ចិនធ្វើបាបក្រុមហ៊ុនអាម៉េរិកនាំចូលសណ្តែកសៀង និងនាំចូលឈើ ដើម្បីសងសឹកលោក ដូណាល់ ត្រាំ

2025-03-06 16.00.22

ទីក្រុងប៉េកាំង៖ រដ្ឋាភិបាលចិននៅក្នុងសប្តាហ៍នេះ បានព្យួរអាជ្ញាប័ណ្ណនាំចូលផលិតផលកសិកម្មរបស់ក្រុមហ៊ុនធំៗចំនួនបី របស់សហរដ្ឋអាម៉េរិក និងបញ្ឈប់ទាំងស្រុងនូវការនាំចូលផលិតផលឈើពីសហរដ្ឋអាម៉េរិក ដើម្បីជាការសងសឹកបន្ទាប់ពីរដ្ឋាភិបាលលោក ដូណាល់ ត្រាំ បានបន្ថែមពន្ធនាំចូលលើទំនិញរបស់ចិន។

យោងតាមការផ្សាយរបស់ភ្នាក់ងារព័ត៌មាន រ៉យទ័រ បានឲ្យដឹងថា ព្រមជាមួយគ្នានេះដែរ ប្រទេសចិនក៏បានដំឡើងពន្ធលើការនាំចូលផ្នែកផលិតផលកសិកម្ម និងម្ហូបអាហាររបស់សហរដ្ឋអាម៉េរិក ដែលមានតម្លៃទឹកប្រាក់២១ពាន់លានដុល្លារ រួមមានសណ្តែកសៀង ស្រូវសាលី សាច់ និងសំឡីកប្បាស។

នាយកដ្ឋានគយរបស់ប្រទេសចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុនអាម៉េរិកចំនួនបីរងផលប៉ះពាល់ដោយការព្យួរអាជ្ញាប័ណ្ណនាំចូលនេះ ក្រោយពីភ្នាក់ងារគយចិន បានរកឃើញសារធាតុបាក់តេរី នៅក្នុងសណ្តែកសៀង នាំចូលពីសហរដ្ឋអាម៉េរិក ចំណែកការផ្អាកការនាំចូលឈើពីសហរដ្ឋអាម៉េរិក គឺដោយសារតែគយចិនរកឃើញដង្កូវតូចៗ និងសត្វល្អិតដទៃទៀត មាននៅក្នុងផលិតផលឈើ។

វិធានការសងសឹករបស់រដ្ឋាភិបាលចិន គឺជាឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ដែលបានដំឡើងពន្ធនាំចូលលើផលិតផលរបស់ប្រទេសចិនរហូតដល់២០ភាគរយ ដោយយកលេសថា រដ្ឋាភិបាលចិនព្រងើយកន្តើយមិនព្រមទប់ស្កាត់ការចរចរណ៍គ្រឿងញៀនចូលក្នុងទឹកដីអាម៉េរិក។

យោងតាមការិយាល័យស្ថិតិរបស់សហរដ្ឋអាម៉េរិក បានឲ្យដឹងថា ប្រហែលពាក់កណ្តាលនៃការនាំចេញផលិតផលសណ្តែកសៀងរបស់សហរដ្ឋអាម៉េរិក គឺនាំទៅកាន់ប្រទេសចិន ដែលសរុបជាទឹកប្រាក់ជិត១២,៨ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៤។

ការផ្អាកនាំឈើចូលពីសហរដ្ឋអាម៉េរិក គឺជាការឆ្លើយតបដោយផ្ទាល់ទៅនឹងបទបញ្ជាឱ្យមានការស៊ើបអង្កេតលើឈើនាំចូល បន្ទាប់ពីលោកបានប្រាប់អ្នកសារព័ត៌មានថា លោកកំពុងគិតអំពីការដំឡើងពន្ធលើការនាំចូលឈើពីប្រទេសចិនរហូតដល់២៥ភាគរយ។

អ្នកវិភាគផ្នែកកសិកម្ម បាននិយាយថា ការប្រកាសរឹតបន្តឹងរបស់ចិន លើការនាំចូលឈើ និងសណ្តែកសៀង ពីសហរដ្ឋអាម៉េរិក ដែលទាក់ទងនឹងបញ្ហាអនាម័យ គឺកើតឡើងបន្ទាប់ពីមានវិធានការស្រដៀងគ្នានេះតែម្តង។

