ចិនទិញស្រូវសាលីអាម៉េរិកលើកដំបូង ចាប់តាំងពីឆ្នាំ២០២៤ បន្ទាប់ពីមេដឹកនាំប្រទេសទាំងពីរជួបគ្នា
សិង្ហបុរី៖ ពាណិជ្ជករបាននិយាយនៅថ្ងៃនេះថា ប្រទេសចិនបានកក់ទំនិញស្រូវសាលីអាម៉េរិកចំនួនពីរកប៉ាល់ បន្ទាប់ពីកិច្ចប្រជុំមុន កាលពីសប្តាហ៍មុនរវាងមេដឹកនាំប្រទេសទាំងពីរ ដែលជាការទិញលើកដំបូងចាប់តាំងពីខែតុលា ឆ្នាំ២០២៤ ហើយបង្ហាញឱ្យឃើញនូវការបន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្មរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង។ ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ បានរាយការណ៍ថា វិនិយោគិនចិនបានស្វាគមន៍កិច្ចប្រជុំរវាងប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) និងមេដឹកនាំចិន លោក ស៊ី ជីនភីង (Xi Jinping) នៅប្រទេសកូរ៉េខាងត្បូង ដែលបានជួយបន្ធូរបន្ថយជម្លោះពាណិជ្ជកម្មរវាងប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីររបស់ពិភពលោក ហើយបានរំខានដល់លំហូរទំនិញ រួមទាំងផលិតផលកសិកម្មសំខាន់ៗផងដែរ។ កាលពីសប្តាហ៍មុន រដ្ឋាភិបាលទីក្រុងប៉េកាំង បានប្រកាសថា ចាប់ពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ខ្លួននឹងលុបចោលពន្ធនាំចូលសម្រាប់ទំនិញកសិកម្មអាម៉េរិកមួយចំនួន រួមបញ្ចូលទាំងការលុបចោលពន្ធ១៥ភាគរយលើការនាំចូលស្រូវសាលីអាម៉េរិក។ ប្រភពព័ត៌មានច្បាស់ការណ៍បាននិយាយថា ការទិញប្រហែល១២០,០០០តោនសម្រាប់ការដឹកជញ្ជូននៅក្នុងខែធ្នូ មានទំនិញស្រូវសាលីសរបស់សហរដ្ឋអាម៉េរិក។ ប្រភពដដែល បាននិយាយដូច្នេះថា «នេះគឺជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសចិន ក្នុងការទិញគ្រាប់ធញ្ញជាតិរបស់សហរដ្ឋអាម៉េរិក ដោយសារស្រូវសាលីរបស់សហរដ្ឋអាម៉េរិក មិនមែនជាស្រូវសាលីមានតម្លៃថោកនោះទេ»។ ប្រទេសចិន ដែលជាទីផ្សារធំបំផុតសម្រាប់កសិករអាម៉េរិក បានប្រើយុទ្ធសាស្ត្រមិនទិញនាំចូលស្រូវសាលីរបស់សហរដ្ឋអាម៉េរិក ធ្វើជាអាវុធសម្រាប់ចរចាសង្គ្រាមពាណិជ្ជកម្មដ៏មានប្រសិទ្ធភាពជាមួយសហរដ្ឋអាម៉េរិក។ បន្ទាប់ពីការយកពន្ធសងសឹកគ្នាជាច្រើនជុំ ពាណិជ្ជករចិនភាគច្រើនបានជៀសវាងមិនទិលទំនិញកសិផលរបស់សហរដ្ឋអាម៉េរិក រួមទាំងស្រូវសាលី និងសណ្តែកសៀង ដោយស្វែងរកប្រភពផ្គត់ផ្គង់ផ្សេងទៀត។ […]