ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ក្រសួងពាណិជ្ជកម្ម ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB) នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥នេះ បានដឹកនាំសហការីអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការជំរុញការប្រមូលទិញកសិផលខ្មែរ។
កិច្ចប្រជុំដ៏មានសារសំខាន់នេះ គឺដឹកនាំប្រជុំដោយលោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងពាក់ព័ន្ធ មន្ទីរពាណិជ្ជកម្ម ខេត្ត-ក្រុង តំណាងធនាគារអេស៊ីលីដា ភីអិលស៊ី អ្នកប្រមូលទិញពោត សៃឡូដំឡូង និងក្រុមហ៊ុនចំណីសត្វមួយចំនួនផងដែរ។
កិច្ចប្រជុំនេះផ្តោតលើការពិភាក្សាពីស្ថានភាព និងបញ្ហាប្រឈមចម្បងៗក្នុងទីផ្សារកសិផល ជាពិសេសពោតក្រហម ដំឡូងមី និងវត្ថុធាតុដើមដទៃទៀតសម្រាប់ផលិតផលចំណីសត្វ ដើម្បីស្វែងរកដំណោះស្រាយសមស្រប និងរៀបចំការងារទាក់ទងនឹងការប្រមូលទិញកសិផល នារដូវប្រមូលផលខាងមុខនេះ៕