ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចូលរួមការបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្ម នៅទីក្រុងអូក្លិន និងប្រកាសតែងតាំងប្រធានថ្មី អាណត្តិទី១

572764568_1273214894848796_2291219796817680984_n

ទីក្រុងអូក្លិន នូវ៉ែលហ្សេឡង់៖ ឯកឧត្តមបណ្ឌិត កៅ ថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជាសមាជិក និងជាតំណាងគណៈកម្មការបោះឆ្នោតជ្រើសតាំងសមាជិកការិយាល័យតំណាងសភាពាណិជ្ជកម្មប្រចាំទីក្រុងអូក្លិន ប្រទេសនូវ៉ែលហ្សេឡង់ ព្រមទាំងគណៈប្រតិភូ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយនៅទីក្រុងអូក្លិន ប្រទេសនូវ៉ែលហ្សេឡង់ គឺការរៀបចំពិធីប្រកាសបើកជាផ្លូវការនូវការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងអូក្លិន (Auckland) ប្រទេសនូវ៉ែលហ្សេឡង់។

ព្រឹត្តិការណ៍នេះ គឺជាជំហានថ្មីមួយដ៏សំខាន់ក្នុងការអនុវត្តយុទ្ធសាស្ត្រក្នុងការពង្រីកបណ្តាញសេដ្ឋកិច្ចរបស់កម្ពុជា ទៅកាន់តំបន់ប៉ាស៊ីហ្វិក និងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសនូវ៉ែលហ្សេឡង់។

ពិធីដ៏មានសារៈសំខាន់នេះ ត្រូវបានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីឥស្សរជនជាន់ខ្ពស់ និងតំណាងធុរជនសំខាន់ៗ  ក្នុងនោះរួមមាន៖

 * ឯកឧត្តមបណ្ឌិត ជឺនបូរាណ ច័ន្ទបូរី អគ្គរាជទូតកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ដែលជាតំណាងដ៏ខ្ពស់របស់ព្រះរាជាណាចក្រកម្ពុជា។

 * ឯកឧត្តម ហេង ស៊ីនឿន ទីប្រឹក្សាសម្តេចមហាបវរធិបតី ហ៊ុន មាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

 * ភ្ញៀវកិត្តិយសពិសេស រួមមាន វិនិយោគិន និងធុរជនដើមកំណើតខ្មែរ សញ្ជាតិនូវ៉ែលហ្សេឡង់ ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការផ្សារភ្ជាប់សេដ្ឋកិច្ចប្រទេសទាំងពីរ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានប្រកាសលទ្ធផលបោះឆ្នោត ដែលបានជ្រើសរើសលោក ឃួយ ម៉ៃខល ជាផ្លូវការ និងទទួលបានការអនុម័តជាប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងអូក្លិន ប្រទេសនូវ៉ែលហ្សេឡង់។

ឯកឧត្តមបណ្ឌិត កៅ ថាច បានគួសរំលេចពីសារៈសំខាន់នៃការបង្កើតការិយាល័យតំណាងនៅទីក្រុងអូក្លិន ដោយមានប្រសាសន៍ថា «នៅវេលានេះ ម៉ោងនេះ គឺត្រូវបានគេមើលឃើញថា ជាការវិនិយោគទុនការទូតសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា។ នូវ៉ែលហ្សេឡង់ ត្រូវបានទទួលស្គាល់ថា ជាមហាអំណាចមួយក្នុងវិស័យកសិកម្ម បច្ចេកវិទ្យាកសិកម្មទំនើប និងការកែច្នៃចំណីអាហារ ដែលជាវិស័យអាទិភាពក្នុងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា។ ការិយាល័យថ្មីនេះនឹងដើរតួនាទីជាទីប្រឹក្សា និងជាស្ពានតភ្ជាប់ដ៏មានប្រសិទ្ធភាពក្នុងការ៖

 * ផ្សព្វផ្សាយ និងទាក់ទាញការវិនិយោគជាកន្លែង ផ្តល់ព័ត៌មានលម្អិតអំពីច្បាប់វិនិយោគថ្មីរបស់កម្ពុជា  ភាពអនុគ្រោះពន្ធក្រោមក្របខ័ណ្ឌតំបន់ និងសកល (RCEP) និងសក្តានុពលនៃការវិនិយោគទៅលើវិស័យកែច្នៃកសិផល ឧស្សាហកម្ម និងបច្ចេកវិទ្យា។

