ហ្សាការតា៖ ក្រសួងព្រៃឈើឥណ្ឌូណេស៊ី បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនចំនួន៣២ ដែលពាក់ព័ន្ធនឹងករណីភ្លើងឆេះព្រៃ និងទន្ទ្រានយកដីធ្លី ដែលបណ្តាលឱ្យព្រៃឈើសរុបជិត១៣ ០០០ហិកតា រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរ។
វិធានការដាក់ទណ្ឌកម្មទាំងនេះ រួមមានការព្យួរអាជ្ញាបណ្ណ ការតម្រូវឱ្យស្តារប្រព័ន្ធអេកូឡូស៊ីឡើងវិញ និងការដកហូតអាជ្ញាបណ្ណជាស្ថាពរ។ ទន្ទឹមនឹងនេះ អាជ្ញាធរក៏កំពុងបើកការស៊ើបអង្កេតបទព្រហ្មទណ្ឌលើក្រុមហ៊ុន និងបុគ្គល ដែលសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងករណីភ្លើងឆេះព្រៃផងដែរ។
អគ្គនាយកនៃអគ្គនាយកដ្ឋានអនុវត្តច្បាប់ព្រៃឈើឥណ្ឌូណេស៊ី បានប្រកាសក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីទី១៩ ខែតុលាថា ក្នុងចំណោមក្រុមហ៊ុនទាំង៣២ មានក្រុមហ៊ុនចំនួន១៩ ត្រូវបានព្យួរអាជ្ញាបណ្ណ និងតម្រូវឱ្យស្តារប្រព័ន្ធអេកូឡូស៊ីព្រៃឈើឡើងវិញលើផ្ទៃដី ដែលរងការឆេះចំនួន៩ ៥៤៦ហិកតា។
ក្រៅពីការដាក់ទណ្ឌកម្ម ក្រសួងព្រៃឈើឥណ្ឌូណេស៊ី ក៏កំពុងចាត់វិធានការលើបទល្មើសព្រហ្មទណ្ឌពាក់ព័ន្ធនឹងភ្លើងឆេះព្រៃ និងទន្ទ្រានយកដីធ្លី ដោយមានបុគ្គល និងក្រុមហ៊ុនសរុបចំនួន១២៥ ជាប់ពាក់ព័ន្ធក្នុងការស៊ើបអង្កេតនេះ។
ក្នុងនោះ មានសំណុំរឿងចំនួន៤៤ កំពុងស្ថិតក្នុងដំណាក់កាលស៊ើបអង្កេតបឋម ខណៈសំណុំរឿងចំនួន៧៩ ផ្សេងទៀត កំពុងស្ថិតក្នុងដំណាក់កាលស៊ើបអង្កេតផ្លូវការ។ ក្នុងចំណោមសំណុំរឿងដែលកំពុងស្ថិតក្នុងដំណាក់កាលស៊ើបអង្កេតផ្លូវការ មានបុគ្គលចំនួន១២នាក់ និងក្រុមហ៊ុនមួយ ត្រូវបានកំណត់ជាជនសង្ស័យជាផ្លូវការ។
លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការដោះស្រាយបញ្ហាភ្លើងឆេះព្រៃ និងទន្ទ្រានយកដីធ្លី មិនមែនបញ្ចប់ត្រឹមការពន្លត់ភ្លើងនោះទេ ប៉ុន្តែត្រូវវែកមុខអ្នកទទួលខុសត្រូវចំពោះអគ្គិភ័យនៅក្នុងតំបន់ ដែលរដ្ឋបានផ្តល់សិទ្ធិធ្វើអាជីវកម្ម។
រដ្ឋាភិបាលឥណ្ឌូណេស៊ី ក៏កំពុងពិចារណាទាមទារសំណងចំពោះការខូចខាតព្រៃឈើផងដែរ ប្រសិនបើលទ្ធផលស៊ើបអង្កេតអាចបញ្ជាក់ពីមូលដ្ឋានច្បាប់សម្រាប់ការទទួលខុសត្រូវ ស្របតាមច្បាប់ជាធរមាន។
លោកបានបញ្ជាក់ថា ក្រសួងព្រៃឈើនឹងបន្តពង្រឹងការអនុវត្តច្បាប់ តាមរយៈការដាក់ទណ្ឌកម្ម ការចាត់វិធានការព្រហ្មទណ្ឌ និងការទាមទារសំណងចំពោះការខូចខាត ដើម្បីជំរុញការស្តារប្រព័ន្ធអេកូឡូស៊ី និងទប់ស្កាត់កុំឱ្យមានភ្លើងឆេះព្រៃកើតឡើងជាថ្មីទៀត៕ (ផាន់ អាណា)







