ប៉េកាំង៖ ប្រធានសមាគមកាហ្វេភូមា បានមានប្រសាសន៍ថា ចិនគឺជាទីផ្សារនាំចេញកាហ្វេធំបំផុតរបស់ភូមា ខណៈបរិមាណកាហ្វេនាំចេញទៅកាន់ទីផ្សារប្រទេសជិតខាង ត្រូវបានប៉ាន់ប្រមាណថា មានចន្លោះពី៣ ០០០ ទៅ៤ ០០០ តោនក្នុងមួយឆ្នាំ។
លោកបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការក្នុងវិស័យកាហ្វេរវាងចិន និងភូមា បានពង្រឹងកាន់តែខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាពិសេស នៅខេត្តយូណាន ស្ថិតនៅភាគនិរតីប្រទេសចិន ដែលជាតំបន់ផលិតកាហ្វេដ៏សំខាន់មួយរបស់ចិន បានក្លាយជាដៃគូដ៏សំខាន់សម្រាប់ឧស្សាហកម្មកាហ្វេភូមា។
សមាគមកាហ្វេភូមា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយសាលាបណ្តុះបណ្តាលជំនាញកាហ្វេ សមាគម និងសភាពាណិជ្ជកម្មនានា នៅខេត្តយូណាន។ សមាគមក៏បានចូលរួមពិព័រណ៍កាហ្វេ និងកម្មវិធីផ្លាស់ប្តូរចំណេះដឹង ដើម្បីស្វែងយល់បន្ថែមអំពីឧស្សាហកម្មកាហ្វេរបស់ចិនផងដែរ។
លោកប្រធានសមាគមកាហ្វេភូមា បានមានប្រសាសន៍ថា ចិនអាចក្លាយជាទីផ្សារកាហ្វេដ៏ធំមួយក្នុងរយៈពេល១០ឆ្នាំទៀត ដែលនឹងបង្កើតឱកាសឱ្យភូមាទទួលបានផលប្រយោជន៍ពីការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងការកើនឡើងនៃតម្រូវការអ្នកប្រើប្រាស់កាហ្វេភូមា។
ផលិតកម្មកាហ្វេនៅភូមា ប្រមូលផ្តុំជាចម្បងនៅរដ្ឋសាន និងតំបន់ម៉ាន់ដាឡេ។ កសិករដាំដុះកាហ្វេពូជ អារ៉ាប៊ីកា (Arabica) នៅតំបន់ខ្ពង់រាប និងកាហ្វេពូជ រ៉ូប៊ូស្តា (Robusta) នៅតំបន់ដែលមានរយៈកម្ពស់ទាបជាង។
លោកបានបញ្ជាក់ថា លក្ខខណ្ឌអាកាសធាតុ និងបរិស្ថានដាំដុះអំណោយផលរបស់ភូមា បានផ្តល់សក្តានុពលក្នុងការផលិតកាហ្វេមានគុណភាពខ្ពស់ សម្រាប់ទាំងការប្រើប្រាស់ក្នុងស្រុក និងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
លោកបានបន្ថែមថា ឧស្សាហកម្មកាហ្វេរបស់ភូមា បានរីកចម្រើនយ៉ាងឆាប់រហ័ស និងមានការទទួលស្គាល់កាន់តែច្រើនក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ។
លោកបានថ្លែងថា នៅពេលខាងមុខ លោកមានគម្រោងពង្រីកបណ្តាញពាណិជ្ជកម្មដោយផ្ទាល់រវាងសហគ្រាស និងសហគ្រាស ដើម្បីផ្គត់ផ្គង់កាហ្វេអារ៉ាប៊ីកា ដ៏ប្រណីត និងកាហ្វេរ៉ូប៊ូស្តា ដ៏គុណភាពល្អរបស់ភូមា ទៅកាន់ទីផ្សារកាហ្វេប្រណីតរបស់ចិន ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។
ទន្ទឹមនឹងនេះ សមាគមកាហ្វេភូមាក៏កំពុងស្វែងរកការវិនិយោគពីចិន ដើម្បីអភិវឌ្ឍរោងចក្រកែច្នៃបង្កើនតម្លៃបន្ថែម រោងចក្រលីងគ្រាប់កាហ្វេ និងប្រព័ន្ធដឹកជញ្ជូនក្នុងខ្សែច្រវាក់ផ្គត់ផ្គង់នៅភូមា៕ (ផាន់ អាណា)










