ចិនទប់ស្កាត់​​សកម្មភាពទិញជ្រូកទៅ​ចិញ្ចឹម​បំប៉នឡើងវិញ ​ដើម្បី​រក្សា​ស្ថិរភាព​ទីផ្សារ​ជ្រូក

image_2025-07-02_16-05-35

ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ (Reuters) របស់អង់គ្លេស បានធ្វើរាយការណ៍ថា អ្នកធ្វើអាជីវកម្មចិញ្ចឹមជ្រូកខ្នាតតូចតាច និងកសិករចិញ្ចឹមជ្រូកបែបគ្រួសារ នៅក្នុងប្រទេសចិន បានសម្រុកទិញជ្រូករស់នៅតាមផ្សារនានា ពីអ្នកចិញ្ចឹមជ្រូកខ្នាតធំៗ ដើម្បីយកជ្រូកទៅចិញ្ចឹមបំប៉នឱ្យធាត់បន្ថែមទៀត ដោយសង្ឃឹមថា ក្នុងរយៈពេលពីរបីខែខាងមុខតម្លៃជ្រូកសាច់នឹងឡើងខ្ពស់។

ក្រុមអ្នកចិញ្ចឹមជ្រូកខ្នាតតូចតាច នៅក្នុងប្រទេសចិន​ នាំគ្នាប្រមូលទិញជ្រូករស់មានទម្ងន់ពី៤០គីឡូក្រាម ទៅ៥០គីឡូក្រាម ក្នុងមួយក្បាលយកទៅចិញ្ចឹមបំប៉នឡើងវិញរហូតដល់មានទម្ងន់ជាង១០០គីឡូក្រាម ទើបយកមកលក់វិញ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញខាងឧស្សាហកម្មជ្រូក បានព្រមានថា ការប្រមូលទិញបែបនេះអាចបណ្តាលឱ្យមានការប្រែប្រួលតម្លៃដ៏ធំនៅលើទីផ្សារសាច់ជ្រូក ប៉ុន្តែមិនមានផលប៉ះពាល់យូរអង្វែងឡើយ។

ចំណែកអ្នកជំនាញផ្នែកសុខមាលភាពសត្វជ្រូក នៅក្នុងប្រទេសចិន បាននិយាយថា «វាអាចនាំឱ្យមានការខ្វះជ្រូកក្នុងរយៈពេលខ្លី រួមជាមួយនឹងបរិមាណជ្រូកជោរជាន់នៅលើទីផ្សារសាប់ផងនោះ វានឹងធ្វើឱ្យមានការប្រែប្រួលតម្លៃយ៉ាងច្រើន និងធ្វើឱ្យទីផ្សារច្របូកច្របល់ថែមទៀតផង»។

ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានធ្វើសេចក្តីរាយការណ៍ទៀតថា ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកតាក់តែងច្បាប់របស់ចិន បានចាត់វិធានការអនុវត្តឱ្យច្បាប់ថ្មី ដើម្បីទប់ស្កាត់សកម្មភាពទិញជ្រូករបៀបនេះ ជាពិសេសនៅក្នុងខេត្តក្វាងទុង ស្ថិតនៅខាងជើងទីក្រុងហុងកុង។

ជាលទ្ធផល ក្រុមហ៊ុនចិញ្ចឹមជ្រូកលំដាប់លេខ១របស់ប្រទេសចិន គឺក្រុមហ៊ុន មួយួន ហ្វូដ​​ ( Muyuan Foods) កាលពីពេលថ្មីៗកន្លងមកនេះ បានបញ្ជាក់ថា ខ្លួនបានឈប់លក់ជ្រូករស់ទៅឱ្យអ្នកចិញ្ចឹមបំប៉នឱ្យធំទៀតហើយ។

