ម៉ានីល៖ ក្រុមអ្នកវិភាគបាននិយាយថា អ្នកផលិតស្បៀអាហារមួយចំនួនអាចនឹងប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំងជាមួយផលិតផលកសិកម្មរបស់អាម៉េរិក បន្ទាប់ពីការបើកទីផ្សារក្នុងស្រុក ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មនាពេលខាងមុខរវាងសហរដ្ឋអាម៉េរិក និងហ្វីលីពីន។
លោក ហ្វឺមីន អាឌ្រីយ៉ាណូ (Fermin Adriano) សេដ្ឋវិទូ និងជាអតីតទីប្រឹក្សារដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន បាននិយាយថា ការនាំចូលស្រូវសាលីកាន់តែច្រើនអាចប្រកួតប្រជែងជាមួយកសិករដាំពោត ដែលបំផ្លាញចំណែករបស់ពួកគេនៅក្នុងទីផ្សារចំណីសត្វ។ ការទិញសណ្តែកសៀងច្រើន ផ្តល់ផលល្អសម្រាប់ឧស្សាហកម្មបសុសត្វ ដោយសារវាជាវត្ថុធាតុដើមដ៏សំខាន់សម្រាប់ប្រូតេអ៊ីននៅក្នុងចំណីសត្វ។
បើតាមការចុះផ្សាយរបស់សារព័ត៌មាន ហ្វីលស្តារ (Phil Star) របស់ហ្វីលីពីន បានឱ្យដឹងថា ប្រសិនបើសាច់ជ្រូក សាច់មាន់ និងផលិតផលសាច់ផ្សេងទៀតនឹងក្លាយជាចំណែកនៃការធ្វើសម្បទានរបស់ប្រទេសហ្វីលីពីន លោកបានព្រមានថា វាអាច “បំផ្លិចបំផ្លាញ” ឧស្សាហកម្មជ្រូក និងបសុបក្សីក្នុងស្រុក ដោយសារការប្រកួតប្រជែង។
ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសតាមបណ្តាញសង្គមថា ប្រទេសហ្វីលីពីនកំពុងបើកទីផ្សាររបស់ខ្លួនចំពោះទំនិញអាម៉េរិក ដោយយកពន្ធសូន្យភាគរយ។
ទោះជាយ៉ាងណាក៏ដោយ ប្រធានាធិបតីហ្វីលីពីន លោក ម៉ាកូស (Marcos) បានបញ្ជាក់ថា មានតែទំនិញមួយចំនួន ដូចជា រថយន្តរបស់សហរដ្ឋអាម៉េរិកប៉ុណ្ណោះ ដែលនឹងទទួលបានពន្ធសូន្យភាគរយ។
លោកប្រធានាធិបតី ក៏បានលាតត្រដាងផងដែរថា ប្រទេសហ្វីលីពីនកំពុងទិញផលិតផលសណ្តែកសៀង និងស្រូវសាលីរបស់អាម៉េរិកបន្ថែមទៀត ដែលជាការនាំចូលផលិតផលកសិកម្មធម្មតារបស់ប្រទេសហ្វីលីពីន ពីសហរដ្ឋអាម៉េរិករួចទៅហើយ។
អ្នកប្រឡុកខាងឧស្សាហកម្មកសិកម្មមួយចំនួន កំពុងរង់ចាំមើលកិច្ចព្រមព្រៀងពាណិជ្ជកម្មចុងក្រោយ ដើម្បីស្វែងយល់ពីវិសាលភាពនៃការធ្វើសម្បទាន របស់ក្រុមអ្នកចរចារពាណិជ្ជកម្មបស់ហ្វីលីពីន។ ប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយ ប្រភពខ្លះបានកត់សម្គាល់ថា ការកាត់បន្ថយពន្ធអាម៉េរិក ត្រឹមមួយភាគរយ គឺមានចំនួនតិចណាស់ បើធៀបនឹងការធ្វើសម្បទានរបស់ហ្វីលីពីន។
លោក ដូណាល់ ត្រាំ បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងកាត់បន្ថយពន្ធលើទំនិញហ្វីលីពីន ពី២០ភាគរយឱ្យមកនៅត្រឹម១៩ភាគរយប៉ុណ្ណោះ ហើយនៅតែជាអត្រាពន្ធខ្ពស់ជាង១៧ភាគរយ ដែលអាម៉េរិកធ្លាប់ដាក់លើទំនិញហ្វីលីពីន។
រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីណ លោក ហ្រ្វង់ស៊ីស្កូ ធីវ លូរ៉ែល (Francisco Tiu Laurel) បាននិយាយថា ឆាប់វាយតម្លៃពីរបៀបនៃការចរចាពាណិជ្ជកម្មពេក ដែលបានបញ្ចប់នាពេលថ្មីៗនេះ រវាងសហរដ្ឋអាម៉េរិក និងហ្វីលីពីន នឹងជះឥទ្ធិពលដល់វិស័យកសិកម្មរបស់ប្រទេស ជាពិសេសការនាំចេញ៕