ផលិតផលក្នុងស្រុកទទួលបានគាំទ្រខ្ពស់ពីប្រជាពលរដ្ឋខ្មែរ នៅក្នុងពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៥

ដោយ៖ ឡុង សារេត

រាជធានីភ្នំពេញ៖ ផលិតផលកែច្នៃដោយក្រុមហ៊ុន និងសហគ្រាស់ក្នុងស្រុក ដែលបានចូលរួមដាក់តាំងនៅពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៥ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៣ ខែកញ្ញានេះ ទទួលបានសន្ទុះការគាំទ្រជាខ្លាំងពីប្រជាពលរដ្ឋ ព្រមទាំងធ្វើឱ្យអាជីវករសប្បាយចិត្តដោយនឹងស្មានមិនដល់គ្រប់គ្នា។

លោក អ៊ួន ឈាន ប្រធានសិប្បកម្ម សិរិហ្វាម បានឱ្យដឹងថា ព្រឹត្តិការណ៍ផលិតផលខ្មែរឆ្នាំ២០២៥នៅថ្ងៃដំបូង លោកសង្កេតឃើញសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដែលបានមកចូលរួមដាក់លក់ផលិតផល ទទួលបានសន្ទុះនៃការគាំទ្រមានការកើនឡើងខ្លាំង ហើយនៅថ្ងៃទី២និងថ្ងៃទី៣ នឹងមានប្រជាពលរដ្ឋចូលរួមច្រើនថែមទៀត ដើម្បីលើកទឹកចិត្តឱ្យម្ចាស់សហគ្រាសផលិតនៅផលិតផលប្រកបដោយគុណភាពឱ្យបានកាន់តែច្រើនសម្រាប់ផ្គត់ផ្គង់លើទីផ្សារក្នុងស្រុក ជំនួសការនាំចូលផលិតផលមកពីខាងក្រៅ។

លោក អ៊ួន ឈាន លើកឡើងថាបន្ទាប់ពីកម្ពុជាមានបញ្ហាជាមួយនិងប្រទេសជិតមួយរយៈកន្លងមកនេះ បានធ្វើឱ្យប្រជាជនខ្មែរមានគំនិតជាតិនិយមចង់ប្រើប្រាស់ផលិតផលក្នុងស្រុកកាន់តែច្រើន ហើយឈប់ប្រើប្រាស់ផលិតផលនាំចូលពីប្រទេសជិតខាង ដែលកំពុងឈ្លានពានកម្ពុជា  ដោយងាកមកគាំទ្រផលិតផលក្នុងស្រុកយ៉ាងច្រើនកុះករ។

ក្នុងនាមជាអ្នកកែច្នៃកសិផលម្នាក់ លោកចង់ឱ្យប្រជាជនខ្មែរបន្តលើកទឹកចិត្តដល់សិប្បិកម្ម និងសហគ្រាសកែច្នៃផលិតផលក្នុងស្រុកឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ចំណែកអ្នកស្រី សុខ ឃីម ម្ចាស់សិប្បកម្ម ហេងហ៊ត់ បានឱ្យដឹងថា “ពិព័រណ៍ផលិតផលខ្មែរឆ្នាំ២០២៥នេះ មានសារៈសំខាន់សម្រាប់ពួកខ្ញុំ ដែលជាអ្នកផលិត មានឱកាសផ្សព្វផ្សាយផលិតផលរបស់ខ្លួនឱ្យទៅដល់ប្រជាពលរដ្ឋរស់នៅក្នុងប្រទេសបានដឹងថា ខ្មែរយើងអាចផលិតបាននៅផលិតផលស៊ឹងតែគ្រប់ប្រភេទហើយ។ ដូច្នេះសូមឱ្យបងប្អូនខ្មែរយើងចូលមកជួយគាំទ្រផលិតផលជាតិយើងវិញ”។

បើតាមអ្នកស្រីបានឱ្យដឹងទៀតថា ការលក់ផលិតផលនៅថ្ងៃទី១ អាជីវករអាចលក់ដាច់គ្រប់គ្នា ព្រោះមានពលរដ្ឋចូលមកទស្សនាពិព័រណ៍ច្រើន បង្ហាញឱ្យឃើញនៅគំនិតជាតិនិយមលើការប្រើប្រាស់ផលិតផលក្នុងស្រុក ខុសប្លែកពីមុនៗ ការតាំងពិព័រណ៍កន្លងមកមិនធ្លាប់មានពលរដ្ឋចូលរួមច្រើនកុះករបែបនេះនោះទេ។

