តៃប៉ិ៖ កោះតៃវ៉ាន់បានបញ្ជាឱ្យដឹកត្រឡប់ទៅវិញ នូវផលិតផលចំណីអាហារនាំចូលពីប្រទេសថៃ និងប្រទេសវៀតណាម បន្ទាប់ពីត្រួតពិនិត្យរកឃើញថា ផលិតផលរបស់ប្រទេសទាំងពីរនេះ មានផ្ទុកសំណល់ថ្នាំសម្លាប់សត្វល្អិត លោហៈធ្ងន់ ឬមានសារធាតុផ្អែមលើសកម្រិត។ នេះបើយោងតាមរដ្ឋបាលគ្រប់គ្រងចំណីអាហារ និងឱសថរបស់កោះតៃវ៉ាន់។
ក្នុងចំណោមផលិតផល ដែលត្រូវអាជ្ញាធរតៃវ៉ាន់ ដេញឱ្យដឹកត្រឡប់ទៅវិញនេះ រួមមាន ទឹកត្រចៀកកាំរបស់ថៃ និងបន្លែបន្លុករបស់វៀតណាម។
សមត្ថកិច្ចតៃវ៉ាន់ បានបញ្ជាក់ថា ទឹកត្រចៀកកាំ និងបន្លៃភ្លៅកង្កែប ត្រូវបង្ខំឱ្យដឹកជញ្ជូនត្រឡប់ទៅប្រទេសដើមវិញ ឬត្រូវតែកម្ទេចចោល។ ចំពោះផលិតផលនាំចូលលើកក្រោយទៀតរបស់អ្នកនាំចូល ដែលធ្លាប់មានឈ្មោះអាក្រក់ដូចខាងលើនេះ នឹងត្រូវស្ថិតក្រោមការត្រួតពិនិត្យយ៉ាងតឹងតែងនៅតាមច្រកព្រំដែន។
យោងតាមទិន្នន័យរបស់រដ្ឋបាលគ្រប់គ្រងចំណីអាហារ និងឱសថ កោះតៃវ៉ាន់ បានបង្ហាញថា ក្នុងរយៈពេល ៦ ខែ ដើមឆ្នាំ២០២៦នេះ ការនាំចូកទឹកត្រចៀកកាំពីប្រទេសថៃមានចំនួនមួយជើង ហើយត្រូវបានសមត្ថកិច្ចតៃវ៉ាន់រកឃើញថា មានសារធាតុមេស្ករសាការីន (Saccharin) ចំនួន០,០៦ក្រាម ក្នុងទឹកត្រចៀកកាំមួយគីឡូក្រាម ដែលជាបិរមាណហាមឃាត់មិនឱ្យប្រើនៅកោះតៃវ៉ានឡើយ។
ដោយឡែក សមាគមអ្នកប្រើប្រាស់កោះតៃវ៉ាន់ បានរាយការណ៍ថា ក្នុងចំណោមការធ្វើតេស្តលើសំណាកស្លឹកជីនាងវង១០សំណាក ត្រូវបានមន្ទីរពិសោធន៍តៃវ៉ាន់រកឃើញថា មាន៨សំណាកផ្ទុកសំណល់សារធាតុគីមីថ្នាំសម្លាប់សត្វល្អិតលើសកម្រិត។
ចំណែកគ្រឿងទេសនាំចូលពីវៀតណាម ក្នុងចំណោមសំណាកស្លឹកខ្ទឹម១០សំណាក មានពីរសំណាក ត្រូវបានរកឃើញមានផ្ទុកសំណល់ថ្នាំគីមីសម្លាប់សត្វល្អិតលើសកម្រិត៕ (ផាន់ អាណា)
















