ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី អញ្ជើញសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករ ក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល

2025-09-28 17.38.50

ស្រុកខ្សាច់កណ្ដាល ខេត្កកណ្ដាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងសហការី នៅថ្ងៃអាទិត្យទី២៨ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ស្ថិតនៅក្នុងវិទ្យាល័យ ហ៊ុនសែន រ៉ូតា ខ្សាច់កណ្ដាល។

នៅក្នុងពិធីសំណេះសំណាលនេះ ក៏មានការអញ្ជើញចូលរួមពីលោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាល សមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក នាយក នាយករងរដ្ឋបាលសាលាស្រុក ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ប្រធានក្រុមប្រឹក្សាឃុំទាំង១២ មន្ត្រីកសិកម្មឃុំ សរុបទាំងអស់ចំនួន៥០០នាក់ ក្នុងនោះមានប្រជាកសិករចំនួន៤៦២នាក់។

ឯកឧត្តមបណ្ឌិត កៅ ថាច  បានមានប្រសាសន៍ក្នុងឱកាសនេះថា ការជួបជុំថ្ងៃនេះ ក្នុងនាមជាកូនកសិករម្នាក់ចេញមកពីតំបន់ជនបទរស់នៅឯជាយដែន ពិតជាមានមោទនភាពលើវិស័យកសិកម្ម ដែលជាមុខរបរស្នូលមួយបានចិញ្ចឹមប្រជាជនរាប់លាននាក់រស់នៅប្រកបដោយឥស្សរភាព សេចក្តីថ្លៃថ្នូរ និងសុខភាពល្អ ដែលនេះជាកេរិ៍មរតកតាំងពីដូនតាយើងមក។ កសិករជាមូលដ្ឋានគ្រឹះនៃការរស់នៅរបស់មនុស្ស ហើយក៏ជាឆ្នាំងបាយរបស់មនុស្សជាតិ ជាពិសេស ជាឆ្នាំងបាយរបស់ប្រជាជាតិខ្មែរចាប់ពីពេលក៏កើតទឹកដីខ្មែរមកម៉្លេះ។ ដូច្នេះ យើងពិតជាមានមោទនភាព ដែលបានចាប់យករបរកសិកម្មនេះ។

ក្នុងន័យនេះ ឯកឧត្តមបណ្ឌិតប្រតិភូក៏បានមានប្រសាសន៍ថា ការបង្កើតបណ្ដាញកសិករតេជោនេះឡើង​ គឺកើតចេញពីការស្រឡាញ់ពេញចិត្តលើការងារកសិកម្ម និងយល់ច្បាស់ពីគុណតម្លៃរបស់កសិករ ដែលជាសសរស្តម្ភមួយសម្រាប់ទ្រទ្រង់ដល់ជីវភាពរស់នៅរបស់ប្រជាជនយើង ពីព្រោះកសិករជាបេះដូងរបស់ប្រទេសជាតិយើង ជាពិសេសបើនិយាយពីមោទនភាពជាតិខ្មែរ គឺយើងទាំងអស់គ្នាតែងតែមើលឃើញក្នុងរូបារម្មណ៍ភ្លាម នូវវាលស្រែពណ៌មាស ដើមត្នោត និងបឹងទន្លេសាប ដែលផ្តល់អាហារដ៏សំខាន់ដល់ជាតិខ្មែរទាំងមូលតាំងពីដូនតាមក មិនមែនអគារខ្ពស់នៅទីក្រុងធំៗនោះទេ។

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតប្រតិភូបានពន្យល់ដល់កសិករទៀតថា រឿងកសិកម្ម តម្លៃស្រូវ ដែលបញ្ហានេះមិនមែនជួបតែកម្ពុជាយើងនោះទេ  តាមការអង្កេតតម្លៃអង្ករនៅទីផ្សារអន្តរជាតិ​ បានទាញតម្លៃស្រូវយើងធ្លាក់ចុះ ហើយម្យ៉ាងទៀត  ដោយសារការស្តុកអង្ករពិភពលោកឆ្នាំមុន (២០២៤) នៅសល់ច្រើន ហើយបន្តប្រើប្រាស់ និងលក់ក្នុងឆ្នាំនេះ (២០២៥) ជាពិសេស ប្រទេសធំៗ រួមមាន ឥណ្ឌា ឥណ្ឌូណេស៊ី និងប្រទេសហ្វីលីពីន ដែលការណ៍នេះ ធ្វើឱ្យតម្រូវការអង្ករមានការថយចុះ សង្ឃឹមថា តម្លៃអង្ករនឹងល្អវិញនៅចុងឆ្នាំនេះ។