អ្នកស្រីបញ្ជាក់ថា “សម្រាប់ខ្ញុំ ពិព័រណ៍ផលិតផលខ្មែរនៅថ្ងៃចាប់ផ្តើមដំបូងនេះ មានការសប្បាយចិត្ត រីករាយជាខ្លាំង ព្រោះលក់ផលិតផលបានច្រើន។ មានមុខទំនិញខ្លះបានលក់ដាច់អស់ពីស្តុក ដូច្នេះខ្ញុំសូមអំពាវនាវដល់បងប្អូនពលរដ្ឋខ្មែរចូលរួមគាំទ្រផលិតផលក្នុងស្រុកឱ្យបានច្រើន ដើម្បីកាត់បន្ថយការនាំចូលផលិតផលមកពីក្រៅប្រទេសទាំងគ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ផ្សេងទៀត។ ដូច្នេះក្នុងនាមជាម្ចាស់សិប្បកម្មកែច្នៃក្នុងស្រុកមួយរូប សូមសំណូមពរដល់រាជរដ្ឋាភិបាលបង្កើតកម្មវិធីតាំងពិព័រណ៍បែបនេះឱ្យច្រើនដងក្នុងមួយឆ្នាំៗ ដើម្បីផ្សព្វផ្សាយប្រាប់ទៅប្រជាពលរដ្ឋថា ខ្មែរយើងធ្វើបាន”។

ស្រដៀងជាមួយគ្នានេះដែរ, អ្នកស្រី សួន សុភាព អាជីវករលក់នំខ្មែរ និងអ្នកស្រី ទេល ស្រីណាត អាជីវករលក់ណែមបានបង្ហាញអំពីភាពភ្ញាក់ផ្អើល ដោយមិននឹកស្មានថា ពិព័រណ៍ផលិតផលខ្មែរឆ្នាំ២០២៥ រយៈពេលបីថ្ងៃនេះ មានប្រជាពលរដ្ឋខ្មែរចូលរួមគាំទ្រច្រើនលើសលប់បែបនេះនោះទេ គឺខុសប្លែកពីការរៀបចំពិព័រណ៍ឆ្នាំំមុនៗ។

គួរជម្រាបជូនផងដែរថា នៅក្នុងពិធីបើកសម្ពោធពិព័រណ៍ផលិតផលខ្មែរឆ្នាំ២០២៥ កាលថ្ងៃទី១១ ខែកញ្ញា, ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល និងជាសហស្ថាបនិកនៃសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុតតូច និងមធ្យមនៅកម្ពុជាមានប្រសាសន៍ថា ការបង្កើតឱ្យមានព្រឹត្តិការណ៍នានា ដូចជាការតាំងពិព័រណ៍ ការបង្កើតវេទិកាកិច្ចពិភាក្សានានាដើម្បីឱ្យអ្នកប្រើប្រាស់ក្នុងស្រុកកាន់តែយល់ច្បាស់នូវគុណភាព សុវត្ថិភាព និងលទ្ធភាពក្នុងការផលិត។ តួយ៉ាងសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច មធ្យមនៅកម្ពុជា និងសម្ព័ន្ធសមាគមសហគ្រាសធុនតូចនៅកម្ពុជាបានរៀបចំកម្មវិធីតាំងពិព័រណ៍ផលិតផលខ្មែរនៅថ្ងៃនេះឡើង គឺជាយន្តការបន្ថែមសម្រាប់បង្កើនស្មារតីជាតិឱ្យប្រជាជនចូលរួមប្រើប្រាស់ផលិតផលជាតិឱ្យកាន់តែច្រើនឡើង និងជាផ្នែកមួយក្នុងការលើកទឹកចិត្តបន្ថែមដល់សហគ្រាសក្នុងស្រុក ក្នុងការខិតខំពង្រីក និងពង្រឹងផលិតផលឱ្យកាន់តែប្រសើរឡើងទាំងគុណភាព សុវត្ថិភាពនិងបរិមាណ។

