តាកែវ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធទិវាមច្ឆជាតិ និងលែងកូនត្រីប្រមាណ១.៥លានក្បាល ចូលបឹងទន្លេបាទី ស្ថិតក្នុងភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥នេះ បានថ្លែងថា ការបិទព្រំដែនជាមួយប្រទេសថៃ មិនបានធ្វើឲ្យប៉ះពាល់ដល់សន្ដិសុខស្បៀងរបស់កម្ពុជាឡើយ ហើយកម្ពុជាធានាបានទាំងស្រុងនៅការដោះស្រាយទីផ្សារសម្រាប់ទំនិញរបស់ខ្លួន ដោយមិនចាំបាច់ពឹងពាក់ប្រទេសថៃនោះទេ។
ក្នុងឱកាសនេហ សម្ដេចធិបតី បានថ្លែងទៀតថា ផលិតផលកសិកម្មមួយចំនួនរបស់កម្ពុជា ត្រូវបានបញ្ជូនផ្ទាល់ទៅបរទេសតែម្ដង ដោយមិនចាំបាច់ឆ្លងកាត់ ឬលក់ឲ្យប្រទេសថៃនោះទេ។ នៅពេលមានបញ្ហាតាមព្រំដែន បិទព្រំដែន សម្តេចបានសួរក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សួរខេត្ត សួរក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថា អត់មានបញ្ហានោះទេ។
សម្តេចធិបតី បានថ្លែងបញ្ជាក់ថា «ដំឡូងមីឥឡូវផុតរដូវ បើ៥-៦ខែទៀតមានបញ្ហា យើងនៅតែធានាផ្ទៃក្នុងបាន ព្រោះនាំចេញផ្ទាល់នៅប្រទេសចិនរាប់ម៉ឺនតោន យើងមានច្រកចេញអត់លំបាក។ យើងបានត្រៀមលក្ខណៈហើយ ក្នុងករណីរញ៉េរញ៉ៃរយៈពេលវែង នេះហើយជាអ្វីដែលផលយើងបាននៅថ្ងៃនេះ»។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់គាំទ្រផលិតផលរបស់ខ្មែរ សូមឲ្យស្មារតីជាតិនិយមមួយនេះស្ថិតស្ថេរជារឿងរហូត។ ដោយឡែក សម្រាប់អ្នកផលិតទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវគុណភាពផលិតផល មិនអាចបង្ខំឲ្យប្រជាពលរដ្ឋទិញផលិតផលគ្មានគុណភាពនោះទេ។
បច្ចុប្បន្ននេះផលិតផលកសិកម្មរបស់កម្ពុជាមួយចំនួនមិនទាន់ដល់ពេលត្រូវប្រមូលផលនោះទេ ប៉ុន្ដែក្នុងករណីបញ្ហាត្រូវបានអូសបន្លាយរយៈពេលវែងជាមួយប្រទេសថៃ ហើយព្រំដែនបន្ដបិទ កម្ពុជាក៏នៅតែមានភាពម្ចាស់ការខ្លួនឯង ក្នុងការដោះស្រាយបញ្ហា។
រាជរដ្ឋាភិបាលនៅតែបន្តផ្តល់អាទិភាព ដើម្បីធានាសន្តិសុខស្បៀង លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងទ្រទ្រង់កំណើនសេដ្ឋកិច្ច ដោយរក្សាតុល្យភាពរវាងការអភិរក្ស និងការអភិវឌ្ឍ។
ផលិតផលកសិកម្មរបស់កម្ពុជាអាចនាំចេញផ្ទាល់នៅកាន់ប្រទេសផ្សេងបានក្រៅពីប្រទេសថៃ ហើយតាមរយៈហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់នៅក្នុងប្រទេស ដែលមានភាពប្រទាក់ក្រឡាគ្នាពីតំបន់មួយទៅតំបន់មួយ ធ្វើឲ្យកម្ពុជាមានភាពងាយស្រួលក្នុងការដឹកជញ្ជូនផលិតផលកសិកម្ម ដើម្បីធ្វើការនាំចេញទៅក្រៅប្រទេស ហើយគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ធ្វើឲ្យកម្ពុជាយកឈ្នះលើការគំរាមទាំងឡាយរបស់ថៃ៕