សកម្មភាពប្រមូលទិញជ្រូករស់ ត្រូវបានគេរាយការណ៍ថា កំពុងតែធ្វើឱ្យស្ថានភាពផ្គត់ផ្គង់ជ្រូករស់នៅលើទីផ្សារកាន់តែជោរជាន់អាក្រក់ទៅៗ ហើយបណ្តាលឱ្យតម្លៃសាច់ជ្រូកធ្លាក់ចុះយ៉ាងខ្លាំងតែម្តង។

កាលពីក្នុងខែសីហា ឆ្នាំ២០២៤ តម្លៃសាច់ជ្រូកនៅក្នុងប្រទេសចិន បានធ្លាក់ចុះពី២១យន់ ឬស្មើជិត៣ដុល្លារ ក្នុងមួយគីឡូក្រាម ហើយចាប់ពីខែកុម្ភៈ ឆ្នាំ២០២៥រហូតមក តម្លៃបានបន្តធ្លាក់មកនៅត្រឹមតែ១៤យន់ ឬស្មើជិត២ដុល្លារ ក្នុងគីឡូក្រាម ដោយសារមិនសូវមានអ្នកទិញជ្រូករស់។

អ្នកជំនាញផ្នែកសុខមាលភាពសត្វ បានពន្យល់ថា សត្វជ្រូកមួយក្បាលអាចចិញ្ចឹមកិនទម្ងន់ល្អបំផុតប្រហែលក្នុងរង្វង់១២០គីឡូក្រាម។ ប្រសិនបើជ្រូកធំលើសពីនេះ វាស៊ីចំណីកាន់តែច្រើន ប៉ុន្តែកើនទម្ងន់តិចជាងមុន។

យោងតាមអ្នកវិភាគជាន់ខ្ពស់នៅក្រុមហ៊ុនផ្គត់ផ្គង់សាច់ជ្រូកដ៏ធំរបស់ចិន បាននិយាយថា តម្លៃសាច់ជ្រូកកំពុងធ្លាក់ចុះរួចស្រេចទៅហើយ ដូច្នេះនៅពេលជ្រូកបំប៉នយកសាច់ទាំងនោះដល់ពេលត្រូវលក់ វានឹងធ្វើឱ្យតម្លៃសាច់ជ្រូកនៅលើទីផ្សារកាន់តែធ្លាក់ចុះថែមទៀត។

លោក​បានបញ្ជាក់​បន្ថែម​ថា សម្រាប់ជ្រូក​មួយក្បាល​មាន​ទម្ងន់១៥០គីឡូក្រាម អាចផ្តល់​ទិន្នផល​​ប្រហែល៤២ភាគរយ បើធៀបនឹងជ្រូករស់ទិញមកបំប៉នក្នុងទម្ងន់ប្រមាណ៥០គីឡូក្រាម។

នៅពីក្រោយសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន ដែលកំពុងបន្តនៅឡើយ ដូច្នេះស្ថានភាពផ្គត់ផ្គង់ចំណីជ្រូកក៏អាចជួបបញ្ហាផងដែរ ព្រោះរដ្ឋាភិបាលចិនបានកាត់បន្ថយការនាំចូលវត្ថុធាតុដើមពីសហរដ្ឋអាមេរិក ជាពិសេសសណ្តែកសៀង និងពោត​ ដែលគ្រឿងផ្សំដ៏សំខាន់សម្រាប់ផលិតចំណីជ្រូក៕


