កណ្តាល៖ កសិករមួយគ្រួសារនៅក្នុងខេត្តកណ្តាល នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥នេះ បានចាប់ផ្តើមប្រើប្រាស់គ្រឿងចក្រស្ទូងស្រូវដោយស្វ័យប្រវត្តិជាលើកដំបូង ដើម្បីបង្កើនទិន្នផលស្រូវ និងកាត់បន្ថយកម្លាំងពលកម្មរបស់មនុស្ស។
កសិករអាយុ៦៥ឆ្នាំ ឈ្មោះ យ៉ន ម៉ុក រស់នៅភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល ឈរញញឹមមើលគ្រឿងចក្រកំពុងតែស្ទូងស្រូវលើផ្ទៃដីទំហំ២ហិកតា និង៣០អា ដោយដាំពូជស្រូវស្រងែ្រស្រាល ដែលជាស្រូវកំពុងតែពេញនិយមនៅលើទីផ្សារក្នុងស្រុក និងនៅក្រៅស្រុក។
លោក យ៉ន ម៉ុក បានបញ្ជាក់ថា ម៉ាស៊ីនស្ទូងស្វ័យប្រវត្តិនេះ គឺលោកទិញពីអ្នកកែច្នៃក្នុងស្រុក ក្នុងតម្លៃ១៨៨៥ដុល្លារ ហើយមានសមត្ថភាពអាចស្ទូងស្រូវបានពីរហិកតាក្នុងមួយថ្ងៃ។
លោកបានរៀបរាប់ថា ការដំាស្រូវសន្ទូងដោយប្រើម៉ាស៊ីនស្វ័យប្រវត្តិអាចផ្តល់ទិន្នផលខ្ពស់ ចំណាយគ្រាប់ពូជតិចជាងស្រូវពង្រោះ ដែលតែងតែចំណាយពី៣០០ ដល់៤០០គីឡូក្រាមក្នុងមួយហិកតា ឱ្យធ្លាក់មកនៅត្រឹមតែ៥០គីឡូក្រាម ក្នុងមួយហិកតា។
ចំណែកលោក សាន បូនីកា អ្នកកែច្នៃម៉ាស៊ីនស្ទូងស្រូវ និងក្រុមការងាររបស់លោក ដែលកំពុងតែបង្រៀនកសិករពីរបៀបប្រើប្រាស់គ្រឿងចក្រប្រភេទនេះ បានមានប្រសាសន័ថា ម៉ាស៊ីនស្ទូងស្រូវស្វ័យប្រវត្តិនេះនឹងដើរតួសំខាន់ណាស់ក្នុងការកាត់បន្ថយថ្លៃដើមផលិតរបស់កសិករ ចូលរួមកាត់បន្ថយការប្រើប្រាស់ជីគីមី និងថ្នាំសម្លាប់សត្វល្អិតផងដែរ។
លោកមានប្រសាសន៍ថា ស្រូវសន្ទូងដាំដោយម៉ាស៊ីនស្វ័យប្រវត្តិរបស់លោក មានចម្លោះគ្រប់គ្រាន់ អាចបង្កលក្ខណៈឱ្យស្រូវលូតលាស់បានល្អ មិនសូវមានស្មៅ និងមិនសូវមានត្វល្អិតបំផ្លាញ។
លោក សាន បូនីកា សង្ឃឹមថា នៅពេលអនាគត កសិករកម្ពុជានឹងងាកមកធ្វើកសិកម្មដាំដំណាំស្រូវដោយស្ទូងឡើងវិញ និងនាំគ្នាប្រើម៉ាស៊ីនស្វ័យប្រវត្តិ ដើម្បីចូលរួមកាត់បន្ថយការចំណាយថ្លៃដើមទៅគ្រាប់ពូជ ជាពិសេស ស្រូវសន្ទូងនឹងផ្តល់ទិន្នផលខ្ពស់ជាងស្រូវពង្រោះ៕