វេទិកាផ្គូផ្គងរវាងគ្រឹះស្ថានហិរញ្ញវត្ថុ ជាមួយកសិធុរកិច្ចសហគមន៍កសិកម្មនឹងជំរុញការបញ្ចេញឥណទានពីគម្រោង ACSEPឱ្យកើនដល់៥១លានដុល្លារត្រឹមឆ្នាំ២០២៧

photo_2025-10-24_08-27-34

ដោយ ឡុង សារេត

ភ្នំពេញ៖ និយ័តករបរធនបាលកិច្ច ដែលជាអង្គភាពអនុវត្តគម្រោង ACSEPបានដំណើរការសកម្មភាពការងាររបស់ខ្លួនដោយរលូន និងទទួលបានលទ្ធផលយ៉ាងល្អ ដោយផ្តល់កម្ចីជូនអតិថិជនជិត១៦លានដុល្លារ ដល់អតិថិជនចំនួន៦៦០នាក់ ព្រមទាំងជួយសម្របសម្រួល និងផ្តល់ប្រឹក្សាបច្ចេកទេសដល់គ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីគាំទ្រដល់ខ្សែសង្វាក់ផលិតកម្មកសិកម្មឱ្យបានសម្រេចតាមផែនការ ដែលបានគ្រោងទុកនូវទំហំទឹកប្រាកចំនួន៥១លានដុល្លារនៅឆ្នាំ២០២៧។

ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនិយ័តករបរធនបាលកិច្ច នៅក្នុងវេទិកាស្តីពី “ការផ្គូផ្គងរវាងគ្រឹះស្ថានហិរញ្ញវត្ថុ ជាមួយកសិធុរកិច្ចសហគមន៍កសិកម្ម និងពិធីតាំងបង្ហាញផលិតផលកសិកម្ម ក្រោមហិរញ្ញប្បទានគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP)” កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥នេះ បានមានប្រសាសន៍ថា និយ័តករបរធនបាលកិច្ច ដែលជាអង្គភាពអនុវត្តគម្រោង ACSEPបានដំណើរការសកម្មភាពការងាររបស់ខ្លួនដោយរលូន និងទទួលបានលទ្ធផលល្អគួរជាទីមោទនៈ។

ជាក់ស្តែងគិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ គ្រឹះស្ថានហិរញ្ញវត្ថុដៃគូចំនួនពីរ ទទួលបានហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សម្រាប់ប្រតិបត្តិការផ្តល់កម្ចីជូនអតិថិជនរបស់គម្រោងបានជិត១៦លានដុល្លារ ឬប្រហាក់ប្រហែល៣១ភាគរយ នៃទំហំឥណទាន ដែលបានគ្រោងទុកសរុប៥១លានដុល្លារ,ផ្តល់កម្ចីជូនអតិថិជនគោលដៅនៃគម្រោងបានចំនួន៦៦០អតិថិជនក្នុងទឹកប្រាក់កម្ចីសរុបចំនួនជិត១៤លានដុល្លារ ឬប្រហែលជាង៨៧ភាគរយនៃឥណទាន ដែលនៅសល់មិនទាន់ស្នើសុំពីធនាគារ ADBមានចំនួន៣៥លានដុល្លារ។

ឯកឧត្តមបានមានប្រសាសន៍លើកឡើងថា បើទោះជាការអនុវត្តគម្រោងកំពុងតែទទួលបានវឌ្ឍនភាពជាវិជ្ជមានក៍ដោយ ប៉ុន្តែមិនទាន់ឆ្លើយតបទៅនឹងបំណងប្រាថ្នា និងចក្ខុវិស័យរបស់និយ័តករបរធនបាលកិច្ច ដែលជាអង្គភាពអនុវត្តគម្រោងនៅឡើយ។ ហេតុដូច្នេះ ទើបមានការរៀបចំវវេទិកាផ្គូផ្គងនេះឡើង ក្នុងគោលបំណងជំរុញនូវការបញ្ចេញឥណទាន ដែលមានទំហំធំៗបន្ថែមទៀត។ និយ័តករបរធនបាលកិច្ចមានគោលបំណងយ៉ាងមុតស្រួចក្នុងការសម្របសម្រួល និងផ្តល់ប្រឹក្សាបច្ចេកទេសដល់គ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីបញ្ចេញឥណទានគាំទ្រដល់ខ្សែសង្វាក់ផលិតកម្មកសិកម្ម ឱ្យបានសម្រេចតាមផែនការ ដែលបានគ្រោងទុកចំនួន៥១លានដុល្លារឱ្យអស់ក្នុងឆ្នាំ២០២៧ និងត្រៀមលក្ខណៈដើម្បីស្នើសុំដៃគូអភិវឌ្ឍន៍ពិចារណាបន្ថែមហិរញ្ញប្បទានសម្រាប់ប្រតិបត្តិការផ្តល់កម្ចីបន្ថែមទៀតរហូតដល់ឆ្នាំ២០២៩។

