ឥណ្ឌូណេស៊ី សុំឱ្យធនាគារអភិវឌ្ឍន៍អាស៊ី បង្កើនការគាំទ្រលើការអភិវឌ្ឍមូលធនមនុស្ស

INDONESIA-ENVIRONMENT-FIRE

ហ្សាការតា៖ រដ្ឋមន្ត្រីក្រសួងផែនការអភិវឌ្ឍន៍ជាតិ ឥណ្ឌូណេស៊ី បានសុំឱ្យនាវឱ្យធនាគារអភិវឌ្ឍន៍អាស៊ី បង្កើនការគាំទ្រលើការអភិវឌ្ឍមូលធនមនុស្ស ហេដ្ឋារចនាសម្ព័ន្ធសង្គម និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ខណៈប្រទេសឥណ្ឌូណេស៊ី កំពុងធ្វើបរិវត្តកម្មសេដ្ឋកិច្ច និងផ្លាស់ប្ដូរគំរូអភិវឌ្ឍន៍របស់ខ្លួន។

លោករដ្ឋមន្ត្រី​ រ៉ាចម៉ាត់ ប៉ាមប៊ូឌី (Rachmat Pambudy) បានលើកឡើងក្នុងជំនួបជាមួយលោក ស្កត់ ម៉ូរីស (Scott Morris) អនុប្រធាន ធនាគារអភិវឌ្ឍន៍អាស៊ី ទទួលបន្ទុកតំបន់អាស៊ីបូព៌ា អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកថា «នៅពេលយើងនិយាយអំពីហេដ្ឋារចនាសម្ព័ន្ធ កន្លងមកយើងតែងតែផ្ដោតលើហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដូចជាផ្លូវថ្នល់ ស្ពាន ទំនប់ទឹក អាកាសយានដ្ឋាន និងកំពង់ផែសមុទ្រ»។

យោងតាមសេចក្ដីថ្លែងការណ៍ផ្លូវការ ដែលចេញផ្សាយកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦នេះ លោករដ្ឋមន្ត្រីក្រសួងផែនការអភិវឌ្ឍន៍ជាតិ បានបញ្ជាក់ថា ឥណ្ឌូណេស៊ី ត្រូវបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសង្គម និងមូលធនមនុស្ស បន្ថែមពីលើហេដ្ឋារចនាសម្ព័ន្ធបែបប្រពៃណី ដូចជា ផ្លូវថ្នល់ ស្ពាន និងកំពង់ផែសមុទ្រ។

លោកបានសង្កត់ធ្ងន់ថា ការវិនិយោគលើមូលធនមនុស្សកាន់តែមានសារៈសំខាន់ ខណៈប្រទេសនានាកំពុងប្រឈមនឹងការប្រែប្រួលអាកាសធាតុ ភាពមិនប្រាកដប្រជាផ្នែកភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ច ព្រមទាំងការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា។

លោកបានកត់សម្គាល់ថា ដូច្នេះ ប្រទេសឥណ្ឌូណេស៊ី និងធនាគារអភិវឌ្ឍន៍អាស៊ី គួរធ្វើការរួមគ្នា ដើម្បីបង្កើតវិធីសាស្ត្រអភិវឌ្ឍន៍ ដែលអាចឆ្លើយតបទៅនឹងបញ្ហាប្រឈមក្នុងរយៈពេល៥ ទៅ១០ឆ្នាំខាងមុខ។

លោកបានបន្ថែមថា ដូច្នេះ ការអភិវឌ្ឍមូលធនមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធសង្គម ត្រូវតែជាស្នូលនៃរបៀបវារៈអភិវឌ្ឍន៍របស់ឥណ្ឌូណេស៊ី នាពេលអនាគត។

ជាការឆ្លើយតប លោក ស្កត់ ម៉ូរីស បានស្វាគមន៍សំណើនេះ និងបញ្ជាក់ថា ធនាគារអភិវឌ្ឍន៍អាស៊ី ត្រៀមខ្លួនពង្រីកការគាំទ្រលើការអភិវឌ្ឍមូលធនមនុស្ស រួមមានការអប់រំ សេវាថែទាំសុខភាព និងការបណ្ដុះបណ្ដាលជំនាញ ដើម្បីជួយឱ្យកម្លាំងពលកម្មអាចសម្របខ្លួនទៅនឹងបរិវត្តកម្មឌីជីថល។

