ហាណូយ៖ រដ្ឋាភិបាលវៀតណាមបានស្នើឱ្យសហរដ្ឋអាម៉េរិកពិចារណាឡើងវិញនូវការសម្រេចហាមឃាត់ការនាំចេញអាហារសមុទ្រវៀតណាមមួយចំនួនទៅកាន់ទីផ្សារអាម៉េរិក ដែលនឹងចាប់ផ្តើមនៅឆ្នាំក្រោយ គឺជាផលប៉ះពាល់ដ៏ខ្លាំងដល់សេដ្ឋកិច្ច ដែលបានរងគ្រោះដោយពន្ធរបស់សហរដ្ឋអាម៉េរិករួចទៅហើយ។
ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋមន្ត្រីក្រសួងឧស្សាហ៍កម្ម និងពាណិជ្ជកម្មវៀតណាម លោក ង្វៀន ហុងឌៀន (Nguyen Hong Dien) កាលពីថ្ងៃទី១៥ ខែកញ្ញា បានផ្ញើលិខិតមួយច្បាប់ទៅរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាម៉េរិក លោក ហាវវើដ លូតនិក (Howard Lutnick) ដើម្បីសុំឱ្យ “ពិចារណាឡើងវិញ” នៃការសម្រេចចិត្តកាលពីខែសីហា ដោយរដ្ឋបាលមហាសមុទ្រ និងបរិយាកាសជាតិអាម៉េរិក បានកំណត់ថាវិធីសាស្រ្តនេសាទមួយចំនួនរបស់វៀតណាម បង្កហានិភ័យដល់ថនិកសត្វសមុទ្រ។
យោងតាមទិន្នន័យគយវៀតណាម បានឱ្យដឹងថា សហរដ្ឋអាម៉េរិក គឺទីផ្សារអាហារសមុទ្រដ៏ធំបំផុតរបស់វៀតណាម ដែលការនាំចេញចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២៥ កើនឡើងចំនួន៦,៩ភាគរយធៀបនឹងឆ្នាំមុន គឺកើនដល់១,២៤ពាន់លានដុល្លារ ស្មើនឹង១៧,៣ភាគរយនៃការនាំចេញអាហារសមុទ្រសរុបរបស់ប្រទេសវៀតណាម។
កាលពីខែមុន រដ្ឋបាលមហាសមុទ្រ និងបរិយាកាសជាតិអាម៉េរិក បានជូនដំណឹងដល់ក្រសួងកសិកម្មវៀតណាម ដោយបានប្រាប់យ៉ាងច្បាស់ថា សហរដ្ឋអាម៉េរិកបានបដិសេធមិនផ្តល់ការរកឃើញជាក់ស្តែងរបស់ខ្លួន ស្តីពីការការពារថនិកសត្វសមុទ្រ ចំពោះវិធីសាស្រ្តនេសាទរបស់វៀតណាមចំនួន១២យ៉ាងនោះទេ។
ប្រភពដដែលបានបញ្ជាក់ថា៖ ប្រទេសដែលជលផលសមុទ្ររបស់ខ្លួនត្រូវបានបដិសេធបន្ទាប់ពីការរកឃើញជាក់ស្តែង គឺត្រូវបានហាមឃាត់មិនឱ្យនាំចេញត្រី និងផលិតផលត្រីពីជលផលទាំងនោះទៅកាន់សហរដ្ឋអាម៉េរិក ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦។
សេចក្តីថ្លែងការណ៍របស់ក្រសួងឧស្សាហ៍កម្ម និងពាណិជ្ជកម្ម បានលើកឡើងថា ការហាមឃាត់នេះនឹងធ្វើឱ្យប៉ះពាល់ដល់ការនាំចេញផលិតផលអាហារសមុទ្រសំខាន់ៗរបស់វៀតណាម រួមមាន ត្រីធូណា ត្រីដាវ ត្រីតុកកែ ត្រីកាម៉ុង ត្រីក្បក និងមឹកជាដើម។
សហរដ្ឋអាម៉េរិក ដែលជាទីផ្សារនាំចេញជលផលសមុទ្រដ៏ធំបំផុតរបស់វៀតណាម បានដាក់ពន្ធ ២០ភាគរយលើការនាំចេញរបស់វៀតណាម ចាប់ពីថ្ងៃទី៧ ខែសីហា ខណៈការដឹកជញ្ជូនឆ្លងកាត់វៀតណាមពីប្រទេសទីបី ប្រឈមនឹងការយកពន្ធ៤០ភាគរយ។
ទិន្នន័យគយវៀតណាម បានឱ្យដឹងទៀតថា ការនាំចេញក្នុងខែសីហាពីវៀតណាមទៅកាន់សហរដ្ឋអាម៉េរិក បានធ្លាក់ចុះពីរភាគរយ កាលពីខែកក្កដា មកនៅត្រឹម១៣,៩៤ពាន់លានដុល្លារ៕