ម៉ានីល៖ ក្រសួងកសិកម្មហ្វីលីពីនកំពុងពិចារណាផ្អាកការចេញលិខិតអនុញ្ញាតឱ្យនាំចូលសាច់ជ្រូកសម្រាប់រយៈពេលពីរខែសិន ដើម្បីកាត់បន្ថយបរិមាណសាច់ជ្រូកបរទេស ដែលធ្វើឱ្យតម្លៃក្នុងស្រុកធ្លាក់ចុះខ្លាំងពេក។
រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ហ្វ្រែនស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel) បានឱ្យដឹងថា ក្រសួងកំពុងសិក្សាលទ្ធភាពផ្អាកការចេញលិខិតអនុញ្ញាតនាំចូល ដោយផ្អែកលើបញ្ហាអនាម័យ និងភូតគាមអនាម័យ សម្រាប់សាច់ជ្រូកនាំចូល ដើម្បីការពារផលប្រយោជន៍កសិករចិញ្ចឹមជ្រូករបស់ប្រទេសហ្វីលីពីន។
លិខិតអនុញ្ញាត គឺជាឯកសារចាំបាច់សម្រាប់ការនាំចូលផលិតផលកសិកម្មចូលប្រទេសហ្វីលីពីន ដើម្បីបញ្ជាក់ពីការអនុលោមតាមលក្ខខណ្ឌសុវត្ថិភាព និងអនាម័យ។ ការផ្អាកចេញលិខិតអនុញ្ញាតនេះ នឹងធ្វើឱ្យការនាំចូលផលិតផលសាច់ជ្រូក ដែលស្ថិតក្រោមវិធានការនេះ ត្រូវផ្អាកជាបណ្តោះអាសន្ន ដែលអាចចាប់ផ្តើមអនុវត្តនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦។
ទោះបីការផ្អាកនេះអាចអូសបន្លាយរហូតដល់រដូវបុណ្យណូអែល នៅចុងឆ្នាំ២០២៦ក៏ដោយ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា មិនត្រូវព្រួយបារម្ភអំពីកង្វះខាតសាច់ជ្រូកនោះទេ ដោយសារប្រទេសហ្វីលីពីនបច្ចុប្បន្នមានសាច់ជ្រូកស្តុកទុកគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់រយៈពេល១៧០ថ្ងៃ។
យោងតាមលោក ហ្វ្រែនស៊ីស្កូ ធៀវ ឡូរ៉ែល ក្រសួងកសិកម្មអាចដាក់ចេញវិធានការការពារពាណិជ្ជកម្ម ដូចជាការដំឡើងពន្ធគយ និងការកំណត់បរិមាណនាំចូលបាន លុះត្រាតែបរិមាណសាច់ជ្រូកនាំចូល។
ទិន្នន័យពីការិយាល័យឧស្សាហកម្មសត្វ របស់ហ្វីលីពីន បង្ហាញថា គិតត្រឹមដំណាច់ខែសីហា ឆ្នាំ២០២៦ បរិមាណសាច់ជ្រូកនាំចូលពីបរទេសបានកើនឡើងជិតដល់៦០ម៉ឺនតោន បើធៀបនឹងបរិមាណជាង៥៧ម៉ឺនតោន ក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។
លោករដ្ឋមន្ត្រីបានថ្លែងបញ្ជាក់ថា «ដូច្នេះ យើងកំពុងពិចារណារកវិធីសាស្ត្រថ្មីមួយ។ ប៉ុន្តែសាររបស់យើងទៅកាន់អ្នកចិញ្ចឹមជ្រូក គឺយើងកំពុងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីស្វែងរកមធ្យោបាយរឹតបន្តឹងលំហូរសាច់ជ្រូកនាំចូលក្នុងរយៈពេលកំណត់មួយ ដើម្បីជួយឱ្យឧស្សាហកម្មនេះងើបឡើងវិញ និងការពារកុំឱ្យអ្នកចិញ្ចឹមជ្រូកទទួលរងការខាតបង់»។
កន្លងមក អ្នកចិញ្ចឹមជ្រូកក្នុងប្រទេសហ្វីលីពីន បានអំពាវនាវឱ្យក្រសួងកសិកម្មដាក់ចេញវិធានការអន្តរាគមន៍ ដូចជាការដំឡើងពន្ធគយ និងការហាមឃាត់ការនាំចូលសាច់ជ្រូក ខណៈតម្លៃជ្រូករស់នៅតាមកសិដ្ឋានបានធ្លាក់ចុះដល់ជិត១,៥ដុល្លារ ក្នុងមួយគីឡូក្រាម។
ថ្មីៗនេះ ក្រសួងកសិកម្មបានចេញសេចក្តីជូនដំណឹង ស្តីពីការចាប់ផ្តើមស៊ើបអង្កេតបឋមលើការនាំចូលសាច់ជ្រូក ដើម្បីពិនិត្យលទ្ធភាពអនុវត្តវិធានការការពារពាណិជ្ជកម្ម និងកំណត់ទំនាក់ទំនងរវាងសាច់ជ្រូកនាំចូល និងផលប៉ះពាល់ដល់ឧស្សាហកម្មចិញ្ចឹមជ្រូកក្នុងស្រុក៕ (ផាន់ អាណា)







