កសិករចិញ្ចឹមជ្រូកនៅតៃវ៉ាន់ជំរុញឱ្យចេញច្បាប់ ស្តីពីសម្គាល់ប្រភពដើមកំណើតសាច់ជ្រូក
តៃប៉ិ៖ កសិករចិញ្ចឹមជ្រូកនៅកោះតៃវ៉ាន់កំពុងជំរុញឱ្យរដ្ឋាភិបាលរបស់ខ្លួនអនុម័តច្បាប់ ស្តីពីការដាក់ស្លាកសញ្ញាសម្គាល់ដើមកំណើតផលិតផលកែច្នៃពីជ្រូក និងសាច់ជ្រូក ជាពិសេសចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីជាមួយសហរដ្ឋអាម៉េរិក ដែលនឹងកាត់បន្ថយពន្ធលើការនាំចូលសាច់ជ្រូកពីសហរដ្ឋអាម៉េរិក។ ប្រធានសមាគមចិញ្ចឹមជ្រូកនៅកោះតៃវ៉ាន់ បានសង្កត់ធ្ងន់លើតម្រូវការនៃការដាក់ស្លាកសញ្ញាសម្គាល់ឱ្យបានច្បាស់លាស់ ដើម្បីការពារទីផ្សារសាច់ជ្រូកក្នុងស្រុក ដោយសារផលិតផលសាច់ជ្រូកមួយចំនួនត្រូវគេបន្លៃថា ជាសាច់ជ្រូកតៃវ៉ាន់។ កាលពីសប្តាហ៍មុន ដោយសារតែព្រួយបារម្ភបែបនេះ ទើបកសិករចិញ្ចឹមជ្រូកក្នុងកោះតៃវ៉ាន់ បានអំពាវនាវឱ្យមានការអនុម័តច្បាប់ ស្តីពីការដាក់ស្លាកសញ្ញាសម្គាល់លើដើមកំណើតផលិតផលរបស់ខ្លួន ប្រសិនបើទីផ្សារក្នុងស្រុករបស់តៃវ៉ាន់ ត្រូវបើកឱ្យនាំចូលផលិតផលសាច់ជ្រូករបស់សហរដ្ឋអាម៉េរិក តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី។ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ កោះតៃវ៉ាន់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី ដោយប្តេជ្ញាកាត់បន្ថយអត្រាពន្ធនាំចូលសាច់ជ្រូករបស់សហរដ្ឋអាម៉េរិក។ ជាពិសេស អត្រាពន្ធលើជើងជ្រូក និងពោះវៀនជ្រូករបស់សហរដ្ឋអាម៉េរិក នឹងត្រូវកាត់បន្ថយពីអត្រាបច្ចុប្បន្ន១២,៥ភាគរយ មកនៅចន្លោះពី៦,៣ ទៅ១០ភាគរយ ក្នុងរយៈពេលបីឆ្នាំខាងមុខ បន្ទាប់ពីកិច្ចព្រមព្រៀងនេះចូលធរមាន។ ទន្ទឹមនឹងនេះដែរ ពន្ធគយលើការនាំចូលជើងជ្រូក និងគ្រឿងក្នុងជ្រូក ពីសហរដ្ឋអាម៉េរិកនឹងធ្លាក់ចុះភ្លាមៗ ពី១៥ភាគយ មកនៅត្រឹមតែ៧,៥ភាគរយ ដោយសារទំនិញទាំងនេះមិនស្ថិតក្រោមការអនុគ្រោះរយៈពេលបីឆ្នាំឡើយ។ ប្រធានសមាគមអ្នកចិញ្ចឹកជ្រូកកោះតៃវ៉ាន់ បាននិយាយថា លោកមិនបារម្ភអំពីការប្រកួតប្រជែងសាច់ជ្រូកតៃវ៉ាន់ទេ ដរាបណារដ្ឋាភិបាលអនុវត្តច្បាប់ ស្តីពីការដាក់ស្លាកសម្គាល់ដើមកំណើតផលិតផល។ លោកបាននិយាយទៀតថា ស្លាកសញ្ញាសម្គាល់ត្រូវដាក់លើផលិតផលធ្វើពីសាច់ជ្រូក និងសាច់ជ្រូក ដែលនាំចូលពីសហរដ្ឋអាម៉េរិក ដោយកត់សម្គាល់ថាផលិតផលសាច់ជ្រូកមួយចំនួនដែលលក់នៅតៃវ៉ាន់ត្រូវបានដាក់ស្លាកថាមកពីតៃវ៉ាន់ ប៉ុន្តែតាមពិតវាជាល្បាយនៃសាច់ជ្រូកគ្មានខ្លាញ់របស់តៃវ៉ាន់ និងសាច់ជ្រូកខ្លាញ់ដែលនាំចូលពីបរទេស។ លោកបានបញ្ជាក់ថា កោះតៃវ៉ាន់នាំចូលពីសហរដ្ឋអាម៉េរិកភាគច្រើន មានដូចជាជើងជ្រូក និងពោះវៀនជ្រូក […]