 * ជំរុញការនាំចេញ ដោយបង្កើតវេទិកាសម្រាប់ផលិតផលកសិកម្ម និងសិប្បកម្មរបស់កម្ពុជា ឱ្យអាចជ្រៀតចូលទៅក្នុងទីផ្សារនូវ៉ែលហ្សេឡង់ ដែលផ្តោតលើគុណភាពខ្ពស់ និងសុវត្ថិភាពម្ហូបអាហារ។

 * ពង្រឹងកិច្ចសហប្រតិបត្តិការ៖ ភ្ជាប់ទំនាក់ទំនងរវាងធុរជន និងធុរជន (B2B) និងស្វែងរកឱកាសបណ្តុះបណ្តាលដើម្បីផ្ទេរបច្ចេកវិទ្យាទំនើបៗមកកម្ពុជា។

ក្នុងកម្មវិធីដ៏ឧឡារិកនោះដែរ ឯកឧត្តមបណ្ឌិត ជឺន បូរាណ ច័ន្ទបូរី  បានថ្លែងសុន្ទរកថាគន្លឹះ និងបានផ្តល់នូវសារណែនាំដ៏មានសារៈសំខាន់ ដែលជាត្រីវិស័យសម្រាប់ដឹកនាំការិយាល័យតំណាងថ្មី។

ឯកឧត្តមបណ្ឌិតអគ្គរាជទូត បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង  និងបានណែនាំដល់លោក ឃួយ ម៉ៃខល និងសហការីត្រូវផ្តោតជាចម្បង ដោយមានប្រសាសន៍ដូច្នេះថា “ការិយាល័យតំណាងនេះ គឺជាដៃគូយុទ្ធសាស្ត្ររបស់ស្ថានទូត ក្នុងការអនុវត្តគោលនយោបាយការទូតសេដ្ឋកិច្ច។ លោកប្រធានត្រូវបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថានទូត ដើម្បីធានាបាននូវការសម្របសម្រួលប្រកបដោយប្រសិទ្ធភាព។ ភារកិច្ចចម្បង គឺការផ្សព្វផ្សាយទីផ្សារសក្តានុពល ជាពិសេសលើកសិផល និងទំនិញកែច្នៃរបស់កម្ពុជា ទៅកាន់ទីផ្សារនូវ៉ែលហ្សេឡង់ ដើម្បីពង្រីកចំណែកទីផ្សារឱ្យបានទូលំទូលាយ។”

ជាការឆ្លើយតបពីមតិផ្តាំផ្ញើរបស់គណៈអធិបតី  លោក ឃួយ ម៉ៃខល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទុកចិត្តរបស់ថ្នាក់ដឹកនាំ និងបានប្រកាសពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់លោកថា “ខ្ញុំសូមប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ថា ខ្ញុំនឹងប្រើប្រាស់បទពិសោធន៍ ជំនាញ និងបណ្តាញទំនាក់ទំនងផ្ទាល់ខ្លួនទាំងអស់ ដើម្បីធ្វើឱ្យការិយាល័យតំណាងរបស់យើងនៅអូក្លិននេះ ក្លាយជាស្ពានតភ្ជាប់ប្រកបដោយប្រសិទ្ធភាពបំផុត។ ខ្ញុំនឹងជំរុញការផ្សព្វផ្សាយអំពីសក្តានុពល ‘កសិកម្មស្អាត’ និង ‘ទំនិញមានគុណភាព’ របស់កម្ពុជា ទៅកាន់ទីផ្សារនូវ៉ែលហ្សេឡង់ និងតំបន់ប៉ាស៊ីហ្វិក ដោយឈរលើគោលការណ៍តម្លាភាព។ ខ្ញុំនឹងខិតខំធ្វើការជាមួយវិនិយោគិនដើមកំណើតខ្មែរនៅទីនេះ ដើម្បីបង្វែរមនោសញ្ចេតនាមាតុភូមិ ឱ្យក្លាយជា ទុនវិនិយោគពិតប្រាកដ ត្រឡប់ទៅបម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ចជាតិមាតុភូមិវិញ។ ខ្ញុំនឹងមិនទុកឱ្យការទុកចិត្តដ៏ឧត្តុង្គឧត្តមនេះខកបំណងឡើយ!”៕


