ហាណូយ៖ យោងតាមសមាគមអ្នកនាំចេញ និងផលិតផលិតផលជលផលវៀតណាម បានឱ្យដឹងថា ការនាំចេញបង្គារបស់វៀតណាម អាចរកចំណូលបានចំនួន៣,៧ពាន់លានដុល្លារ ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២៦។
ប្រទេសចិននៅតែជាទីផ្សារនាំចេញបង្គាធំបំផុតរបស់វៀតណាម ដោយការនាំចេញទៅកាន់ទីផ្សារនេះសម្រេចបានទឹកប្រាក់ជិត១,៣ពាន់លានដុល្លារ។
ចំណែកតម្រូវការបង្កងសមុទ្រ ជាពិសេសបង្កងសមុទ្រពណ៌បៃតង នៅក្នុងទីផ្សារចិន បានបន្តរួមចំណែកយ៉ាងសំខាន់ដល់កំណើននៃការនាំចេញនេះ។ ចំណែកការនាំចេញបង្គាទៅកាន់សហរដ្ឋអាម៉េរិកសម្រេចបានត្រឹមតែ៤៩៨លានដុល្លារប៉ុណ្ណោះ។ ការនាំចេញទៅកាន់សហភាពអឺរ៉ុប ក៏បានធ្លាក់ចុះមកនៅត្រឹមជាង៤០៦លានដុល្លារ។
ផ្ទុយទៅវិញ ការនាំចេញបង្គាទៅកាន់ប្រទេសជប៉ុន បានកើនឡើងដល់ជិត៤៤១លានដុល្លារ ខណៈការនាំចេញទៅកាន់ប្រទេសអូស្ត្រាលី បានកើនឡើងដល់ជិត២១២លានដុល្លារ និងការនាំចេញទៅកាន់ប្រទេសកាណាដា បានកើនឡើងដល់ជាង១៣០លានដុល្លារ។
ការនាំចេញទៅកាន់ទីផ្សារនៃបណ្តាប្រទេស ជាសមាជិកនៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក សម្រេចបានទឹកប្រាក់លើសពី១ពាន់លានដុល្លារ។
យោងតាមសមាគមអ្នកនាំចេញ និងផលិតផលិតផលជលផលវៀតណាម បានឱ្យដឹងថា ការនាំចេញបង្គារបស់វៀតណាមនៅតែបន្តកើនឡើងក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២៦នេះ ដោយមានការគាំទ្រពីតម្រូវការទីផ្សារចិន និងទីផ្សារមួយចំនួនក្នុងចំណោមប្រទេសសមាជិកនៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក។ ទោះជាយ៉ាងណា សន្ទុះកំណើនកំពុងថមថយ ដោយសារការនាំចេញទៅកាន់សហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុបបានធ្លាក់ចុះ។
សម្ពាធពន្ធគយ ការប្រកួតប្រជែងលើទីផ្សារអន្តរជាតិ និងការលំបាកក្នុងការធានាការផ្គត់ផ្គង់វត្ថុធាតុដើម ក៏កំពុងបង្កជាបញ្ហាប្រឈមធំៗដល់បណ្តាសហគ្រាសនាំចេញបង្គាវៀតណាម ក្នុងប៉ុន្មានខែចុងក្រោយនៃឆ្នាំនេះផងដែរ។
កាលពីឆ្នាំ២០២៥ ការនាំចេញផលិតផលជលផលរបស់វៀតណាម សម្រេចបានទឹកប្រាក់សរុបជាង១១ពាន់លានដុល្លារ ក្នុងនោះការនាំចេញបង្គាមានតម្លៃ៤,៨ពាន់លានដុល្លារ។
សមាគមបានបញ្ជាក់ថា ប្រសិនបើវៀតណាមអាចរក្សាតម្លៃនាំចេញបង្គាប្រចាំខែក្នុងកម្រិតពី៤៧០លានដុល្លារ ទៅ៤៨០លានដុល្លារ នៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០២៦ នោះតម្លៃនាំចេញបង្គាសរុបពេញមួយឆ្នាំអាចសម្រេចបានចំណូលរង្វង់៥ពាន់លានដុល្លារ៕ (ផាន់ អាណា)







