ខេត្តត្បូងឃ្មុំ៖ ក្រុមកសិករប្រកបមុខរបរចិញ្ចឹមគោបំប៉នគោយកសាច់សម្រាប់ផ្គត់ផ្គង់ទៅលើទីផ្សារ បានកត់សម្គាល់ថាចាប់ពីខែវិច្ឆិកាឆ្នាំ២០២៤រហូតដល់ខែឧសភាឬខែមិថុនាឆ្នាំ២០២៥ខាងមុខនេះ ជារដូវកាលមួយ ដែលគោសាច់មានតម្រូវការកើនឡើងនៅតាមខេត្តនិងតំបន់។តួយ៉ាងកសិដ្ឋានចិញ្ចឹមគោយកកូននិងបំប៉នគោយកសាច់មួយកន្លែងស្ថិតនៅភូមិតារាម ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ត្រៀមគោសាច់ប្រមាណ៤០០ក្បាលដើម្បីឆ្លើយតបតម្រូវការទីផ្សារ ក៏ដូចជាបានត្រៀមខ្លួនរួចរាល់ក្នុងការប្រមូលទិញគោពីខាងក្រៅបំប៉នយកសាច់លក់ចេញ ទិញចូលជាប្រចាំ។
លោក ហ៊ត លាង ម្ចាស់កសិដ្ឋានខាងលើបានឱ្យដឹងថា ការទិញលក់គោសាច់ចាប់តម្រូវការកើនឡើងពីខែវិច្ឆិការហូតដល់ខែមិថុនាឆ្នាំ២០២៥ខាងមុខនេះ ដោយសារប្រជាពលរដ្ឋនៅក្នុងស្រុក តែងមានការរៀបចំកម្មវិធីមង្គលការ និងពិធីជាច្រើនផ្សេងពីមួយខែទៅមួយខែនាពេលខាងមុខនេះ វាជាឱកាសល្អមួយសម្រាប់អ្នកចិញ្ចឹមគោបំប៉នយកសាច់អាចងាយស្រួលក្នុងការលក់ដូរបើប្រៀបធៀបទៅនិងខែមុនៗ។
លោកបន្តថា ក្នុងកំឡុងពេលគោសាច់ចាប់ផ្តើមមានតម្រូវការនៅលើទីផ្សារសន្សឹមៗចាប់ពីខែវិច្ឆិកានេះ សម្រាប់កសិដ្ឋានចិញ្ចឹមគោយកកូននិងបំប៉នគោយកសាច់ ហ៊ត លាង មានគោសរុបជាង១២០០ក្បាល ក្នុងនោះ គោមេយកកូនមានប្រមាណ៨០០ក្បាល និងគោសាច់ប្រមាណ៤០០ក្បាល ហើយចំពោះគោសាច់ពេញវ័យលក់ចេញពីកសិដ្ឋានមួយគីឡូក្រាមថ្លៃ៩៥០០រៀលនិងគោសាច់មិនទាន់ពេញសាច់ថ្លៃពី៧៥០០ទៅ៩៥០០រៀលក្នុងមួយគីឡូក្រាម ។
លោកលើកឡើងថា ការចិញ្ចឹមគោបើកសិករប្រលែងឱ្យដើរស៊ីស្មៅនៅតាមវាលឬនៅតាមទីទួល គោមិនងាយឡើងសាច់ទេ តែបើចិញ្ចឹមតាមក្បួនខ្នាតត្រឹមត្រូវ មានការសាងសង់រោង មានកន្លែងដំាស្មៅនិងមានការមើលថែបានដិតដល់ វាជួយឱ្យកសិករឆាប់ទទួលបានផល។ ជាក់ស្តែង លោកមាន គោលចំនួន៧ក្បាលក្រោយពីបានបំប៉នចំណីបានដឹកដល់ក្នុងរយៈពេល៣ខែ បន្ទាប់ពីលក់ចេញអស់ទាំង៧ក្បាល អាចបានលុយទិញគោចូលត្រឡប់មកវិញបានពី១០ទៅ ១៤ក្បាល៕