photo_2026-03-27_12-24-27
អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ និង​កសិកម្ម​ បាន​ចូល​ផ្តល់​បទបាឋកថា​ ក្នុង​ឱកាស​កម្មវិធី​ខួប​១៥​ឆ្នាំ​ របស់​ក្រុមហ៊ុន​អេម​រុរ៉ាយស៍

ភ្នំពេញ​៖​ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម​បណ្ឌិត​ កៅ​ ថាច​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ និង​កសិកម្ម​ (ARDB) បាន​អញ្ជើញ​ចូល​រួម​ផ្តល់​បទ​បាឋកថា​ខ្លី​ ក្នុង​កម្មវិធី​ខួប​១៥ឆ្នាំ​ នៃ​ការកកេីត​ ក្រុមហ៊ុន អេមរុរ៉ាយស៍​ (AMRU RICE)។ ឯកឧត្តម​បណ្ឌិត​ប្រតិភូ​ បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ក្រុមហ៊ុន​ អេមរុរ៉ាយស៍ ដែល​បាន​ចូល​រួម​ក្នុង​ការកែ​ច្នៃ​ និង​នាំចេញ​អង្ករ​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ពិភពលោក​ ប្រកបដោយ​ស្តង់ដារ​គុណភាព​ទទួល​ជា​អន្តរជាតិ​។ ក្នុង​ឱកាស​នេះ​ ឯកឧត្ដម​បណ្ឌិត​ប្រតិភូ​បាន​លេីក​ឡេីង​ពី​ចំណុច​សំខាន់​មួយ​ចំនួន​រួម​មាន អង្ករ​កម្ពុជា​ គឺ​មិន​មែន​ត្រឹម​តែ​ជា​ផលិត​កសិកម្ម​នោះ​ទេ​ ប៉ុន្តែ​ជាអង្ករតំណាងឱ្យ​ជីវភាព​រស់នៅ​របស់​ប្រជាកសិករ​ ភាព​ខ្លាំង​នៃ​សេដ្ឋកិច្ច​កម្ពុជា​ និង​មោទនភាព​ជាតិ។ លើសពីនេះ អង្ករ​ខ្មែរមួយ​គ្រាប់​ៗ​ បាន​បង្ហាញ​អំពី​ភាព​អត់ធ្មត់​ និង​ការ​តស៊ូ​របស់​ប្រជា​កសិករ​ខ្មែរ​ ពី​វាល​ស្រែ​ ដល់​រោង​ម៉ាស៊ីន​កិន​ស្រូវ​ និង​ពី​កំពុង​ផែ​កម្ពុជា​ដល់ទីផ្សារ​អន្តរជាតិ​។ ឯកឧត្តម​បណ្ឌិត​ កៅ​ ថាច បានបន្ថែមទៀតថា វិស័យ​ស្រូវ​អង្ករ​ គឺ​ជាវិស័យ​មួយទាមទារ​ឲ្យ​មាន​ការ​អត់​ធ្មត់​ ការខិតខំប្រឹង​ប្រែង​ ការ​តស៊ូ​ និង​ការ​បត់បែន​តាម​ស្ថាន​ភាពនៃការប្រែប្រួល​អាកាសធាតុ​ ដែលតម្រូវឱ្យកសិករទាំងអស់ត្រូវតែគិតគូអំពីការធ្វេីកសិកម្ម​ ប្រកបដោយចីរភាព​ (Sustainable Agriculture)  សំដៅធានានូវសន្តិសុខស្បៀង៕

654440425_1375215654640916_375651046290228999_n
អង្គការ WCS និងក្រសួងកសិកម្ម បន្តកិច្ចសហការការពារសត្វជិតផុតពូជ និងធនធានជលផលនៅកម្ពុជា