ធនាគារអភិវឌ្ឍន៍អាស៊ី ក៏បានបញ្ជាក់ជាថ្មីពីការប្ដេជ្ញាចិត្តគាំទ្រអាទិភាពយុទ្ធសាស្ត្ររបស់ឥណ្ឌូណេស៊ី រួមមានការអភិវឌ្ឍឧស្សាហកម្មឧបករណ៍ពាក់កណ្ដាលចម្លង (Semiconductor) ការពង្រឹងវិស័យរ៉ែ ជាយុទ្ធសាស្ត្រសំខាន់ៗ សន្តិសុខថាមពល និងសន្តិសុខទឹក ការកែលម្អគម្រោងវិនិយោគផងដែរ៕ (ផាន់ អាណា)


VIETNAM-ECONOMY
ហ្វីលីពីនលុបចោលការនាំចូលអង្ករពីវៀតណាម ជាង១ម៉ឺនតោន តម្លៃ១១លានដុល្លារ

ម៉ានីល៖ រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក ហ្វ្រែនស៊ីស្កូ ធៀវ​ ឡូរ៉ែល (Francisco Tiu Laurel) បានប្រកាសលុបចោលលិខិតអនុញ្ញាតនាំចូលអង្ករពីប្រទេសវៀតណាម ដែលមានតម្លៃប្រមាណ១១លានដុល្លារ មុនពេលកប៉ាល់ដឹកអង្ករចូលដល់ដែនទឹកប្រទេសហ្វីលីពីន។ ក្រសួងកសិកម្មហ្វីលីពីនបានចាត់វិធានការបែបនេះ តាមសំណើរបស់ក្រុមហ៊ុនឯកជនមួយ ដែលបានរាយការណ៍ថា អង្ករដឹកមកពីប្រទេសវៀតណាម មានអត្រាអង្ករបាក់៥ភាគរយ ខុសពីកិច្ចសន្យាទិញអង្ករបាក់២៥ភាគរយ។ ក្រុមហ៊ុនក៏បានបញ្ជាក់ថា កិច្ចសន្យាទិញលក់នេះបានផុតកំណត់រួចហើយ។ កប៉ាល់ដឹកអង្ករពីវៀតណាមចំនួនជិត១២ ៥០០តោន បានមកដល់កំពង់ផែក្រុងដាវ៉ៅ (Davao) នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦។ ទោះជាយ៉ាងណា កាពីទែននាវាបានបដិសេធមិនអនុញ្ញាតឱ្យមន្ត្រីការិយាល័យឧស្សាហកម្មដំណាំរបស់ហ្វីលីនឡើងត្រួតពិនិត្យនាវានោះឡើយ។ ក្រុមមន្ត្រីការិយាល័យឧស្សាហកម្មដំណាំរបស់ហ្វីលីន បានឱ្យកប៉ាល់បញ្ជូនអង្ករទាំងនោះត្រឡប់ទៅប្រទេសវៀតណាម ខណៈការិយាល័យគយហ្វីលីពីន កំពុងពិចារណាអំពីលទ្ធភាពរឹបអូសទំនិញ និងផាកពិន័យ។ ក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី១៣ ខែតុលា​ ឆ្នាំ២០២៦នេះ លោក ហ្វ្រែនស៊ីស្កូ ធៀវ​ ឡូរ៉ែល បានបញ្ជាក់ថា ក្រសួងកសិកម្មបានបញ្ជាឱ្យលុបចោលលិខិតអនុញ្ញាតនាំចូលអង្ករតម្លៃ១១លានដុល្លារ នាំចូលពីវៀតណាម តាំងពីប៉ុន្មានថ្ងៃមុនពេលនាវាមកដល់ហ្វីលីពីន។ លោករដ្ឋមន្ត្រីកសិកម្មបានថ្លែងថា «ក្រសួងកសិកម្ម តាមរយៈការិយាល័យរបស់ខ្ញុំ គឺជាអ្នកបញ្ឈប់ការនាំចូលអង្ករនេះ ដោយបញ្ជាឱ្យការិយាល័យឧស្សាហកម្មដំណាំ លុបចោលលិខិតអនុញ្ញាតផ្នែកអនាម័យ និងភូតគាមអនាម័យ ទោះបីជានាវាកំពុងធ្វើដំណើរឆ្ពោះមកប្រទេសហ្វីលីពីនរួចហើយក៏ដោយ»។ ការលុបចោលលិខិតអនុញ្ញាតនាំចូលនេះ ធ្វើឡើងតាមសំណើរបស់ក្រុមហ៊ុន […]