DSC08046
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចុះសួរសុខទុក្ខ លើកទឹកចិត្តនាយទាហាន និងពលទាហានកងពលតូចអន្តរាគមន៍លេខ៨ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ដោយ នៅ ស៊ីវុត្ថា ព្រះវិហារ៖ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំសហការរីអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងលើកទឹកចិត្តដល់នាយទាហាន នាយទាហានរង និងពលទាហាននៃកងពលតូចអន្តរាគមន៍លេខ៨។ ពិធីចុះសួរសុខទុក្ខនេះ ធ្វើឡើងនៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ ស្ថិតនៅភូមិមរតកតេជោ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម គឹម ច័ន្ទបញ្ញា អភិបាលរងខេត្តព្រះវិហារ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គីម រីទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំងតំណាងថ្នាក់ដឹកនាំសមាគមបណ្តាញកសិករតេជោ និងថ្នាក់ដឹកនាំសហព័ន្ធស្រូវអង្ករកម្ពុជា។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងអំណរគុណ និងសម្តែងការដឹងគុណចំពោះកងកម្លាំងប្រដាប់អាវុធ ដែលបានខិតខំបំពេញភារកិច្ច ដោយលះបង់កម្លាំងកាយចិត្ត និងសាច់ស្រស់ឈាមស្រស់ ដើម្បីការពារជាតិ បូរណភាពទឹកដី ប្រជាពលរដ្ឋ និងប្រជាជននៅសមរភូមិក្រោយ។ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ថា ការចុះសួរសុខទុក្ខនាយទាហាន និងពលទាហានធ្វើឡើងពីរដងគឺក្នុងឱកាសបុណ្យប្រពៃណីជាតិ ដូចជាបុណ្យភ្ជុំបិណ្ឌ […]

photo_2026-09-27_16-05-34 (3)
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ទទួលបានពានរង្វាន់ ADFIAP Development Award 2026 លើកម្មវិធីហិរញ្ញប្បទានត្រីភាគី តភ្ជាប់ទីផ្សារ និងការផលិត

ទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានទទួលពានរង្វាន់អភិវឌ្ឍន៍របស់សមាគមគ្រឹះស្ថានហិរញ្ញប្បទានអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP Development Award) ឆ្នាំ២០២៦ លើកម្មវិធីហិរញ្ញប្បទានត្រីភាគីតភ្ជាប់ទីផ្សារ និងការផលិត (Tri-Party Market-Linked Financing Program) នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគម ADFIAP លើកទី៤៩ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា។ កម្មវិធីហិរញ្ញប្បទានត្រីភាគីតភ្ជាប់ទីផ្សារ និងការផលិតនេះ គឺជាគំនិតផ្តួចផ្តើមថ្មីមួយរបស់ធនាគារ ARDB ក្នុងការផ្តល់នូវនវានុវត្តន៍ដំណោះស្រាយហិរញ្ញវត្ថុដល់ប្រជាកសិករ និងគ្រប់តួអង្គក្នុងខ្សែច្រវាក់តម្លៃផលិតកម្មកសិកម្ម និងកសិឧស្សាហកម្ម ពោលគឺអភិវឌ្ឍដំណោះស្រាយហិរញ្ញប្បទានប្រកបដោយបរិយាបន្ន និងចីរភាព សម្រាប់វិស័យកសិកម្មតាមរយៈការសម្រួលដល់លទ្ធភាពទទួលបានហិរញ្ញប្បទាន ដោយផ្អែកលើភាពជាដៃគូតាមខ្សែច្រវាក់តម្លៃកសិកម្ម កសិឧស្សាហកម្ម និងយន្តការហិរញ្ញប្បទានដែលមិនតម្រូវឱ្យមានទ្រព្យធានាឥណទាន។ ការទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារ ARDB, ក្នុងនាមជាស្ថាប័នដែលមិនត្រឹមតែបានរួមចំណែកលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើនភាពធន់នៃអាជីវកម្មដល់ប្រជាកសិករ, លើការខិតខំប្រឹងប្រែងរបស់ធនាគារ ARDB ក្នុងការគាំទ្រ​ប្រជាកសិករ ពង្រឹងខ្សែច្រវាក់តម្លៃកសិកម្ម កសិឧស្សាហកម្ម និងជំរុញការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាឱ្យកាន់តែមានភាពធន់ និងមានចីរភាព៕

tg_image_4034619774
ស្ត្រីវៀតណាមម្នាក់កាប់ដើមទុរេនមួយចម្ការ ដើម្បីកាយរកឆ្អឹងខ្មោចទាហាន ស្លាប់ក្នុងសង្គ្រាម