បរិមាណនាំចូលភាគច្រើន និងប្រភពដើមនៃសណ្តែកសៀង និងផលិតផលឈើ ដែលងាយនឹងមានបញ្ហាផ្នែកសុខភាពបង្កឡើងដោយបាក់តេរី និងសត្វល្អិត ត្រូវបានរដ្ឋាភិបាលចិន កំណត់ជាគោលដៅសម្រាប់សងសឹកផ្នែកពាណិជ្ជកម្មជាមួយអាម៉េរិក។

យោងតាមទិន្នន័យរបស់គយចិន បានឲ្យដឹងថា ប្រទេសចិន គឺជាប្រទេសមួយក្នុងចំណោមអ្នកនាំចូលផលិតផលឈើច្រើនជាងគេបំផុតនៅលើពិភពលោក ជាពិសេសជាអ្នកនាំចូលធំទីបីសម្រាប់ផលិតផលឈើរបស់សហរដ្ឋអាម៉េរិក ដែលនៅក្នុងឆ្នាំ២០២៤ មានតម្លៃប្រហែល៨៥០លានដុល្លារ។

ការដំឡើងពន្ធបន្ថែមរបស់ប្រទេសចិន លើផលិតផលនាំចូលពីសហរដ្ឋអាម៉េរិក រួមមានពន្ធ១៥ភាគរយលើសាច់មាន់ ស្រូវសាលី ពោត និងសំឡីកប្បាស និងពន្ធបន្ថែម១០ភាគរយលើសណ្តែកសៀង អង្ករ សាច់ជ្រូក សាច់គោ ផលិតផលមច្ឆាជាតិ ផ្លែឈើ បន្លែ និងទឹកដោះគោ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលចិន បានខិតខំកាត់បន្ថយយ៉ាងខ្លាំងនូវការពឹងផ្អែកលើការផ្គត់ផ្គង់របស់សហរដ្ឋអាម៉េរិក ដោយធ្វើឲ្យនៅសល់ផលប៉ះពាល់តិចតួចលើសន្តិសុខស្បៀងរបស់ខ្លួន។ ផ្ទុយទៅវិញ ការកាត់បន្ថយរបស់ចិន លើការនាំចូលផលិតផលកសិកម្មពីអាម៉េរិកលើកនេះ នឹងបង្កផលប៉ះពាល់ដល់កសិករអាម៉េរិកធ្ងន់ធ្ងរជាងសង្រ្គាមពាណិជ្ជកម្មឆ្នាំ២០១៨ ក្នុងអំឡុងពេលលោក ដូណាល់ ត្រាំ ឡើងកាន់ដំណែងលើកទី១។ ។

ដើម្បីការពារផលប៉ះពាល់ធ្ងន់ធ្ងរដោយសារសង្គ្រាមពាណិជ្ជកម្មជាមួយអាម៉េរិក ប្រទេសចិនបានងាកទៅរកអ្នកផលិតនៅក្នុងទ្វីបអាម៉េរិកខាងត្បូង តាមរយៈជំរុញកិច្ចសហប្រតិបត្តិការផ្នែកកសិកម្មជាមួយប្រទេសសម្ព័ន្ធមិត្ត និងបង្កើនផលិតកម្មក្នុងស្រុក ដោយពង្រីកការដាំដុះ និងប្រើប្រាស់បច្ចេកវិទ្យាថ្មីទំនើបៗ៕


1748918431390747
ធនាគារអភិវឌ្ឍន៍អាស៊ីអនុម័តកញ្ចប់ថវិកាជាង៦៣លានដុល្លារដើម្បីពន្លឿនការធ្វើសមាហរណកម្មថាមពលរបស់កម្ពុជា

