ម៉ានីល៖ រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក ហ្វ្រែនស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel) បានប្រកាសលុបចោលលិខិតអនុញ្ញាតនាំចូលអង្ករពីប្រទេសវៀតណាម ដែលមានតម្លៃប្រមាណ១១លានដុល្លារ មុនពេលកប៉ាល់ដឹកអង្ករចូលដល់ដែនទឹកប្រទេសហ្វីលីពីន។
ក្រសួងកសិកម្មហ្វីលីពីនបានចាត់វិធានការបែបនេះ តាមសំណើរបស់ក្រុមហ៊ុនឯកជនមួយ ដែលបានរាយការណ៍ថា អង្ករដឹកមកពីប្រទេសវៀតណាម មានអត្រាអង្ករបាក់៥ភាគរយ ខុសពីកិច្ចសន្យាទិញអង្ករបាក់២៥ភាគរយ។ ក្រុមហ៊ុនក៏បានបញ្ជាក់ថា កិច្ចសន្យាទិញលក់នេះបានផុតកំណត់រួចហើយ។
កប៉ាល់ដឹកអង្ករពីវៀតណាមចំនួនជិត១២ ៥០០តោន បានមកដល់កំពង់ផែក្រុងដាវ៉ៅ (Davao) នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦។ ទោះជាយ៉ាងណា កាពីទែននាវាបានបដិសេធមិនអនុញ្ញាតឱ្យមន្ត្រីការិយាល័យឧស្សាហកម្មដំណាំរបស់ហ្វីលីនឡើងត្រួតពិនិត្យនាវានោះឡើយ។
ក្រុមមន្ត្រីការិយាល័យឧស្សាហកម្មដំណាំរបស់ហ្វីលីន បានឱ្យកប៉ាល់បញ្ជូនអង្ករទាំងនោះត្រឡប់ទៅប្រទេសវៀតណាម ខណៈការិយាល័យគយហ្វីលីពីន កំពុងពិចារណាអំពីលទ្ធភាពរឹបអូសទំនិញ និងផាកពិន័យ។
ក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦នេះ លោក ហ្វ្រែនស៊ីស្កូ ធៀវ ឡូរ៉ែល បានបញ្ជាក់ថា ក្រសួងកសិកម្មបានបញ្ជាឱ្យលុបចោលលិខិតអនុញ្ញាតនាំចូលអង្ករតម្លៃ១១លានដុល្លារ នាំចូលពីវៀតណាម តាំងពីប៉ុន្មានថ្ងៃមុនពេលនាវាមកដល់ហ្វីលីពីន។
លោករដ្ឋមន្ត្រីកសិកម្មបានថ្លែងថា «ក្រសួងកសិកម្ម តាមរយៈការិយាល័យរបស់ខ្ញុំ គឺជាអ្នកបញ្ឈប់ការនាំចូលអង្ករនេះ ដោយបញ្ជាឱ្យការិយាល័យឧស្សាហកម្មដំណាំ លុបចោលលិខិតអនុញ្ញាតផ្នែកអនាម័យ និងភូតគាមអនាម័យ ទោះបីជានាវាកំពុងធ្វើដំណើរឆ្ពោះមកប្រទេសហ្វីលីពីនរួចហើយក៏ដោយ»។
ការលុបចោលលិខិតអនុញ្ញាតនាំចូលនេះ ធ្វើឡើងតាមសំណើរបស់ក្រុមហ៊ុន ដែលបានដាក់ពាក្យស្នើសុំនាំចូលអង្ករបាក់២៥ភាគរយ ប៉ុន្តែក្រោយមកត្រូវបានជូនដំណឹងថា អង្ករដឹកមកជាប្រភេទអង្ករបាក់៥ភាគរយទៅវិញ។
សហព័ន្ធកសិករឯករាជ្យរបស់ហ្វីលីពីន កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ បានអំពាវនាវឱ្យរដ្ឋមន្ត្រីក្រសួងងកសិកម្មបង្ហាញ ការទទួលខុសត្រូវ និងគោរពក្រមសីលធម៌ការងារ ដោយត្រូវសុំច្បាប់ឈប់សម្រាកពីតួនាទីជាបណ្តោះអាសន្ន ខណៈការស៊ើបអង្កេតលើករណីចោទប្រកាន់ថា លោកមានផលប្រយោជន៍ពាក់ព័ន្ធនឹងការនាំចូលអង្ករខុសច្បាប់ ដែលមានតម្លៃ១១លានដុល្លារ។
ចំណែករដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ហ្វ្រែនស៊ីស្កូ ធៀវ ឡូរ៉ែល បានបដិសេធការចោទប្រកាន់អំពីអំពើពុករលួយពាក់ព័ន្ធនឹងការនាំចូលអង្ករវៀតណាម ដែលក្រសួងបានបញ្ជាឱ្យលុបចោលលិខិតអនុញ្ញាតនាំចូលមុនពេលនាវាដឹកទំនិញមកដល់។
លោករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ក្រសួងបានចាត់វិធានការតាមសំណើសុំដកហូតលិខិតអនុញ្ញាតនាំចូល បន្ទាប់ពីរកឃើញថា អង្ករដឹកមកមានអង្ករបាក់ចំនួន៥ភាគរយ មិនមែនបាក់២៥ភាគរយ ដូចចែងក្នុងកិច្ចសន្យាឡើយ៕ (ផាន់ អាណា)