ហូជីមិញ៖​ ស្ត្រីកសិករជនជាតិវៀតណាមម្នាក់​ អាយុ៥៦ រស់នៅក្នុងខេត្តដុងថាប់​ អតីតខេត្តខ្មែរ ហៅថា ខេត្តផ្សារដែក បានកាប់ចោលដើមទុរេនជាង១០០ដើម ដើម្បីកាយរកឆ្អឹងខ្មោចទាហានវៀតណាម ស្លាប់នៅក្នុងសម័យសង្គ្រាម។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានវៀតណាម។ ម្ចាស់ចម្ការរូបនេះ មានអារម្មណ៍សោកស្តាយនៅពេលឃើញអាជ្ញាធរវៀតណាម កាប់រំលំចោលដើមទុរេននៅក្នុងចម្ការ ដែកជាកម្មសិទ្ធិរបស់ខ្លួន ប៉ុន្តែគាត់បានបង្ខំចិត្តយល់ព្រមជាមួយក្រុមទាហានស្រាវជ្រាវរកឆ្អឹងខ្មោច​ ព្រោះគាត់តែងតែឃើញឆ្អឹងមនុស្សនៅពេលក្នុងដីច្រើនពេក។ គាត់បាននិយាយថា «ការរកឃើញអដ្ឋិធាតុបាន គឺមានន័យថា ក្រុមគ្រួសារអាចដឹងថា ធាតុរបស់មនុស្សជាទីស្រឡាញ់របស់ខ្លួនកប់នៅទីណា ហើយអាចនាំធាតុទៅផ្ទះ ដើម្បីគោរពបូជា និងរំឭកដល់វិញ្ញាណក្ខន្ធពួកគេ»។ ចម្ការទុរេនស្របច្បាប់នេះ កាលពីមុនធ្លាប់ជាទីតាំងកប់ខ្មោងទាហានវៀតណាមស្លាប់ក្នុងសម័យសង្គ្រាម។ ប៉ុន្តែសារព័ត៌មានវៀតណាម មិនបញ្ជាក់ពីការស្លាប់នោះក្នុងសង្គ្រាមជាមួយកម្ពុជា ឬជាមួយទាហានអាម៉េរិកាំងឡើយ។ កាលពីប៉ុន្មានឆ្នាំមុន នៅពេលគ្រួសាររបស់គាត់ជីកធ្វើប្រឡាយទឹក ឬជីកដី ដើម្បីដាំដើមទុរេន គាត់បានរកឃើញអដ្ឋិធាតុមនុស្សបីនាក់ផ្សេងគ្នា ហើយបានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ដែលបន្ទាប់មកបានមកប្រមូលយកអដ្ឋិធាតុទាំងនោះទៅរក្សាទុក។ ទោះបីជាយ៉ាងណា គាត់នៅតែមានអារម្មណ៍ថា អាចនៅមានឆ្អឹងទាហានផ្សេងទៀតកប់នៅក្នុងដីចម្ការនេះ។ កសិករម្នាក់នេះបាននិយាយរំឭកថា «ខ្ញុំគិតថា ប្រហែលជានៅមានអដ្ឋិធាតុទាហានផ្សេងទៀតនៅក្នុងចម្ការ ប៉ុន្តែចម្ការនេះធំណាស់ ហើយខ្ញុំមិនដឹងថា ត្រូវស្វែងរកនៅកន្លែងណាទេ។ ពេលនោះគ្មានវិធីណាផ្សេងឡើយ ដូច្នេះខ្ញុំក៏បន្តដាំដើមទុរេន» លើផ្នូរខ្មោចទាំងនោះ។ គាត់បាននិយាយបន្តទៀតថា ការបាត់បង់ដើមទុរេនទាំងនេះ គឺជាការលះបង់ផ្នែកហិរញ្ញវត្ថុដ៏ធំមួយសម្រាប់គ្រួសារ ប៉ុន្តែគាត់បានសង្កត់ធ្ងន់ថា ការស្វែងរក និងនាំយកអដ្ឋិធាតុរបស់ទាហានស្លាប់ […]

iC7HBvohbJqExqvbKcV3pP
ជប៉ុនរកឃើញសត្វល្អិត២១ប្រភេទ  លើដំឡូងបារាំងស្រស់នាំចូលពីអាម៉េរិក អាចឆ្លងដល់ដំណាំក្នុងស្រុក

