ពោធិ៍សាត់៖ ក្រោយពីបានដំាំដុះខ្ញីពូជចិនកាលពីខែមេសា នៅតំបន់អូរសោមខេត្តពោធិ៍សាត់ លោក ហ៊ុល សុធាម្ចាស់កសិដ្ឋានខ្ញីអូរសោម ចាប់ផ្តើមសាកល្បងប្រមូលផលខ្ញីដំបូងរបស់ខ្លួនបណ្តើរៗហើយ សម្រាប់ផ្គត់ផ្គង់ទៅលើទីផ្សារក្នុងស្រុកកាលពីសប្តាហ៍ទី២ខែវិច្ឆិកាកន្លងមកនេះ។
លោក ហ៊ុល សុធា បានឱ្យដឹងថា បច្ចុប្បន្នខាងកសិដ្ឋានកំពុងសាកល្បងប្រមូលផលខ្ញីជាបណ្តើរៗ ហើយបាននាំចេញទៅកាន់ទីផ្សារនៅក្នុងតំបន់សន្សឹមៗផងដែរ ក្នុងនោះផ្សារនៅខេត្តបាត់ដំបងនិងក្រុងភ្នំពេញ។ ការប្រមូលផលខ្ញីពូជចិនលើផ្ទៃដីជាង១០ហិកតានេះ ដើម្បីដកស្រង់បទពិសោធន៍ បច្ចេកទេស និងក៏ដូចជាការរក្សាទុកពូជខ្ញីដាំនៅគ្រាបន្ទាប់។
លោក ហ៊ុល សុធា លើកឡើងថា នៅពេលកន្លងមក លោកបានបញ្ជ្រាបផលិតផលខ្ញីអូសោម ចូលទីផ្សារក្នុងស្រុក នៅខាងបាត់ដំបងនិងទីផ្សារនៅភ្នំពេញមួយចំនួន សម្រាប់ចែកចាយបន្ត គេសរសើរថាគុណភាពខ្ញីដាំនៅតំបន់អូរសោមទាំងគុណភាព រសជាតិនិងភាពស្រស់របស់ខ្ញី ល្អជាងខ្ចីនាំចូលពីប្រទេសជិតខាង។
លោកបន្តថា “ការប្រមូលផលខ្ចីលើផ្ទៃដី១៣ហិកតានេះ ខ្ញុំគិតថាការផ្គត់ផ្គង់ទៅលើទីផ្សារជាចំណែកដ៏តូចមួយ ព្រោះបច្ចុប្បន្នតម្រូវការនៅក្នុងស្រុកប្រើប្រាស់ខ្ចីច្រើន ហើយនៅពេលខាងមុខនឹងមានការកាត់បន្ថយការនាំចូល ដោយសារការផលិតខ្ញីនៅក្នុងប្រទេសជិតខាង ផុតរដូវកាលប្រមូលផល។ដូចនេះបរិមាណខ្ញីដែលផលិតនៅតំបន់អូរសោមមិនអាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុកគ្រប់នោះទេ”។
ទាក់ទងនិងទីផ្សារក្នុងស្រុកនិងទីផ្សារនៅប្រទេសជិតខាងនាពេលបច្ចុប្បន្ន, បើតាមរយៈការសិក្សារបស់លោក ហ៊ុល សុធាកន្លងមកយល់ឃើញថា ការប្រើប្រាស់ខ្ចីមានទំហំធំណាស់។ សម្រាប់ទីផ្សារក្នុងស្រុក តាមការវាយតម្លៃបឋមក្នុងមួយថ្ងៃនៅក្រុងភ្នំពេញមានតម្រូវការប្រហែល៣០តោន និងនៅទីផ្សារក្នុងខេត្តបាត់ដំបងអាចមានចន្លោះពី១០ទៅ២០តោនក្នុងមួយថ្ងៃ។ដូចនេះបើគិតជាបរិមាណនៅក្នុងមួយខែៗឬ ក្នុងមួយឆ្នាំតម្រូវការខ្ញី មានរហូតដល់រាប់រយតោនឬច្រើនជាងនេះ។
លោកគូសបញ្ជាក់ថា “នៅថ្ងៃអនាគតបើសិនខ្ញុំអាចធ្វើការពង្រីកការដាំដុះខ្ចី នៅតំបន់អូរសោមបានទូលំទូលាយ វាជួយកាត់បន្ថយការចំណាកស្រុក វាជួយរកប្រាក់ចំណូលឱ្យសេដ្ឋកិច្ចជាតិបានមួយចំនួនធំបើប្រៀបធៀបជាមួយដំណាំរួមផ្សំផ្សេងទៀត។ពិសសជាងនេះដៃគូប្រកួតប្រជែងរបស់យើងមិនមែនប្រទេសជិតខាងទេ គឺប្រទេសដែលធ្វើការដាំខ្ចីធំៗនៅជាប្រទេសចិន ឥណ្ឌានិងប្រទេសប៉ាគីស្ថានជាដើម”៕