ម៉ានីល៖ ហ្វីលីពីន បានហាមឃាត់ប្រជាជនរបស់ខ្លួន មិនឱ្យទិញ និងទទួលទានសូកូឡារសជាតិទុរេនឡើយ ដោយសារតែផលិតផលនេះមានលក់ ដោយមិនទាន់បានឆ្លងកាត់ការត្រួតពិនិត្យគុណភាព និងសុវត្ថិភាព។
រដ្ឋបាលរដ្ឋបាលចំណីអាហារ និងឱសថហ្វីលីពីន បានបញ្ជាក់ថា តាមរយៈការត្រួតពិនិត្យតាមប្រព័ន្ធអនឡាញ និងការឃ្លាំមើលផលិតផលក្រោយពេលដាក់លក់នៅលើទីផ្សារ ស្ថាប័ននេះបានរកឃើញថា ផលិតផលចំណីអាហារ ឬអាហារបំប៉នមួយនេះមិនបានចុះបញ្ជីឡើយ ហើយក៏មិនទាន់ទទួលបានវិញ្ញាបនបត្រចុះបញ្ជីផលិតផលផងដែរ។
យោងតាមច្បប់ហ្វីលីពីន ស្តីពីចំណីអាហារ និងឱសថ ឆ្នាំ២០០៩ បានចែងថា ការផលិត ការនាំចូល ការនាំចេញ ការលក់ ការតាំងបង្ហាញ ការចែកចាយ ការផ្ទេរ ការប្រើប្រាស់ ការផ្សព្វផ្សាយ ផលិតផលសុខភាព ដោយគ្មានការអនុញ្ញាតត្រឹមត្រូវ គឺជាសកម្មភាពត្រូវបានហាមឃាត់។
ដោយសារផលិតផលចំណីអាហារ និងអាហារបំប៉នដែលមិនបានចុះបញ្ជីទាំងនេះ មិនទាន់បានឆ្លងកាត់ដំណើរការវាយតម្លៃរបស់រដ្ឋបាលចំណីអាហារ និងឱសថហ្វីលីពីន ស្ថាប័ននេះមិនអាចធានាបានអំពីគុណភាព និងសុវត្ថិភាពរបស់ផលិតផលទាំងនោះឡើយ។
ស្ថាប័នមានសមត្ថកិច្ចត្រូវបានស្នើឱ្យធានាថា ផលិតផលនេះមិនត្រូវបានដាក់លក់ ឬផ្គត់ផ្គង់នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឡើយ។
ជាមួយគ្នានេះ ការិយាល័យគយហ្វីលីពីន ក៏ត្រូវបានស្នើឱ្យទប់ស្កាត់ការនាំចូល ឬនាំចេញផលិតផលនេះ ព្រមទាំងផលិតផលចំណីអាហារផ្សេងទៀតដែលមិនបានចុះបញ្ជី៕ (ផាន់ អាណា)