VIETNAM-ECONOMY-FARMING-AGRICULTURE-SHRIMP
ប្រាំបួនខែ វៀតណាមរកចំណូលជិត៤ពាន់លានដុល្លារ ពីការនាំចេញបង្គា

ហាណូយ៖ យោងតាមសមាគមអ្នកនាំចេញ និងផលិតផលិតផលជលផលវៀតណាម បានឱ្យដឹងថា ការនាំចេញបង្គារបស់វៀតណាម អាចរកចំណូលបានចំនួន៣,៧ពាន់លានដុល្លារ ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២៦។ ប្រទេសចិននៅតែជាទីផ្សារនាំចេញបង្គាធំបំផុតរបស់វៀតណាម ដោយការនាំចេញទៅកាន់ទីផ្សារនេះសម្រេចបានទឹកប្រាក់ជិត១,៣ពាន់លានដុល្លារ។ ចំណែកតម្រូវការបង្កងសមុទ្រ ជាពិសេសបង្កងសមុទ្រពណ៌បៃតង នៅក្នុងទីផ្សារចិន បានបន្តរួមចំណែកយ៉ាងសំខាន់ដល់កំណើននៃការនាំចេញនេះ។ ចំណែកការនាំចេញបង្គាទៅកាន់សហរដ្ឋអាម៉េរិកសម្រេចបានត្រឹមតែ៤៩៨លានដុល្លារប៉ុណ្ណោះ។ ការនាំចេញទៅកាន់សហភាពអឺរ៉ុប ក៏បានធ្លាក់ចុះមកនៅត្រឹមជាង៤០៦លានដុល្លារ។ ផ្ទុយទៅវិញ ការនាំចេញបង្គាទៅកាន់ប្រទេសជប៉ុន បានកើនឡើងដល់ជិត៤៤១លានដុល្លារ ខណៈការនាំចេញទៅកាន់ប្រទេសអូស្ត្រាលី បានកើនឡើងដល់ជិត២១២លានដុល្លារ និងការនាំចេញទៅកាន់ប្រទេសកាណាដា បានកើនឡើងដល់ជាង១៣០លានដុល្លារ។ ការនាំចេញទៅកាន់ទីផ្សារនៃបណ្តាប្រទេស ជាសមាជិកនៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក សម្រេចបានទឹកប្រាក់លើសពី១ពាន់លានដុល្លារ។ យោងតាមសមាគមអ្នកនាំចេញ និងផលិតផលិតផលជលផលវៀតណាម បានឱ្យដឹងថា ការនាំចេញបង្គារបស់វៀតណាមនៅតែបន្តកើនឡើងក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២៦នេះ ដោយមានការគាំទ្រពីតម្រូវការទីផ្សារចិន និងទីផ្សារមួយចំនួនក្នុងចំណោមប្រទេសសមាជិកនៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក។ ទោះជាយ៉ាងណា សន្ទុះកំណើនកំពុងថមថយ ដោយសារការនាំចេញទៅកាន់សហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុបបានធ្លាក់ចុះ។ សម្ពាធពន្ធគយ ការប្រកួតប្រជែងលើទីផ្សារអន្តរជាតិ និងការលំបាកក្នុងការធានាការផ្គត់ផ្គង់វត្ថុធាតុដើម ក៏កំពុងបង្កជាបញ្ហាប្រឈមធំៗដល់បណ្តាសហគ្រាសនាំចេញបង្គាវៀតណាម ក្នុងប៉ុន្មានខែចុងក្រោយនៃឆ្នាំនេះផងដែរ។ កាលពីឆ្នាំ២០២៥ ការនាំចេញផលិតផលជលផលរបស់វៀតណាម សម្រេចបានទឹកប្រាក់សរុបជាង១១ពាន់លានដុល្លារ ក្នុងនោះការនាំចេញបង្គាមានតម្លៃ៤,៨ពាន់លានដុល្លារ។ សមាគមបានបញ្ជាក់ថា ប្រសិនបើវៀតណាមអាចរក្សាតម្លៃនាំចេញបង្គាប្រចាំខែក្នុងកម្រិតពី៤៧០លានដុល្លារ ទៅ៤៨០លានដុល្លារ នៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០២៦ នោះតម្លៃនាំចេញបង្គាសរុបពេញមួយឆ្នាំអាចសម្រេចបានចំណូលរង្វង់៥ពាន់លានដុល្លារ៕ (ផាន់ អាណា)