ដោយ ឡុង សារេត ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦នេះ បានអនុម័តកញ្ចប់ហិរញ្ញប្បទានចំនួន៦៣,៤៤លានដុល្លារ ដើម្បីពន្លឿនការធ្វើសមាហរណកម្មថាមពលកកើតឡើងវិញ ទៅក្នុងប្រព័ន្ធថាមពលរបស់កម្ពុជា ពង្រឹងស្ថិរភាពបណ្តាញអគ្គិសនី និងសន្តិសុខថាមពល និងជំរុញពាណិជ្ជកម្មថាមពលឆ្លងដែន។ យោងតាមការចេញផ្សាយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី បានឱ្យដឹងថា គម្រោងផ្ទុកថាមពលថ្មខ្នាតធំភ្ជាប់បណ្តាញអគ្គិសនីនៅកម្ពុជានេះ នឹងគាំទ្រដល់ការសាងសង់ប្រព័ន្ធផ្ទុកថាមពលថ្ម ដែលមានកម្រិតថាមពល២៥០មេហ្គាវ៉ាត់ ជាមួយនឹងសមត្ថភាពផ្ទុក៥០០មេហ្គាវ៉ាត់ម៉ោង នៅស្ថានីយ៍រងខេត្តតាកែវ។ ប្រព័ន្ធនេះនឹងរក្សាទុកថាមពលកកើតឡើងវិញដែលសល់ ហើយបញ្ជូនវាត្រឡប់ទៅបណ្តាញវិញនៅពេលតម្រូវការថាមពលកើនឡើង និងជួយរក្សាស្ថេរភាពថាមពល។ ការណ៍នេះនឹងជួយបំពេញតម្រូវការអគ្គិសនី ដែលកំពុងកើនឡើងដោយសារតំបន់ឧស្សាហកម្ម ទីតាំងកែច្នៃកសិផល និងទីប្រជុំជន ដែលកំពុងរីកលូតលាស់យ៉ាងឆាប់រហ័សនៅភាគខាងត្បូងនៃប្រទេសកម្ពុជា។ វាក៏នឹងជំរុញពាណិជ្ជកម្មអគ្គិសនីឆ្លងដែន និងការតភ្ជាប់បណ្តាញអគ្គិសនីជាមួយប្រទេសវៀតណាម រួមទាំងការនាំចូលថាមពលរបស់កម្ពុជា ដែលរួមចំណែកដល់គោលដៅនៃបណ្តាញអគ្គិសនីអាស៊ាន ក្នុងការសម្រេចបាននូវប្រតិបត្តិការបណ្តាញអគ្គិសនីរួមបញ្ចូលគ្នាយ៉ាងពេញលេញនៅទូទាំងអាស៊ីអាគ្នេយ៍ នៅឆ្នាំ២០៤៥។ លោកស្រី យ៉ាស្មីន ស៊ីដីគី (Yasmin Siddiqi) នាយិកាប្រចាំប្រទេសកម្ពុជារបស់ ADB មានប្រសាសន៍ថា «ចំពេលមានវិបត្តិថាមពលសកល គម្រោងនេះពង្រឹងបន្ថែមទៀតនូវការប្តេជ្ញាចិត្តរបស់កម្ពុជាឆ្ពោះទៅរកអន្តរកម្មថាមពលស្អាត។ តាមរយៈការពង្រឹងបណ្តាញថាមពលជាមួយនឹងការផ្ទុកថាមពលថ្មខ្នាតធំ យើងកំពុងជួយប្រទេសកម្ពុជាទាញប្រយោជន៍ពីថាមពលកកើតឡើងវិញបន្ថែមទៀត ហើយធានាថា ក្រុមគ្រួសារកសិករ និងអាជីវកម្មនានា ទទួលបានអត្ថប្រយោជន៍ពីអគ្គិសនី ដែលមានសុវត្ថិភាព ស្ថិរភាព និងតម្លៃសមរម្យ»។ […]

image_2026-06-25_10-06-40
ម៉ិកស៊ិក និងប្រេស៊ីល នឹងចែករំលែកប្រាក់៥០០លានដុល្លារ ដើម្បីកាត់បន្ថយការបញ្ចេញកាបូនក្នុងឧស្សាហកម្ម