ឧកញ៉ាលើកឡើងថា “ប្រទេសកម្ពុជាប្រកាន់ភ្ជាប់នូវគោលនយោបាយទីផ្សារសេរី និងជាសមាជិកនៃអង្គការពាណិជ្ជកម្ម WTO យើងមិនអាចបដិសេធការនាំចូលផលិតពីបរទេសបាននោះទេ ហើយគ្រប់ប្រទេសនៅលើសកលលោកទាំងអស់ គឺតម្រូវឱ្យមានការនាំចេញ និងនាំចូល ដើម្បីបម្រើទៅដល់សេចក្តីត្រូវការរបស់អ្នកប្រើប្រាស់។ ប៉ុន្តែអ្នកប្រើប្រាស់មានសិទ្ធក្នុងការជ្រើសរើសនូវផលិតផលណា ដែលខ្លួនពេញចិត្ត ដើម្បីលើកទឹកចិត្ត និងជំរុញស្មារតីស្រលាញ់ និងប្រើប្រាស់ផលិតផលជាតិខ្លួនឱ្យបានកាន់តែច្រើន ហើយអាចជំនួសផលិតផលនាំចូល”។

ឧកញ៉ាបន្តថា ក្នុងឱកាសនេះ, ខ្ញុំសូមលើកទឹកចិត្តដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យមទាំងអស់ត្រូវតែខិតខំប្រឹងប្រែង និងពង្រីកសមត្ថភាពក្នុងការផលិតរបស់ខ្លួនឱ្យស្របតាមស្តង់ដារ ដើម្បីបំពេញតម្រូវការទីផ្សារ ជាពិសេសនៅពេលមានការប្រែប្រួលគោលនយោបាយពាណិជ្ជកម្ម ទោះបីជាមានការបិទមិនឱ្យនាំចូលផលិតផលពីប្រទេសណាមួយក៏ដោយ កម្ពុជានៅតែមានសមត្ថភាពផលិត និងផ្គត់ផ្គង់ក្នុងស្រុកបានគ្រប់គ្រាន់ ថែមទាំងអាចនាំចេញដោយមិនពឹងផ្អែកលើទំនិញពីបរទេសឡើយ។

ឧកញ៉ា តែ តាំងប៉ មានប្រសាសន៍សង្កត់ធ្ងន់ថា “សូមបងប្អូនប្រជាជនខ្មែរជួយគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យបានកាន់តែច្រើន។ ខ្ញុំមានជំនឿជឿជាក់យ៉ាងមុតមាំថា ក្នុងពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ ពង្រឹង និងពង្រីកសមត្ថភាពផលិតផលក្នុងស្រុកនេះ នឹងជួយជំរុញស្មារតីជាតិនិយមដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូបក្នុងការចូលរួមគាំទ្រផលិតផលក្នុងស្រុក និងលើកទឹកចិត្តដល់សហគ្រាសធុនតូច និងមធ្យមឱ្យខិតខំបង្កើនផលិតភាព និងស្តង់ដារនៃការប្រកួតប្រជែង និងបង្កើននូវភាពជឿជាក់លើគុណភាពផលិតផលខ្មែរកាន់តែច្រើនឡើង”។

បើយោងតាមឧកញ៉ា តែ តាំងប៉ ការរៀបចំពិព័រណ៍ផលិតផលខ្មែរឆ្នាំ២០២៥នេះមានជាង៣០០ស្តង់មកពី២៥រាជធានីខេត្ត ក្នុថគោលដៅជំរុញទីផ្សារផលិតផលខ្មែរ និងបង្កើនការគាំទ្រ ព្រមទាំងការលើកទឹកចិត្តដល់ការផលិតនៅក្នុងស្រុកឱ្យខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍផលិតផលរបស់ខ្លួនឱ្យមានស្តង់ដារគុណភាពកាន់តែប្រសើរ។ ជាពិសេស គឺការចាប់យកម៉ាស៊ីនស្វ័យប្រវត្តិយកមកបំពាក់នៅក្នុងខ្សែសង្វាក់ផលិតផលរបស់ខ្លួន សម្រាប់បង្កើនបរិមាណផលិតផល និងគុណភាពផលិតផល ដើម្បីឈានដល់ការប្រកួតប្រជែង និងឈានទៅជំនួសនូវចំណែកទីផ្សារនៃផលិតផលនាំចូលមកពីក្រៅប្រទេស៕


photo_2025-09-15_08-34-35 (2)
ផលិតផលខ្មែរ ​ដាំដុះដោយកូនខ្មែរ កែច្នៃដោយកូនខែ្មរ ផលិតដោយកូនខ្មែរ បាននិងកំពុងដាក់លក់ ក្នុងស្តង់ផ្សារកសិផលខេត្តកំពង់ធំ