បន្ទាប់ពីបានស្តាប់មតិលើកឡើងរបស់កសិករមកពីតាមបណ្តាឃុំ ក្នុងស្រុកខ្សាច់កណ្តាល ជុំវិញបទពិសោធន៍ផលិតស្រូវរួចមក ឯកឧត្តមបណ្ឌិតប្រតិភូក៏បានផ្តល់អនុសាសន៍ថា ការធ្វើកសិកម្ម និងដាំដុះដំណាំគ្រប់ប្រភេទក៏ដោយ គឺត្រូវរកឱ្យឃើញតម្លៃដើមផលិតក្នុងមួយឯកតា ឧទាហរណ៍ ផលិតស្រូវមួយគីឡូក្រាម ត្រូវចំណាយប្រាក់អស់ប៉ុន្មានរៀល ឬចិញ្ចឹមមាន់មួយក្បាលរហូតដល់ថ្ងៃចាប់លក់ ចំណាយអស់ប៉ុន្មានរៀល ទើបយើងរកផលចំណេញឃើញ។ និយាយបែបនេះ គឺដើម្បីប្រែក្លាយបងប្អូនទៅជាកសិករសហគ្រិន។  ម្យ៉ាងទៀត ការចងក្រងជាបណ្តាញ ឬជាក្រុមអ្នកផលិតក្នុងស្រុកខ្សាច់កណ្តាលឱ្យបានកាន់តែច្រើន​ គឺជារឿងសំខាន់សម្រាប់ផ្គត់ផ្គង់ឱ្យបានជាប់ជាប្រចាំលើទីផ្សារប្រកបដោយគុណភាព តម្លៃសមរម្យ ដើម្បីកាត់បន្ថយថ្លៃដើមផលិត និងមានភាពប្រកួតប្រជែងខ្ពស់។

ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតប្រតិភូបានអំពាវនាវឱ្យបងប្អូនប្រជាកសិករ ចូលរួមជាមួយនឹងសមាគមបណ្តាញកសិករតេជោ ដែលបង្កើតឡើងក្នុងបំណងបម្រើបងប្អូនប្រជាកសិករ ពោលគឺសមាគមនឹងធ្វើជា៖ (១) ខែល ឬឆ័ត្រ សម្រាប់កសិករជ្រក​ គឺចូលរួមការពារភាពត្រឹមត្រូវ ឬស្របច្បាប់របស់កសិករ ឬការពារមិនឱ្យមានការំលោភបំពាន គៃចំណេញលើកសិករ និង(២) សមាគមធ្វើជាស្ពានឱ្យបងប្អូនដើរ ឬក៏តភ្ជាប់ទៅនឹងឱកាសផ្សេងៗ ដូចជាឱកាសទទួលបានបច្ចេកទេស និងព័ត៌មានទីផ្សារ ជាពិសេសជាស្ពានសម្រាប់តភ្ជាប់សំឡេងរបស់កសិករទៅស្ថាប័នមានសមត្ថកិច្ច ឬសហគមជាតិ និងអន្តរជាតិ ដោយមិនត្រូវទុកសំឡេងរបស់កសិករណាម្នាក់ចោលឡើយ។

សមាគមបណ្តាញកសិករតេជោ ត្រូវបានបង្កើតឡើងក្នុងគោលបំណងចូលរួមការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទ តាមរយៈការលើកកម្ពស់ផលិតភាពកសិកម្ម ចូលរួមសម្របសម្រួលធ្វើពិពិធកម្មកសិកម្ម និងកសិពាណិជ្ជកម្ម ដោយផ្តល់សេវាបច្ចេកទេស ការផ្សព្វផ្សាយកសិផល និងការផ្តល់ព័ត៌មានទីផ្សារផលិតផលកសិកម្ម៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