ដោយ៖ នៅ ស៊ីវុត្ថា ភ្នំពេញ៖ អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងគម្រោងរយៈពេលប្រាំឆ្នាំ ដើម្បីបន្តការប្តេជ្ញាចិត្តរួមគ្នាក្នុងការការពារធនធានជលផលដ៏សំខាន់របស់កម្ពុជា នៅតាមប្រព័ន្ធព្រែកស្រែអំបិល និងទន្លេមេគង្គ។ ពិធីចុះហត្ថលេខានេះ បានធ្វើឡើងនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាពឯកឧត្តម សរ ចិត្រា អគ្គលេខាធិការក្រសួង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងឱកាសនេះ ក៏មានការចូលរួមពីដៃគូអភិរក្សសំខាន់ៗផងដែរ រួមមានអង្គការអភិរក្សអន្តរជាតិ (CI) និងសម្ព័ន្ធសត្វព្រៃ និងធម្មជាតិ (WEA) ដែលបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាមួយក្រសួង ក្នុងពេលតែមួយ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គកាសមាគមអភិរក្សសត្វព្រៃ បានឱ្យដឹងថា ការចុះហត្ថលេខានេះ មិនត្រឹមតែពង្រឹងភាពជាដៃគូយូរអង្វែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងចក្ខុវិស័យរួម ដើម្បីបង្កើនប្រសិទ្ធភាពការងារអភិរក្សនៅក្នុងឆ្នាំខាងមុខផងដែរ។ ប្រភពដដែលបានបញ្ជាក់ថា កិច្ចសហការនេះនឹងបន្តផ្តោតលើការការពារប្រភេទសត្វសំខាន់ៗ ដែលមានតម្លៃ និងសារៈសំខាន់ជាសកល រួមមាន សត្វអណ្តើកហ្លួង ក្រពើភ្នំ កន្ធាយក្បាលកង្កែប និងត្រីបបែលយក្សទឹកសាប។ គោលបំណងសំខាន់មួយនៃគម្រោងនេះ […]

Indonesia_Indramayu-Farmers
ឥណ្ឌូណេស៊ីជំរុញកសិករឱ្យប្រើពូជស្រូវ ដែលអាចស៊ូនឹងគ្រោះរាំងស្ងួត

ហ្សាការតា៖ ក្រសួងកសិកម្មឥណ្ឌូណេស៊ី កំពុងលើកទឹកចិត្តដល់កសិកររបស់ខ្លួនឱ្យប្រើប្រាស់ពូជស្រូវណាអាចស៊ូទ្រាំនឹងគ្រោះរាំងស្ងួត ខណៈរដូវប្រាំងឆ្នាំ២០២៦ ត្រូវបានព្យាករណ៍ថា នឹងចូលមកដល់ឆាប់ជាងបណ្តាឆ្នាំមុនៗ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម ឥណ្ឌូណេស៊ី លោក អានឌី អាំរ៉ាន ស៊ូឡៃម៉ាន (Andi Amran Sulaiman) បានណែនាំដល់រដ្ឋាភិបាលក្នុងតំបន់ទាំងអស់ឱ្យចាត់វិធានការបង្ការជាបន្ទាន់ រាប់ចាប់ពីការធ្វើផែនទីតំបន់ងាយរងគ្រោះដោយគ្រោះរាំងស្ងួត រហូតដល់ការពង្រឹងប្រព័ន្ធគ្រប់គ្រងព្រមាន។ លោករដ្ឋមន្ត្រីបានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសប្តាហ៍មុនថា កសិករត្រូវប្រើប្រាស់ពូជស្រូវណា ដែលស្រាលឆាប់ចេញផ្លែ និងធន់នឹងគ្រោះរាំងស្ងួត ឬពូជស្រដៀងគ្នាផ្សេងទៀត ដើម្បីរក្សាកម្រិតផលិតកម្មក្នុងគ្រោះរាំងស្ងួតមុនរដូវប្រាំងចូលមកដល់។ លើសពីនេះ ក្រសួងកសិកម្មកំពុងជំរុញការគ្រប់គ្រងទឹកឱ្យកាន់តែប្រសើរឡើងតាមរយៈប្រព័ន្ធធារាសាស្ត្រ ម៉ាស៊ីនបូមទឹក និងបំពង់ទឹក ក៏ដូចជាការពន្លឿនកាលវិភាគនៃការដាំដុះនៅក្នុងមជ្ឈមណ្ឌលផលិតកម្មស្រូវផ្សេងៗ។ ចំណែកទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រ បានព្យាករណ៍ថា រដូវប្រាំងនឹងមកដល់ឆាប់ៗនេះ នៅតាមតំបន់មួយចំនួនក្នុងប្រទេសឥណ្ឌូណេស៊ី រួមមានផ្នែកខ្លះនៃកោះស៊ូម៉ាត្រា កោះជ្វា កោះបាលី កោះនូសាតេងការ៉ា និងកោះកាលីម៉ាន់តាន់ ភាគខាងត្បូង និងភាគខាងកើត កោះស៊ូឡាវ៉េស៊ី កោះម៉ាលូគូ និងផ្នែកខ្លះនៃកោះប៉ាពួ នៃប្រទេសឥណ្ឌូណេស៊ី។ លោករដ្ឋមន្ត្រីបានព្រមានថា “លក្ខខណ្ឌអាកាសធាតុបែបនេះអាចបង្កឱ្យមានគ្រោះរាំងស្ងួតលើផ្ទៃដីកសិកម្ម ប្រសិនបើមិនបានគិតទុកជាមុន។” ព្រមជាមួយគ្នានេះដែរ ប្រធានទីភ្នាក់ងារជំនាញរបស់ក្រសួងកសិកម្ម បានពន្យល់ថា ក្រសួងបានបង្កើតពូជស្រូវល្អៗជាច្រើនប្រភេទ ដែលអាចសម្របខ្លួនទៅនឹងលក្ខខណ្ឌគ្រោះរាំងស្ងួត។ […]