កំពង់ធំ៖ ផ្សារផលិតផលខ្មែរខេត្តកំពង់ធំ បាននឹងកំពុងដំណើរលក់កសិផល និងផលិតផលខ្មែរ ដែលបានដាំដុះ និងកែច្នៃដោយកសិករខ្មែរខ្លួនឯង នៅក្នុងខេត្តកំពង់ធំ នៅរៀងរាល់ចុងសប្តាហ៍ គឺថ្ងៃសុក្រ-សៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង៦ព្រឹក  ដល់ម៉ោង៦ល្ងាច។​ សូមបញ្ជាក់ថា ក្រោមការដឹកនាំ និងការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម និងការសម្របសម្រួលផ្តល់ទីតាំងរបស់រដ្ឋបាលខេត្ត មន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ ក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នៃក្រសួងពាណិជ្ជកម្ម បានរៀបចំ និងដាក់ឲ្យដំណើរការផ្សារលក់ផលិតផលខ្មែរ ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។ ផ្សារផលិតផលខ្មែរនេះ មានគោលបំណងផ្ដល់ឱកាសទីផ្សារបន្ថែមដល់កសិករ ផលិតករ អាជីវករខ្នាតតូច ដែលជាតំណាងពីក្រុមកសិករផលិត និងជាការតភ្ជាប់ទំនាក់ទំនងទីផ្សារឱ្យកាន់តែប្រសើរដល់ក្រុមផលិត ដើម្បីអាចរកប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅពួកគាត់។ ការចូលរួមលើកកម្ពស់ និងប្រើប្រាស់ផលិតផលខ្មែរ គឺជាការរួមចំណែកបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជននៅតាមជនបទ និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង។ នាពេលថ្មីៗកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យដំណើរការគម្រោងលើកកម្ពស់ជីវភាពប្រជាជនខេត្តកំពង់ធំ តាមរយៈការរួមសាមគ្គីគ្នាចងក្រងជាសហគមន៍កសិករ ដើម្បីពង្រឹងសមត្ថភាពធ្វើកសិកម្មឱ្យកាន់តែល្អ ក្រោមគំនិតផ្តួចផ្តើម និងជាផ្នែកមួយនៃយុទ្ធសាស្រ្តដោះស្រាយបញ្ហាសេដ្ឋកិច្ចរបស់ប្រជាជន។ គម្រោងនេះមានគោលបំណងបង្កើនប្រាក់ចំណូលប្រជាជនក្នុងមូលដ្ឋាន និងកាត់បន្ថយចំណាកស្រុក តាមរយៈការជំរុញការធ្វើពិពិធកម្ម និងការពង្រីកមុខរបរផលិតកម្មកសិកម្ម ដែលនឹងជំរុញដល់សកម្មភាពសេដ្ឋកិច្ចនៅតាមមូលដ្ឋាន សំដៅរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងលើកកម្ពស់កម្រិតជីវភាពប្រជាជន។ គម្រោងនឹងផ្តោតតែលើផលិតកម្មកសិកម្មខ្នាតតូច ដែលអាចហុចផលរហ័ស ត្រូវការទុនតិច និងមានតម្រូវការបច្ចេកទេសកសិកម្មមិនស្មុគស្មាញ […]

photo_2025-09-12_06-37-42
ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ផ្តល់អនុសាសន៍៤ចំណុច ដើម្បីពង្រឹង និងពង្រីកផលិតកម្មក្នុងស្រុក និងលើកកម្ពស់ផលិតផលខ្មែរ

