គោ​អាហ្វ្រិកខាងត្បូង ប្រហែល១០០ក្បាល ងាប់រណូករណែលសង្ស័យពុលនឹងហ្វូងដង្កូវ

ទីក្រុងខេប៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសអាហ្វ្រិកខាងត្បូង បានឱ្យដឹងថា កាលពីពេលថ្មីៗកន្លងមកនេះ សត្វគោប្រហែល១០០ក្បាល ត្រូវបានគេប្រទះឃើញងាប់រណូករណែល​ នៅក្នុងកសិដ្ឋានមួយកន្លែង ស្ថិតនៅភាគខាងត្បូងប្រទេស។

យោងតាមការចេញផ្សាយរបស់គេហទំព័រ កសិករប្រចាំសប្តាហ៍ (Farmer’s Weekly) របស់អាហ្វ្រិកខាងត្បូង បានធ្វើសេចក្តីរាយការណ៍ថា សត្វគោទាំងអស់ត្រូវបានគេឃើញងាប់នៅក្នុងកសិដ្ឋាន ដោយមានរោគសញ្ញាហូរទឹកមាត់ និងហើមពោះ។

ក្រុម​ពេទ្យសត្វ​ឯកជនបានធ្វើកោសល្យវិច័យ​ ហើយដាក់ការសង្ស័យជាបឋម​ថា គោ​​​អាចងាប់​ដោយសារ​ស៊ី​ស្មៅ​ពុល បង្កឡើងដោយហ្វូង​ដង្កូវ​។  ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ សំណាកគោងាប់ត្រូវបានប្រមូល និងបញ្ជូនទៅកាន់ក្រុមពេទ្យសត្វរបស់រដ្ឋ ដើម្បីវិភាគបន្ថែមឱ្យបានច្បាស់លាស់។

ក្រោយពីមានករណីគោងាប់ច្រើនបែបនេះ អាជ្ញាធរមូលដ្ឋាន​ បានអំពាវនាវឱ្យកសិករ​ចិញ្ចឹម​គោ ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ​ព្រោះ​ហ្វូងដង្កូវ​បានសម្រុកចូលស៊ី​​ស្មៅ​ នៅក្នុងកសិដ្ឋានចិញ្ចឹមគោ ហើយធ្វើ​ឲ្យ​ស្មៅ​បញ្ចេញ​សារធាតុ​គីមីម្យ៉ាង ឈ្មោះ ​ស៊ីយ៉ាន (Cyanide) ​ដែល​ធ្វើ​ឲ្យ​មានសារធាតុពុលនៅលើស្មៅ​។

គីមី ស៊ីយ៉ាន គឺជាសារធាតុពុលខ្លាំង ដែលធ្វើឱ្យសមត្ថភាពរាងកាយចុះខ្សោយក្នុងការស្រូបយកអុកស៊ីហ្សែន។ ការពុលដោយគីមី ស៊ីយ៉ាន អាចបណ្តាលមកពីស៊ីវា ការដកដង្ហើមចូល ឬស្រូបចូលតាមស្បែក។ រោគសញ្ញាបង្កឡើងដោយសារធាតុគីមីប្រភេទនេះ រួមមានអាការៈក្អួត រាគ វិលមុខ និងពិបាកដកដង្ហើម។ ក្នុង​ករណី​ធ្ងន់ធ្ងរ ​អាចបណ្តាល​នាំ​ឱ្យ​សន្លប់ និង​អាច​ស្លាប់​បាន។

ប្រព័ន្ធផ្សព្វផ្សាយដដែល បានលើកឡើងទៀតថា ក្រោយប៉ះពាល់សារធាតុគីមីនេះ សត្វគោអាចឈឺភ្លាម​ និងក្នុងរយៈពេលប៉ុន្មានថ្ងៃក្រោយមកទើបបង្ហាញរោគសញ្ញា គឺដល់ដំណាក់កាលគោងាប់តែម្តង។