ZIMBABWE-LAND-POLITICS-ECONOMY
ហ្ស៊ីមបាវ៉េ ត្រៀមលុយ៥០០លានដុល្លារ ដើម្បីទប់ទល់គ្រោះរាំងស្ងួត បណ្តាលមកពីអែលនីញ៉ូ ២០២៦-២០២៧

ហារ៉ារ៉េ៖ ប្រទេសហ្ស៊ីមបាវ៉េ គ្រោងបង្កើតទុនបម្រុងជាសាច់ប្រាក់ និងគ្រាប់ធញ្ញជាតិ ដែលមានតម្លៃសរុប ៥០០លានដុល្លារ ដើម្បីទប់ទល់នឹងផលប៉ះពាល់ពីគ្រោះរាំងស្ងួត ដែលអាចបង្កឡើងដោយបាតុភូតអែលនីញ៉ូ និងការគំរាមកំហែងដល់សន្តិសុខស្បៀងរបស់ប្រទេស។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦នេះ។ ប្រហែលមួយខែមុន គឺនៅថ្ងៃទី១៦ ខែកញ្ញា គណៈរដ្ឋមន្ត្រីរបស់ប្រទេសហ្ស៊ីមបាវ៉េ បានអនុម័តផែនការត្រៀមលក្ខណៈទប់ទល់នឹងគ្រោះរាំងស្ងួត ដែលមានសសរស្តម្ភសំខាន់ចំនួន៦ ដើម្បីធានាសន្តិសុខស្បៀង និងការពារជីវភាពរស់នៅរបស់ប្រជាជន។ ការរៀបចំផែនការនេះធ្វើឡើងចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងថា បាតុភូតអែលនីញ៉ូដ៏មានឥទ្ធិពលខ្លាំង អាចធ្វើឱ្យទឹកភ្លៀងក្នុងរដូវវស្សាឆ្នាំ២០២៦-២០២៧ មានបរិមាណទាបជាងធម្មតា បង្កឱ្យមានគ្រោះរាំងស្ងួតរយៈពេលវែង និងធ្វើឱ្យសីតុណ្ហភាពកើនឡើង។ អ្នកព្យាករណ៍អាកាសធាតុ បានព្រមានថា បាតុភូតអាកាសធាតុនេះអាចធ្វើឱ្យភ្លៀងចាប់ផ្តើមធ្លាក់យឺតជាងធម្មតា បណ្តាលឱ្យទិន្នផលដំណាំថយចុះ និងធ្វើឱ្យប្រជាជនខ្វះខាតទឹកកាន់តែធ្ងន់ធ្ងរ។ វិស័យកសិកម្មនៅតែជាប្រភពចំណូល និងការងារដ៏សំខាន់នៅប្រទេសហ្ស៊ីមបាវ៉េ ជាពិសេសសម្រាប់គ្រួសារនៅតំបន់ជនបទ ដែលពឹងផ្អែកលើការដាំដុះដោយប្រើទឹកភ្លៀង។ រដូវវស្សាមានភ្លៀងធ្លាក់តិចអាចបណ្តាលឱ្យដំណាំខូច ការបាត់បង់សត្វចិញ្ចឹម ប្រាក់ចំណូលគ្រួសារធ្លាក់ចុះ និងបង្កបញ្ហាអសន្តិសុខស្បៀង។ ក្នុងកិច្ចប្រជុំកំពូល ស្តីពីការត្រៀមលក្ខណៈសម្រាប់រដូវបង្កបង្កើនផល ឆ្នាំ២០២៦-២០២៧ នៅទូទាំងខ្សែសង្វាក់តម្លៃ ដែលបានធ្វើឡើង នៅទីក្រុងហារ៉ារ៉េ កាលពីថ្ងៃទី១ ខែតុលា មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកកសិកម្ម យន្តូបនីយកម្ម និងអភិវឌ្ឍន៍ធនធានទឹក បានថ្លែងថា ប្រជាជនហ្ស៊ីមបាវ៉េ មិនចាំបាច់ភ័យស្លន់ស្លោទេ ព្រោះរដ្ឋាភិបាលកំពុងអនុវត្តផែនការឆ្លើយតបរួចហើយ។ […]