ភ្នំពេញ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីបើកការតាំងពិព័រណ៍ផលិតផលខ្មែរឆ្នាំ២០២៥ បានផ្តល់អនុសាសន៍សំខាន់ៗចំនួន៤ចំណុច ដើម្បីពង្រឹង និងពង្រីកផលិតកម្មក្នុងស្រុក និងលើកកម្ពស់ផលិតផលខ្មែរ។ អនុសាសន៍សំខាន់ៗ របស់ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ដល់គ្រប់ភាគីពាក់ព័ន្ធជាពិសេស ក្រសួង-ស្ថាប័ន នៃរាជរដ្ឋាភិបាល ក្រុមហ៊ុន និងសហគ្រាស ត្រូវបន្តយកចិត្តទុកដាក់ពង្រឹង និងពង្រីកផលិតកម្មក្នុងស្រុក និងលើកកម្ពស់ផលិតផលខ្មែរ ដូចខាងក្រោម៖ ទី១៖ ក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាល និងតួអង្គពាក់ព័ន្ធ ទាំងរដ្ឋ និងឯកជន ត្រូវបន្តកិច្ចសហការស្អិតល្មួត ដើម្បីផ្សព្វផ្សាយឲ្យបានទូលំទូលាយ នូវផលិតផលក្នុងស្រុក តាមរយៈការរៀបចំវេទិកា ឬពិព័រណ៍ ដូចកម្មវិធីនាពេលនេះ ព្រមទាំងត្រូវផ្សព្វផ្សាយ និងចែករំលែកតាមបណ្តាញផ្សព្វផ្សាយសង្គម និងបណ្តាញព័ត៌មាន ទាំងជាតិ និងអន្តរជាតិ។ ទី២៖ ក្រុមហ៊ុន ឬសហគ្រាស ក៏ដូចជាអ្នកផលិតទាំងឡាយ ត្រូវបន្តប្រឹងប្រែងស្រាវជ្រាវ និងប្រើប្រាស់បច្ចេកវិទ្យាថ្មី ក្នុងផលិតកម្មរបស់ខ្លួន ដោយត្រូវផលិតទំនិញ ដែលមានគុណភាពខ្ពស់ បរិមាណសមស្រប និងថ្លៃដើមទាប […]

xG2Vm7I7MVtkpL2DHTzS
វៀតណាមរងការខូចខាតគិតជាទឹកប្រាក់១០៩លានដុល្លារ ដោយសារព្យុះកាជីគី

ហាណូយ៖ ព្យុះទីហ្វុង កាជីគី (Kajiki) ដែលជាព្យុះទី៥ បោកបក់មកលើប្រទេសវៀតណាម ក្នុងឆ្នាំ២០២៥នេះ បានបង្កការខូចខាតគិតជាទឹកប្រាក់អស់ប្រមាណ១០៩,៨លានដុល្លារ នៅតាមបណ្តាខេត្តភាគខាងជើង និងភាគកណ្តាល។ សារព័ត៌មានវៀតណាម​ អេចប្រេស បានដកស្រង់សម្តីអនុប្រធាននាយកដ្ឋានគ្រប់គ្រងទំនប់ទឹក និងបង្ការគ្រោះមហន្តរាយធម្មជាតិនៃក្រសួងកសិកម្ម និងបរិស្ថានវៀតណាម បានឱ្យដឹងថា កាលពីថ្ងៃទី២៥ ខែសីហា ខ្យល់ព្យុះ កាជីគី បានឆក់យកជីវិតមនុស្សអស់ប្រាំបីនាក់ បាត់ខ្លួនម្នាក់ និងមនុស្ស៧៧នាក់ផ្សេងទៀតរងរបួស។ ឥទ្ធិពលព្យុះទីហ្វុង កាជីគី នាំឱ្យមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់រហូតបង្កឱ្យរអិលបំផ្លាញផ្ទះអស់ជាង ៣៨៦ ០០០ខ្នង ក្នុងនោះមានផ្ទះចំនួន៥១០ខ្នងបានដួលរលំ។  ចំណែកផ្ទៃដីស្រែចម្ការជាង១០៤ ០០០ហិកតា និងដំណាំជាង១៧ ២០០ហិកតាត្រូវបានជន់លិច ខណៈព្រៃឈើទំហំ១១ ៧០០ហិកតា បានដួលរលំរាបដល់ដី។ សត្វពាហនៈ និងបសុបក្សីជាង១៥៤​ ០០០ក្បាល បានបាត់ ឬងាប់នៅក្នុងទឹកជំនន់ ខណៈផ្ទៃស្រះវារីវប្បកម្មមានទំហំជាង៨ ០០០ហិកតា ត្រូវបានលិចទឹក។  ព្យុះទីហ្វុង កាជីគី​ នៅក្នុងប្រទេសវៀតណាម ក៏បានពន្លិច ឬបំផ្លាញទូក និងកប៉ាល់អស់ចំនួន១០២គ្រឿងផងដែរ។ ទឹកជំនន់បង្កឱ្យបាក់ទំនប់អស់ចំនួន១១កន្លែង បំផ្លាញច្រាំងទន្លេអស់ប្រវែង២,៧គីឡូម៉ែត្រ និងបំផ្លាញច្រាំងប្រឡាយអស់ប្រវែង៥,៣គីឡូម៉ែត្រ និងរអិលបាក់ដីចំនួន៦៦៧កន្លែង។ ភ្លៀងធ្លាក់ខ្លាំង […]

