ព្រុចសែល៖ គណៈកម្មការអឺរ៉ុប បានអនុម័តបទប្បញ្ញត្តិថ្មី ស្តីពីការថ្លឹងផលិតផលជលផល ដោយជំនួសវិធានការចំនួន៤៤ ដែលបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប ធ្លាប់បានអនុវត្តដោយឡែកពីគ្នា អស់រយៈពេលជាច្រើនឆ្នាំ។
គណៈកម្មការអឺរ៉ុបបាននិយាយនៅក្នុងសេចក្តីប្រកាសមួយ ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ថា
«ការថ្លឹងទម្ងន់ឲ្យបានត្រឹមត្រូវ គឺមានសារៈសំខាន់ណាស់សម្រាប់ការគ្រប់គ្រងវិស័យជលផលឲ្យមានប្រសិទ្ធភាព។ ការថ្លឹងបានត្រឹមត្រូវនឹងផ្តល់នូវទិន្នន័យដ៏គួរឱ្យជឿទុកចិត្ត អំពីបរិមាណត្រីនេសាទបាន។ ទិន្នន័យនេះចាំបាច់សម្រាប់
តាមដានកូតាបានប្រើប្រាស់អស់; វាយតម្លៃផលប៉ះពាល់នៃសកម្មភាពនេសាទ; ឃ្លាំមើលអ្នកនេសាទបានអនុវត្តតាមបទប្បញ្ញត្តិរបស់គោលនយោបាយជលផលរួម ព្រមទាំងការពារអ្នកនេសាទក្នុងសហភាពអឺរ៉ុបឱ្យរួចផុតពីការប្រកួតប្រជែងមិនយុត្តិធម៌។
យោងតាមគណៈកម្មការអឺរ៉ុប បទប្បញ្ញត្តិថ្មីនេះ ត្រូវបានរៀបចំឡើងតាមរយៈការពិគ្រោះយោបល់យ៉ាងច្រើនជាមួយប្រទេសជាសមាជិក និងភាគីពាក់ព័ន្ថ ក្នុងគោលបំណងធ្វើឲ្យនីតិវិធីនដទៃទៀត កាន់តែមានស្តង់ដាររួម ងាយស្រួល និងសាមញ្ញជាងមុន។
បទប្បញ្ញត្តិថ្មីនេះ នឹងកំណត់អំពីនីតិវិធីរួមសម្រាប់ថ្លឹងទម្ងន់ត្រី និងថ្លឹងផលិតផលជលផល និងមានលក្ខខណ្ឌតិចបំផុត ព្រមទាំងកត់ត្រាទិន្នន័យច្បាស់លាស់ ស្របតាមស្តង់ដារសម្រាប់ការត្រួតពិនិត្យ និងនីតិវិធីថ្លឹង។ បទប្បញ្ញត្តិថ្មីនេះនឹង ចូលជាធរមាននៅខែមករា ឆ្នាំ២០២៧។
ចំណុចសំខាន់សម្រាប់វិស័យជលផល គឺកន្លងមកប្រទេសជាសមាជិកសហភាពអឺរ៉ុបនីមួយៗមានផែនការ និងវិធីសាស្ត្រថ្លឹងត្រីរៀងៗខ្លួន។ ដូច្នេះ ទើបតាមគណៈកម្មការអឺរ៉ុបអនុម័តបទប្បញ្ញត្តិថ្មីនេះ ដើម្បីឲ្យប្រទេសសមាជិកទាំងអស់ប្រើ គោលការណ៍ និងស្តង់ដារថ្លឹងតែមួយដូចៗគ្នា។
គោលបំណងសំខាន់បំផុត នៃបទប្បញ្ញត្តិថ្មីនេះ គឺថ្លឹងត្រីឲ្យត្រឹមត្រូវ មានទិន្នន័យចាប់ត្រីច្បាស់លាស់ និងគ្រប់គ្រងកូតាបានត្រឹមត្រូវ ដែលអាចធ្វើឱ្យការនេសាទនៅក្នុងទ្វីបអឺរ៉ុប មាននិរន្តរភាព និងមានការប្រកួតប្រជែងដោយយុត្តិធម៌។