ទីក្រុងម៉ិកស៊ិក៖ មូលនិធិវិនិយោគអាកាសធាតុ កាលពីសប្តាហ៍មុន បានប្រកាសថា ខ្លួនបានអនុម័តហិរញ្ញប្បទានកាតាលីករចំនួន៥០០លានដុល្លារ សម្រាប់ប្រទេសប្រេស៊ីល និងម៉ិកស៊ិក ដែលមានបំណងទាញយកមូលនិធិរាប់ពាន់លានដុល្លារបន្ថែមទៀត ដើម្បីពន្លឿនការកាត់បន្ថយការបញ្ចេញកាបូនក្នុងវិស័យឧស្សាហកម្មរបស់ខ្លួន។ ទុនបម្រុងគ្រប់គ្រងដោយធនាគារពិភពលោក (World Bank) ដែលមានទឹកប្រាក់ចំនួន១៤ពាន់លានដុល្លារ គឺជាមូលនិធិមូលធនផ្តោតលើអាកាសធាតុ បានគាំទ្រការវិនិយោគដំបូងគេបង្អស់ ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយការបញ្ចេញកាបូនក្នុងប្រទេសទាំងពីរនេះ ដែលមានសេដ្ឋកិច្ចធំជាងគេនៅក្នុងតំបន់អាម៉េរិកឡាទីន។ នាយកប្រតិបត្តិមូលនិធិវិនិយោគអាកាសធាតុ លោក តារីយេ ក្បាដេហ្គេស៊ីន (Tariye Gbadegesin) បាននិយាយថា “ការប្រកួតប្រជែងជាសកលដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិកបានចាប់ផ្តើមហើយ សម្រាប់ទីផ្សារកំពុងរីកចម្រើន គឺនៅពេលខាងមុខ។ ឧស្សាហកម្មកាត់បន្ថយការបញ្ចេញកាបូន គឺមានលក្ខណៈលើសពីការបំភាយឧស្ម័ន វាជាការធានាបាននូវវិបុលភាពរយៈពេលវែង និងការងារនៅថ្ងៃអនាគត”។ ប្រទេសទាំងពីរកំពុងអភិវឌ្ឍមូលដ្ឋានឧស្សាហកម្មរបស់ខ្លួនយ៉ាងឆាប់រហ័ស ហើយនៅប្រទេសម៉ិកស៊ិក បច្ចុប្បន្នឧស្សាហកម្មនេះមានចំនួន១៨ភាគរយនៃការបំភាយឧស្ម័នផ្ទះកញ្ចក់។ ប្រទេសប្រេស៊ីល និងម៉ិកស៊ិក នឹងទទួលបានចំណែកទឹកប្រាក់ចំនួន២៥០លានដុល្លាររៀងៗខ្លួន។ ជំនួយនេះមានបំណងដើរតួជានុយ “កាតាលីករ” ដើម្បីស្រូបយកទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីធនាគារ និងវិនិយោគិនឯកជន។ នៅប្រទេសម៉ិកស៊ិក ការវិនិយោគនេះត្រូវបានគេរំពឹងថា នឹងធ្វើឱ្យមានសហហិរញ្ញប្បទានចំនួន១,៦៨ពាន់លានដុល្លារ រួមទាំងទឹកប្រាក់១,២ពាន់លានដុល្លារ ពីវិនិយោគិនឯកជនផងដែរ។ ស្ថាប័នចូលរួមរួមមានក្រុមធនាគារអភិវឌ្ឍន៍អន្តរ-អាមេរិក (Inter-American Development Bank Group) និងក្រុមធនាគារពិភពលោក (World Bank Group) […]

658985439_1357748453054948_4331078773901904326_n
សហគ្រិនខ្មែរមួយរូប កំពុងកែច្នៃពងទាធ្វើជាម្ហូបច្រើនមុខ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក

ដោយ អៀវ ឈៀងនី ភ្នំពេញ៖ ក្រៅពីជាម្ចាស់កសិដ្ឋានចិញ្ចឹមទាយកពង អិលស៊ីឌីស៊ី អេកូហ្គ្រីន (LCDC ECO-GREEN) លោក នី តាំងហ៊ី ក៏ជាកសិករសហគ្រិនខ្មែរមួយរូប ដែលមានគំនិតច្នៃប្រឌិតពងទាទៅជាផលិតផលសម្រេចមួយផ្សេងៗ​ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ហើយកាត់បន្ថយការនាំចូល។ លោកបានប្រាប់ទូរទស្សន៍អនឡាញ ARDB TV ថា បច្ចុប្បន្នកសិដ្ឋានរបស់លោកបាននឹងកំពុងកែច្នៃពងទាទៅជាផលិតផលសម្រេចយ៉ាងហោចណាស់បានបួនមុខ សម្រាប់ដាក់លក់នៅតាមម៉ាត និងផ្សារទំនើបមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជា។ ពងទាច្នែទាំងបួនមុខនោះ រួមមាន ពងទាស្រស់វេចខ្ចប់ ពងទាប្រៃ ពងទាខ និងស្នូលពងទាប្រៃ។ លោក នី តាំងហ៊ី បានបន្តថា បច្ចុប្បន្ននេះ ការកែច្នៃរបស់លោកមិនទាន់បានច្រើនមុខនៅឡើយទេ ប៉ុន្តែនៅពេលខាងមុខ លោកនឹងកែច្នៃពងទាបន្ថែមទៀត ដូចជា ការច្នៃធ្វើពងទាបាក់យុង ពងទាខ្មៅ និងម្សៅពងទា។ ដោយមើលឃើញពីកសិករ តែងតែមានបញ្ហាប្រឈមទីផ្សារពងទាកន្លងទៅ លោកមានគំនិតមួយនេះ ចង់ឱ្យកម្ពុជាសម្បូរទៅដោយផលិតកែច្នៃដូចបណ្ដាប្រទេសជិតខាង ដែលភាគច្រើនប្រទេសទាំងនោះ គេមានសមត្ថភាពខ្ពស់ក្នុងការច្នៃពងទាទៅជាផលិតផលសម្រេច មិនក្រោមពី៥០មុខនោះទេ។ លោក នី តាំងហ៊ី បានប្រាប់ ARDB TVទៀតថា លោកធ្លាប់បានទៅរៀនច្នៃម៉ូឌែលផ្សេងៗពីកោះតៃវ៉ាន់ […]

