ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅព្រឹកទី០១ ខែកក្កដា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងពិភាក្សា អំពីវឌ្ឍនភាពការងារសំខាន់ៗប្រចាំខែរបស់ធនាគារ ARDB ដែលអនុវត្តស្របតាមផែនការសកម្មភាពប្រចាំឆ្នាំរបស់ធនាគារ រួមទាំងទិសដៅការងារ និងរបៀបវារៈផ្សេងៗទៀត។
ក្រោយកិច្ចពិភាក្សាការងារ ឯកឧត្តមបណ្ឌិតប្រតិភូ បានផ្តល់នូវអនុសាសន៍ណែនាំសំខាន់ៗមួយចំនួនដើម្បីអភិវឌ្ឍទាំងសមត្ថភាពបុគ្គលិក និងស្ថាប័នឱ្យកាន់តែរីកចម្រើន។
សូមរំលឹកថា ធនាគារ ARDB ដែលជាធនាគារគោលនយោបាយ បានទទួលហិរញ្ញប្បទានពីរាជរដ្ឋាភិបាលក្រោម កិច្ចអន្តរាគមន៍នៃកម្មវិធីហិរញ្ញប្បទានពិសេស ដើម្បីគាំទ្រដល់គ្រប់តួអង្គក្នុងខ្សែច្រវាក់ផលិតកម្មកសិកម្ម និងកសិ-ឧស្សាហកម្ម ដើម្បីផ្តល់ហិរញ្ញប្បទានក្នុងអត្រាការប្រាក់ទាប ជាទុនវិនិយោគ និងទុនបង្វិលដល់សហគ្រាសធុនតូច និងមធ្យម រួមមាន÷ ស្រូវ-អង្ករ បន្លែ-ផ្លែឈើ ការចិញ្ចឹមសត្វ និងវារីវប្បកម្ម ក្នុងគោលដៅបង្កើតការងារ ពង្រឹងភាពប្រកួតប្រជែង និងពង្រីកមូលដ្ឋានផលិតកម្មក្នុងស្រុក និងជំរុញការនាំចេញ។
លើសពីនេះ ធនាគារ ARDB បាននិងកំពុងអនុវត្តកម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា (Cambodia Climate Finance Facility-CCFF) ក្រោមមូលនិធិអាកាសធាតុបៃតង (Green Climate Fund)។
កម្មវិធីហិរញ្ញប្បទាននេះ ជាកម្មវិធីថ្នាក់ជាតិ ដែលផ្តោតលើការចូលរួមកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ (Climate Change Mitigation) និងការបង្កើនភាពធន់នឹងការប្រែប្រួលអាកាសធាតុ (Climate Change Adaptation) តាមរយៈយន្តការផ្តល់ហិរញ្ញប្បទានចំនួនពីរ គឺការផ្តល់ឥណទានបោះដុំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក្នុងស្រុកសម្រាប់គាំទ្រដល់ការអនុវត្តគម្រោងបៃតង និងការផ្តល់ឥណទានដោយផ្ទាល់ដល់គម្រោងវិនិយោគឯកជនដ៏ទៃទៀត ដែលមានលក្ខណៈបៃតងក្នុងគោលដៅរួមចំណែកទ្រទ្រង់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតងនៅកម្ពុជា៕