ញូវដេលី៖ ការផ្ទុះសង្គ្រាមរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ កំពុងធ្វើឱ្យតម្លៃអង្ករគ្រាប់វែងបាស្មាទីរបស់ឥណ្ឌា នាពេលថ្មីៗនេះបានធ្លាក់ថ្លៃមកវិញ ដោយសារការនាំចេញទៅកាន់ប្រទេសអ៊ីរ៉ង់ ដែលជាអ្នកនាំចេញអង្ករឥណ្ឌាធំបំផុតមួយដែរ មានបញ្ហាផ្នែកដឹកជញ្ជូនតាមសមុទ្រព្រោះតែមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ។
តម្លៃអង្ករបាស្មាទី ដែលបានកើនឡើងពី១៥ ទៅ២០ភាគរយក្នុងរយៈពេលពីរខែចុងក្រោយនេះ ដោយសារតែការនាំចេញកាន់តែខ្ពស់ ត្រូវបានគេរំពឹងថា នឹងថយចុះនៅក្នុងសប្តាហ៍ខាងមុខនេះវិញ ដោយសារការនាំចេញទៅកាន់ប្រទេសអ៊ីរ៉ង់អាចនឹងធ្លាក់ចុះ ចំពេលកំពុងមានជម្លោះជាមួយអ៊ីស្រាអែល។
យោងតាមទីភ្នាក់ងារអភិវឌ្ឍន៍ការនាំចេញ និងកែច្នៃផលិតផលកសិកម្មរបស់ឥណ្ឌា បានឱ្យដឹងថា ប្រទេសអ៊ីរ៉ង់ជាប់ចំណាត់ថ្នាក់ជាអ្នកទិញអង្ករបាស្មាទីរបស់ឥណ្ឌាធំជាងគេទីបី បន្ទាប់ពីប្រទេសអារ៉ាប៊ីសាអូឌីត និងប្រទេសអ៊ីរ៉ាក់។ ក្នុងអំឡុងឆ្នាំ២០២៤-២០២៥ ការនាំចេញអង្ករបាស្មាទី របស់ឥណ្ឌាទៅកាន់ប្រទេសអ៊ីរ៉ង់មានតម្លៃទឹកប្រាក់ចំនួណ៧៣៦លានដុល្លារ ស្មើនឹង១២,៦ភាគរយនៃការនាំចេញអង្ករបាស្មាទីសរុបរបស់ឥណ្ឌា។
ប្រទេសនាំចូលអង្ករឥណ្ឌាមួយចំនួន ដូចជាប្រទេសអ៊ីរ៉ង់ ធ្លាប់បានបង្កើនការបញ្ជាទិញរបស់ខ្លួន បន្ទាប់ពីតម្លៃអង្ករបាស្មាទី របស់ឥណ្ឌាបានធ្លាក់ថ្លៃ ដែលការបញ្ជាទិញនាពេលនោះ បានជួយធ្វើឱ្យតម្លៃអង្ករឡើងថ្លៃវិញបន្តិចផងដែរ។
កាលពីក្នុងខែមេសា ឆ្នាំ២០២៥នេះ តម្លៃអង្ករបាស្មាទី របស់ឥណ្ឌាបានធ្លាក់ថ្លៃយ៉ាងខ្លាំង ដោយសារតម្រូវការនាំចេញលើពិភពលោកមានចំនួនតិចដោយសារកត្តាជាច្រើន។
ប៉ុន្តេទោះជាយ៉ាងណាក៏ដោយ តម្រូវការនាំចេញបានកើនឡើងវិញ ដោយសារមានអ្នកចង់ទិញស្តុកទុកក្នុងតម្លៃទាប ដែលនាំមកនូវការកើនឡើងនៃបរិមាណនាំចេញ នៅក្នុងខែឧសភា និងការកើនឡើងជាបន្តទៀតប្រហែល២០ភាគរយ។
ទោះបីជាតម្លៃទំនងជានៅតែមានស្ថិរភាពសម្រាប់ពេលនេះក៏ដោយ កត្តាដូចជាអត្រាពន្ធខ្ពស់ពេគរបស់អាមេរិក ឬបណ្តាលមកពីសង្រ្គាមអ៊ីរ៉ង-អ៊ីស្រាអែល នឹងបង្កផលប៉ះពាល់ដល់តម្លៃអង្ករនេះ នាពេលអនាគត។
ចំណែកប្រទេសជាច្រើនមានទំនោរចង់ទិញអង្ករបាស្មាទីបន្ថែមទៀត ដើម្បីធានាសន្តិសុខស្បៀងរបស់ខ្លួន ប្រសិនបើសង្រ្គាមអ៊ីរ៉ង់-អ៊ីស្រាអែលរីករាលដាលកាន់តែធំឡើង។
ប្រធានសហព័ន្ធអ្នកនាំចេញអង្ករឥណ្ឌា បានសម្តែងការព្រួយបារម្ភទាក់ទងនឹងការដឹកជញ្ជូនតាមសមុទ្រនាពេលបច្ចុប្បន្ននេះ និងបញ្ហាទូទាត់ប្រាក់នៅក្នុងពេលផ្ទុះសង្គ្រាម។
តាមការប៉ាន់ប្រមាណបង្ហាញថា បំណុលលើសពេលកំណត់របស់ប្រទេសអ៊ីរ៉ង់ សម្រាប់ពាណិជ្ជកម្មអង្ករបាស្មាទី ជាធម្មតាមានចំនួន១១ ទៅ១៣លានដុល្លារ សម្រាប់ការទូទាត់ជាមុនចំនួន២០ភាគរយ ចំណែកតម្លៃនៅសល់ប៉ុន្មានទៀតនឹងទូទាត់ក្នុងរយៈពេល១៨០ថ្ងៃក្រោយ។ ដូច្នេះនៅក្នុងពេលប្រទេសអ៊ីរ៉ង់កំពុងជាប់ដៃក្នុងសង្គ្រាមជាមួយប្រទេសអ៊ីស្រាអែល ការទូទាត់អាចជួបបញ្ហាយឺតយ៉ាវ៕