photo_2026-03-25_20-37-57
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចូលរួមបើកសិក្ខាសាលា ស្តីពីការពន្លឿនហិរញ្ញប្បទានបៃតងប្រកបដោយបរិយាបន្ននៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ បាន​​អញ្ជើញចូលរួមបើកសិក្ខាសាលា ស្តីពីការពន្លឿនហិរញ្ញប្បទានបៃតងប្រកបដោយបរិយាបន្ននៅកម្ពុជា តាមរយៈការពង្រឹងស្ថាប័នហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍប្រកបដោយភាពធន់នឹងអាកាសធាតុ និងចីរភាព នៅទីស្នាក់ការកណ្តាលរបស់ធនាគារ  (ARDB) នារាជធានីភ្នំពេញ។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីលោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងលោកស្រី Kyunghee Jeong ប្រធានគ្រប់គ្រងជាន់ខ្ពស់នៃក្រុមធុរកិច្ចអាកាសធាតុ នៃធនាគារអភិវឌ្ឍន៍កូរ៉េ (KDB) ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ និងបុគ្គលិកបច្ចេកទេសពីស្ថាប័នជាសមាជិក CMA តំណាងពី ARDB ក្រុមហ៊ុន Mekong Strategic Capital (MSC) អង្គការ Water.org និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធផ្សេងទៀត។ គោលបំណងនៃសិក្ខាសិលានេះ លើកកម្ពស់ការយល់ដឹងទូទាំងវិស័យអំពីហិរញ្ញវត្ថុបៃតង និងបរិយាបន្ន , ពង្រឹងចំណេះដឹងអំពីឱកាសហិរញ្ញប្បទានសម្រាប់ការកាត់បន្ថយ និងការសម្របខ្លួននឹងការប្រែប្រួលអាកាសធាតុ , លើកកម្ពស់ការអភិវឌ្ឍគម្រោង ដែលអាចទទួលបានហិរញ្ញប្បទានសម្រាប់ការវិនិយោគមានធន់នឹងអាកាសធាតុ , បង្ហាញអំពីរចនាសម្ព័ន្ធ CCFF បណ្តាញហិរញ្ញប្បទានលក្ខណៈវិនិច្ឆ័យសិទ្ធិទទួលបាន […]

កាលវិភាគផ្សព្វផ្សាយ