ភ្នំពេញ៖ យោងតាម ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានឲ្យដឹងថា ការនាំចេញស្រូវបានវិលទៅរកប្រក្រតីភាពឡើងវិញ បន្ទាប់ពីបុណ្យចូលឆ្នាំចិន-វៀតណាមត្រូវបានបញ្ចប់ទំហំនាំចេញស្រូវនាពេលបច្ចុប្បន្ន គិតជាមធ្យមស្ថិតក្នុងចន្លោះពី២០០០០-២៥០០០តោនក្នុងមួយថ្ងៃ ដែលជាបរិមាណប្រហាក់ប្រហែលគ្នានឹងមុនពេលថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំ និងខ្ពស់ជាងមធ្យមភាគនៃបរិមាណប្រចាំកាលពីដើមខែមករា ឆ្នាំ២០២៥ ដែលមានទំហំត្រឹមតែ១០០០០តោនក្នុងមួយថ្ងៃ។
ទោះបីជាថ្លៃស្រូវអូអឹមស្ថិតក្នុងរង្វង់៨០០៛ ដដែលក៏ដោយ តែស្ថានភាពបែបនេះបានជួយកាត់បន្ថយសម្ពាធថ្លៃស្រូវនៅទីវាល និងជួយឱ្យមិនមានការរាំងស្ទះទីផ្សារលក់ចេញរបស់បងប្អូនកសិករយើងផងដែរ។
បើតាមអ្នកនាំពាក្យក្រសួងកសិកម្មបញ្ជាក់ថា គោលដៅចុងក្រោយនៃការជំរុញពូជស្រូវយុទ្ធសាស្ត្ររបស់យើងគឺដើម្បីធ្វើពិពិធកម្មទីផ្សារ កាត់បន្ថយការពឹងផ្អែកលើពូជស្រូវតែមួយប្រភេទហួសហេតុពេក និងបង្កើនប្រសិទ្ធភាពនៃកិច្ចអន្តរាគមន៍តាមរយៈគោលនយោបាយរបស់យើង មិនទៅទៅហាមឃាត់បងប្អូនកសិករយើងមិនឱ្យប្រើប្រាស់ពូជស្រូវណាមួយនោះទេ។
បន្ថែមពីនេះ ដរាបណាកម្ពុជានៅតែគោរពគោលការណ៍សេដ្ឋកិច្ចទីផ្សារ តុល្យភាពនៃបរិមាណផ្គត់ផ្គង់និងតម្រូវការនឹងអនុញ្ញាតឱ្យថ្លៃស្រូវអាចធ្វើនិយ័តកម្មដោយខ្លួនឯង ដោយយើងមិនចាំបាច់បារម្ភថាកសិករងាកទៅដាំពូជស្រូវប្រភេទណាច្រើនជ្រុលពេកនោះទេ។ ទោះជាយ៉ាងណា ការជំរុញពូជស្រូវយុទ្ធសាស្ត្ររបស់កម្ពុជានៅតែមានភាពចាំបាច់ខ្លាំងនៅពេលនេះ។