ហារ៉ារ៉េ៖ ប្រទេសហ្ស៊ីមបាវ៉េ គ្រោងបង្កើតទុនបម្រុងជាសាច់ប្រាក់ និងគ្រាប់ធញ្ញជាតិ ដែលមានតម្លៃសរុប ៥០០លានដុល្លារ ដើម្បីទប់ទល់នឹងផលប៉ះពាល់ពីគ្រោះរាំងស្ងួត ដែលអាចបង្កឡើងដោយបាតុភូតអែលនីញ៉ូ និងការគំរាមកំហែងដល់សន្តិសុខស្បៀងរបស់ប្រទេស។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦នេះ។
ប្រហែលមួយខែមុន គឺនៅថ្ងៃទី១៦ ខែកញ្ញា គណៈរដ្ឋមន្ត្រីរបស់ប្រទេសហ្ស៊ីមបាវ៉េ បានអនុម័តផែនការត្រៀមលក្ខណៈទប់ទល់នឹងគ្រោះរាំងស្ងួត ដែលមានសសរស្តម្ភសំខាន់ចំនួន៦ ដើម្បីធានាសន្តិសុខស្បៀង និងការពារជីវភាពរស់នៅរបស់ប្រជាជន។ ការរៀបចំផែនការនេះធ្វើឡើងចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងថា បាតុភូតអែលនីញ៉ូដ៏មានឥទ្ធិពលខ្លាំង អាចធ្វើឱ្យទឹកភ្លៀងក្នុងរដូវវស្សាឆ្នាំ២០២៦-២០២៧ មានបរិមាណទាបជាងធម្មតា បង្កឱ្យមានគ្រោះរាំងស្ងួតរយៈពេលវែង និងធ្វើឱ្យសីតុណ្ហភាពកើនឡើង។
អ្នកព្យាករណ៍អាកាសធាតុ បានព្រមានថា បាតុភូតអាកាសធាតុនេះអាចធ្វើឱ្យភ្លៀងចាប់ផ្តើមធ្លាក់យឺតជាងធម្មតា បណ្តាលឱ្យទិន្នផលដំណាំថយចុះ និងធ្វើឱ្យប្រជាជនខ្វះខាតទឹកកាន់តែធ្ងន់ធ្ងរ។
វិស័យកសិកម្មនៅតែជាប្រភពចំណូល និងការងារដ៏សំខាន់នៅប្រទេសហ្ស៊ីមបាវ៉េ ជាពិសេសសម្រាប់គ្រួសារនៅតំបន់ជនបទ ដែលពឹងផ្អែកលើការដាំដុះដោយប្រើទឹកភ្លៀង។ រដូវវស្សាមានភ្លៀងធ្លាក់តិចអាចបណ្តាលឱ្យដំណាំខូច ការបាត់បង់សត្វចិញ្ចឹម ប្រាក់ចំណូលគ្រួសារធ្លាក់ចុះ និងបង្កបញ្ហាអសន្តិសុខស្បៀង។
ក្នុងកិច្ចប្រជុំកំពូល ស្តីពីការត្រៀមលក្ខណៈសម្រាប់រដូវបង្កបង្កើនផល ឆ្នាំ២០២៦-២០២៧ នៅទូទាំងខ្សែសង្វាក់តម្លៃ ដែលបានធ្វើឡើង នៅទីក្រុងហារ៉ារ៉េ កាលពីថ្ងៃទី១ ខែតុលា មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកកសិកម្ម យន្តូបនីយកម្ម និងអភិវឌ្ឍន៍ធនធានទឹក បានថ្លែងថា ប្រជាជនហ្ស៊ីមបាវ៉េ មិនចាំបាច់ភ័យស្លន់ស្លោទេ ព្រោះរដ្ឋាភិបាលកំពុងអនុវត្តផែនការឆ្លើយតបរួចហើយ។
សសរស្តម្ភសំខាន់ទាំង៦ នៃផែនការនេះ គឹ
១. ការពង្រឹងទុនបម្រុងគ្រាប់ធញ្ញជាតិជាយុទ្ធសាស្ត្រ។
២. ការពន្លឿនផលិតកម្មកសិកម្មឆ្លាតវៃតាមអាកាសធាតុ។
៣. ការកែលម្អហិរញ្ញប្បទានកសិកម្ម។
៤. ការការពារសត្វចិញ្ចឹម។
៥. ការសម្រួលដល់ការនាំចូលគ្រាប់ធញ្ញជាតិ។
៦. ការពង្រឹងការសម្របសម្រួល ប្រព័ន្ធព្រមានជាមុន និងការកសាងសមត្ថភាព។
រដ្ឋាភិបាលហ្ស៊ីមបាវ៉េ បានចាប់ផ្តើមអនុវត្តវិធានការត្រៀមលក្ខណៈរួចជាស្រេច រួមមាន ការពង្រឹងទុនបម្រុងគ្រាប់ធញ្ញជាតិ ការពង្រីកហេដ្ឋារចនាសម្ព័ន្ធស្រោចស្រព ការជំរុញកសិកម្មឆ្លាតវៃតាមអាកាសធាតុ និងការលើកទឹកចិត្តឱ្យដាំដំណាំ ដែលធន់នឹងគ្រោះរាំងស្ងួត ដូចជា ស្ពៅ និង មីឡេ (Millet)។
វិធានការទាំងនេះមានសារៈសំខាន់ណាស់ ប៉ុន្តែប្រសិទ្ធភាពរបស់វានឹងអាស្រ័យលើល្បឿននៃការអនុវត្ត និងការទទួលយកវិធានការទាំងនេះឱ្យបានទូលំទូលាយ។
ក្រសួងកសិកម្មរបស់ប្រទេសហ្ស៊ីមបាវ៉េ ប៉ាន់ប្រមាណថា សត្វគោចំនួន២,២៣លានក្បាល អាចប្រឈមនឹងហានិភ័យក្នុងអំឡុងរដូវខ្វះចំណី ឆ្នាំ២០២៧-២០២៨។ ដូច្នេះ ដើម្បីបំពេញតម្រូវការចំណីបន្ថែមសម្រាប់សត្វគោទាំងនេះ ត្រូវការចំណីសរុបចំនួន ៤០ម៉ឺនតោន ខណៈការប៉ាន់ប្រមាណបង្ហាញថា នឹងមានការខ្វះខាតចំណីចំនួន ២៣ម៉ឺនតោន។
កសិករកំពុងរៀបចំ និងស្តុកចំណីសត្វ រួមមានស្មៅចំណីសត្វ ផ្អកស្មៅ និងចំបើង។ ចំណែកអ្នកដាំស្រូវសាលីត្រូវបានលើកទឹកចិត្តឱ្យរក្សាទុកសំបកគ្រាប់ស្រូវសាលី និងស្លឹកស្រូវសាលី ក្រោយប្រមូលផល សម្រាប់ធ្វើជាចំណីសត្វ៕ (ផាន់ អាណា)