អាជ្ញាធរអាហ្វ្រិកខាងត្បូង បាន​ព្រមានដល់​កសិករ​ចិញ្ចឹម​គោ​ ​អំពី​ការ​កើត​ឡើង​នៃហ្វូង​ដង្កូវ​​ កាលនៅ​ថ្ងៃ​ទី៤ ខែ​មេសា ឆ្នាំ២០២៥ ដែលដំបូងឡើយ​ចាប់ផ្តើម​ផ្ទុះ​ នៅ​ក្នុង​តំបន់ភាគខាងកើត បន្ទាប់មករាលដាលទៅខេត្តផ្សេងទៀត ស្ថិតនៅភាគពាយព្យ។​ ដូច្នេះ កសិករត្រូវឃ្លាំមើលដីងាលស្មៅរបស់ខ្លួនឱ្យបានញឹកញាប់ ហើយរាយការណ៍ជាបន្ទាន់ក្នុងករណីប្រទះឃើញហ្វូងដង្កូវប្រភេទនេះ។

អាជ្ញាធរអាហ្វ្រិកខាងត្បូង បាននិយាយណែនាំថា ប្រសិនបើឃើញដង្កូវនៅលើវាលស្មៅ ត្រូវជម្លៀសសត្វគោ ចេញជាបន្ទាន់យកទៅកាន់ទីតាំងផ្សេង រួចឱ្យក្រុមពេទ្យសត្វមកពិនិត្យភ្លាមៗ។

ពាក់ព័ន្ធនឹងការសន្និដ្ឋានបឋមថា​ គោអាចងាប់ដោយសារពុលនឹងដង្កូវនេះ​​ ក្រុមពេទ្យសត្វរបស់រដ្ឋ ដែលបានយកសំណាកគោទៅពិនត្យ មិនទាន់បញ្ជាក់អំពីលទ្ធផលបានទេ ចំណែកឯក្រុមមន្ត្រី ដែលបានទៅមើលផ្ទាល់ដល់កសិដ្ឋានមានគោងាប់ បាននិយាយថា ពួកគេមិនបានសង្កេតឃើញហ្វូងដង្កូវច្រើនដូចរបាយការណ៍ដំបូងឡើយ ហើយក៏មិនអាចបញ្ជាក់ឱ្យបានច្បាស់ថា ហ្វូងដង្កូវពិតជាបង្កឱ្យគោងាប់នោះទេ។

ទន្ទឹមនឹងនេះដែរ ការព្រួយបារម្ភអំពីសុខភាពបរិភោគសាច់គោ ក៏ត្រូវបានលើកមកពិភាក្សាគ្នាផងដែរ បន្ទាប់ពីមានករណីគោងាប់ច្រើនបែបនេះ ក្រសួងអភិវឌ្ឍន៍ជនបទ និងកំណែទម្រង់កសិកម្ម របស់អាហ្វ្រិក ដែលកាលពីពេលថ្មីៗកន្លងមកនេះ បានចេញសេចក្តីថ្លែងការណ៍មួយ ប្រតិកម្មទៅនឹងរបាយការណ៍ថា សាច់ងាប់ត្រូវបានគេយកទៅបរិភោគ។

សេចក្តីថ្លែងការណ៍ បានលើកឡើងថា ក្រសួងកសិកម្មថ្កោលទោសយ៉ាងធ្ងន់ធ្ងរ ដល់អ្នកបរិភោគសាច់ងាប់​ ដែលមិនដឹងមូលហេតុច្បាស់លាស់នេះ ព្រមទាំងណែនាំ​ប្រជាពលរដ្ឋ​កុំ​បរិភោគ ឬលក់​ចែកចាយ​សាច់គោងាប់បែបនេះ ខណៈពេលអាជ្ញាធរកំពុងតែស៊ើបអង្កេតរកមូលហេតុពិតប្រាកដ៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