តូក្យូ៖ ក្រុមកសិករដាំដំឡូងបារាំងនៅខេត្តហុកកៃដូ (Hokkaido) ភាគខាងជើងប្រទេសជប៉ុន នៅក្នុងសប្តាហ៍នេះ បានជំទាស់នឹងសំណើពង្រីកការនាំចូលដំឡូងបារាំងស្រស់ពីសហរដ្ឋអាម៉េរិក ដោយពួកគាត់ចាត់ទុកថា ដំឡូងគ្រោងនាំចូលមកនេះមានផ្ទុកសត្វល្អិតចង្រៃ និងមានមេរោគបង្កជំងឺឆ្លង។
ការតវ៉ាជំទាស់របស់កសិករជប៉ុននេះ កើតបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជប៉ុន លោក អារ៉ាតា តាកេបេ (Arata Takebe) បានលើកជាសំណើតាមការស្នើសុំពីសហរដ្ឋអាម៉េរិក អំពីការបង្កើនបរិមាណនាំចូលដំឡូងបារាំងស្រស់ចូលទីផ្សារប្រទេសជប៉ុន។
ខេត្តហុកកៃដូ ជាតំបន់ផលិតដំឡូងបារាំងដ៏សំខាន់របស់ប្រទេសជប៉ុន ដែលរួមចំណែកប្រមាណ៨០ភាគរយនៃបរិមាណដំឡូងបារាំងប្រមូលផលសរុបក្នុងប្រទេស។
បច្ចុប្បន្ន រដ្ឋាភិបាលជប៉ុន ដាក់កម្រិតលើការនាំចូលដំឡូងបារាំងស្រស់ពីបរទេស លើកលែងតែដំឡូងបារាំងឆ្អិនស្រាប់។
កាលពីឆ្នាំ២០២៥ សហរដ្ឋអាម៉េរិកបាននាំចេញដំឡូងបារាំង និងផលិតផលកែច្នៃពីដំឡូងបារាំងទៅប្រទេសជប៉ុនក្នុងទំហំទឹកប្រាក់ជាង៥៦៥លានដុល្លារ។
សមាជិកសភាអាម៉េរិកប៉ាន់ប្រមាណថា ការពង្រីកលទ្ធភាពនាំចូលដំឡូងបារាំងទៅកាន់ទីផ្សារជប៉ុន អាចបង្កើនប្រាក់ចំណូលបន្ថែមពីការនាំចេញប្រមាណ១៥០លានដុល្លារ ក្នុងមួយឆ្នាំ។
កាលពីពេលថ្មីៗកន្លងមកនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រទេសជប៉ុនបានរកឃើញសត្វល្អិតចង្រៃ និងភ្នាក់ងារបង្កជំងឺលើដំឡូងបារាំងចំនួន២១ប្រភេទ ដែលតម្រូវឱ្យមានវិធានការធ្វើចត្តាឡីស័កបន្ថែម ប្រសិនបើអនុញ្ញាតឱ្យនាំចូលដំឡូងបារាំងពីអាម៉េរិក។
យ៉ាងហោចណាស់ រដ្ឋបាលមូលដ្ឋានចំនួន៥០ ក្នុងចំណោម១៧៩ក្រុង ស្រុក និងឃុំ នៅក្នុងខេត្តហុកកៃដូ បានចេញមុខជំទាស់ចំពោះសំណើសុំបង្កើនការនាំចូលដំឡូងបារាំងអាម៉េរិក។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ការចរចានឹងធ្វើឡើងស្របតាមកិច្ចព្រមព្រៀង ស្តីពីវិធានការអនាម័យ និងភូតគាមអនាម័យរបស់អង្គការពាណិជ្ជកម្មពិភពលោក។
លោកបានមានប្រសាសន៍ដូច្នេះថា «យើងចាំបាច់ត្រូវពិភាក្សាឱ្យបានហ្មត់ចត់អំពីវិធានការគ្រប់គ្រងហានិភ័យ សម្រាប់សត្វល្អិតចង្រៃ និងជំងឺទាំង២១ប្រភេទ។ ដំណើរការនេះត្រូវបានរំពឹងថា នឹងចំណាយពេលវេលាយូរ ហើយយើងនឹងមិនដកបម្រាមនាំចូលឡើយ រហូតទាល់តែភាគីទាំងពីរឈានដល់កិច្ចព្រមព្រៀងរួមគ្នា បន្ទាប់ពីការពិភាក្សាគ្នាយ៉ាងល្អិតល្អន់ផ្អែកលើមូលដ្ឋានវិទ្យាសាស្ត្រ»៕ (ផាន់ អាណា)