កាលពីខែកញ្ញា ឆ្នាំ២០២៥ អ្នកនេសាទនៅទ្វីបអឺរ៉ុប បានអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មពាណិជ្ជកម្មលើប្រទេសមិនមែនជាសមាជិកសហភាពអឺរ៉ុប ព្រមទាំងបង្ខំឱ្យទទួលខុសត្រូវចំពោះការនេសាទហួសកម្រិតលើអម្បូរត្រីកាម៉ុង ដែលជាស្តុកត្រីដ៏មានតម្លៃបំផុតមួយរបស់ប្រទេសអៀរឡង់។
ការនេសាទត្រីកាម៉ុងហួសកម្រិតត្រូវបានគេប៉ាន់ប្រមាណថា នឹងធ្វើឱ្យវិស័យជលផលរបស់ប្រទេសអៀរឡង់ បាត់បង់ប្រាក់ចំណួលចន្លោះពី៦៩ ទៅ៨៩លានដុល្លារ។
អ្នកនាំពាក្យរបស់គណៈកម្មការអឺរ៉ុប បាននិយាយថា មានតម្រូវការជាបន្ទាន់ដើម្បីបញ្ឈប់សកម្មភាពនេសាទត្រីកាម៉ុងហួសកម្រិត ដោយងាកមកអនុវត្តតាមកម្រិតនៃការចាប់ត្រី ដែលត្រូវបានណែនាំដោយក្រុមប្រឹក្សាអន្តរជាតិសម្រាប់ការស្រាវជ្រាវតាមសមុទ្រ។
សហភាពអឺរ៉ុប បានធ្វើសេចក្តីណែនាំបែបវិទ្យាសាស្ត្រដល់ក្រុមប្រទេសស្ថិតនៅតាមឆ្នេរសមុទ្រនៃសហភាពអឺរ៉ុប ចក្រភពអង់គ្លេស ន័រវែស កោះហ្វារ៉ូ កោះអ៊ីស្លង់ និងប្រទេសហ្គ្រីនឡែន ដែលត្រូវជួបប្រជុំគ្នាជារៀងរាល់ឆ្នាំ ក្រោមការឧបត្ថម្ភរបស់គណៈកម្មការជលផលអាត្លង់ទិកខាងជើង។
បណ្តាប្រទេសនៅតាមឆ្នេរសមុទ្រមួយចំនួន ដែលមិនមែនជាសមាជិកសហភាពអឺរ៉ុប បានកំណត់កូតាដោយខ្លួនឯង អំពីបរិមាណត្រូវនេសាទត្រីកាម៉ុង ដែលគេហៅថា ជាកូតាឯកតោភាគី។
ក្រុមប្រឹក្សាអន្តរជាតិសម្រាប់ការស្រាវជ្រាវតាមសមុទ្រ បានផ្តល់ដំបូន្មានថា លទ្ធផលនៃការអនុវត្តកូតាឯកតោភាគី បានបណ្តាលឱ្យមានការនេសាទត្រីកាម៉ុង កើនឡើងលើសពីកម្រិតមានចែងក្នុងសេចក្តីណែនាំបែបវិទ្យាសាស្រ្ត រហូតដល់ទៅ៣៩ភាគរយតាំងពីឆ្នាំ២០២០រហូតមក។ ដូច្នេះបទ្បបញ្ញត្តិថ្មីនេះ គឺវិធានការជាបន្ទាន់ និងច្បាស់លាស់ ដោយចាប់ផ្តើមពីការរៀបចំចែករំលែកព័ត៌មានឱ្យបានត្រឹមត្រូវ។
ប្រសិនបើមិនមានការរៀបចំចែករំលែកព័ត៌មានច្បាស់លាស់ទេនោះ អនុសាសន៍បែបវិទ្យាសាស្រ្តសម្រាប់ស្តុកត្រីកាម៉ុង នៅឆ្នាំ២០២៧ នឹងលែងនេសាទបានត្រីច្រើនទៀតឡើយ ព្រមទាំងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់មនុស្ស ដែលរស់នៅពឹងផ្អែកលើការនេសាទត្រីកាម៉ុង។
ក្រុមអ្នកនេសាទក្នុងទ្វីបអឺរ៉ុប បានចោទប្រកាន់ថា អស់រយៈជាច្រើនឆ្នាំកន្លងមកហើយ ប្រសិនបើគ្មានការត្រួតពិនិត្យពីប្រទេសន័រវេស កោះអ៊ីស្លង់ និងកោះហ្វារ៉ូ ម្លេះប្រទេសរុស្ស៊ីនឹងបំផ្លាញស្តុកត្រីកាម៉ុងទាំងអស់ឱ្យវិនាសសាបសូន្យជាក់ជាមិនខាន៕ (ផាន់ អាណា)