ឯកឧត្តម សុខ ដារ៉ា បានគូសបញ្ជាក់ថា “ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ និយ័តករបរធនបាលកិច្ចបានពង្រីកបន្ថែមនូវគ្រឹះស្ថានហិរញ្ញវត្ថុចំនួនប្រាំមួយបន្ថែមទៀត ដើម្បីសម្រួលដល់ការទទួលបានកម្ចីឱ្យមានលក្ខណៈកាន់តែងាយស្រួលដល់កសិធុរកិច្ច ក៏ដូចជាសហគមន៍កសិកម្ម សម្រាប់ការអនុវត្តក្នុងឆ្នាំបន្តបន្ទាប់។ បច្ចុប្បន្នការរៀបចំបែបបទនីតិវិធីដើម្បីបញ្ចូលគ្រឹះស្ថានហិរញ្ញវត្ថុទាំងនោះក៏ជិតរួចរាល់ហើយដែរ ព្រមទាំងបានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីនីតិវិធីប្រតិបត្តិហិរញ្ញប្បទានខ្សែច្រវាក់តម្លៃកសិកម្មដល់មន្ត្រីបង្គោលនៃគ្រឹះស្ថានហិរញ្ញវត្ថុទាំងប្រាំមួយ  ដោយគ្រោងធ្វើនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥នេះដែរ”។

នៅក្នុងឱកាសនេះផងដែរ, ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គលេខាធិការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងជានាយកគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្មសម្រាប់សមាសភាគទី១ បានមានប្រសាសន៍ថា វេទិកាថ្ងៃនេះ គឺពិតជាមានសារសំខាន់ណាស់សម្រាប់កសិធុរកិច្ច និងសហគមន៍កសិកម្មរបស់យើង ក្នុងការចាប់ឱកាសទទួលបាននូវប្រាក់កម្ចីជាមួយនិងលក្ខខណ្ឌអនុគ្រោះ ដើម្បីយកទៅគាំទ្រដល់ខ្សែសង្វាក់ផលិតកម្មកសិកម្មរបស់ខ្លួន។

ជាក់ស្តែងថ្ងៃនេះ ការដាក់តាំងបង្ហាញនូវផលិតផលកសិកម្មមួយចំនួន ដែលជាស្នាដៃរបស់សហគមន៍កសិកម្ម និងកសិធុរកិច្ច ដែលបានទទួលកម្ចីពីគម្រោងកន្លងមក ដែលគិតមកដល់ពេលនេះកម្ចីបានផ្តល់ជូនអតិថិជនសរុបចំនួន៦៦០ នក់ជាមួយនឹងថវិកា ដែលបានផ្តល់សរុបជិត១៤លានដុល្លារ។

ឯកឧត្តមបន្តទៀតថា មកដល់ពេលនេះប្រតិបត្តិការឥណទានគម្រោង ACSEP បាននិងកំពុងមានវឌ្ឍនភាពឆ្ពោះទៅមុខយ៉ាងល្អប្រសើរ។ ការផ្តល់កម្ចីជាមួយនិងលក្ខខណ្ឌអនុគ្រោះដល់ក្រុមកសិធុរកិច្ច និងសហគមន៍កសិកម្មក៍កំពុងមានសន្ទុះកើនឡើង ដែលនេះមិនត្រឹមតែជួយសម្រួលដល់ការទទួលបានទុន ដើម្បីគាំទ្រដល់ខ្សែសង្វាក់ផលិតកម្មកសិកម្មប៉ុណ្ណោះទេ ប៉ុន្តែវាបានចូលរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាល ក្នុងកិច្ចខិតខំប្រឹងប្រែងរក្សាឱ្យបាននូវលំនឹងនៃស្ថានភាពអាជីវកម្មកសិកម្មរបស់បងប្អូនអាជីវករ និងតម្រូវការផ្គត់ផ្គង់ស្បៀងក្នុងស្រុក។

គួររំលឹកថា គម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម គឺជាគម្រោងដែលផ្តួចផ្តើមឡើងដោយរាជរដ្ឋាភិបាលក្នុងគោលបំណងរួមចំណែកក្នុងការពង្រឹងខ្សែច្រវាក់តម្លៃនៃផលិតផលកសិកម្ម ដែលមានលក្ខណៈប្រកួតប្រជែងមួយចំនួនមានដូចជា៖ ដំឡូងមី ផ្លែស្វាយ ស្វាយចន្ទី បន្លែ និងមាន់ នៅក្នុងខេត្តចំនួនប្រាំមួយ ប៉ុន្តែក្នុងឆ្នាំ២០២៥នេះ ត្រូវបានពង្រីកវិសាលភាពនៃការអនុវត្តបន្ថែមចំនួនប្រាំខេត្តទៀត ដូច្នេះឡើងដល់ទៅ១១ខេត្ត រួមមានខេត្តកំពង់ចាម កំពង់ធំ ឧត្តរមានជ័យ ព្រះវិហារ សៀមរាប ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង កំពង់ស្ពឺ តាកែវ និងខេត្តព្រៃវែង។

បច្ចុប្បន្នគម្រោងមានទំហំឥណទានសរុបចំនួន៥១លានដុល្លារ (ទំហំឥណទានអាចនឹងត្រូវបានបង្កើនបន្ថែមក្រោយការអនុវត្តជោគជ័យជំហាន១) ដែលនឹងជួយសម្រួលដល់ក្រុមអ្នកទទួលផលនូវការទទួលបានកម្ចីជាមួយអត្រាការប្រាក់ទាប និងលក្ខខណ្ឌអនុគ្រោះ តាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុអន្តរការីចំនួនពីរ ដែលបច្ចុប្បនមានធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងធនាគារស្ថាបនា៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