចំនួនពីក្រុមហ៊ុន ដេីម្បីពិនិត្យលទ្ធភាពបង្កើនការគាំទ្រថែមទៀត ដល់ផលិតកម្មជីសរីរាង្គក្នុងស្រុកផងដែរ។
នេះគឺជាទស្សនកិច្ចជុំទី៣របស់ក្រុមការងារ បន្ទាប់ពីជុំទី១ នៅទីតាំងផលិតចំនួន៣ក្រុមហ៊ុន ក្នុងខេត្តកំពង់ស្ពឺ និងជុំទី២ នៅទីតាំងផលិតចំនួន៤ក្រុមហ៊ុន ក្នុងខេត្តសៀមរាប ឧត្តរមានជ័យ និងខេត្តកំពង់ធំ និងជុំទី៣ នៅខេត្តតាកែវ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ។
នៅវគ្គបន្ទាប់ ក្រុមការងារនឹងចុះពិនិត្យទីតាំងចំនួន៣ក្រុមហ៊ុនផ្សេងទៀត នៅខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ នាពេលឆាប់ៗខាងមុខ៕