ញូវដេលី៖ កសិករដាំចេកនៅរដ្ឋម៉ាឌីយ៉ាប្រាដេស កំពុងរាយការណ៍ពីការខាតបង់ប្រាក់ចំណួលរបស់ខ្លួន ដោយសារតម្លៃផ្លែចេកនៅតាមទីផ្សារធ្លាក់ចុះទាប នាំឱ្យអ្នកដំាចេកមួយចំនួនបង្ខំចិត្តឈូសបំផ្លាញចោលដើមចេក ដោយសារគ្មានអ្នកទិញ ព្រមទាំងមានតម្លៃថោកជាងថ្លៃដើមធាតុ ដែលបណ្តាលឱ្យកម្លាំងពលកម្ម និងការវិនិយោគរាប់ខែគ្មានផលចំណេញ។
តាមរយៈឃ្លីបវីដេអូបង្ហាញពីកសិករឥណ្ឌាប្រើត្រាក់ឈូសចោលដើមចេក ដែលគេបានថែរក្សាអស់រយៈពេលជាច្រើនខែកន្លងមក។ កសិករដាំចេក បាននិយាយរអ៊ូរទាំថា ពួកគេបានរង់ចាំពេលប្រមូលផលជាយូរមកហើយ ប៉ុន្តែទីបំផុតគ្មានជម្រើសអ្វីក្រៅពីឈូសចោលឱ្យស្រឡះដូចវាលស្រែឡើយ។ អ្នកដាំចេកខ្លះរៀបរាប់ថា ពួកគេបានវិនិយោគអស់ទឹកប្រាក់រាប់ម៉ឺនដុល្លារ បែរជាលក់បានប្រាក់បន្តិចបន្តួច មិនអាចទូទាត់សងថ្លៃដើមបានឡើយ។
ពួកកសិករបានពិពណ៌នាអំពីផលលំបាកផ្នែកហិរញ្ញវត្ថុ និងបញ្ហាផ្លូវចិត្ត ក្នុងការសម្រេចចិត្ត ឈូសបំផ្លាញចោលដំណាំចេក ដែលកំពុងពេញវ័យចេញត្រយូង។
ស្ថានភាពឈូសបំផ្កាញចោលចម្ការចេកនេះ កើតឡើងបន្ទាប់ពីអភិបាលរដ្ឋម៉ាឌីយ៉ាប្រាដេស បានលើកឡើងទាក់ទងនឹងគម្រោងកែច្នៃសរសែរបាចេក ធ្វើជាវត្ថុប្រើប្រាស់នាពេលអនាគត។
លោកអភិបាលរដ្ឋបានមានប្រសាសន៍ថា «យើងកំពុងរៀបចំបង្កើតរោងចក្រកែច្នៃយកសរសៃពីដើមចេកមកធ្វើជាអំបោះ។ សរសៃចេកនឹងត្បាញជាក្រណាត់»។
ចំណេកកសិករវិញ បានកត់សម្គាល់ឃើញថា គំនិតផ្តួចផ្តើមបែបនេះអាចបង្កើតឱកាសនាពេលអនាគត ប៉ុន្តែ ស្ថានភាពទីផ្សារនាពេលបច្ចុប្បន្នកំពុងធ្វើឱ្យកសិករជួបការលំបាក។
រដ្ឋម៉ាឌីយ៉ាប្រាដេស គឺជារដ្ឋមានដំណាំចេកធំជាងគេទីប្រាំពីរនៅក្នុងប្រទេសឥណ្ឌា ដែលមានទិន្នផលផ្លែចេកប្រចាំឆ្នាំជិត២,៥លានតោន ដែលស្មើជាង៦,៥ភាគរយនៃផលិតកម្មចេកសរុបរបស់ប្រទេសឥណ្ឌា។ កសិករដាំចេកបាននិយាយថា តួលេខផលិតកម្មខ្ពស់មិនប្រាកដថា តម្លៃមានស្ថេរភាព ឬយុត្តិធម៌នោះទេ ដែលធ្វើឱ្យកសិករងាយរងគ្រោះដោយសារការប្រែប្រួលទីផ្សារ។
ការឈូសបំផ្លាញចោលដើមចេកនៅក្នុងតំបន់នេះ បង្ហាញពីការប្រែប្រួលជាបន្តបន្ទាប់នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ផ្លែចេក និងទាមទារឱ្យមានដំណោះស្រាយចំពោះការខាតបង់របស់កសិករក្នុងអំឡុងពេលទីផ្សារមានតម្រូវការទាប និងតម្លៃចុះថោក៕