តូក្យូ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុន បានរកឃើញសត្វល្អិតចង្រៃចំនួន២១ប្រភេទ នៅលើដំឡូងបារាំងស្រស់នាំចូលពីសហរដ្ឋអាម៉េរិក ស្របពេលអាម៉េរិកសុំឱ្យជប៉ុនលុបចោលការរឹតបន្តឹងបែបនេះ។ កសិករជប៉ុន អង្គការចែកចាយ និងអ្នកស្រាវជ្រាវប្រមាណ៧០០នាក់ បានចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញនៅទូទាំងប្រទេសជប៉ុន ស្តីពីការរកឃើញមេរោគឆ្លងនៅក្នុងដំឡូងបារាំងស្រស់ នាំចូលពីអាម៉េរិក។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុន ​បានឱ្យដឹងថា ពពួកសត្វល្អិតនេះ គឺជាប្រភេទដង្កូវស៊ីឫសដំឡូងបារាំង (Globodera rostochiensis) និងពពួកដង្កូវស៊ីមើមដំឡូងបារាំង (Globodera pallida) ដែលសុទ្ធតែជាប៉ារ៉ាស៊ីតរស់នៅលើដំឡូងបារាំងនាំចូលពីអាម៉េរិក។ អគ្គនាយកការិយាល័យកិច្ចការអ្នកប្រើប្រាស់ និងសុវត្ថិភាពចំណីអាហារ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុន បាននិយាយថា​ ការធានាឱ្យមានវិធានការគ្រប់គ្រងហានិភ័យ ដើម្បីទប់ស្កាត់ការនាំចូលសត្វល្អិត ដែលអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណាំរបស់ជប៉ុន គឺជាមូលដ្ឋានរឹងមាំសម្រាប់ការលុបចោលនាំចូលដំឡុងបារាំង។ សហរដ្ឋអាម៉េរិកបានស្នើជាលើកដំបូងនៅឆ្នាំ២០២០ ឱ្យជប៉ុនអនុញ្ញាតនាំចូលដំឡូងបារាំងស្រស់ សម្រាប់លក់នៅផ្សារទំនើប និងប្រើប្រាស់ក្នុងវិស័យសេវាកម្មម្ហូបអាហារ នៅក្នុងប្រទេសជប៉ុន។ បច្ចុប្បន្ន ជប៉ុនអនុញ្ញាតឱ្យនាំចូលផលិតផលដំឡូងបារាំងក្លាសេ និងកែច្នៃពីប្រទេសជាច្រើន ប៉ុន្តែក្រោមច្បាប់ការពាររុក្ខជាតិ ការនាំចូលដំឡូងបារាំងស្រស់ នៅតែត្រូវបានហាមឃាត់ដាច់ខាត ដោយសារខ្លាចមានសត្វល្អិតចង្រៃ។ ចំណែកនៅកោះតៃវ៉ាន់វិញ ដែលសម្ពន្ធមិត្តរបស់អាម៉េរិក ចាក់ទឹកមិនលិចដូចជប៉ុនដែរ បានរឹតបន្តឹងយ៉ាងខ្លាំងលើការនាំចូលដំឡូងបារាំងស្រស់ពីសហរដ្ឋអាម៉េរិក ដែលសូម្បីតែដំបូងបារាំងអាម៉េរិកមានដុះពន្លក ក៏ហាមមិនឱ្យនាំចូលដែរ៕ (ផាន់ អាណា)

កាលវិភាគផ្សព្វផ្សាយ