728607063_1534236361831217_8448163330218109720_n
ស្ត្រីជាកម្លាំងស្នូលក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នមេតាន និងការអភិវឌ្ឍកសិកម្មប្រកបដោយចីរភាព

សៀមរាប៖ ថ្នាក់ដឹកនាំ សមាជិកសហគមន៍កសិកម្ម និងកសិករ នៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប បានចូលរួមដំឡើងបំពង់ (Alternate Wetting and Drying) ដើម្បីអនុវត្តបច្ចេកទេសគ្រប់គ្រងទឹកក្នុងស្រែ ដែលជាវិធីសាស្ត្រមានប្រសិទ្ធភាពក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នមេតាន និងប្រើប្រាស់ទឹកឱ្យកាន់តែមានប្រសិទ្ធភាព។ តាមរយៈការចូលរួមនេះ ក្រុមហ៊ុនអេមរូរ៉ាយ (Amru Rice) មានសុទិដ្ឋិនិយមថា ស្ត្រីមិនត្រឹមតែជាអ្នកចូលរួមប៉ុណ្ណោះទេ ប៉ុន្តែជាអ្នកដឹកនាំការផ្លាស់ប្តូរ។ ការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រី និងការចូលរួមយ៉ាងសកម្មរបស់ពួកគេក្នុងការអនុវត្ដកសិកម្មឆ្លាតវៃបន្សាំនឹងការប្រែប្រួលអាកាសធាតុ គឺជាគន្លឹះសម្រាប់ការអភិវឌ្ឍសហគមន៍ប្រកបដោយចីរភាព និងមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ។ ដូច្នោះ ការរួមគ្នា គឺកំពុងកសាងអនាគតកសិកម្មបៃតង កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងបង្កើនជីវភាពរស់នៅរបស់កសិករខ្មែរ។ ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ និងរលកកម្ដៅកាន់តែខ្លាំង អ្នកជំនាញបាន​​លើកឡើងថា ការអភិវឌ្ឍ និងប្រើប្រាស់ពូជស្រូវ ដែលមានភាពធន់នឹងអាកាសធាតុ ក្លាយជាកត្តាសំខាន់សម្រាប់អនាគតវិស័យស្រូវអង្ករកម្ពុជា។ ដោយឡែក ពូជស្រូវមានភាពធន់នឹងកម្ដៅ រាំងស្ងួត និងការប្រែប្រួលនៃរបបទឹកភ្លៀង អាចជួយរក្សាបាននូវទិន្នផល និងគុណភាពស្រូវ ទោះបីជាប្រឈមនឹងលក្ខខណ្ឌអាកាសធាតុមិនអំណោយផលក៏ដោយ។ ជាមួយគ្នានេះដែរ ការជ្រើសរើសពូជស្រូវ ដែលមានរយៈពេលលូតលាស់សមស្រប និងអាចប្រមូលផលបានយឺតជាងមុនបន្តិច ក៏ជួយឱ្យដំណាំស្រូវសម្របខ្លួនបានល្អប្រសើរទៅនឹងការប្រែប្រួលរដូវកាលដែរ។ លើសពីនេះ ការវិនិយោគលើការស្រាវជ្រាវ និងអភិវឌ្ឍពូជស្រូវធន់នឹងអាកាសធាតុ គឺជាគន្លឹះដ៏សំខាន់ក្នុងការធានានិរន្តរភាពផលិតកម្មស្រូវ សន្តិសុខស្បៀង និងការលើកកម្ពស់ជីវភាពរបស់ប្រជាកសិករកម្ពុជា ក្នុងរយៈពេលវែង៕

កាលវិភាគផ្សព្វផ្សាយ