photo_2025-09-12_06-36-26 (2)
ការតាំងបង្ហាញផលិតផល​រយៈពេល​៣ថ្ងៃ​ចំពេលប្រជាជនកម្ពុជាភាគច្រើនកំពុងមានសន្ទុះគាំទ្រ​ និងផ្តល់តម្លៃចំពោះ​ផលិតផលក្នុងស្រុក​

រាជធានីភ្នំពេញ៖ការតាំង​ពិព័រណ៍ផលិតផលខ្មែរឆ្នាំ​២០២៥ ក្រោមប្រធានបទ “ពង្រឹង និងពង្រីកសមត្ថភាពផលិតក្នុងស្រុក”​មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកញ្ញានេះ​ ត្រូវបាន​វាយតម្លៃថា ចំពេល​ប្រជាជនកម្ពុជាភាគច្រើនលើសលប់​កំពុងមាន​សន្ទុះប្រើប្រាស់ ​គាំទ្រ និងផ្តល់តម្លៃចំពោះផលិតផលក្នុងស្រុក ក្នុងកាលៈទេសៈដែលកម្ពុជាកំពុងមានជម្លោះព្រំដែនជាមួយប្រទេសថៃ។ ពិព័រណ៍បង្ហាញផលិតផលខ្មែរឆ្នាំ២០២៥នេះ មានការអញ្ចើញចូលរួមជាអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​។ ឯកឧត្តមឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន​ បានមានប្រសាសន៍ថា​ ក្នុងបរិការណ៍នេះ យើងទាំងអស់គ្នាបានឃើញច្បាស់ហើយថា ប្រជាជនកម្ពុជាគ្រប់ស្រទាប់វណ្ណៈ បានរួបរួមគ្នាជាធ្លុងមួយដ៏រឹងមាំ ក្នុងស្មារតីមហាគ្រួសារខ្មែរតែមួយ និងមានជំនឿចិត្តខ្ពស់ចំពោះរាជរដ្ឋាភិបាលក្នុងការដឹកនាំប្រទេស និងក្នុងការដោះស្រាយបញ្ហាប្រឈមផងទាំងពួង រាប់បញ្ចូលទាំងបញ្ហាព្រំដែនផង សំដៅបន្តការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ឱ្យមានសម្ទុះខ្លាំងក្លាទៅមុខប្រកបដោយចីរភាព និងបរិយាបន្ន ដែលក្នុងនេះការពង្រឹង និងការពង្រីកមូលដ្ឋានផលិតកម្មក្នុងស្រុកឱ្យកាន់តែល្អ រឹងមាំ មានគុណភាព ភាពធន់ និងភាពប្រកួតប្រជែង គឺជាកត្តាដ៏សំខាន់មួយ ដែលរាជរដ្ឋាភិបាល និងវិស័យឯកជនត្រូវបន្តរួមគ្នាយកចិត្តទុកដាក់។ ឯកឧត្តមឧត្តមអគ្គបណ្ឌិតសភាចារ្យ​ បានលើកឡើងទៀតថា​ កម្ពុជាមានទីផ្សារបើកចំហរ ដែលមានលក្ខណៈប្រកួតប្រជែង រវាងផលិតផលក្នុងស្រុក និងផលិតផលនាំចូលពីបរទេស។ ក្នុងន័យនេះ ប្រជាជនកម្ពុជាមានសិទ្ធិ […]

កាលវិភាគផ្សព្វផ្សាយ