UKRAINE-RUSSIA-CONFLICT-WAR-ECONOMY-TRANSPORT
ប្រធានកប៉ាល់រុស្ស៊ីត្រូវបានចោទប្រកាន់ពីបទដឹកជញ្ជូនគ្រាប់ធញ្ញជាតិអ៊ុយក្រែនដែលត្រូវបានលួចពីតំបន់កាន់កាប់

គៀវ៖ ប្រធានកប៉ាល់ដឹកទំនិញជនជាតិរុស្ស៊ីម្នាក់ ត្រូវបានតុលាការអ៊ុយក្រែន ចោទប្រកាន់ពីបទលួចដឹកជញ្ជូនគ្រាប់ធញ្ញជាតិរបស់កសិករអ៊ុយក្រែន ជាង៥៤ ០០០តោន ចេញពីតំបន់រុស្ស៊ីកំពុងកាន់កាប់។ នេះបើយោងតាមការិយាល័យអគ្គរដ្ឋអាជ្ញា និងភ្នាក់ងារសន្តិសុខអ៊ុយក្រែន ដែលបានប្រកាសអំពីរឿងនេះនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦។ ប្រធានកប៉ាល់រូបនេះត្រូវបានចោទប្រកាន់ពីបទរំលោភនីតិវិធីចេញចូលតំបន់ ដែលស្ថិតក្រោមការកាន់កាប់ ក្នុងចេតនាបំផ្លាញផលប្រយោជន៍របស់អ៊ុយក្រែន។ នេះជាលើកដំបូងហើយដែលការិយាល័យអគ្គរដ្ឋអាជ្ញាអ៊ុយក្រែន បានចាត់ទុកសកម្មភាពបែបនេះថា ជាករណីត្រូវចោទប្រកាន់ក្រោមបទ ឧក្រិដ្ឋកម្មសង្គ្រាម។ យោងតាមការស៊ើបអង្កេត បានឱ្យដឹងថា កប៉ាល់បានដឹកជញ្ជូនគ្រាប់ធញ្ញជាតិចំនួនពីរលើក ក្នុងអំឡុងឆ្នាំ២០២២ និងឆ្នាំ២០២៣ នៅពេលកងទ័ពរុស្ស៊ី បានរឹបអូសយកគ្រាប់ធញ្ញជាតិទាំងនោះពីកសិករអ៊ុយក្រែន នៅតំបន់គ្រីមៀ (Crimea)។ ការដឹកជញ្ជូនទាំងពីរលើកនេះ មានបរិមាណប្រហែល២៧ ០០០តោន ក្នុងមួយលើក។ កប៉ាល់បានចាកចេញពីទីក្រុងសេវ៉ាស្តូប៉ូល (Sevastopol) ដែលស្ថិតក្រោមការកាន់កាប់របស់រុស្ស៊ី ឆ្ពោះទៅកាន់កំពង់ក្នុងប្រទេសស៊ីរី។ យោងតាមសេចក្តីថ្លែងការណ៍របស់ភ្នាក់ងារសន្តិសុខអ៊ុយក្រែន បានឱ្យដឹងថា ប្រធានកប៉ាល់រូបនេះបានបញ្ជាពីមន្ត្រីជាន់ខ្ពស់រុស្ស៊ី ដែលការអនុវត្តតាមបញ្ជាទាំងនោះត្រូវបានរំលោភលើបទប្បញ្ញត្តិមួយចំនួននៃអនុសញ្ញាទីក្រុងហ្សឺណែវ ជាពិសេសការហាមឃាត់ការលួចប្លន់ទ្រព្យសម្បត្តិពីតំបន់ ដែលស្ថិតក្រោមការកាន់កាប់។ ការវាយប្រហារឥតឈប់ឈររបស់រុស្ស៊ីលើកំពង់ផែរបស់អ៊ុយក្រែន បានធ្វើឱ្យផលិតផលកសិកម្មអ៊ុយក្រែន ប្រមាណ៣២លានតោន ដែលមានតម្លៃប្រហែល១០ពាន់លានដុល្លារ ប្រឈមនឹងហានិភ័យ។ នេះបើយោងតាមក្រសួងកសិកម្មអ៊ុយក្រែន៕ (ផាន់ អាណា)

កាលវិភាគផ្សព្វផ្សាយ